អាន គុណកូឡា សុខភាព​សំខាន់​ណាស់​សម្រាប់​ខ្ញុំ

តែមួយ​ពព្រិចភ្នែក​ប៉ុណ្ណោះ​តារាចម្រៀង​វ័យក្មេង​មួយរូប​ក៏មាន​ឈ្មោះ​បោះសម្លេង​យ៉ាងខ្លាំង​នៅក្នុង​ដួងចិត្ដ​មិត្ដៗយុវវ័យ បាន​សាងភាព​ល្បីល្បាញ​លឿន​បំផុត មិនចាញ់​តារាចម្រៀង​ជើងចាស់​ប៉ុន្មាន​ទេ នោះគឺ អាន គុណកូឡា។ កូឡា​ជាតារា​ចម្រៀង​ថ្មី ស្រឡាង ដែល​កំពុងតែ​មានភាព​មមាញឹក​ច្រើនក្នុង​ការចេញ​បទចម្រៀង​ថ្មីៗ​របស់​ផលិតកម្ម​សម្រាប់​កំដរអារម្មណ៍​មិត្ដ​យុវវ័យ​ជាបន្ដ បន្ទាប់។ ទោះបីជា​កូឡា​ត្រូវ​រវល់យ៉ាង​ណាក្ដី ក៏តារា​យុវវ័យ​២០ឆ្នាំ​រូបនេះ​យកចិត្ដ​ទុកដាក់​ចំពោះការ​ថែទាំ​សុខភាព​ផងដែរ ព្រោះ គេយល់​ថា សុខភាព​សំខាន់​ណាស់​សម្រាប់​គេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេលនេះ អាន គុណកូឡា បានចូល​ខ្លួនមក​បកស្រាយ​ពីការ​ថែរក្សា​សុខភាព​របស់គេ​ផ្ទាល់​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​ទាំង អស់ ពិសេស​អ្នកដែល​មានការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ចូល​សិល្បៈ

កូឡា​បានបោះ​ជំហាន​ឈានចូល​សិល្បៈ​នៅក្នុង​ឆ្នាំ២០០៨ ជាតារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M។ ដំបូង​ឡើយ កូឡា​ជានិស្សិត នៃ​សកលវិទ្យាល័យ​ន័រតុន​មួយរូប ដោយ​សារតែ​មាន​ទេពកោសល្យ​ខាងសិល្បៈ និងការ​ស្វះស្វែង​តស៊ូរបស់​កូឡា ត្រូវបាន​ផលិតកម្មM អនុញ្ញាត​ឱ្យធ្វើ​តេស្ដ​សម្លេង ដោយ​មានការ​ទទួល​ស្គាល់ពី​សមត្ថភាព​របស់​កូឡា រូបគេ​ក៏បាន​ចូលច្រៀង​ប្រចាំ​ផលិតកម្មM។ បទ​ចម្រៀង​ជាង១០បទ​មកហើយ សុទ្ធសឹង​តែជាបទ​ដែលមាន​ការទទួល​ស្គាល់ពី​មហាជន ពិសេស​គឺ​យុវវ័យ ដែលបទ​ទាំងនោះ​រួមមាន លាមុនស្អប់ សុំទោស​ដែលធ្វើ​ឱ្យអូនយំ ឈឺចាប់​មិនចេះ​ចប់ បារម្ភ​សង្សារ​ចាស់ គ្មានសិទ្ធ​ជាម្ចាស់​បេះដូង​អូន និង​បទស្មានមិន​ដល់​ជាដើម។

ការ​ថែរក្សា​សម្រស់

សុខភាព​សំខាន់​ទាំងអស់ ទាំង​សុខភាព​រាងកាយ និង​សម្រស់ ជាតារា​ចម្រៀង​មួយរូប​គួរតែ​មាន​រូបរាង​ស្រស់សង្ហា និង​រាង កាយ​មាំមួន​ល្អ។ ខាងក្រោម​នេះគឺជា​វិធី​ដែល​កូឡា​បាន​អនុវត្ដ​ផ្ទាល់​ជាប្រចាំ​សម្រាប់​ការ​ថែទាំ​សម្រស់​របស់ខ្លួន ៖

  • ការ​ថែរក្សា​ស្បែកមុខ ៖ ស្បែកមុខ​ជាផ្នែក​ដែលជួយ​លើក​សម្រស់​របស់​មនុស្ស​ម្នាក់ៗ។ កូឡា​មានវិធី​ងាយៗ ដោយមិន​ចាំបាច់​ថែទាំ​ខ្លាំងពេក​នោះទេ ព្រោះជា​មនុស្ស​ប្រុស ដោយ​គ្រាន់តែ​យកចិត្ដ​ទុកដាក់​ក្នុងការ​លាងសម្អាត​ផ្ទៃមុខ​កាត់បន្ថយ​ជាតិខ្លាញ់​ជារៀងរាល់​ពេល​ដែលទើប​ត្រឡប់​មកពី​ក្រៅ ដើម្បី​កុំឱ្យ​មុខជាប់​ធូលី​ដី ដែល​បណ្ដាលឱ្យ​ស្ទះរន្ធ​ញើស​បង្កឱ្យ​មាន​កើតមុន។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ចំពោះ​ស្បែកខ្លួន​វិញ​កូឡា​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​ប៉ុន្មាន​នោះទេ គឺ​គ្រាន់តែ លាង​សម្អាតខ្លួន​ជាប្រចាំ​ជាមួយ​សាប៊ូ​ដែលត្រូវ​នឹង​ប្រភេទ​ស្បែក​រាល់ពេល​ងូតទឹក​តែ​ប៉ុណ្ណោះ។
  • ការ​ថែរក្សា​សក់ ៖ កូឡា​ជាតារា​ចម្រៀង​និយម​ម៉ូតសក់ ដូចនេះ​ត្រូវការ​ប្ដូរពណ៌ និង​ម៉ូតសក់​ទៅតាម​ភាពទាន់​សម័យ របស់​យុវវ័យ។ ប៉ុន្ដែជា​រៀងរាល់​ពេលទំនេរ​កូឡា​ក៏ឧស្សាហ៍​ទៅកក់ និង​អប់សក់​ផងដែរ ដើម្បី​កុំឱ្យ​សក់​កាន់តែ​ងាយមាន​បញ្ហា។
  • ការ​ថែរក្សា​ភ្នែក ៖ កូឡា​មិនសូវ​មើលអ្វី​ពេលយប់​នោះទេ ដូចជា​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ជាដើម។ ពេលធ្វើ​ដំណើរ​ចេញ ទៅណា​ម្ដងៗ​តែងតែ​ពាក់​វ៉ែនតា​ការពារ​ជាប់​ជានិច្ច។ ចំពោះ​ការសម្ដែង​គឺចៀស​មិនផុត​ពីផល​ប៉ះពាល់​ចំពោះ​ភ្លើងហ្វារ ឬភ្លើង​ចាំងពី​កាមេរ៉ា​នោះទេ ដូចនេះ​ដើម្បី​បង្ការ​កូឡា​ប្រុងប្រយ័ត្ន​មិនឱ្យ​ភ្នែកប៉ះ​នឹងពន្លឺ​ទាំងអស់​នោះខ្លាំង​ពេកទេ។
  • ការ​ថែរក្សា​ធ្មេញ ៖ កូឡា​ក៏បាន​ទទួលការ​ចាប់​អារម្មណ៍​ពី​មហាជន​ចំពោះបទ​ចម្រៀង​ផលិតផល​ថ្នាំដុស​ធ្មេញ​ផងដែរ ដូចនេះ​ចំពោះការ​សម្អាត និងការ​ថែទាំ​ធ្មេញ​មានការ​ដិតដល់​ណាស់ ដើម្បី​ឱ្យ​សក្ដិសម​ទៅនឹង​ការ​សម្ដែង​ដែល​បង្ហាញ​ពីធ្មេញ​សស្អាត របស់​គេ។ កូឡា​ដុសធ្មេញ​បីដង​ក្នុងមួយ​ថ្ងៃជា​ប្រចាំ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូឡា​ក៏ឧស្សាហ៍​ទៅខាត់​ធ្មេញឱ្យ​សផងដែរ។

ការ​ថែទាំ​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ កូឡា​មានការ​យកចិត្ដ​ទុកដាក់​ខ្លាំងបំផុត​ចំពោះការ​ទទួលទាន​ដំណេក គឺ​ត្រូវគេង​ឱ្យបាន​គ្រប់ គ្រាន់ បើមិន​គេង​គ្រប់គ្រាន់​នោះអាច​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅដល់​សម្លេង​ផងដែរ ដូចជា​ផ្ដាសាយ ឬស្អក​ជាដើម។
  • ការ​ទទួលទាន​អាហារ ៖ ជាតារា​ចម្រៀង​បើទទួល​ទានអាហារ​មិន​ត្រឹមត្រូវ​ក៏មានផល​ប៉ះពាល់​ទៅដល់​បំពង់ក និង​សម្លេងដែរ។ តែចំពោះ​កូឡាវិញ​គឺមិន​តមអាហារ​ខ្លាំងពេក​ទេ ព្រោះ​សុខភាព​បំពង់ក​កូឡាមិន​ប្រឆាំង​ទៅនឹង​អាហារ​ប៉ុន្មាន​ទេ។ កូឡា​ត្រូវការ​ទទួលទាន​ប្រភេទ​អាហារ​ណាដែល​ផ្ដល់នូវ​សារជាតិ​បំប៉ន​ដល់​រាងកាយ ដើម្បី​ឱ្យមាន​សុខភាព​ល្អ និង​រឹងមាំ។
  • លំហាត់​ប្រាណ ៖ ចំពោះ​ការហាត់​ប្រាណវិញ​គឺ​កាន់តែ​សំខាន់​ទៅទៀត​ចំពោះ​កូឡា។ ជារៀងរាល់​ព្រឹក​ក្រោកពី​គេង កូឡា ធ្វើការ​ហាត់ប្រាណ​ជាសកម្មភាព​ផ្សេងៗ និងការ​ហាត់រាំ​ឱ្យចេញ​ញើស​ជាប្រចាំ ដោយហាត់​ម្ដង​កូឡា​ត្រូវការ​ប្រើ​រយៈពេល​ពីមួយម៉ោង ទៅពីរ​ម៉ោង។

បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ​កូឡា​ក៏មាន​បំណង​ប្រាថ្នា​ទៅថ្ងៃ​អនាគត​ផងដែរ គឺជា​អ្នកជំនួញ​មួយរូប។ កូឡា​ចង់បើក​ជាហាង អ្វី​មួយដែល​ជារបស់​ខ្លួនឯង​ផ្ទាល់ តែ​មិនទាន់​ចង់បង្ហើប​ថាហាង​អ្វីនោះ​ទេ។

បណ្ដាំ​ផ្ញើរបស់ អាន គុណកូឡា

សុខភាព​គឺជា​រឿងដ៏​សំខាន់​ដែលយើង​ម្នាក់ៗ​ចាំបាច់​ត្រូវតែ​គិតគូរ​ឱ្យបាន​ល្អ ពិសេស​មិត្ដៗយុវវ័យ​ទាំងអស់ សូម​ចៀសឱ្យ​ឆ្ងាយ​ពីការ​សេពគ្រឿង​ស្រវឹង គ្រឿង​ញៀន ហើយកុំ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ទាំងឡាយ​ដែលសង្គម​មិន​ទទួល​ស្គាល់។ អ្វីដែល​លោកអ្នក និង​យុវវ័យ​ទាំងឡាយ​ត្រូវ​គិតគូរ​គឺការ​ថែទាំ​ចំពោះ​សុខភាព​ឱ្យបាន​ល្អ។ ការ​តស៊ូ​ព្យាយាម និងការ​ប្រឹងប្រែង​ទទួល​ឱ្យបាន​ភាពជោគជ័យ​ក្នុងឆាក​ជីវិត​ក៏ពឹងផ្អែក​ទៅលើ​សុខភាព​ផងដែរ។

    ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ អាន គុណកូឡា
  • អាយុ ៖ ២០ឆ្នាំ
  • ថ្ងៃខែឆ្នាំ​កំណើត ៖ ២០ ឧសភា ១៩៨៩
  • កម្ពស់ ៖ ១,៦៨ម៉ែត្រ
  • បងប្អូន ៖ ៣នាក់(ប្រុស២ ស្រី១ ជាកូនទី២)
  • កម្រិត​វប្បធម៌ ៖ ជានិស្សិត​នៅសកល​វិទ្យាល័យ​ន័រតុន​ឆ្នាំទី២​ផ្នែកវិស្វករ
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • អាជីពនា​ពេលបច្ចុប្បន្ន ៖ អ្នក​សិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative