មហារីកពងស្វាស

ពង​ស្វាស​មាន​តួនាទី​សម្រាប់​ផលិត​ទឹកកាម និង​ផលិត​អ័រម៉ូន​ភេទ។ មហា​រីក​ពងស្វាស​ជា​ជម្ងឺ​ដែល​កើត​មាន​ចំពោះ​មនុស្ស ប្រុស ហេតុ​នេះ​បុរស​ទាំង​ឡាយ​គប្បី​ថែ​ទាំ​សុខភាព​បន្ដ​ពូជ​ដោយ​យក​ចិត្ដ​ទុកដាក់ ព្រោះ​ជម្ងឺ​មហារីក​ពងស្វាស​នេះ​មិន​អាច​ដឹង​ពីមូលហេតុ​ដែល​បង្ក​ឱ្យកើត​មាន​នោះ​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា នាយិកា​សេវាកម្ម​គ្លីនិក​នៃ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​(រ៉ាក់) បាន​សហការណ៍​ជា មួយ​ទស្សនាវដ្ដី សុខភាព​យើង ដើម្បី​ធ្វើការ​បកស្រាយ​ពី​ជម្ងឺ​មហារីក​ពងស្វាស​នេះ​ឱ្យ​ប្រជា​ពលរដ្ឋ​ជ្រាប​កាន់តែ​ច្បាស់​ពីភាព​កាច សាហាវ​នៃ​មហារីក​នេះ។

មហារីក​ពងស្វាស​ជាអ្វី?

ជម្ងឺ​មហារីក​ពងស្វាស​ជាជម្ងឺ​មួយ​ដែល​កើត​មាន​លើ​ប្រដាប់​ភេទបុរស។ ជម្ងឺ​នេះចាប់​ផ្ដើម​ដំបូង​សម្គាល់​ដោយ​មាន​ដុំ​នៅ ត្រង់​ពង​ស្វាស ឈឺ​នៅ​ពង​ស្វាស មាន​ហើម ឬរលាក ដែល​រោគ​សញ្ញា​ទាំង​អស់​ប្រហាក់​ប្រហែល​ទៅនឹង​ការ​រលាក​ពង​ស្វាស។

ដំណាក់​កាល​នៃ​មហារីក​ពងស្វាស

នៅពេល​ដែល​រកឃើញ​ថា​ដុំ​នោះ​ជាដុំ​មហា​រីក គេ​ធ្វើ​ការ​បែង​ចែក​ដំណាក់​កាល​នៃមហា​រីកពង​ស្វាស​ជាបី​ដំណាក់​កាល​គឺ ដំណាក់​កាលទី១ ស​ភាព​របស់​ដុំនោះ​មិនទាន់​រីករាល​ដាល​ទៅ​សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ ហើយ​ក៏​មិន​ទាន់​បញ្ចេញ​រោគ​សញ្ញា​អ្វីគួរ ឱ្យ​កត់​សម្គាល់​ដែរ។ រីឯ​ដំណាក់​កាល​ទី២ គេ​នឹង​ពិនិត្យ​ដុំនោះ​ថា​មាន​ទំហំ​ប៉ុន្មាន ងាយ​ស្រួល​ក្នុង​ការ​បែង​ចែក​ប្រភេទ​ដុំនោះ។ ចំពោះ​នៅ​ដំណាក់​កាល​ទី៣​វិញ គឺជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ហើយ​ការ​ព្យាបាល​ត្រូវ​ធ្វើឡើង​ដោយ​ការ​វះកាត់​តាម​វិធី​ជា​ច្រើន។ ការ​ព្យាបាល​ដែល​អាច​ទទួល​បាន​ជោគជ័យ​១០០ភាគរយ​នោះ គឺ​ភាគ​ច្រើន​អ្នក​ជម្ងឺ​ត្រូវ​ធ្វើការ​ព្យាបាល​នៅក្នុង​ដំណាក់កាល​ទីមួយ។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​មហារីក​ពងស្វាស

យើងអាច​ធ្វើការ​វិនិច្ឆ័យ បែងចែក​ពីការ​រលាក​ធម្មតា ឬ​ជម្ងឺ​មហារីក​ពងស្វាស​នេះបាន​គឺ​ដោយសារ​ការ​ធ្វើ​តេស្ដ​ឈាម។ មួយ​វិញទៀត​មុន​ការ​ធ្វើ​តេស្ដ​ឈាម គ្រូពេទ្យ​អាច​ធ្វើការ​សាកល្បង​ដោយ​ការ​ប្រើថ្នាំ​ផ្សះ ក្នុង​ករណី​ដែល​អ្នក​ជម្ងឺ​មាន​រោគ​សញ្ញា ឈឺ​ចាប់ ឬ​មានហើម នាំឱ្យ​មាន​ការ​លំបាក​ចំពោះ​គ្រូពេទ្យ​ក្នុងការ​ស្ទាបរក​ដុំ​ក្នុង​ពងស្វាស ព្រោះ​អ្នក​ជម្ងឺ​មានការ​ឈឺចាប់។ បន្ទាប់​ពី ប្រើ​ថ្នាំផ្សះ​មួយ​រយៈ បើឃើញ​ថា​រោគ​សញ្ញា​នេះ​មានការ​អន់ថយ​នោះ គេអាច​ធ្វើការ​ពិនិត្យ​បាន។ បើមិន​បាន​ធូរស្រាល​នោះ​ទេ គ្រូពេទ្យ​នឹង​ពិនិត្យ​រក​ជម្ងឺ​ដុំ​ក្នុង​ពងស្វាស ដោយ​ការ​ពិនិត្យ​អេកូ​សាស្ដ្រ​លើ​ពងស្វាស។ បន្ទាប់មក​ដើម្បី​ឱ្យដឹង​ទៀត​ថា​ដុំនោះ​ជា​ដុំកាច ឬ​ដុំស្លូត ត្រូវ​ធ្វើ​តេស្ដ​ឈាម​នៅ​មន្ទីរ​ពិសោធន៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​នៃ​មហារីក​ពងស្វាស

រោគសញ្ញា​ដំបូង​សម្គាល់​ដោយ​ការឈឺ​នៅ​ពងស្វាស មាន​ហើម ឬរលាក។ បើសិន​ជាមហារីក​កើតមាន​យូរ ជម្ងឺ​នឹង​រីករាល ដាល​ទៅ​ដល់​សរីរាង្គ​ដែល​នៅ​ក្បែរ​នោះ ដោយ​បន្ថែម​រោគសញ្ញា​ផ្សេងទៀត ដូចជា​ឈឺខ្នង ឈឺ​ចង្កេះ​ជាដើម។ បើ​រាលដាល​រហូត ដល់​សួត គឺ​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​អាការហត់។ ក្នុង​ករណី​ដែល​កោសិកា​មាន​ការ​លូតលាស់​មិន​ធម្មតា​នៅក្នុង​ពងស្វាស អាច​ក្លាយ​ទៅ​ជាដុំ។ នៅពេល​ដែលក្លាយ​ទៅដុំ​ហើយ ៩៥ភាគរយ​នៃ​ដុំ​ដែល​រកឃើញ​គឺជា​ដុំ​មហារីក។

មូលហេតុ​បង្ក​ឱ្យ​មាន​មហារីក​ពងស្វាស

មិនមាន​មូលហេតុ​អ្វីច្បាស់​លាស់​ដែល​បង្ក​ឱ្យ​មាន​មហារីក​ពងស្វាស​នេះទេ គ្រាន់តែ​ដឹង​ថា​ជាការ​លូតលាស់​មិន​ធម្មតា​របស់ រាងកាយ។ ការ​លូតលាស់​មិន​ធម្មតា​នេះ​គឺអាច​ធ្វើឱ្យ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បន្ដពូជ។ ការ​លូតលាស់​មិន​ធម្មតា​នេះ​គឺ​បណ្ដាល មកពី​ដើម​កំណើត​របស់​អ្នកជម្ងឺ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​នោះ​ទេ។ ក្រៅ​ពីនេះ​ក៏​មាន​ការ​សង្កេត​ឃើញថា​មាន​ការ​រលាក​ដែល ភាគច្រើន​បណ្ដាល​មក​ពីវីរុស លក្ខណៈ​បែប​នេះ​ច្រើន​កើត​លើ​កុមារ​ដែលមាន​ជម្ងឺ​ស្រ​ឡើ​ទែន។ ក្រោយ​ពី​កើត​ស្រឡើទែន​នេះ​បាន​ពីរបី ថ្ងៃមក គេ​ក៏​សង្កេត​ឃើញថា​កុមារ​ចាប់ផ្ដើម​ហើម​ពងស្វាស គឺ​ដោយសារ​តែ​វីរុស​ម្យ៉ាង​ដែល​ប៉ះពាល់​ទៅដល់​ការ​រលាក​នៅ​លើ​ពងស្វាស អ្នកខ្លះ​រលាក​ម្ខាង​ហើយ​អ្នកខ្លះ​ទៀត​រលាក​ទាំង​សងខាង​តែម្ដង។ ក្រោយពី​រលាក កុមារ​មួយ​ចំនួន​ជា​ទៅវិញ តែ​អ្នក​ខ្លះ​ជា​ទៅវិញ​ដែរ តែ​ពងស្វាស​ប្រែ​ជា​រួម​តូច។ រោគ​សញ្ញា​ទាំង​នេះ​ច្រើនតែ​មាន​ចំពោះក្មេង ហើយ​ពួកគេ​មិនបាន​ចាប់​អារម្មណ៍​ទេ ទាល់តែ​មាន​ការ​ឈឺ ចាប់​ខ្លាំង​ព្យាបាល​មិនបាត់ ទើប​អាណាព្យាបាល​យក​មក​ពិនិត្យ។

ផល​ប៉ះពាល់​នៃមហា​រីក​ពងស្វាស

ជម្ងឺ​មហារីក​ពងស្វាស​ដ៏​ដូចជាជម្ងឺ​មហារីក​ដទៃ​ទៀត​ផងដែរ បើ​សិន​ជាមិន​មានការ​យកចិត្ដ​ទុកដាក់​ព្យាបាល​តាំង​ពី​ដំណាក់ កាល​ដំបូង​នោះទេ នឹង​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់់​អាយុ​ជីវិត។ នៅពេល​មហារីក​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ អាច​រីករាល​ដាល ទៅដល់​សរីរាង្គ​ដទៃ ដូចជា​ថ្លើម ក្រពះ សួតជាដើម ដែល​សុទ្ធតែ​មាន​ឱកាស​បង្កឱ្យ​ទៅជា​ជម្ងឺ​មហារីក។ ផ្ទុយ​ទៅវិញ​បើសិន​ជា អ្នក​ជម្ងឺ​មហារីក​បាន​ពិនិត្យ​ព្យាបាល និង​តាមដាន​ឱ្យ​បាន​ល្អ​ចាប់​ពី​ដំណាក់​កាល​ទីមួយ នោះ​នឹង​អាច​កាត់​បន្ថយ​ភាព​គ្រោះថ្នាក់​ដល់ អាយុ​ជីវិត។

ដំបូន្មាន​អ្នក​ជំនាញ

បុរស​ដែល​មាន​ការ​លូតលាស់​ផ្នែក​ផ្លូវភេទ​មិនធម្មតា គប្បី​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​បង្ការ​ពីបញ្ហា​ផ្សេងៗ ក៏​ដូចជា​ជម្ងឺ​មហារីក​ពងស្វាស​នេះ។ ក្នុងវ័យ​លូតលាស់ បុរស​ទាំងឡាយ​ត្រូវ​តាមដាន​ពីការ​លូតលាស់​រាងកាយ​របស់​ខ្លួន។ បុរស​ដែល មាន​អាយុ​ចាប់​ពី​៤០ឆ្នាំឡើង​ទៅ ត្រូវ​មក​ធ្វើការ​តាមដាន​ដើម្បី​បញ្ជាក់​ពីការ​កើត​មហារីក​ពងស្វាស​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative