សាពូន មីដាដា សុខភាព​ជាកត្ដា​ចម្បង​សម្រាប់​មនុស្ស​គ្រប់រូប

ផ្ដើម​ចេញពី​ការយក​ចិត្ដទុក​ដាក់​ក្នុងការ​ហ្វឹក​ហាត់​ឧបករណ៍​តូរ្យតន្ដ្រី​គ្រប់​ប្រភេទ ហើយ​បានក្លាយ​ទៅជា​តន្ដ្រីករ​ដ៏ឆ្នើម​ម្នាក់ ជាមួយ​នឹង​ស្នាដៃ​និពន្ធ​បទភ្លេង ទីបំផុត​សាពូន មីដាដាបាន​ក្លាយទៅ​តារា​ចម្រៀង​ល្បីល្បាញ​មួយរូប​ប្រចាំ​ផលិតកម្ម​ហង្សមាស។ បទ ដែលជា​ស្នាដៃដំបូង​របស់​អ្នក​ចម្រៀង​សម័យ​សាពូន មីដាដា គឺ​បទ ធ្វើ​គ្រប់យ៉ាង​ដើម្បីអូន និង​បទ​ដើម្បី​អ្វីទៅអូន? ចម្រៀង​ពីរ បទនេះ​បាន​ប្រសូត​ចេញពី​បេះដូង​ខ្លួនឯង​សុទ្ធ​សាធ ដោយ​មិនធ្វើ​ការ​ចម្លង​ពីបទ​បរទេស ឬអ្នក​ដទៃ ហើយក៏​បាន​អង្រួន​ដល់​បេះដូង យុវវ័យ​គ្រប់រូប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទោះបី​ជាមាន​ភាព​មមាញឹក​ចំពោះ​សិល្បៈ​យ៉ាងណា​ក៏ដោយ សាពូន មីដាដា និយាយ​ថា សុខភាព​គឺជា​ការ​ចាំបាច់ ផងដែរ​សម្រាប់​លោក ព្រោះ​មាន​សុខភាពល្អ​ទើប​ការងារ​រលូន​ទៅមុខ។ ជាមួយ​គ្នានេះ​ផងដែរ តារា​ចម្រៀង​សាពូន មីដាដា ក៏បាន​ចែក​រំលែក​អំពី​ការ​ថែទាំ​សុខភាព​ដល់អ្នក​អានទៀត​ផង។

ប្រវត្ដិ​មុនចូល​សិល្បៈ

ដោយសារ​តែមាន​ចិត្ដ​ស្រឡាញ់​វិស័យ​សិល្បៈ សាពូន មីដាដា បានចូល​ហាត់រៀន​នៅ​សាលា​បណ្ដុះ​បណ្ដាល​ឧបករណ៍ សិល្បៈ​របស់​លោកគ្រូ ងិន ស័ក្រវ៉ា នៅមុខ​វត្ដចិន​ដំដែក។ ក្រោយ​ពេល​ហាត់រៀន​ដោយ​ទទួល​បាន​ចំណេះដឹង​គួរសម ដែលអាច​ចូលរួម​លេង​ភ្លេង​ជាវង់​ជាមួយ​ក្រុមតន្ដ្រី​ករដទៃ​បាន​ហើយ សាពូន មីដាដា បាន​ឈានជើង​ចូលលេង​តន្ដ្រី​តាម​ភោជនីយដ្ឋាន បា ឬ​រង្គសាល​ផ្សេងៗ។ បន្ទាប់​មក​តារា​ចម្រៀង​រូបនេះ​បាន​ក្លាយជា​អ្នក​លេងហ្គីតា​អមតារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស។ រហូតដល់​ឆ្នាំ​២០០៤ សាពូន មីដាដា មានការ​រីកចម្រើន​ផ្នែក​គំនិត​និពន្ធ​បទចម្រៀង​ខ្លួនឯង ទាំង​និពន្ធ​បទភ្លេង និង​បទ​ចម្រៀង ហើយ​ត្រូវបាន​ក្រុមហ៊ុន​រស្មី​ហង្សមាស​ផ្ដល់​ឱកាស​ឱ្យចូល​ច្រៀង​សាកល្បង។ ក្រោយពី​លទ្ធផល​នៃការ​ចេញនូវ​បទ​ចម្រៀង​របស់ សាពូន មីដាដា ចំនួន​ពីរបទ​ដំបូង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើស​លប់ ក្រុមហ៊ុន​រស្មី​ហង្សមាស​ក៏បាន​ជំរុញ​ទឹកចិត្ដ​ដល់​តារា​ចម្រៀង​រូបនេះ ថែម​ទៀត ធ្វើ​ឱ្យមាន​ការ​គាំទ្រ​ជា​ហូរហែ​រហូត​មកដល់​សព្វថ្ងៃ​នេះ។

ការ​ថែរក្សា​សម្រស់

ចំពោះ​សាពូន មីដាដា សម្រស់​មិនសូវ​សំខាន់​ប៉ុន្មាន​នោះទេ ព្រោះ​លោក​គិតថា សម្រស់​របស់​លោក​ប៉ុណ្ណឹង​វា​សក្ដិសម ទៅនឹង​រូបរាង​ទៅហើយ ហើយការ​ថែទាំ​នេះធ្វើ​ឡើង​តាមបែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

  • ការ​ថែរក្សា​សក់ ៖ នៅក្នុង​មួយថ្ងៃ សាពូន មីដាដា កក់សក់​ចំនួន​១ដង ប៉ុន្ដែ​លោក​មិនបាន​យកចិត្ដ​ទុកដាក់​ឡើយ ចំពោះ​សាប៊ូ​ដែល​លោក​ប្រើប្រាស់​សម្រាប់​កក់សក់​នោះ​ឡើយ ភាគច្រើន​ម្ដាយ​របស់​លោក​ជាអ្នក​ទិញមក​ឱ្យប្រើ។
  • ការ​ថែរក្សា​ស្បែក​មុខ ៖ ភាគច្រើន​សាពូន មីដាដា មិនសូវ​ជ្រើសរើស​យក​ប្រភេទ​សាប៊ូ​ណាមួយ​ឱ្យពិត​ប្រាកដ​នោះទេ​ឱ្យតែ​មានដុស​ទាំងអស់ ព្រោះ​លោក​គិតថា សាប៊ូ​ភាគច្រើន​មាន​ជាតិអាស៊ីត​សម្អាត​មុខបាន​ដូចគ្នា។ ចំពោះ​ការ​សម្ដែង​ម្ដងៗ លោក មិនបាន​ចំណាយ​ពេល​ដើម្បី​តុបតែង​មុខមាត់​ដូច​តារា​ចម្រៀង​ដទៃ​ឡើយ។ ម្យ៉ាងទៀត​លោក​មិនដែល​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ការពារ​ស្បែក​ផ្សេងៗ​នោះទេ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ខ្លួន​មីដាដា​មិន​ប្រើប្រាស់​ឡេ ឬ​សាប៊ូ​សម្រក​ជាតិខ្លាញ់​នៅលើ​រាងកាយ​ឡើយ មិនថា​នៅផ្ទះ ឬពេល​ចេញទៅ​សម្ដែង​នោះទេ។
  • ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ ៖ ដោយ​ឡែក​សុខភាព​មាត់​ធ្មេញ ត្រូវតែ​ថែរក្សា​ជាប្រចាំ ដោយ​មួយថ្ងៃ​សម្អាត​ពីរដង ក្រោយពេល​គេង និង​មុនចូល​គេង។ ចំណែក​ឯការ​ទៅពិនិត្យ​ឬ​ព្យាបាល​ធ្មេញ​នោះ សាពូន មីដាដា មិនដែល​ត្រួត​ពិនិត្យ​សោះតែ​ម្ដង ព្រោះ​លោក​មិនដែល​ឈឺ​ថ្កាត់អ្វី​ឡើយ។
  • ការ​ថែរក្សា​ភ្នែក ៖ វិធី​ថែរក្សា​ភ្នែក​របស់​តារា​ចម្រៀង​រូបនេះ គឺការ​ថែទាំ​តាម​រយៈការ​ប្រើប្រាស់​វ៉ែនតា​ពណ៌ខ្មៅ ទោះបី​ជិះម៉ូតូ ឬ​ជិះ​រថយន្ដ​ក៏ដោយ។ វ៉ែនតា​ប្រភេទ​នេះអាច​ការពារ​កុំឱ្យ​ភ្នែក​ស្រវាំង ព្រោះ​ពេលធ្វើ​ការ​នៅ​ស្ទូឌីយោ​ម្លប់ពេក​បណ្ដាល ឱ្យភ្នែក​ត្រជាក់ នៅពេល​ចេញ​មកក្រៅ​មិនអាច​ឱ្យភ្នែក​របស់​លោក​ទប់ទល់​នឹង​កម្ដៅ​ថ្ងៃបាន។ តារា​ចម្រៀង​រូបនេះ​មិនដែល​ទៅ​ពិនិត្យ ឬ​ព្យាបាល​ម្ដង​ណាឡើយ ទោះបី​ជាមាន​ផល​ប៉ះពាល់​ចំណាំង​ផ្លាតពី​ការថត​សម្ដែង​បទ​ចម្រៀង​យ៉ាង​ណាក្ដី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

  • ការ​ហាត់ប្រាណ ៖ ដើម្បី​ឱ្យ​រាងកាយ​មានភាព​មាំមួន មីដាដា តែងតែ​ហាត់​កីឡា​ទូទៅ ដូចជាលេង​បាល់ទះ បាល់​ទាត់ រត់កីឡា​លើក​អាល់ទែរ ឬ​ហែលទឹក។ ព្រោះ​កីឡា​ទាំងនេះ​ហើយ​អាច​ព្យាបាល​ជម្ងឺបាន​១០០​មុខ ហើយ​ក៏មិន​ងាយ​ចាស់មុន​អាយុ​ផងដែរ ។
  • ការ​ទទួល​ទាន​អាហារ ៖ ការ​ទទួល​ទាន​អាហារ សាពូន មីដាដា មិនដែល​តមឬ​រើស​ឡើយ អ្វីក៏​អាចញ៉ាំ​បានដែរ ជាពិសេស​រាងកាយ​របស់​មនុស្ស​ម្នាក់ៗ នៅពេល​ខ្វះនូវ​សារជាតិ​អ្វីធ្វើ​ឱ្យមនុស្ស​នោះ​ឃ្លាន ដូច្នេះ​មិនបាច់​តមនោះ​ទេ បើឃ្លាន​អ្វី យើង​ទទួលទាន​ហ្នឹង​ទៅ។ ទោះបី​ជាអ្នក​ចម្រៀង​ល្បី​ត្រូវការ​ប្រើ​សម្លេង​ជាដើម​ទុនក៏​ដោយ ក៏​មីដាដា​មិនបាន​ជ្រើសរើស​អាហារ ណា​ដែលធ្វើ​ឱ្យសម្លេង​របស់ខ្លួន​ពីរោះ និយាយ​ដោយខ្លី​គឺមិន​តម។ ប៉ុន្ដែ​ចំពោះ​អ្នក​ចម្រៀង គួរតែ​ចៀសវាង​ស្រា និង​បារី បាន​រឹតតែ​ប្រសើរ។
  • ការ​ទទួលទាន​ដំណេក ៖ មីដាដា​ចាត់ទុក​ការ​ទទួលទាន​ដំណេក​ជាការ​សំខាន់​ណាស់​សម្រាប់​សុខភាព ព្រោះ​បើ​ទទួលទាន​ដំណេក​មិនបាន​គ្រប់គ្រាន់​ទេនោះ ធ្វើឱ្យ​រាងកាយ​ចុះ​ខ្សោយ ស្លេក​ស្លាំង មិនអាច​ប្រកប​របរ​ចិញ្ចឹម​ជីវិតបាន​នោះទេ មិនតែ​ប៉ុណ្ណោះ​ធ្វើឱ្យ​មាន​អារម្មណ៍​តប់ប្រមល់ ធុញថប់​ថែមទៀត​ផង។

បំណង​ទៅថ្ងៃ​អនាគត

ក្នុង​ផ្នត់គំនិត​មីដាដា លោក​ស្រឡាញ់​សិល្បៈ និង​ជាជនជាតិ​ខ្មែរ ទោះបីជា​លោក​ទៅថ្ងៃ​អនាគត​ច្រៀង​មិនកើត ឬ​ធ្វើអ្វី​មិនកើត​ក្នុង​វិស័យ​សិល្បៈ ក៏​ទឹកចិត្ដ​របស់​លោក​ស្រឡាញ់​តែ​សិល្បៈជា​និច្ច កើតមក​ជាអ្នក​សិល្បៈ​ស្លាប់ទៅ​វិញក៏​ក្នុងនាម​សិល្បៈ​ដែរ។ ថ្ងៃ​អនាគត​ប្រសិនបើ​ទស្សនិកជន​លែង​ត្រូវការ​លោក​ក្នុងនាម​ជាអ្នក​ចម្រៀង​អាជីព លោក​អាច​ក្លាយជា​អ្នក​និពន្ធបទ​ចម្រៀង និពន្ធ រឿង ឬ​ក្លាយជា​អ្នក​ដឹកនាំ​រឿង សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ។

បណ្ដាំ​ផ្ញើ​របស់​សាពូន មីដាដា

មនុស្ស​យើង​គ្រប់រូប​ត្រូវតែ​យកចិត្ដ​ទុកដាក់​ហាត់​កីឡា​ជា​ចាំបាច់ ព្រោះ​កីឡា​ធ្វើឱ្យ​សុខភាព​មាំមួន កាត់​បន្ថយ​បាននូវ​រាល់ជម្ងឺ​ឈឺថ្កាត់​ផ្សេងៗ និង​កាត់​បន្ថយ​ភាពចាស់​មុនអាយុ។ ជាពិសេស​យុវវ័យ​ទាំងអស់​ត្រូវ​ចៀសឱ្យ​ផុតពី​គ្រឿងញៀន មិនត្រូវ​ធ្វើអ្វី​ដែល​ប្រាសចាក​ពី​សង្គម ត្រូវយក​ពេលវេលា​មករៀន​សូត្រ ឬ​លេង​កីឡា ព្រោះអាច​បង្កើន​ការ​ឈ្លាសវៃ និង​ខួរក្បាល​រៀនសូត្រ​ឆាប់ចាំ អាយុ​វែង សុខភាព​ល្អ​ផងដែរ។

ទាំងនេះ​ជាការ​យល់ឃើញ​ដោយ​ឡែក​របស់​លោក សាពូន មីដាដា សូម​លោកអ្នក​ធ្វើតាម​អ្វី ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ សាពូន មីដាដា
  • អាយុ ៣១​ឆ្នាំ
  • កម្ពស់ ១,៧៥​ម៉ែត្រ
  • ស្រុក​កំណើត​នៅស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល
  • មាន​បងប្អូន​៣នាក់ ប្រុស​ទាំងបី
  • អាជីព​បច្ចុប្បន្ន ជាអ្នក​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស
  • កម្រិត​វប្បធម៌ បញ្ចប់​បរិញ្ញា​បត្រ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ភាសា
  • ស្ថានភាព​គ្រួសារ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative