សុដន់ ៖ ការ​ថែរក្សា​ស្បែក និង​សម្រស់(ត)

សម្រាប់​ស្ដ្រី​គ្រប់រូប សុដន់​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​មាន​ការ​ពាក់ព័ន្ធ​ច្រើន​ចំណុច​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ដូចជា​ផ្នែក មួយ​នៃ​សម្រស់​ទាក់ទាញ អាច​ជួយ​បង្កើន​សេចក្ដីសុខ​ជា​មួយ​ដៃគូ​រួមភេទ និង​មុខងារ​ផ្ដល់​ទឹក​ដោះ​ចិញ្ចឹម​កូន។ ការ​រក្សា​សម្រស់​ដើម ទ្រូង​គឺជា​កង្វល់​ដ៏ធំ​មួយ​របស់​ស្ដ្រី​គ្រប់​រូប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី ហូវ ដាណេ នាយិកា​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ប្រ៊ីតធី​សាឡន នឹង​ជម្រាប​ជូន​មិត្ដ​នារី​ទាំង​អស់​ពី​វិធី​ថែរក្សា​ស្បែក និង​សម្រស់​សុដន់ តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

លក្ខណៈ​ទូទៅនៃ​សុដន់

សុដន់​ម្ខាង​មាន​ក្រពេញ​ផលិត​ទឹក​ដោះ​ប្រមាណ១៥។ ក្រពេញ​ទាំង​នេះ​ភ្ជាប់​ខ្លួន​ទៅ​នឹង​សាច់​ដុំ​ដើមទ្រូង តាមរយៈ​សរសៃ​ពួរ​មួយ​ចំនួន​ដែល​ប្រៀប​បាន​នឹង​ការ​ចង​ក្រៀក​វា​កុំឱ្យ​របូត​ចេញពី​ដើមទ្រូង។ លើស​ពីនេះ​ក្រពេញ​ទាំងឡាយ​ត្រូវ​រុំស្រោប​ពី​ក្រៅ​ដោយ​ជាលិកា​ខ្លាញ់ និង​ជាលិកា​ទន់។ គឺ​​បរិមាណ​ច្រើន ឬ​តិច​របស់​ជាលិកា​ទាំង២​នេះ​ហើយ​​​​ដែល​បង្កើត​ឱ្យមាន​ភាព​ខុស​គ្នា​ពី​កំណើត​នូវ​ទំហំ​​​​​​ដើមទ្រូង។ ទម្ងន់​នៃ​គ្រប់ផ្នែក​របស់​សុដន់​ត្រូវ​ធ្លាក់​ស្ទើរ​ទាំង​ស្រុង​ទៅ​លើស្បែក​ដែល​ពាក់ព័ន្ធ​ពីក្រៅ។ ស្បែក​របស់​សុដន់​មិន​គ្រាន់តែ​ផ្ដល់​ទិដ្ឋភាព​ស្រស់​ខ្ចី​ដល់​សុដន់​ប៉ុណ្ណោះ​ទេ តែ​វា​នៅមាន​នាទី​ជាអ្នក​ទ្រ​ទម្ងន់​មួយ​ផ្នែក​ធំ​របស់​សុដន់​ទៀត​ផង ពោល​វាមាន​នាទី​ប្រៀប​បាន​នឹង​អាវ​ទ្រនាប់​ធម្មជាតិ។ សរុប​សេចក្ដី​មក​សម្រស់​របស់​សុដន់​គឺ​ទាក់ទង​នឹង​គុណភាព​របស់​ស្បែក​ដែល​រុំ​ស្រោប​តួ​សុដន់ គឺ​មាន​ន័យ​ថា ត្រូវ​ថែរ​ក្សា​ស្បែក​របស់វា​ឱ្យ​នៅ​ស្រស់​ក្មេង​ជា​រៀង​រហូត ទន្ទឹម​នឹង​ការ​ហាត់​ប្រាណ​ពង្រឹង​កម្លាំង​សាច់​ដុំដើម​ទ្រូង។

សុដន់​ដ៏​ព្រហើន​បាន​មកពី​ការ​យកចិត្ដ​ទុកដាក់

ដើម្បី​ឱ្យ​បាន​ដើមទ្រូង​ដ៏​ស្រស់​ស្អាត​ដែល​មិន​មាន​ពី​កំណើត ឬ​មាន​ស្រាប់​នោះ សុភាព​នារី​ទាំងអស់​ត្រូវ​តែ​យក​ចិត្ដទុកដាក់​ទៅ​លើ​​​ប្រការ​មួយ​ចំនួន​ដូចជា ៖

1. ការ​ថែ​រក្សា​សុខភាព​ទូទៅ ៖ ការ​ថែរក្សា​ស្បែក​របស់​សុដន់​មិន​អាច​ដាច់​ចេញ​ពី​ការ​ថែទាំ​សុខភាព​រាងកាយ​ទូទៅ​ឡើយ។ ទាក់ទង​ករណី​នេះ​គឺចាំ​បាច់​ត្រូវ​ទទួល​ទាន​អាហារ​ឱ្យ​មាន​តុល្យភាព​ជាមួយ​សេចក្ដី​ត្រូវ​ការ​របស់​រាង​កាយ ព្រម​ទាំងទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ និង​មិន​ត្រូវ​ភ្លេចរៀបចំ​ការ​លំហែ​ខួរក្បាល​តាម​វិធី​ផ្សេងៗ​ឡើយ។

2. ការ​ធ្វើ​អនាម័យ ៖ ត្រូវ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អនាម័យ​តំបន់​ដើមទ្រូង​ជាមួយ​សាប៊ូ​ដែល​មិន​ធ្វើឱ្យ​ស្ងួត​ស្បែក ។ រាល់​ពេល​ងូតទឹក​នៅពេល​ព្រឹក​គួរ​ប្រើ​ផ្កា​ឈូក​បាញ់​ទឹក​ត្រជាក់​ជុំវិញ​តួសុដន់​ឱ្យ​បាន​យូរដើម្បី​ភ្ញោច​សាច់ដុំ​និង​ស្បែក​មុន​នឹង​បញ្ចប់​នៃ​ការងូត​ទឹក។

3. ការ​ថែទាំ​សុដន់ ៖ ត្រូវ​ម៉ាស្សា​ជា​ប្រចាំ​លើ​សុដន់​ទាំងទ្វេ​ជាមួយ​នឹង​ក្រែម​ផ្ដល់​សំណើម​ស្បែក ដើម្បី​ការពារ​ស្បែក​ស្ងួត និងរក្សា​ភាព​រស់​របស់​ស្បែក ព្រមទាំង​ជួយ​សម្រួល​ចលនា​ឈាម​រត់​និង​ចលនា​ទឹក​រងៃ​ក្នុង​សុដន់។ ក្នុង​ករណី​នេះ​ប្រសិន​មាន​លទ្ធភាព​គួរ ប្រើ​បន្ថែម​ក្រែម​ដែល​មាន​អំពើ​រឹត​បន្ដឹង​ស្បែក​ឱ្យបាន​ទៀងទាត់ អម​ដោយ​ការ​ប្រើ​ហ្សែល​១អាទិត្យ​ម្ដង។ ក្នុង​ពេល​មាន​ផ្ទៃពោះ បងប្អូន​ស្ដ្រី​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ចេញ​សង្វារ​ដោយ​ត្រូវ​ប្រើ​ក្រែម​ការពារ​សង្វារ​ជា​ជំនួយ​ថែម​ទៀត។ ត្រូវ​ឧស្សាហ៍​ច្របាច់​ពិនិត្យ​ដោយ ខ្លួនឯង​រៀងរាល់​ថ្ងៃ ប្រសិន​មាន​ប៉ះ​អ្វីប្លែក ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។ (សូម​បន្ដអាន​នៅ​លេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative