បាប​មិត្ដ និង​កល្យាណ​មិត្ដ

ការ​សេពគប់​មិត្ដ​គឺជា​ការចង​សម្ព័ន្ធភាព ឬការ​ទំនាក់​ទំនង​រវាង​មនុស្ស​ម្នាក់ និង​មនុស្ស​ម្នាក់​ទៀត។ មនុស្ស​គ្រប់រូប​តែងតែ មានការ​រាប់អាន​គ្នា​ទៅវិញ​ទៅមក​គ្រប់​ឋានៈ​ក្នុង​សង្គម។ ការ​សេពគប់​គ្នាបាន​ឆាប់ឬ​យូរ​អង្វែង គឺ​អាស្រ័យ​ទៅលើ​ពេល​វេលា និង​ស្ថិតនៅ​លើ​ទឹកចិត្ដ​របស់​លោកអ្នក​តែ​ប៉ុណ្ណោះ។ មនុស្ស​មាន​ទាំង​អាក្រក់ និង​ល្អ។ ដូចនេះ​មុននឹង​លោកអ្នក​សេពគប់​មិត្ដ លោកអ្នក​គួរតែ ស្វែងយល់​ឱ្យបាន​ច្បាស់​ដើម្បី​ចៀសវាង​ការ​កើតមាន​ក្ដី​អន្ដរាយ​ដល់ខ្លួន​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក អ៊ូចប៉ាត់ អមត្ថៈ ទីប្រឹក្សា​បច្ចេកទេស​នៅសហគមន៍​សង្គ្រោះ​ជនរង​គ្រោះ ដោយ​គ្រឿង​ញៀន​កម្ពុជា ដើម្បី​ឱ្យ​លោកអ្នក​បានយល់​កាន់តែ​ច្បាស់​អំពី​ការ​សេពគប់​មិត្ដ។

ប្រភេទ​នៃ​មិត្ដ

មិត្ដ​ដែល​លោកអ្នក​សេពគប់​មិនមែន​សុទ្ធតែ​ល្អ​ទាំងអស់​នោះទេ បើសិន​ជា​លោកអ្នក​សេពគប់ប៉ះ​មនុស្ស​ល្អ នឹង​ដឹកនាំ​លោកអ្នក​ឱ្យទៅ​រកផ្លូវ​ល្អ។ តែបើ​សិនជា​លោកអ្នក​សេពគប់​មិត្ដដែល​មិនល្អ មិត្ដ​ប្រភេទនេះ​នឹង​ដឹកនាំ​លោកអ្នក​ទៅរក​ផ្លូវមិន​ល្អ ហើយ​ថែមទាំង​បំផ្លាញ​ទ្រព្យសម្បត្ដិ​លោកអ្នក​ទៀតផង។ មនុស្ស​ជំពូកនេះ​តែងតែ​នឹករក​គ្រប់វិធី​ឱ្យ​លោកអ្នក​ជឿជាក់​លើគេ ដើម្បី​ងាយ​ស្រួល ឱ្យ​លោកអ្នក​ផ្ដល់ផល​ប្រយោជន៍​ឱ្យគេ។ ហេតុដូច​នេះបាន​ជាមាន​ការ​បែងចែក​មិត្ដ​ជាពីរ​ប្រភេទ​គឺ បាប​មិត្ដ និង​កល្យាណ​មិត្ដ។

ប្រភេទ​មនុស្ស​បាប​មិត្ដ

បាប​មិត្ដគឺ​មិត្ដ​ដែល​អាក្រក់ ជាមិត្ដ​ដែល​នាំមក​ឱ្យខូច​ប្រយោជន៍ នាំឱ្យ​មាន​សេចក្ដី​វិនាស ជា​មិត្ដ​ដែល​ពុំគួរ​សេពគប់​សោះ​ឡើយ។ មិត្ដ​ដែល​មិនគួរ​សេពគប់​មាន៤​ប្រភេទ​គឺ ៖

1 . មនុស្ស​ឃើញតែ​ប្រយោជន៍​ខ្លួន ៖ ជាមនុស្ស​ដែល​រាប់អាន​លោកអ្នក​ដោយ​មិនមាន​ចិត្ដស្មោះ សម្លឹង​ឃើញ​តែ​ទ្រព្យសម្បត្ដិ ឃើញ​តែផល​ប្រយោជន៍ មានចិត្ដ​លោភលន់ ឱ្យ​តិចចង់​បាន​ច្រើន។ ជាពិសេស​នៅពេល​ដែលមាន​អាសន្ន ទើប​ពួកគាត់​នឹកឃើញ​ដល់​លោកអ្នក និយាយ​ឱ្យចំ​គឺជា​មនុស្ស​ដែលចង់​បាន​ប្រយោជន៍​ពីមិត្ដ​តែម្យ៉ាង​គត់។ មិត្ដ​ប្រភេទនេះ​មិនគួរ​រាប់រក​ឡើយ ហើយ​នៅពេល​ដែល​លោកអ្នក​ឱ្យផល​អ្វីដល់​គេដែល​មិនមែន​ជារបស់​ដែលគេ​ត្រូវការ​ចាំបាច់​នោះ មិត្ដភាព​រវាង​លោកអ្នក និង​ពួកគាត់ នឹងមាន​ការ​រង្គោះ​រង្គើ ឬអាច​បញ្ចប់​ក៏ថាបាន។

2 . មនុស្សល្អ​តែមាត់ ៖ ជា​មនុស្ស​ដែល​ពូកែ​ប្រើពាក្យ​សម្ដី​ផ្អែម​ល្ហែម ពូកែ​បូបាច់​រ៉ាយរ៉ាប់​ធ្វើឱ្យ​លោកអ្នក​ស្លុងចិត្ដ​ផុង​គំនិត គិតថា​គេជា​មនុស្ស​ល្អ ចូលចិត្ដ​និយាយ​ពាក្យ​មិនពិត ពូកែយក​ចិត្ដ ចូលចិត្ដ​សរសើរ​នៅចំពោះ​មុខ នៅពេល​ដែល​លោកអ្នក​មាន​អាសន្ន ទៅ​ពឹងពាក់​មិន​បាន។ មនុស្ស​ប្រភេទ​នេះ លោកអ្នក​មិនគួរ​យកមក​ធ្វើជា​មិត្ដទេ នៅពេល​ដែលមាន​អាសន្ន​គេចយក​រួចខ្លួន មិនខ្វល់​ពីអ្នក​ណា​ឡើយ។

3 . មនុស្ស​ប្រចុប ៖ ជា​មនុស្ស​ពូកែ​ខាង​អែបអប ធ្វើយ៉ាង​ណាឱ្យ​តែ​លោកអ្នក​សប្បាយ​ចិត្ដ ទោះទង្វើ​ធ្វើខុស​ក៏សប្បាយ​ចិត្ដ ចូលចិត្ដ​និយាយ​ល្អតែ​ចំពោះ​មុខ​លោកអ្នក​តែ​ប៉ុណ្ណោះ ក្នុង​ចិត្ដគ្មាន​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​នោះទេ។ ឃើញ​លោកអ្នក​ធ្វើ​អាក្រក់​ក៏ចាក់​បណ្ដោយ​តាមឃើញ​លោកអ្នក​ធ្វើល្អ​ក៏ចាក់​បណ្ដោយ​តាម។ ចំពោះ​មុខ​សរសើរ​មិនដាច់​ពីមាត់ តែ​នៅពីក្រោយ​ខ្នង​វិញ​តែងតែ និយាយ​តិះដៀល និយាយ​ដើម​លោកអ្នក​ប្រាប់​អ្នកដទៃ ឬ​បើមាន​អ្នកណា​ម្នាក់​និយាយ​រឿង​អាក្រក់​ពី​លោកអ្នក​តែងតែ​ចាក់​បណ្ដោយ។ មនុស្ស​ប្រភេទនេះ​លោកអ្នក​មិនគួរ​សេពគប់​ឡើយ ហើយ​មនុស្ស​ប្រភេទនេះ​ចាស់ៗ​លោកតែង​តែហៅ​ថា ជា​មនុស្សឆ្អិន​ក្បាល​ស៊ីក្បាល ឆ្អិន​កន្ទុយ​ស៊ីកន្ទុយ។

4 . មនុស្ស​ដឹកនាំ​ក្នុង​ផ្លូវ​វិនាស ៖ ជា​មនុស្ស​ធ្វើឱ្យ​លោកអ្នក​វិនាស​ទ្រព្យ​សម្បត្ដិ ខាត​ពេលវេលា និង​កិត្ដិយស ដូចជា​មិត្ដ ដែល​ដឹកនាំ​ឱ្យដើរ​ផឹកស្រា ឬក៏​ដឹកនាំ​ឱ្យ​សេពគ្រឿង​ញៀន នេះជា​ហេតុ​ដែលធ្វើ​ឱ្យ​ឪពុកម្ដាយ​ក្រុម​គ្រួសារ​មានការ​ព្រួយ​បារម្ភ។ មិត្ដ ដែល​ដឹកនាំ​លោកអ្នក​ឱ្យដើរ​លេង​នៅកន្លែង​មិនល្អ ដឹកនាំ​ឱ្យ​លោកអ្នក​ឱ្យចេះ​លេងល្បែង​ស៊ីសង ងាយនឹង​ធ្វើឱ្យលោកអ្នក​វិនាសនូវ ទ្រព្យ​សម្បត្ដិ។ មិត្ដ​ប្រភេទនេះ​លោកអ្នក​មិនគួរ​យកខ្លួន​បៀត​ឡើយ ហើយ​ថ្ងៃណា​មួយ​នៅពេល​ដែល​លោកអ្នក​វិនាស​ទ្រព្យ​សម្បត្ដិ​អស់​ហើយ គេមិន​នៅរួម​សុខទុក្ខជាមួយ​លោកអ្នក​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រភេទ​មនុស្ស​កល្យាណ​មិត្ដ

កល្យាណ​មិត្ដ​គឺជាមិត្ដ​ដែលមាន​សន្ដានចិត្ដ​ល្អដល់​លោកអ្នក ជា​មនុស្ស​ដឹកនាំ​លោកអ្នក​ឱ្យទៅ​រកផ្លូវ​ល្អ ចេះ​ជួយ​លោកអ្នក នៅពេល​ដែល​លោកអ្នក​មាន​អាសន្ន​អន់ក្រ។ កល្យាណ​មិត្ដ​គឺមាន​ចរិត៤​យ៉ាងដែល​ឱ្យ​លោកអ្នក​សម្គាល់ ៖

1 . មិត្ដមាន​ឧបការ ៖ ជាមិត្ដ​ដែលមាន​ចិត្ដ​អាណិត​ពិតប្រាកដ ហើយ​នៅពេល​ដែល​លោកអ្នក​ជួប​គ្រោះភ័យ មិត្ដ​ប្រភេទ​នេះ​តែងតែ​ជួយ​ការពារ​លោកអ្នក ជួយ​ដោះស្រាយ​គ្រប់ពេល​នៅពេល​ដែល​លោកអ្នក​ជួប​ឧបសគ្គ ទោះបី​មិនបាន​ជាទ្រព្យ​ក៏ជួយ​ដោយ ចិត្ដ​ស្មោះ​ដែរ។

2 . មិត្ដ​ណែនាំ​ប្រាប់​ប្រយោជន៍ ៖ ជាមនុស្ស​ដែល​ឈឺឆ្អាល​ចំពោះ​លោកអ្នក មិត្ដ​ប្រភេទនេះ​តែងតែ​ណែនាំ​លោកអ្នក​ឱ្យក្លាយ​ទៅជា​មនុស្ស​ល្អ នឹង​ដឹកនាំ​លោកអ្នក​ឱ្យមាន​សុចរិត​ទៀងត្រង់។ ជាពិសេស​នៅពេល​ដែល​លោកអ្នក​ធ្វើ​អាក្រក់ មិត្ដ​ប្រភេទ​នេះ​តែងតែ​ជួយ​កែតម្រូវ​ណែនាំ​ឱ្យធ្វើ​ទង្វើ​ល្អវិញ។ នៅពេល​ដែល​លោកអ្នក​ធ្វើអំពើ​ល្អ ឬ​ទទួលបាន​ជោគជ័យ មិត្ដ​ប្រភេទនេះ​តែងតែ​ជួយ​លើក​ទឹកចិត្ដ​លោកអ្នក និង​សប្បាយចិត្ដ​ជាមួយ​លោកអ្នក​ជានិច្ច។

3 . មិត្ដរួម​សុខទុក្ខ ៖ មិត្ដល្អ​គឺជា​មិត្ដ​ដែលចេះ​រួមសុខ​ទុក្ខ​ជាមួយ​គ្នា ចេះជួយ​គ្នាទៅ​វិញទៅ​មក នៅពេល​ដែលមាន​បញ្ហា ជាពិសេស​គឺ​តែងតែ​ចូលរួម​ជួយ​ចែក​រំលែក​រាល់ទុក្ខ​លំបាក​ជាមួយ​លោកអ្នក​ជានិច្ច ចំពោះ​មិត្ដ​ប្រភេទ​នេះ​តែងតែ​ជួយ​និយាយ​ពី​លោក អ្នកដែល​ជារឿង​ដែល​ល្អប្រាប់​អ្នកដទៃ​មិនដែល​និយាយ​អាក្រក់​ពី​លោកអ្នក​ឡើយ។ នៅពេល​ដែលអ្នក​ដទៃ​និយាយ​អ្វីមិនល្អ​ពី​លោកអ្នក មិត្ដ​ប្រភេទ​នេះ​តែងតែ​លើក​ហេតុផល​ដែល​ល្អៗ​ពី​លោកអ្នក​ទៅប្រាប់​អ្នកដទៃ ឬក៏​ហាមឃាត់​អ្នកដទៃ​មិនឱ្យ​និយាយ​ពី​លោក អ្នក។ មិត្ដ​ប្រភេទនេះ​មិនដែល​មាន​ចិត្ដបោះបង់​លោកអ្នក​នៅពេល​ដែល​លោកអ្នក​មានទុក្ខ​ព្រួយ​ឡើយ។

4 . មិត្ដ​មាន​សេចក្ដី​អនុគ្រោះ ៖ ជាមិត្ដ​ដែលមាន​សេចក្ដី​អាណិត​នៅពេល​ដែល​លោកអ្នក​ជួបវិបត្ដិ​អន្ដរាយ ឬ​ត្រូវអ្នក​ដទៃ មាក់​ងាយ។ មិត្ដ​ប្រភេទនេះ​មិនដែល​មានចិត្ដ​ច្រណែន​ឈ្នានីស នៅពេល​ដែល​លោកអ្នក​ទទួល​បានការ​សរសើរ​ពីអ្នក​ដទៃ ឬក៏​ទទួលបាន​ជោគជ័យ​នៅក្នុង​រឿងអ្វី​មួយនោះ​ទេ។ មិត្ដ​ប្រភេទនេះ​តែងតែ​ជួយ​គាំទ្រ​លោកអ្នក​ជានិច្ច។ ជាពិសេស​នៅពេល​ដែល​លោកអ្នក​ធ្វើខុស មិត្ដ​ប្រភេទនេះ​តែងតែ​មានចិត្ដ​អនុគ្រោះ​ជានិច្ច។

ដំបូន្មាន​អ្នក​ជំនាញ

មុននឹង​សេពគប់​មិត្ដ លោកអ្នក​ត្រូវមាន​ការគិត​ពិចារណា​ឱ្យបាន​វែង​ឆ្ងាយ ហើយ​ត្រូវធ្វើ​ការ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចិត្ដ​គំនិត ចរិត​លក្ខណៈ​ឱ្យបាន​ច្បាស់​ទើបជា​ការល្អ។ ចំពោះ​លោកអ្នក​មួយចំនួន​ដែលមាន​មិត្ដ​កំពុង​តែដើរ​នៅក្នុង​ផ្លូវមិន​ល្អ លោកអ្នក គួរតែ​ណែនាំ​មិត្ដ​របស់​លោកអ្នក​ឱ្យដើរ​នៅក្នុង​ផ្លូវត្រូវ​វិញ ជាពិសេស​គឺត្រូវ​ជួយ​លើក​ទឹកចិត្ដ​ដល់​មិត្ដ និង​គាំទ្រ​មិត្ដ​នៅពេល​ដែល​មិត្ដ ធ្វើ​អំពើ​ល្អ ត្រូវមាន​ចិត្ដ​ស្មោះត្រង់​នឹងគ្នា ត្រូវចេះ​អនុ​គ្រោះ​ឱ្យគ្នា​នៅពេល​ដែលអ្នក​ណាម្នាក់​ធ្វើខុស។ ជាពិសេស​សូម​យុវវ័យ​ទាំងអស់ គេចឱ្យ​ឆ្ងាយ​ផុតពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative