ជម្ងឺ​ឱកាស​និយម

ប្រព័ន្ធ​ការពារ​រាងកាយ​គឺជា​ខែល​ការពារ​យ៉ាង​សំខាន់​សម្រាប់​សុខភាព​របស់​មនុស្សម្នាក់ៗ។ នៅពេល​ដែល​ប្រព័ន្ធ​ការពារ រាងកាយ​ចុះខ្សោយ​ទ្រុឌទ្រោម​គឺងាយ​ធ្វើឱ្យ​សុខភាព​ឆ្លងនូវ​ពពួក​បាក់តេរី​ផ្សេងៗ​បំផុត។ ជម្ងឺ​ឱកាស​និយម​ជាជម្ងឺ​ដែល​បណ្ដាល​មកពី មេរោគ​ជាច្រើន​ដែលជា​ធម្មតា​មិនបង្ក​ឱ្យមាន​ជម្ងឺចំពោះ​មនុស្ស​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរ​ការល្អ​នោះទេ។ ជម្ងឺ​ឱកាស​និយម​អាចបង្ក​ដោយ​បាក់តេរី វីរុស មេរោគ​ផ្សិត និង​ពពួក​ប៉ារ៉ាស៊ីត​ជាដើម។ នៅដំណាក់​កាល​ធ្ងន់ធ្ងរ​នៃជម្ងឺ​នេះគឺ​តែងតែ​មាន​មេរោគ​ជាច្រើន ចូល​លុកលុយ​លើសពី​មួយ​ប្រភេទ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត សុះ មារី អ្នក​ឯកទេស​ផ្នែកជម្ងឺ​អេដស៍ និងជម្ងឺ​ឱកាស​និយម​នៅ​សមាគម​ឈូកស ដើម្បី​ធ្វើការ​បកស្រាយ​ពីជម្ងឺឱកាស​និយម។

អ្វីទៅ​ជាជម្ងឺ​ឱកាស​និយម?

ជម្ងឺ​ឱកាស​និយម​គឺជា​ជម្ងឺដែល​ឆ្លៀត​ឱកាស​នៅពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ ចេញ​ជារោគ​សញ្ញា​បង្ហាញ​ឱ្យឃើញ​តែម្ដង ក្នុងនោះ​មានជម្ងឺ​ជាច្រើន​ប្រភេទ​ដែល​ជាជម្ងឺ​ឱកាស​និយម​នេះ។ តែប្រភេទ​ជម្ងឺ​ដែលជួប​ញឹកញាប់​ជាងគេ​នោះ គឺជម្ងឺ​របេងសួត រលាកសួត រលាក​ស្រោម​ខួរក្បាល ផ្សិត​ខួរក្បាល និងការ​រាករូស​មិនដឹង​មូលហេតុ។ ជម្ងឺ​អេដស៍ និង​ជម្ងឺ​ឱកាស​និយម​ចែកចេញ​ជាបួន​ដំណាក់​កាល នៅ​ដំណាក់​កាលទី១​គឺមិន​មានរោគ​សញ្ញា​អ្វីទេ ដំណាក់​កាល​ទី២​គឺអ្នក​ជម្ងឺ​មានការ​ស្រកទម្ងន់​តិចជាង​១០ភាគរយ មានចេញ​រើម និង​មានចេញ​ជាជម្ងឺ​សើស្បែក ដូចជា​ផ្សិត​លើក្រចក ឬ​ដំបៅមាត់​ជាដើម។ នៅ​ដំណាក់​កាល​ទី៣គឺទម្ងន់​ចុះ​ច្រើនជាង ១០​ភាគរយ​នៃទម្ងន់​ដងខ្លួន ហើយ​មានជម្ងឺ​របេងសួត និង​ជម្ងឺផ្សិត​ក្នុងមាត់។ នៅ​ដំណាក់កាល​ទី៤​គឺឈាន​ដល់​ដំណាក់​កាល​ជម្ងឺ​អេដស៍​តែម្ដង ដោយមាន​សភាព​ស្គមកំព្រឹង ប៉ះពាល់​ទៅដល់​បញ្ហា​ផ្លូវ​ដង្ហើម និងលើ​ស្បែក។

រោគ​សញ្ញា​គ្លីនិក​នៃជម្ងឺ​ឱកាស​និយម

សញ្ញា​គ្លីនិក​នៃជម្ងឺ​ឱកាស​និយម​មាន​លក្ខណៈ​ខុសៗគ្នា អាស្រ័យ​ទៅលើ​ប្រភេទ​មេរោគ​ដែលបង្ក​ជម្ងឺនោះ ហើយ​សរីរាង្គ​នឹងទទួល​បានផល​ប៉ះពាល់។ មេរោគ​ខ្លះអាច​បណ្ដាល​ឱ្យមាន​បញ្ហា ដូចជា​ពងបែក​នៅមាត់ និងនៅ​ប្រដាប់​ភេទ ឬ​មហារីក​ដែល​កើតមាន​នៅលើ​សរីរាង្គលើសពី​មួយ​កន្លែង។ បើ​និយាយ​អំពី​រោគសញ្ញា​នៃជម្ងឺ​ឱកាស​និយម រួមមាន​មាន​អារម្មណ៍​វិលមុខ ឈឺ​នៅពេល​លេបទឹក ឬ​អាហារ មាន​បញ្ហា​ក្នុងការ​ដកដង្ហើម ការ​ឈឺក្បាល​ខ្លាំង​ញឹកញាប់ មាន​បញ្ហា​ភ្នែក មាន​អារម្មណ៍​កាន់តែ​អស់​កម្លាំង គ្រុនក្ដៅ ឬមាន​អារម្មណ៍​ក្ដៅ​លើស​ពីមួយថ្ងៃ បែកញើស​ខ្លាំង និងក្អក​លើសពី​រយៈពេល​ពីរសប្ដាហ៍។ ជម្ងឺ​ឱកាស​និយម​បាន​បញ្ចេញ​រោគសញ្ញា និងផល​លំបាក​ទៅតាម​ប្រភេទ​ជម្ងឺ​នីមួយៗ។

1 . រោគ​សញ្ញា​ផ្លូវដង្ហើម

សួត​គឺជា​សរីរាង្គ​ដែល​ទទួល​រងផល​ប៉ះពាល់​ញឹកញាប់​បំផុត​ចំពោះ​អ្នកដែល​ផ្ទុក​មេរោគ​អេដស៍។ ពពួក​មេរោគ​ដែល​បង្កជារោគ​សញ្ញា​ញឹកញាប់​បំផុត គឺ​បាក់តេរី ធ្វើឱ្យ​មានជម្ងឺ​សួត និងជម្ងឺ​របេង។ ហើយ​មាន​ពពួក​វីរុស​ដែលធ្វើ​ឱ្យកោសិការីក​ធំ និង​ជម្ងឺ​សើស្បែក រីឯ​ពពួក​មេរោគ​ផ្សិត​នឹងធ្វើ​ឱ្យមាន​ជម្ងឺ​រលាក​សួត​ប្រភេទ​ធ្ងន់ធ្ងរ និង​មេរោគ​មហារីក មហារីក​ជាលិកា និង​មហារីក​កូន​កណ្ដុរ។ ជម្ងឺ​ដែល​ស្ថិតក្នុង​រោគ​សញ្ញា​ផ្លូវដង្ហើម​មាន​ដូចជា ៖

  • ជម្ងឺ​រលាកសួត​ប្រភេទ​ធ្ងន់ធ្ងរ ៖ គឺជា​ជម្ងឺ​ឱកាស​និយម​ធ្ងន់ធ្ងរ ដែល​កើតមាន​ជា​ញឹកញាប់។ ជម្ងឺនេះ​អាចធ្វើ​ឱ្យខូចខាត​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​របស់​សួត​ក្នុងការ​បញ្ជូន​អុកស៊ីសែន​ពីខ្យល់​ដែលបាន​ស្រូប​ទៅក្នុង​ឈាម ដែលអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន។ ដូចនេះចាំបាច់​ត្រូវធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ជម្ងឺ​នេះមាន​រោគសញ្ញា​ដូចជា​ក្អកស្ងួត ដង្ហើម​ខ្លីៗ គ្រុនក្ដៅ និង​សញ្ញា ខ្លះ​មាន​នៅលើ​ដើមទ្រូង។ នៅពេល​ឈានដល់​សភាព​ធ្ងន់ធ្ងរ​ដោយ​សារតែ​ការ​វិវឌ្ឍន៍​នៃជម្ងឺ​នេះ​បន្ដិច​ម្ដងៗ អ្នកជម្ងឺ​មានការ​ស្ទះដង្ហើម​ធ្ងន់ធ្ងរ គ្រុនក្ដៅ ខ្វះ​អុកស៊ីសែន និង​អាចមាន​អារម្មណ៍​ច្របូក​ច្របល់ និង​រវើរវាយ។ ចំពោះ​ការ​ព្យាបាល​នៃ​ជម្ងឺរលាក​សួត​ប្រភេទ​ធ្ងន់ធ្ងរ​នេះ​គឺការ​ប្រើ​ឱសថ ការ​ព្យាបាល​នេះមាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ការប្រើ​ឱសថ​នេះគឺ​សម្រាប់​ព្យាបាល និង​បង្ការ​ជម្ងឺ​រលាក​សួត​ប្រភេទ​ធ្ងន់ធ្ងរ។
  • ជម្ងឺ​របេង​សួត ៖ ជម្ងឺនេះ​មាន​រោគ​សញ្ញា​ក្អក​លើសពី​៣សប្ដាហ៍​ឡើងទៅ ហើយ​ស្រក​ទម្ងន់លឿន បរិភោគ​បាយ​មិនសូវ​បាន ឧស្សាហ៍​បែកញើស​ស្អិតៗ​នៅពេល​យប់ហត់។ បើសិន​ជាមិន​យកចិត្ដ​ទុកដាក់​ព្យាបាល​ទេ គឺអាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ជម្ងឺនេះ​នឹងអាច​ព្យាបាល​​បាន​ជាសះ​ស្បើយ បើសិន​ជាអ្នក​ជម្ងឺ​ទទួលបាន​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ និង​យកចិត្ដ​ទុកដាក់។ ការធ្វើ​រោគ​វិនិច្ឆ័យ​នៃជម្ងឺ​នេះគឺ​ដោយការ​ដាក់​កំហាក​រយៈពេល​២ថ្ងៃ​ទើបដឹង​ពីលទ្ធផល និង​ធ្វើការ​ថតសួត។
  • ជម្ងឺ​របេង​ស្រោម​សួត ៖ ជម្ងឺ​របេង​ស្រោមសួត​នេះ​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​អាការ​ឈឺទ្រូង ហត់ ក្អកស្ងួត និងមាន​ក្អកខ្លាំង នៅពេល​ផ្លាស់ប្ដូរ​ចលនា​ធ្វើ​សកម្មភាព​អ្វីមួយ។ ចំពោះ​ការធ្វើរោគ​វិនិច្ឆ័យ​របស់​របេង​ស្រោមសួត​គឺផ្អែក​ទៅលើ​ការយក​ទឹកក្នុង​ស្រោមសួត​មក​ពិនិត្យ និង​ធ្វើការ​ថតសួត។

2 . រោគ​សញ្ញា​មាត់

មាត់​ទទួលផល​ប៉ះពាល់​ញឹកញាប់​ដោយសារ​ជម្ងឺ​ឱកាស​និយម។ ការ​ពិនិត្យមាត់​គឺជាផ្នែក​មួយ​នៃការ​ពិនិត្យ​រាងកាយ​របស់អ្នក​ជម្ងឺ​ទាំងអស់ ដែល​សង្ស័យ​ថាមាន​ផ្ទុក​មេរោគ​អេដស៍។ បញ្ហា​មាត់​បណ្ដាល​ឱ្យកម្លាំង​ចុះខ្សោយ ព្រោះវា​ប៉ះពាល់​ដល់ការ​ទទួលទាន​អាហារ។ រោគ​សញ្ញា​មាន​ដូចជា​ឈឺចាប់​នៅពេល​ទទួល​ទាន​អាហារ ពិបាក​លេបទឹក និង​មិនសូវ​ឃ្លាន​អាហារ។ រោគ​សញ្ញា​ដែលសង្កេត​ឃើញ​ជា​ញឹកញាប់​បំផុត​នោះគឺ​ការ​រលាក​អញ្ចាញ​ធ្មេញ​ដែល​បណ្ដាល​ឱ្យស្លាប់​កោសិកា មាត់​មានស្នាម​ផ្ទាំង​តូចៗ​ពណ៌ស មាន​រោម និង​មានជម្ងឺ​ផ្សិត​ក្នុងមាត់។ ជម្ងឺ​ផ្សិត​ក្នុងមាត់ គឺជា​ជម្ងឺ​ដែល​បណ្ដាល​មកពី​មេរោគ​ផ្សិត។ បើសិន​ជាមាន​ការដុះ​ផ្សិត​នៅពាស​ពេញមាត់ វាអាច​បណ្ដាល​ឱ្យមាន​ការ​ពិបាក​ក្នុងការ​ទទួល​ទាន​អាហារ។ អ្នកផ្ទុក​មេរោគ​អេដស៍-អ្នកជម្ងឺ​អេដស៍ អាច​កើតមាន​ជម្ងឺផ្សិត​ក្នុងមាត់​គ្រប់ពេល​វេលា ហើយ​នៅពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​ចុះខ្សោយ ជម្ងឺ​ផ្សិត​ក្នុងមាត់​ក៏​កាន់តែ​កើតមាន​ច្រើនដែរ។ ជម្ងឺនេះ​មាន​រោគ​សញ្ញា​ដូចជា​មាន​ស្នាមផ្ទាំងៗ​ពណ៌ស​នៅក្នុង​មាត់ បំពង់ក​ផ្នែក​ខាងលើ ឬ​អណ្ដាត មាន​ឈឺ​បំពង់ក សាបមាត់ និង​ពិបាក​លេបទឹក ឬ​អាហារ លេចឡើង​នូវស្នាម​ផ្ទាំងៗស ឬ​ក្រហម​ស៊ីជម្ពូ​នៅលើ​អណ្ដាត អញ្ចាញ​ធ្មេញ​ផ្នែក​ចំហៀង ឬ​ក្រអូម​មាត់ និងផ្នែក​ខាងក្រោយ​នៃបំពង់ក។ ជួនកាល​ជម្ងឺផ្សិត​ក្នុងមាត់​អាច​បណ្ដាល​ឱ្យចង្វែក​មាត់​ប្រេះបែក និងឈឺ​ទៀតផង។ កាលណា​អ្នកផ្ទុក មេរោគ​អេដស៍-​អ្នកជម្ងឺ​អេដស៍​មិនបាន​មក​ពិនិត្យ និង​ព្យាបាល​ជាទៀង​ទាត់នោះទេ គឺអាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន។ អ្នកជម្ងឺ​ដែលមាន​រោគ​សញ្ញា​មាត់ត្រូវ​សម្អាត​សុខភាព​មាត់ធ្មេញ​ឱ្យបាន​ល្អ ត្រូវ​ខ្ពុរមាត់ និង​សម្អាត​ឱ្យបាន​ជាប្រចាំ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative