ពន្ធ​នាគារ​នៅ​កម្ពុជា​ចង្អៀត​ និង​មិន​គ្រប់​គ្រាន់​

ចំនួន​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ការណ៍​នេះ​បាន​បង្ក​អោយ​មាន​ភាព​ចង្អៀត​ឡើងៗ​ រហូត​ដល់​កម្រិត​គួរ​អោយ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទាក់​ទិន​ទៅ​នឹង​បញ្ហា​សុខភាព​ និង​សុខុមាល​ភាព​ក្នុង​ការ​រស់​នៅ។ តើ​រាជ​រដ្ឋា​ភិបាល​គួរ​មាន​វិធាន​ការណ៍​បែប​ណា​ខ្លះ ដើម្បី​ដោះ​ស្រាយ​ជា​មួយ​បញ្ហា​ប្រឈម​ទាំង​នេះ?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

អង្គ​ការ​សង្គម​ស៊ីវិល​បាន​ស្តី​បន្ទោស​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​ចៅ​ក្រម​ចេះ​តែ​បន្ត​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ជា​ បណ្តោះ​អាសន្ន​ជា​ជាង​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ ពន្ធ​នាគារ​នា​នា​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ចង្អៀត​ឡើងៗ​រហូត​ ដល់​កម្រិត​គួរ​អោយ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយ​សារ​តែ​ចៅ​ក្រម​ចេះ​តែ​បន្ត​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ជាជាង​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។​ នេះ​បើ​តាម​ការ​អះ​អាង​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ។​

អង្គ​ការ​សិទ្ធិ​មនុស្ស​លី​កា​ដូ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​ទណ្ឌិត​ចំនួន​ជាង​១៦.០០០​នាក់នៅ​ក្នុង​ពន្ធនា​គារ​ទូទាំង​ប្រទេស​កម្ពុជា។ ​ចំនួន​នេះ​បាន​កើន​ឡើង​ពី​១៥.០០០​នាក់​កាល​ពី​ដំណាច់​ឆ្នាំ​មុន។ ក្នុង​ចំណោម​ទណ្ឌិត​សរុប​ទាំង​នោះ​ មាន​អ្ន​ក​ជាប់​ឃុំ​បណ្ណោះ​អាសន្ន​ចំនួន​ជាង​៣.០០០​នាក់។​ អង្គ​ការ​លី​កាដូ​បាន​ធ្វើ​ការ​សិក្សា​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ក្នុង​ចំណោម​ពន្ធ​នាគារ​ចំនួន​២៧​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​ ការ​កើន​ឡើង​ចំនួន​អ្នក​ទោស​បាន​កើត​ឡើង​គ្រប់​ពន្ធនាគារ​ទាំង​អស់​ដែល​បង្ក​អោយ​ពន្ធ​នាគារ​នីមួយៗ​មាន​ភាព​កាន់​តែ​ចង្អៀត​ណែន​ ហើយ​ស្ថាន​ភាព​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ​ ដែល​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទណ្ឌិត និង​ជន​ជាប់​ឃុំ ដែល​ធ្វើ​ងាយ​ឆ្លង​នូវ​ជម្ងឺ​ផ្សេងៗ​ ជម្ងឺ​ផ្លូវ​ចិត្ត និង​ការ​ហាត់​ប្រាណ​មិន​បាន​គ្រប់​គ្រាន់។ ពេល​ខ្លះ ដោយ​សារ​តែ​ស្ថាន​ភាព​ចង្អៀត​ពេក​ ទណ្ឌិត​មួយ​ចំនួន​ត្រូវ​ផ្លាស់​ប្តូរ​វេន​គ្នាដេក​ទៀត​ផង។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារព័ត៌​មាន​បារាំង។​

លោក​ អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ​បាន​អោយ​ដឹង​ថា​ កត្តា​ដែល​បណ្តាល​អោយ​ចំនួន​ទណ្ឌិត ឬ​ក៏​ពិរុទ្ធ​ជន​បន្ត​ការ​កើន​ឡើង​បែប​នេះ គឺ​ដោយ​សារ​តែ​បទ​ល្មើស​មាន​ការ​កើន​ឡើង​ ហើយ​តុលា​ការ​បាន​អនុវត្ត​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី ដោយ​សម្រេច​អោយ​ជន​ជាប់​ចោទ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជា​ជាង​ការ​សម្រេច​អោយ​នៅ​ក្រៅ​ឃុំ។​ លោក​បាន​បន្ត​ថា ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នេះ តុលារ​ការ​គួរ​តែ​ជ្រើស​រើស​អោយ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន តុលា​ការ​គួរ​ព្យួរ​ទោស ទណ្ឌិត​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​លើ​និតិ​វិធី​ផង​ និង​កាត់​បន្ថយ​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនា​គារ​ផង។​

ចំណែក​ឯ​លោក​ លីវ​ ម៉ូវ​ អគ្គ​នាយក​រង​នៃ​អគ្គនាយ​កដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​ថា​ ចំនួន​ទណ្ឌិត​ពិត​ជា​បន្តការ​កើន​ឡើង​មែន ដែល​បង្ក​អោយ​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។​ កត្តា​ដែល​បណ្តាល​អោយ​កើន​ឡើង​នេះ​ទាក់​ទង​ទៅករណី​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ ឬ​​ក៏​ប្រើ​ប្រាស់​គ្រឿង​ញៀន គ្រឿង​ស្រវឹង​ ករណី​រំលោភ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម។ លោក​បន្ថែម​ថា​ ប្រសិន​បើ​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​នាំ​គ្នា​ទប់​ស្កាត់​បទ​ល្មើស​ទាំង​នេះ​មិន​អោយ​កើត​ឡើង​បាន​ គឺជា​ការ​ចូល​រួម​ចំណែក​បន្ថយ​កំណើន​នៃ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ផង​ដែរ។​

បើ​យើង​ក្រឡេក​ទៅ​មើល​នៃ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ពន្ធធរ​នាគារ​នៅ​ឯ​ខេត្ត​ប៉ៃលិ​ន​ឯ​ណោះ​វិញ មន្ត្រី​សិទ្ធ​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើ​ងថា អ្នក​ទោស​នៅ​ខេត្ត​ប៉ៃលិន​ មាន​បញ្ហា​សុខ​ភាព​ព្រោះ​ទី​ធ្លា​ចង្អៀត​ ដែល​មក​ទល់​ពេល​នេះ ​រចនា​សម្ព័ន្ធ​ការិយាល័យ​រដ្ឋ​បាល​របស់​រដ្ឋ​នៃ​អតីត​ខេត្ត​សម្បូរ​ត្បូង​ពេជ្រ​មួយ​នេះ នៅ​មិន​ទាន់​បាន​រៀប​ចំ​បាន​ស្រួល​បួល​នៅ​ឡើយ​ទេ។​ ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​នៅ​ខេត្ត​នេះ យក​អតីត​រោង​កុន ដែល​ជា​ទី​កន្លែង​សប្បាយ​រីករាយ​ ធ្វើ​​ជាពន្ធ​នាគារ​ឃុំ​ឃាំង​អ្នក​ទោស​ជា​បណ្ដោះ​អាសន្ន​។ បញ្ហា​កំពុង​ប្រឈម​នេះ បាន​ធ្វើ​ឲ្យ​មាន​អ្នក​ទោស​មួយ​ចំនួន​ ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នោះ កើត​មាន​ជម្ងឺ​ប្រចាំ​កាយ ដូច​ជា​ជម្ងឺ​គ្រុន​ផ្ដា​សាយ ​និង​ជម្ងឺ​ក្អក​ជា​ដើម។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សាព័ត៌​មាន​អាស៊ី​សេរី។​

មន្ត្រី​អង្គការ​លី​កា​ដូ​ប្រចាំ​ខេត្ត​បាត់​ដំបង លោក​ ហេង សាយ​ហុង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៨​ ខែ​កក្កដា​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ថា មាន​អ្នក​ទោស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ខ្វះ​ថ្នាំ​សង្កូវ​ព្យាបាល។​ ដូច្នេះ​ហើយ អង្គ​ការ​ លីកា​ដូ បាន​ត្រៀម​បញ្ជូន​ក្រុម​គ្រូពេទ្យ​អង្គការ​ទៅ​ព្យាបាល​អ្នក​ទោស​នៅ​ទីនោះ។​ លោក ហេង ​សាយ​ហុង​បាន​បន្ថែម​ថា៖​ «វា​ពិត​ប្រាក​ដហើយ​ ព្រោះយើ​ង​ខាង​អង្គការ​លី​កា​ដូ គ្រោង​ផ្ដល់​វេជ្ជ​បណ្ឌិត ចុះ​​ទៅ​ព្យាបាល​អ្នក​ទោស​នៅ​ប៉ៃ​លិន​ ព្រោះ​ថា​យើង​មើល​ឃើញ​ថា ស្ថាន​ភាព​​រស់​នៅ​របស់​អ្នក​ទោស​ហ្នឹង គាត់​មាន​ជម្ងឺ​ច្រើន​យោង​តាម​ការ​ស្នើ​សុំ​របស់​ខេត្ត​ប៉ៃ​លិន។​ គាត់​មាន​ការ​លំបាក​ការ​គ្រប់​គ្រង ហើយ​ឃើញ​អ្នក​ទោស​កាន់​តែ​កើន​ឡើង​មាន​ជម្ងឺ។ យើង​គិត​ហើយ បើ​តាម​ផ្នែក​សិទ្ធិ​មនុស្ស​ គេ​និយាយ​ថា មនុស្ស​ដែល​ជាប់​នៅ​ក្នុង​ពន្ធនា​គារ មិន​មាន​ន័យ​ថា ទទួល​ទណ្ឌកម្ម​មួយ​មុខ​ទេ តែ​ត្រូវ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ព្យាបាល​ សិទ្ធិ​នៅ​ក្នុង​រស់​រាន​មាន​ជីវិត»។​
ក្នុង​រយះ​ពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ ខេត្ត​ប៉ៃលិន​ពុំ​មាន​ស្ថាប័ន​តុលាការ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​មូល​ដ្ឋាន​ខេត្ត​នេះ​ទេ​ ហើយ​រាល់​ការ​ប្ដឹង​ផ្ដល់​ទំនាស់​របស់​ប្រជា​ពលរដ្ឋ​ និង​បទ​ល្មើស​ផ្សេងៗ​ កង​កម្លាំង​មាន​សមត្ថកិច្ច​ ត្រូវ​ចាប់​បញ្ជូន​ទៅ​កាត់​ទោស​នៅ​តុលា​ការ​ខេត្ត​បាត់​ដំបង និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់​ដំបង។ ប៉ុន្តែ​ កាល​ពី​ដើម​ឆ្នាំ​២០១១​ រដ្ឋា​ភិបាល​បាន​បង្កើត​តុលាការ​ខេត្ត​ប៉ៃ​លិន​ដើម្បី​ជួយ​សម្រួល​សេវា​ច្បាប់​ក្នុង​មូល​ដ្ឋាន​ ដោយ​បាន​យក​អតីត​រោង​កុន​មាន​ទីធ្លា​តូច​មួយ​ធ្វើ​ជា​មន្ទីរ​ឃុំ​ឃាំង។​

លោក នូ ធឿង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៍​ថា​ ដោយ​សារ​ពន្ធនាគារ​ខេត្ត​ប៉ៃ​លិន​មាន​ទី​ធ្លា​តូច​ចង្អៀត​ បាន​ធ្វើ​ឱ្យ​អ្នក​ទោស​មាន​ការ​លំបាក​រស់​នៅ។ លោក​បន្ត​ថា មាន​អ្នក​ទោស​មួយ​ចំនួន កើត​មាន​ជម្ងឺ​ពិត​ប្រាក​ដមែន​។ ប៉ុន្តែ​ រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​អ្នក​ទោស​ណាម្នា​ក់​ស្លាប់​ដោយ​សារ​ជម្ងឺ​នៅព​ន្ធនាគារ​នោះ​ទេ។​

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ក្រសួង​មហា​ផ្ទៃ​​ នឹង​មាន​គម្រោង​ចាប់​ផ្ដើម​សង់​អគារ​ពន្ធ​នាគារ​ថ្មី​មួយ​លើ​ផ្ទៃ​ដីទំ​ហំ១​ហិក​តារនៅ​ក្នុង​ខេត្ត​ប៉ៃលិន នៅ​ដើម​ឆ្នាំ​២០១២​ខាង​មុខ​នេះ​ ដែល​គម្រោង​សាង​សង់​នេះ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​១​លាន​៥ សែន​ដុល្លារ។​ មន្ត្រី​ពន្ធនាគារ​ក៏​បាន​អោយ​ដឹង​ផង​ដែរ​ថា ទីតាំង​ដែល​ត្រូវ​សង់​ពន្ធនា​គារ​ថ្មី​នោះ ស្ថិត​នៅ​ខាង​ក្រោយ​វត្ត​ប៉ាហ៊ី​ ក្នុង​ទី​រួម​ខេត្ត​ប៉ៃ​លិន។​ ការ​សាង​សង់​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១២។​ តាម​គម្រោង ​អគារ​គុក​ថ្មី មាន​១៣អគារ​ ក្នុង​​នោះ​មាន​ប៉ុស្តិ៍​ប៉ម​យាម​១។

គួរ​បញ្ជាក់​ថា រដ្ឋា​ភិបាល​បាន​ប្រកាស​បង្កើតខេ​ត្ត​ប៉ៃលិន​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃ​ទី៣១​ ខែ​កក្កដា ឆ្នាំ១៩​៩៧ ក្រោយ​អតីត​កង​ទ័ព​ខ្មែ​រក្រហម​ ធ្វើ​សមាហរណកម្ម​ចូល​រដ្ឋា​ភិបាល​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៦។​ ពន្ធនា​គារ​ខេត្ត​ប៉ៃ​លិន​បច្ចុប្បន្ន​ បាន​យក​អតីត​អគារ​រោង​កុន​ឈ្មោះ​ពិភព​ថ្មី​ សម្រាប់​ប្រើ​ប្រាស់​ជា​ពន្ធនាគារ​បណ្ដោះ​អាសន្ន​។ ចាប់​តាំង​ពី​ខេត្ត​ប៉ៃ​លិន និង​ក្រសួង​យុត្តិ​ធម៌ បង្កើត​តុលា​ការ​នៅ​ខេត្ត​នេះ​មក​ ចំនួន​អ្នក​ទោស​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។​ បច្ចុប្បន្ន​ មាន​អ្នក​ទោស​ជិត​១០០​នាក់ កំពុង​ឃុំ​ខ្លួន​នៅ​ទី​នោះ។ ​បញ្ហា​ទីធ្លា​ពន្ធ​នាគារ​ដែល​តូច​ចង្អៀត​នេះ ងាយ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ទោស​ថែម​ទៀត​ផង​ដែរ៕​

អត្ថ​បទ​ដោយ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖​ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative