ពិការ​ភាព​ពីកំណើត ៖ មូលហេតុ និងវិធី​ការពារ

ស្ដ្រីមាន​ផ្ទៃពោះ​តែងយក​ចិត្ដទុក​ដាក់​បំផុត​ក្នុងការ​តាមដាន​សុខភាព​របស់ខ្លួន និងកូន​ក្នុងផ្ទៃ។ ការ​ពិនិត្យ​តាមដាន​ឱ្យបាន ជាប់លាប់​ជា​ប្រចាំ ជាការ​បំពេញ​កាតព្វកិច្ច​មួយដ៏​សំខាន់ ដើម្បី​ឱ្យដឹង​ពីការ​វិវឌ្ឍន៍​របស់​ទារក​នៅក្នុង​ផ្ទៃម្ដាយ។ ដើម្បី​ឱ្យ​ទារក​ក្នុងផ្ទៃ ចៀសផុត​ពីបញ្ហា​មួយចំនួន​ចំពោះ​ការវិវឌ្ឍន៍​រាងកាយ ស្ដ្រី​ជាម្ដាយ​គ្រប់រូប​គប្បី​ស្វែងយល់​នូវប្រការ​មួយចំនួន​ដែលត្រូវ​ធ្វើ​នៅពេលមាន​ផ្ទៃពោះ ដើម្បី​ចៀសផុត​ពីបញ្ហា​ដល់​ទារក ដូចជា​បញ្ហា​ពិការ​ភាពពី​កំណើត​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែងយល់​ពីបញ្ហា​ពិការ​ភាពពី​កំណើត ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត ឯក ម៉េងលី អ្នក​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ដ្រី​នៃមន្ទីរ​ពេទ្យ​កាល់ម៉ែត។

ពិការ​ភាពពី​កំណើត ជាអ្វី?

ពិការភាព​ពីកំណើត​គឺជាការ​ខូចខាតផ្នែក​សរីរាង្គ​ណាមួយ​នៃរាងកាយ​ដែលមាន​មកពី​កំណើត រួមបញ្ចូល​ទាំងសរីរាង្គ​ខាង ក្នុង និង​សរីរាង្គ​ខាងក្រៅ។ ពិការ​ភាពពី​កំណើត​បានន័យ​ថា ទារក​ដែលកើត​មកមាន​ពិការ​ផ្នែកច្រើន​យ៉ាង ដូចជា​ពិការផ្នែក​សរីរាង្គនៃ រាងកាយ​អាចជា​ប្រព័ន្ធ​ខួរក្បាល ភ្នែក មាត់ ច្រមុះ និង​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​បញ្ហា​បេះដូង អវយវៈ​ដៃជើង បញ្ហា​ពោះ ឬ​ឆ្អឹងខ្នង បិទមិន​ជិត​ជាដើម។ ទារក​មាន​ពិការភាព​ចាប់តាំង​ពីពេល​ដែល​ស្ដ្រីមាន​ផ្ទៃពោះ​រហូតដល់​គ្រប់ខែ។ ប៉ុន្ដែ​គេអាច​ដឹង​ច្បាស់ប្រាកដ​ថាមាន​ពិការ​ភាព ឬ​យ៉ាងណា​គឺនៅ​អំឡុងខែ​ទី៣​ដល់ទី៦ តាមរយៈ​ការឆ្លុះ​អេកូសាស្ដ្រ។

ធ្វើ​ដូចម្ដេច​ទើបដឹង​ថាទារក​មានភាព​ពិការ?

ជាទូទៅ​ស្ដ្រីមាន​ផ្ទៃពោះ​នឹងអាច​ដឹងមុន​រហូតដល់​ទៅ៨០​ភាគរយ​ចំពោះ​ការវិវឌ្ឍន៍​រាងកាយ​របស់​ទារក​ក្នុងផ្ទៃ មុន​នឹង ទារក​កើតចេញ​មកតាម​រយៈការ​ពិនិត្យ​អេកូ​ចំនួន​បីដង គឺ​នៅចុង​ខែទី៣ ទី៦ និង​ទី៩។ នៅចុង​ខែទី៣ គេអាច​ដឹងពី​កម្រាស់ក និង អវយវៈ​របស់​ទារក​ថាមាន​លក្ខណៈ​ធម្មតាឬ​យ៉ាងណា។ បើសិន​ជាមាន​បញ្ហា គ្រូពេទ្យ​នឹងធ្វើ​ការណាត់​ដើម្បី​ពិនិត្យ​តាមដាន​នៅ ពេលក្រោយ។ នៅខែ​ទី៦ គេនឹង​ពិនិត្យ​មើលផ្នែក​បេះដូង ឆ្អឹងខ្នង ខួរក្បាល និង​ផ្នែកពោះ​ទារក។ នៅក្នុង​អំឡុង​ខែទី៣​ដល់​ទី៦នេះ ការពិនិត្យ​អេកូសាស្ដ្រ​នឹងអាច​មើលឃើញ​ច្បាស់ពី​ការវិវឌ្ឍន៍​សរីរាង្គ​របស់កូន​នៅក្នុង​ផ្ទៃ​ថាមាន​ដៃជើង​គ្រប់គ្រាន់​ទេ ពោះបិទ​ជិតឬ​ទេ និងមាន​បញ្ហាផ្នែក​បេះដូង​ឬទេ។ ការ​ពិនិត្យ​នេះអាច​ឱ្យដឹង​បានថា​ទារក​មានភាព​ពិការ​តិច ឬ​ច្រើន បន្ទាប់​មកនឹង​មានការ​ពិភាក្សា ជាមួយ​គ្រូពេទ្យ​ថា ទុកបាន​ដល់ពេល​ដែល​ទារក​កើត ឬធ្វើ​ការយក​ចេញទាន់​ពេលដែល​ទារក​នៅតូច។ ព្រោះ​បើមាន​ភាពពិការ​ខ្លាំង មិនអាច​ទុកបាន​ត្រូវយក​ចេញ។ ការធ្វើ​ដូចនេះ​ដើម្បី​ចៀសវាង​ការកើន​ឡើងនៃ​ពិការ​ភាព​របស់​ទារក។ បើសិន​ជាបញ្ហា​ចំពោះ​ទារក មាន​លក្ខណៈ​ស្រាល​តិចតួច គេនឹង​ធ្វើការ​តាមដាន​ហើយគេ​នឹងមាន​វិធានការ​នៅពេល​ដែលទារក​កើតមក។

មូលហេតុ​​ដែល​​បណ្ដាល​ឱ្យ​មាន​​ពិការ​​ភាពពី​​កំណើត

1 . ការ​ប្រើប្រាស់​ថ្នាំ ៖ ពិការ​ភាពពី​កំណើត​នេះ​បណ្ដាល​មកពី​ស្ដ្រីមាន​ផ្ទៃពោះ​ប្រើប្រាស់​ថ្នាំ​មួយចំនួន ដូចជា​ពពួក​ថ្នាំ ប្រឆាំង​ជម្ងឺ​ឆ្កួតជ្រូក ថ្នាំ​ការពារ​ជម្ងឺ​មហារីក​ដោយ​សារតែ​ម្ដាយ​មានជម្ងឺ​មហារីក​ហើយបាន​ប្រើប្រាស់​ក្នុងអំឡុង​មាន​ផ្ទៃពោះ និង​ពពួក ថ្នាំ​ដែលធ្វើ​ឱ្យឈាម​មិនឱ្យ​កក ថ្នាំ​ប្រឆាំង​ជម្ងឺ​ទឹកនោម​ផ្អែម​ដែលជា​ថ្នាំ​គ្រាប់​ជាដើម។ ការ​ប្រើប្រាស់​ថ្នាំវីតាមីនអា​ច្រើនពេក ក៏ជា​មូលហេតុ​ដែលបណ្ដាល​ឱ្យទារក​មាន​ពិការភាព​ដែរ។ បើសិន​ជាស្ដ្រី​មានផ្ទៃពោះ​ប្រើប្រាស់​ថ្នាំ ឬក៏​សារធាតុពុល​អ្វីមួយ​នៅក្រោម​ដប់ សប្ដាហ៍ ទារក​នឹងមាន​ភាពពិការ​ខ្លាំងក្លា​បំផុត។ ប៉ុន្ដែ​បើចាប់​ពីខែ​ទី៧​ដលខែ​ទី៩​មិនសូវ​ជាមាន​បញ្ហាខ្លាំង​នោះទេ ព្រោះ​សរីរាង្គ​របស់ ទារក​បាន​លូតលាស់​រួចទៅ​ហើយ។

2 . កត្ដា​ចំណី​អាហារ ៖ ការ​ហូបចុក​មិនបាន​គ្រប់គ្រាន់ ដូចជា​ការខ្វះខាត​ជាតិដែក និងជាតិ​អាស៊ីត​ហ្វូលិក​ជាដើម ដែល​ស្ដ្រី​មិនបាន​ប្រើប្រាស់​ក្នុង​អំឡុងពេល​មានផ្ទៃពោះ​នេះ ក៏ជា​មូលហេតុ​ដែលបណ្ដាល​ឱ្យឆ្អឹង​ខ្នង​កូនបិទ​មិនជិត និងមាន​ប្រាជ្ញា​មិនសូវ​ល្អ។

3 . ការឆ្លុះ​ពិនិត្យ​កាំរស្មីអ៊ិច​ទៅលើ​ម្ដាយ ៖ ការ​ប្រើប្រាស់​ពពួក​កាំរស្មីអ៊ិច​ដើម្បី​ធ្វើការ​ព្យាបាល ឧទាហរណ៍​ការ​ប្រើប្រាស់ នៅពេល​ដែល​ទារក​មានអាយុ​ក្រោម​៦ខែ កាំរស្មីអ៊ិច​ដែលថត​ឆ្លុះបញ្ចាំង​ទៅលើ​ម្ដាយ ឬមួយ​ជាកាំរស្មី​ដែល​ព្យាបាល​ទៅលើ​ម្ដាយ ក្នុង​ករណី​ដែលម្ដាយ​មានជម្ងឺ​មហារីក កាំរស្មី​នេះនឹង​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់ទារក​ផងដែរ។

4 . ការ​ប្រើប្រាស់់​គ្រឿង​ស្រវឹង ការ​ជក់បារី និងសារ​ធាតុពុល ៖ ភាពពិការ​របស់​ទារក​នឹងអាច​កើតមាន​ឡើង បើសិន​ជាស្ដ្រីមាន​ផ្ទៃពោះ​សេពគ្រឿង​ញៀន និង​ជក់បារី ឬការ​ហឺតផ្សែង​បារី​ពីអ្នក​ដែលនៅ​ជិតខ្លួន។ ម្យ៉ាងទៀត​ការ​ប្រើប្រាស់​សារធាតុ​ពុល ដូចជា​ថ្នាំ​សម្លាប់​ខ្លួន ឬជាការ​ស្រូបយក​សារធាតុ​ពុលពី​មជ្ឈដ្ឋាន​នៅជុំ​វិញខ្លួន​ក៏ជា​មូលហេតុ​ដែរ។

5 . បញ្ហាមាន​ជម្ងឺ និង​មេរោគ ៖ ទារក​នឹងមាន​បញ្ហា​ចំពោះ​ការ​វិវឌ្ឍន៍​សរីរាង្គ នៅពេល​ដែលស្ដ្រី​ជាម្ដាយ​មានជម្ងឺ​កញ្ជ្រឹល ជម្ងឺ​ស្អូច ជម្ងឺ​អុតស្វាយ។ ជម្ងឺ​ទាំងនេះ​នឹងបង្ក​ឱ្យទារក​នៅក្នុង​ផ្ទៃមាន​បញ្ហាខាង​សរីរាង្គ ដូចជា​ផ្នែក​បេះដូង ឬ​ថ្លង់ ស្វិតសាច់​ដុំ ដៃជើង តូច និង​មិនសូវ​មាន​ប្រាជ្ញា។ ចំណែក​ជម្ងឺ​ស្វាយអាច​បណ្ដាលឱ្យ​ទារក​ស្លាប់ក្នុង​ផ្ទៃ ឬ​ទារក​ហើម និងអាច​មានឱកាស​ឆ្លងជម្ងឺ​ស្វាយ​ពីម្ដាយ នៅពេល​ដែល​កើតមក។ ម្ដាយមាន​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​ពកក និងមាន​បញ្ហាផ្នែក​ឈាម​ក៏អាច​មានផល​ប៉ះពាល់​ដល់ទារក​ផងដែរ។

6 . កត្ដា​ដែលនៅ​ជុំវិញ​ខ្លួន ៖ ស្ដ្រីមាន​ផ្ទៃពោះ​បានស្រូប​យក​សារធាតុ​ពុល ដូចជា​ថ្នាំបាញ់​សម្លាប់​សត្វល្អិត ឬជាតិ​សំណ​ពីការផ្សារ​ដែកជា​ប្រចាំ​ចូលទៅ​ក្នុងខ្លួន បណ្ដាលឱ្យ​ទារក​ក្នុងផ្ទៃ​មានទម្ងន់​តិចស្វិត​តូចជាង​ធម្មតា និងមាន​បញ្ហា​ខាង​បេះដូង ហើយ​ទារក​អាចហើម​ដោយសារ​ការពុល​សារធាតុ​ទាំងនោះ។ មូលហេតុ​ទាំងអស់​នេះនឹង​បង្កឱ្យ​ទារក​នៅក្នុង​ផ្ទៃមាន​បញ្ហាពិការ​ភាពពី​កំណើត​ច្រើន ឬតិច​ទៅតាម​កម្រិតនៃ​បញ្ហា​ទាំងអស់​នេះ។

វិធី​ការពារ​ពិការ​ភាពពី​កំណើត​របស់​ទារក

ដើម្បី​ការពារ​ទារក​កុំឱ្យ​មានពិការ​ភាពពី​កំណើត ស្ដ្រីដែល​មានផ្ទៃពោះ​គ្រប់រូប​គប្បី​ប្រតិបត្ដិ​ខ្លួននូវ​ចំណុច​មួយចំនួន។ ស្ដ្រី គប្បី​ទទួលទាន​អាហារ​ដែលមាន​ជីវជាតិ​ឱ្យបាន​គ្រប់គ្រាន់ និងគប្បី​បរិភោគ​សាច់ដែល​ចម្អិនឆ្អិន​ល្អ។ ស្ដ្រី​ពពោះ​មិនត្រូវ​ប្រើថ្នាំ​ផ្ដេសផ្ដាស ដោយគ្មាន​វេជ្ជបញ្ជា​ក្នុង​អំឡុង​ពេល​ដែលមាន​ផ្ទៃពោះ​នោះទេ។ គប្បី​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ញឹកញាប់ ដើម្បី​ទទួលបាន​នូវ​ដំបូន្មាន​ពីវិធី​ការពារ​ទារក​ក្នុងផ្ទៃ។ សូម​ចៀសវាង​ការ​ពិសាបារី ឬ​ស្រូបផ្សែង​បារី និង​ហឺតសារធាតុ​ពុល​ទាំងឡាយ ដើម្បី​ការពារ​ទារកកុំ​ឱ្យមានបញ្ហា​ចំពោះ​ការវិវឌ្ឍន៍​រាងកាយ។ ពិសេស​ជាងនេះ​ទៅទៀត ស្ដ្រី​ដែលមាន​ផ្ទៃពោះ​គ្រប់រូប​គប្បី​ទៅទទួល​ថ្នាំបង្ការ​ឱ្យបាន​គ្រប់គ្រាន់។

ដំបូន្មាន​អ្នក​ជំនាញ

ដូចនេះ​សំខាន់​បំផុត ស្ដ្រី​គប្បី​ធ្វើការ​តាមដាន​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ ឬនៅ​មណ្ឌល​សុខភាព ចាក់ថ្នាំ​បង្ការ និង ទទួលទាន​ជីវជាតិ​ដែក​ដែល​គ្រូពេទ្យ​ឱ្យនៅ​តាមមណ្ឌល​សុខភាព​ឱ្យបាន​គ្រប់គ្រាន់។ គប្បី​ទៅពិនិត្យ​អេកូសាស្ដ្រ​យ៉ាងតិច​៣ដង​ក្នុងអំឡុង​ពេលមាន​ផ្ទៃពោះ ពិសេស​គឺនៅ​ខែទី៣ និងទី​៦ដល់​ទី៩ ព្រោះជា​រយៈពេល​ដ៏សំខាន់​ដែលអាច​ដឹងច្បាស់​ពីការ​វិវឌ្ឍន៍​សរីរាង្គ របស់​កូន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative