របប​អាហារ​សម្រាប់​ស្ដ្រីអស់​រដូវ

ដំណើរ​អស់រដូវ​ជារឿង​ធម្មជាតិ​សម្រាប់​ស្ដ្រី​នៅពេល​ឈានដល់​វ័យ​ចំណាស់។ ទន្ទឹម​នឹងការ​វិវត្ដន៍នេះ​ស្ដ្រី​ចាំបាច់​ត្រូវរក្សា សុខភាព​ឱ្យបាន​រឹងមាំ។ ការ​ទទួលទាន​អាហារ​មាន​សារៈ​សំខាន់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ស្ដ្រី​ដែល​ទាមទារ​ឱ្យមាន​របបអាហារ​មួយ​ប្រកប​ដោយ​តុល្យភាព ព្រោះមាន​អាហារ​ប្រភេទ​ខ្លះអាច​ធ្វើឱ្យ​ស្ដ្រីមាន​ការ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ក៏មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទង​នឹងបញ្ហា​របប​អាហា​រសម្រាប់​ស្ដ្រី​នៅពេល​អស់​រដូវនេះ លោកអ្នក​ជាពិសេស​ស្ដ្រី​ទាំងអស់​នឹងបាន​ទទួល​ជ្រាបយ៉ាង ក្បោះក្បាយ​តាមរយៈ​ការ​បកស្រាយ​របស់​លោក​សាស្ដ្រចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ស្ថានភាព​ពេលអស់​រដូវ​របស់​ស្ដ្រី

ស្ដ្រី​ចាប់ផ្ដើម​មានការ​បម្រែបម្រួល​រាងកាយ​ទាក់ទង​ទៅនឹង​រដូវនេះ​នៅវ័យ​ប្រមាណ​ជា៥០ឆ្នាំ។ ក្នុង​ដំណាក់​កាលនេះ ស្ដ្រី តែងតែ​មាន​អាការ​មួយចំនួន​លេចឡើង ដូចជា​ការ​ឈឺចាប់​តាម​សន្លាក់ ជម្ងឺ​បេះដូង ជម្ងឺ​លើស​ឈាម ទឹកនោម​ផ្អែម​ជាដើម។ ដោយសារ​បញ្ហា​ទាំងនេះហើយ​ទើប​ស្ដ្រី​នៅពេល​ឈានដល់​ពេល​អស់រដូវ​ត្រូវមាន​ការ​ថែរក្សា​រាងកាយ​យ៉ាង​ពិសេស​ដើម្បី​ឱ្យមាន​សុខភាព​ល្អ ។

អាហារ​សម្រាប់​ស្ដ្រី​នៅពេល​អស់រដូវ

ការ​បរិភោគ​អាហារ​មាន​ប្រយោជន៍​ក្នុងការ​ចិញ្ចឹម​រាងកាយ និង​ទ្រទ្រង់​ជីវិត ប៉ុន្ដែ​ចំណី​អាហារ​ដែលយើង​បរិភោគ​អាចផ្ដល់ ជាគុណ​សម្បត្ដិ និង​គុណវិបត្ដិ​ផងដែរ។ ដើម្បី​សុខភាព ស្ដ្រី​នៅវ័យ​ចំណាស់​គួរតែ​បរិភោគ​អាហារ​ដែល​បង្កការ​ប៉ះពាល់​ដល់​សុខភាព​តិចបំផុត។ អាហារ​ដែលមាន​តុល្យភាព​សម្រាប់​រាងកាយ​នៅក្នុង​វ័យនេះ ដូចជា​អាហារ​សម្បូរ​ទៅដោយ​វីតាមីន​គ្រប់​ប្រភេទ កាល់ស្យូម កម្រិត​ជាតិ​កូលេស្ដេរ៉ូល​ទាប និង​សូដ្យូម​ឱ្យបាន​គ្រប់គ្រាន់​ជាដើម។ ជាពិសេស​គួរ​ចៀសវាង​នូវ​រសជាតិ​អាហារ​មួយ​ចំនួន។

  • អាហារ​ដែលមាន​រសជាតិ​ប្រៃពេក ៖ ព្រោះ​អាចធ្វើ​ឱ្យ​លោកស្រី​ប្រឈម​មុខនឹង​ជម្ងឺលើស​ឈាម។ លោកស្រី​ត្រូវចង​ចាំថា រាងកាយ​របស់​លោកស្រី​ត្រូវការ​ជាតិប្រៃ​តែ​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ។ ដូចនេះ​លោកស្រី​ត្រូវ​ទទួលទាន​អំបិល​ក្នុង​បរិមាណ​មួយភាគ​បួន នៃ​ស្លាបព្រា​កាហ្វេ។ លោកស្រី​ក៏ត្រូវ​ប្រយ័ត្ន​ប្រយែង​អំពី​បរិមាណអំបិល​ដែល​ត្រូវដាក់​ក្នុងម្ហូប​អាហារ​នៅពេល​លោកអ្នក​ដាំស្ល​ផងដែរ ។ ចំណែក​នៅពេល​ដែលអ្នក​បរិភោគ​អាហារនៅក្រៅ​ផ្ទះ សូម​ប្រាប់គេ​ឱ្យដាក់​អំបិល​តិចតួច​ចំពោះ​អាហារ​ដែលអ្នក​ត្រូវការ។
  • អាហារ​ដែលមាន​រសជាតិ​ផ្អែម​ពេក ៖ ព្រោះ​អាចធ្វើ​ឱ្យមាន​ជម្ងឺ​ទឹកនោម​ផ្អែម។ សូម​ជ្រើសរើស​ចំណី​អាហារ​ដែលមាន អត្រា​ជាតិស្ករ​ទាប​ដែលមាន​ក្នុងបន្លែ និង​ផ្លែឈើ​មួយចំនួន ដូចជា​ប៉ោម សារី ស្វាយ ចេក​ជាដើម។
  • អាហារ​ដែលមាន​ជាតិខ្លាញ់​ច្រើន ៖ វាជា​ការពិត​រាងកាយ​របស់យើង​ត្រូវការ​ជាតិខ្លាញ់​ដើម្បី​ផ្ដល់​ថាមពល ដើម្បី​ជួយដល់ ការ​ស្រូបយក​ជាតិ​វីតាមីន​ទៅក្នុង​ខ្លួន​របស់​យើង។ គួរ​ចៀសវាង​អាហារ​ដែល​សម្បូរ​ទៅដោយ​ខ្លាញ់សត្វ​គ្រប់​ប្រភេទ ព្រោះ​ការ​បរិភោគ លើស​កម្រិត​ធ្វើឱ្យ​រាងកាយ​ប្រឈម​មុខនឹង​ជម្ងឺ​បេះដូង​ជាពិសេស​សរសៃ​អាកទែរ។ ដូច្នេះ​លោកស្រី​ត្រូវ​ជ្រើសរើស​អាហារ​ដែលមាន ជាតិខ្លាញ់​តិច ហើយឱ្យ​ត្រូវតាម​ប្រភេទ​ខ្លាញ់​នីមួយ។ លោកស្រី​ក៏ត្រូវ​ប្រយ័ត្ន​ផងដែរ​អំពីជាតិ​កូលេស្ដេរ៉ូល​ដែលមាន​នៅក្នុង​អាហារ គ្រប់ប្រភេទ ចាប់តាំង​ពីសាច់​សត្វ និង​ស្នូលពណ៌លឿង​របស់​ស៊ុត ព្រមទាំង​ទឹកដោះ​គោ។
  • អាហារ​សាច់សត្វ​ច្រើនពេក ៖ ការ​ទទួលទាន​ជាតិសាច់​ក៏មិន​អាច​ទទួលទាន​តាមចិត្ដ​នឹកឃើញ​នោះដែរ ព្រោះ​សាច់សត្វ មួយ​ចំនួន ដូចជា​ពួកសាច់​ពណ៌​ក្រហម​ជាដើម​អាចធ្វើ​ឱ្យ​រាងកាយ​របស់​លោកស្រី​ធាត់លើស​ទម្ងន់់​ដែលធ្វើ​ឱ្យ​លោកស្រី​ជួប​ផលវិបាក មួយ​ចំនួន​ដូចជា​ឈឺ​ជង្គង់​ជាដើម​ព្រោះ​មិនអាច​ទ្រទ្រង់​ទម្ងន់ខ្លួន​ដ៏ធ្ងន់​បាន។
  • ដំបូន្មាន​អ្នក​ជំនាញ

    សម្រាប់​គ្រប់​ស្ដ្រី​ទាំងអស់ នៅពេល​អស់រដូវ​ជាពេល​វេលាដែល​ត្រូវមាន​ការ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ត្រូវទៅ ពិនិត្យ​សុខភាព​ជាប្រចាំ ពិនិត្យ​រកមើល​ជម្ងឺ​ពុកឆ្អឹង ជម្ងឺ​មហារីក​មាត់ស្បូន ជម្ងឺ​លើស​ឈាម ជាតិខ្លាញ់ ជាតិស្ករ​ជាដើម។ ហើយ​និងត្រូវ អនុវត្ដ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ ចៀសវាង​ការប្រើ​ថ្នាំដោយ​ខ្លួនឯង ជាពិសេស​ថ្នាំ​សម្រាប់​ពន្យារ​នូវការ​មក​រដូវ ព្រោះអាច បង្កនូ​វគ្រោះថ្នាក់​ដែល​មិនអាច​ប្រហែស​បាន។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Google Analytics Alternative