តម្លៃប្រេងសាំងងើបឡើងវិញ ខណៈពេលសេដ្ឋកិច្ចធ្លាក់ចុះ

ខណៈ​ពេល​នេះ​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​បន្ដ​ជាប់​គាំង​ពុំទាន់​មាន​ច្រក​ចេញ​ណាមួយ សម្រាប់​ជា​ដំណោះស្រាយ​នៅ ឡើយ​ទេ។ មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​តម្លៃ​ប្រេងសាំង និង​ម៉ាស៊ូត​ក្នុង​ប្រទេស​កម្ពុជា​ហាក់​បី​ដូចជា​មាន​សន្ទុះ​ឡើងវិញ​មិន​សម​ស្រប​ទៅ​នឹង​​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ឡើយ។ កត្ដា​នេះ​កំពុង​តែ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ នាំឱ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ស្របពេល​ដែល​តម្លៃ​ប្រេង​សាំង និង​ម៉ាស៊ូត​បន្ដ​ឡើងថ្លៃ​យ៉ាង​គឃ្លើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ដោយ​មិន​ក្រឡេក មើល​ទីផ្សារ​​ប្រេង​ពិភពលោក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រេង​ឡើងថ្លៃ ប្រជាពលរដ្ឋ​ត្រដរ​ខ្យល់

បន្ទាប់ពី​សេដ្ឋកិច្ច​ពិភពលោក​បាន​ដាំក្បាល​ចុះ ធ្វើឱ្យ​កំណើន​នូវ​អ្នក​វិនិយោគ​ជាច្រើន​បាន​ចុះថយ​ជា​លំដាប់ ធ្វើឱ្យ​ប្រទេស​​កម្ពុជា​បាន​រង​នូវ​សម្ពាធ​សាយភាយ​យ៉ាង​គំហុក ផ្ដល់​ភាព​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​ក្រុមហ៊ុន​នានា ដែល​ជា​កម្លាំង​ចលករ​បោះ​ទុន​​មក​រកស៊ី​នៅ​កម្ពុជា។ ដោយឡែក​ចំពោះ​តម្លៃ​ប្រេង​សាំង​ក្នុង​ប្រទេស​កម្ពុជា​ក៏ចាប់​ចុះផង​ដែរ ពី​តម្លៃ​មួយលីត្រ​៥៦០០រៀល​​មកត្រឹម​៣០០០រៀល​គួរ​ជាទី​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​បងប្អូន​ដែល​ប្រកប​រប​រកស៊ី​រត់​ម៉ូតូឌុប និង​តាក់ស៊ី​បាន​​ធ្វើការ​ស្វាគមន៍​យ៉ាងខ្លាំង​បន្ទាប់​ពី​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​ដោយ​នឹកស្មាន​មិនដល់។ ប៉ុន្ដែ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​​២០០៩​មកនេះ តម្លៃ​ប្រេង​សាំង ហាក់បី​ដូច​ជា​ងើប​ឡើង​វិញ​ជា​លំដាប់ បើទោះ​បី​ជា​ប្រេងសាំង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​មិន​​ទាន់​ប្រកាស​តម្លៃ​សមស្រប​ណាមួយ ឱ្យ​ស៊ី​ចង្វាក់​ទៅ​នឹង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​អាច​ប្រឈមមុខ​ទៅ​នឹង​​បញ្ហា​ប្រេង​ថែម​ទៀត​នា​ពេល​ខាង​មុខនេះ។ បើ​គិត​ត្រឹម​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ​២០០៩នេះ​តម្លៃ​ប្រេង​សាំង​នៅ​តាម​ស្ថានីយ​នានា​មាន​​តម្លៃ​រហូត​ដល់​៤២០០រៀល ដែល​ជា​តម្លៃ​មួយ ខ្ពស់​បើ​ប្រៀប​នឹង​ប្រាក់​ចំណូល ព្រម​ជា​មួយ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នា​ពេល​នេះ។

កម្ពុជា​អាចក្លាយ​ជា​ថៅ​កែប្រេង

កន្លង​មក​ក្រុមហ៊ុន​ប្រេង​អាមេរិក​មួយ​បាន​ប្រកាស​ថានឹង​ផ្ដល់​លាភសក្ការៈ​មួយ​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​​ទាញផល​បាន​មក​ពី​ការ​រុករក​ប្រេង​នៅ​តំបន់​សមុទ្រ​កម្ពុជា​នៅក្នុង​ឆ្នាំ២០១១​ខាងមុខ​នេះ ដោយ​រក​ប្រាក់​ចំណូល​បាន​ចំនួន​១៧៤លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុងមួយ​ឆ្នាំ។ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​ហាក់បី​ដូច​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​អំពី​ចរន្ដ​ចេញ​ចូល​នៃ​កំណើន​ប្រេង​នៅ​ឡើយ​នោះទេ។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ផ្ដោត​ការ​យកចិត្ដ​ដាក់​ទៅ​លើ​ការ​រុករក​ប្រេង​របស់​ក្រុមហ៊ុន​ទាំង​នោះ ដើម្បី​ជា​សេចក្ដី​តម្រូវ​ការ​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទូទៅ​ក្នុងការ​ប្រកប​អាជីវ​កម្ម​ផ្សេងៗ។ កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន​មួយ​ផ្សេងទៀត​បាន​ធ្វើ​សំណើ​ជូន​ទៅ​សម្ដេច​​អគ្គសេនា​បតីតេជោ​ហ៊ុន សែន ដើម្បី​សុំសិទ្ធិ​រុករក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា ដែល​តំបន់​នោះ​ត្រូវបាន​អ្នក​ជំនាញ​ការ​របស់​ប្រទេស​ជប៉ុន​ធ្វើការ​ស្រាវជ្រាវ រកឃើញ​ថា​មាន​៤តំបន់​ជាទី​តាំង​ដែល​សម្បូរ​ទៅដោយ​ជាតិប្រេង។ លោក អ៊ាង សុផល្លែត ជំនួយ​​ការ​សម្ដេច​នាយករដ្ឋមន្ដ្រី​បាន​ឱ្យដឹង ថា​លោក យ៉ូសីយុគី ការហ្គាវ៉ា ប្រធាន​ក្រុម​ហ៊ុន“ម៉ូអូកូ”បាន​ប្ដេជ្ញា​ចិត្ដ​ថា នឹង​ចូលរួម​ក្នុងការ
​រុករក​ប្រេង​ក្នុង​តំបន់៤ ហើយ​ក្រុមហ៊ុន​នេះ ក៏បាន​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ប្រេង​កាត​រួច​ហើយ​ដែរ។ លោក អ៊ាង សុផល្លែត បានបន្ដទៀតថា អនាគតប្រទេសកម្ពុជាអាចទទួល ប្រាក់ចំណូលបានមកពីការរុករកប្រេងយ៉ាងច្រើនលើសលប់ ហើយ​តម្លៃ​ប្រេង​​នៅ​លើទីផ្សារ​ប្រទេស​កម្ពុជា​ក៏មាន​តម្លៃ​សមរម្យ សម្រាប់​បម្រើការ​ឱ្យ​បងប្អូន​ប្រជាពល​រដ្ឋខ្មែរ​ផង​ដែរ ព្រោះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​​បាន​ស្វាគមន៍​ចំពោះ​ការស្នើ​សុំរ​បស់​ក្រុមហ៊ុន “ម៉ូអូកូ”នេះ ដោយ​សម្រេច​ដោយ​មាន​ការ​ដេញថ្លៃ​ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative