សុគន្ធ ថេរ៉ាយុ កីឡា​ជាដៃគូ​នៃសម្រស់

មហារីក​បេះដូង គឺជា​ចំណង​ជើងនៃ​បទ​ចម្រៀង​មួយ ដែល​បកស្រាយ​រាយរាប់​ពីរឿង​ទុក្ខ​សោក​សង្រេង ត្បិតក្ដី​ស្នេហ៍ប្រែ មិនបាន​ដូចក្ដី​បំណង។ តាមរយៈ​បទ​ចម្រៀង​មួយបទ​នេះ កេរ្ដិ៍ឈ្មោះ​របស់​កម្លោះ សុគន្ធ ថេរ៉ាយុ ដែលជា​តារា​ចម្រៀង​វ័យក្មេង សម្លេង​ពីរោះ រូប​ស្រស់សង្ហា​ប្រចាំ​នៅក្នុង​ផលិតកម្ម ក្លាស៊ិក ត្រូវបាន​គេស្គាល់​នៅក្នុង​ពិភព​សិល្បៈ។ លើសពី​នេះទៅទៀត​ក្នុងចំណោម​កម្លោះ​សង្ហា​ទាំង៣នាក់​នៅក្នុង​ក្រុមត្រូវ​បាន​គេវាយ​តម្លៃថា ជា​កម្លោះ​មានមន្ដ​ស្នេហ៍​ជាងគេ មិនថា​តែក្រមុំៗ​ដែលជា​អ្នកគាំទ្រ​នោះទេ សូម្បី​តែកញ្ញា​ដ៏​ស្រស់ស្អាត​ថ្ពាល់ខួច ពៅ ពុំងារ ដែលជា​សមាជិក​ក្នុងក្រុម​ក៏លង់​អារម្មណ៍​ស្រឡាញ់​កម្លោះ ថេរ៉ាយុ ដកចិត្ដ មិនបាន​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​គ្នា សូមធ្វើ​ការ​តាមដាន​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ទៅមើល​ថាតើ​តារា​ចម្រៀង​កម្លោះ រូប​សង្ហា​សម្បូរ​ស្នេហ៍​ម្នាក់នេះ មានអាថ៌​កំបាំង​យ៉ាងណា ទើប​រូប​សម្រស់​ស្រស់​ស្អាត ហើយ​សង្ហា​បែបនេះ។ ខាងក្រោម​នេះ គឺជា​អាថ៌កំបាំង និង​វិធី​សាស្ដ្រ​មួយចំនួន ដែល​កម្លោះ សុគន្ធ ថេរ៉ាយុ តែងតែ​ធ្វើការ​អនុវត្ដន៍​ជា​ប្រចាំ ដើម្បី​ថែរក្សា​សុខភាព​រាងកាយ និង​រូប​សម្រស់​របស់​លោក។

ប្រវត្ដិ​មុនចូល​សិល្បៈ

ស្ថិត​នៅក្នុង​គ្រួសារ​មួយដែល​មាន​លោក​ឪពុក និង​អ្នកម្ដាយ​មាន​អាជីព​ជា​អាជីវករ និង​មិនដែល​ធ្លាប់មាន​ជាប់ខ្សែ​ស្រឡាយ ជាអ្នក​សិល្បៈ​នោះ ក្រុម​គ្រួសារ​មិនដែល​មាន​បំណង​ឱ្យ ថេរ៉ាយុ ចូល​ប្រឡូក​នៅក្នុង​សង្គម​សិល្បៈ​ឡើយ។ ប៉ុន្ដែ​ដោយសារ​តែ​ចំណង់ ចំណូល​ចិត្ដ និង​និស្ស័យ​ពីកំណើត​បាន​ជំរុញ​វាសនា​កម្លោះ​សង្ហា សុគន្ធ ថេរ៉ាយុ បាន​បណ្ដែត​ខ្លួន​នៅលើ​ខ្សែជីវិត​ជាអ្នក​សិល្បៈ​ដូច​បំណង។ ដំបូង​ឡើយ ថេរ៉ាយុ មិនបាន​ចូល​ប្រឡង​ចម្រៀង ឬ​សម្ដែង​អ្វីឡើយ។ ដោយ​មើលឃើញ​ពី​ទេពកោសល្យ​របស់​កូនប្រុស ម្ដាយ​របស់​លោក​បាន​អនុញ្ញាត​ឱ្យទៅ​ធ្វើការ​សាកល្បង​សម្លេង​នៅក្នុង​ក្លឹប​កម្សាន្ដ​រាត្រី ក្លាស៊ិក ដែល​ម្ចាស់​ក្លឹប​ជាមិត្ដភក្ដិ។ ក្រោយ​មក ដោយមាន​ការ​ពេញចិត្ដ​នឹងទឹក​ដម​សម្លេង​របស់​លោក ស្របពេល​ជាមួយ​គ្នាដែល​ផលិតកម្ម ក្លាស៊ិក ចាប់ផ្ដើម​បង្កើត លោក ក៏ត្រូវ​បានម្ចាស់​ផលិតកម្ម​ជ្រើសរើស​ជាតារា​ចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​ចាប់តាំង​ពីចុង​ឆ្នាំ២០០៧។ រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ បទ​ចម្រៀង​របស់​លោក​សរុប​ប្រមាណ​ជាង៣០បទ​បានចេញ​ផ្សាយ ហើយ​លោកក៏​ធ្លាប់បាន​ចូលរួម​សម្ដែង​ជាខ្សែ​ភាពយន្ដ​បាន ចំនួន​៣រឿង​ផងដែរ ក្នុងនោះ​មានរឿង “កញ្ចក់​ជីវិត” “វិញ្ញាណ​ស្នេហ៍ចាំជាតិ” និង​រឿង “អាប០០៩”។

ការ​ថែរក្សា​សម្រស់

ជាការ​ពិតណាស់ នៅក្នុង​អាជីព​ជាតារា​ចម្រៀង និង​តារា​សម្ដែង ការ​តុបតែង​រាងកាយ និង​ថែរក្សា​សម្ផស្ស ដើម្បី​គួរជាទី គយគន់ គឺ​ត្រូវមាន​ប្រការ​សំខាន់ៗ ដែល​មិនអាច​ធ្វេសប្រហែស​បាន​ឡើយ។ ចំពោះ​លោក សុគន្ធ ថេរ៉ាយុ បាន​អនុវត្ដ​នូវ​វិធី​សាស្ដ្រ ងាយៗ​ដូច​ខាងក្រោម ៖

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ស្បែកមុខ ៖ ទោះបី​ជាមាន​ការ​នឿយហត់​នៅក្នុង​អាជីព​យ៉ាងណា​ក៏ដោយ បញ្ហា​សុខភាព​ស្បែកមុខ ថេរ៉ាយុ យកចិត្ដ​ទុកដាក់​ជាទី​បំផុត។ ជា​រៀងរាល់​ព្រឹក​ក្រោយ​ពីក្រោក​ពី​ដំណេក លោក​តែងតែ​ប្រើនូវ​ផលិតផល​លាង​សម្អាត​ផ្ទៃមុខ​ម្យ៉ាង ដែលអាច​ជួយ​ផ្ដល់នូវ​ភាព​សំណើម​ដល់​ស្បែក និងកាត់​បន្ថយ​ជាតិ​ខ្លាញ់។ លើសពី​នោះ មុនពេល​ផាត់មុខ​មុនចេញ​សម្ដែង លោក​តែងតែ​ប្រើនូវ​ឡេ​ទ្រនាប់​ស្បែក ហើយ​ក្រោយពេល​ថត ឬ​សម្ដែង​ចប់​ត្រូវប្រញាប់​ទៅលាង​សម្អាត​មុខ​ជាមួយ​សាប៊ូ ឬ​ទឹកក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ជានិច្ច​កាល​លោក​តែងតែ​ប្រើឡេ​ដែលជួយ​ផ្ដល់​នូវ​សំណើម​ដល់ស្បែក។ នៅពេល​ធ្វើ​ដំណើរ ចេញ​ទៅក្រៅ ទោះបី​អង្គុយ​នៅក្នុង​រថយន្ដ​ក្ដី ភាគច្រើន​លោក​តែងតែ​ពាក់អាវ​ដៃវែង​ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ។ ចំពោះ​បញ្ហា​សាប៊ូ លោក​មិនសូវ​ជាយក​ចិត្ដទុក​ដាក់​ប៉ុន្មាន​នោះទេ ដោយ​គ្រាន់តែ​ប្រើសាប៊ូ​ដុំធម្មតា​ដុស​លាង​ជម្រះ​កាយ​នៅពេល​ងូតទឹក​តែប៉ុណ្ណោះ។
  • ការ​ថែរក្សា​សក់ ៖ ចំពោះ​សរសៃ​សក់​របស់​លោក សុគន្ធ ថេរ៉ាយុ មាន​សភាព​ស្រស់ស្អាត​តាំងពី​កំណើត ហើយ​ស្បែក ក្បាល​ក៏មិន​សូវ​កើតមាន​បញ្ហា​ដែរ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក៏​ដោយ លោក​តែងតែ​ធ្វើការ​កក់សក់​លាង​សម្អាត​ធូលី និង​ស្បែក​ក្បាល រៀងរាល់​៣ថ្ងៃ​ម្ដង ហើយ​ធ្វើការ​អប់សក់​ម្ដងក្នុង​មួយ​សប្ដាហ៍ ដើម្បី​ថែរក្សា​សុខភាព​ស្បែកក្បាល និង​សរសៃ​សក់ដ៏​ទន់រលោង របស់​លោក។
  • ការ​ថែរក្សា​ភ្នែក ៖ ជាការ​ពិតណាស់ មិនថា​ចំពោះ​តារា​សម្ដែង តារា​ចម្រៀង ឬមាន​អាជីព​អ្វីនោះ​ទេ បញ្ហា​ភ្នែក​គឺជា​រឿង មួយដែល​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត។ នៅពេល​ដែលធ្វើ​ដំណើរចេញ​ទៅក្រៅ ស្ទើរ​គ្រប់ពេល កម្លោះ​សង្ហា ថេរ៉ាយុ និយម​ប្រើ​វ៉ែនតា ការពារ​កម្ដៅ និង​ពន្លឺព្រះអាទិត្យ ជាពិសេស​លោក​តែងតែ​ឧស្សាហ៍​ជួបអ្នក​ជំនាញ ដើម្បី​ទទួល​យកនូវ​ការ​ណែនាំ និង​ធ្វើការ​ពិនិត្យ​កែវ ភ្នែក។
  • ការ​ថែទាំ​សុខភាព​មាត់ធ្មេញ ៖ សុខភាព​មាត់ធ្មេញ ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការ​ធ្វើប្រាស្រ័យ​ទាក់ទង​គ្នា​ប្រចាំថ្ងៃ ដែល​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត។ រៀងរាល់​ថ្ងៃ​លោក​តែងតែ​ធ្វើការ​សម្អាត​យ៉ាងតិច​ចំនួន​៣ដង​ក្រោយ​ពេល​បរិភោគ​អាហារ។ លើសពី​នេះក្នុង​រយៈពេល​២-៣​ខែម្ដង លោក​តែងតែ​ទៅជួប​អ្នក​ជំនាញ ដើម្បី​ត្រួត​ពិនិត្យ និង​ធ្វើការ​ខាត់លាង​សម្អាត​ធ្មេញ។ ម្យ៉ាងវិញ​ទៀត លោកបាន​ជ្រើសរើស​នូវវិធី​ខ្ពុរមាត់​ជាមួយ​ទឹកខ្ពុរ​មាត់​ជាប្រចាំ។

ការ​ថែរក្សា​សុខភាព​រាងកាយ

សុខភាព​រាងកាយ​ល្អ សម្រស់​ស្រស់ថ្លា គឺជា​ក្ដីបំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប។ រៀលរាល់​៣-៤​ខែម្ដង សុគន្ធ ថេរ៉ាយុ បានទៅ​ទទួល​ការ​ពិនិត្យ​សុខភាព​ម្ដង។ នៅក្នុង​អាជីព​ជាតារា​ចម្រៀង និង​សម្ដែង មានភាព​មមាញឹក​ណាស់ ដែលជា​មូលហេតុ​ធ្វើឱ្យ​ការ​ទទួល​ទាន​ដំណេក​មិនបាន​គ្រប់គ្រាន់។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក្ដី លោក​តែងតែ​ឆ្លៀតដេក​សម្រាក​បង្គ្រប់​នៅពេល​ទំនេរ​ពី​ការងារ។ ចំពោះ​បញ្ហា​ចំណី​អាហារ​វិញ លោក​មិនសូវ​ជារើស​នោះទេ។ លោក​ចូលចិត្ដ​ទទួល​ទាននូវ​អាហារ​ប្រភេទ​បន្លែ និង​ផ្លែឈើ ជាពិសេស​ទឹក យ៉ាងហោច​ណាស់​លោក​ទទួលទាន​យ៉ាងតិច​២លីត្រ​ក្នុងមួយ​ថ្ងៃ លើក​លែងតែ​ប្រភេទ​អាហារ​ផ្អាប់ ព្រោះ​លោក​ខ្លាច​ប៉ះពាល់​ដល់​បំពង់ សម្លេង​នៅពេល​ស្រែក​ច្រៀង។ ជា​ប្រចាំ​លោក​ធ្វើ​លំហាត់​ប្រាណ​យ៉ាងតិច​២០នាទី រាល់ពេល​ព្រឹក​ក្រោក​ពីដំណេក និង​ពេល​ល្ងាច។

បណ្ដាំ​ផ្ញើ​របស់ សុគន្ធ ថេរ៉ាយុ

សម្រស់​អាច​ស្រស់ថ្លា​ទៅបាន ក៏​អាស្រ័យ​គ្នា​ជាមួយ​សុខុមាលភាព​របស់​រាងកាយ​ដែរ។ សម្រស់​ស្រស់​ស្អាត់​គឺជា​រឿង​ដែល សំខាន់​ប៉ុន្ដែការ​ទទួល​ទាននូវ​បន្លែ ផ្លែឈើ និងការ​ធ្វើលំហាត់​ប្រាណ​បញ្ចេញ​ជាតិពុល​ពីក្នុង​រាងកាយ​រឹតតែ​សំខាន់​ថែមទៀត។ ដូច្នេះ សូម​បងប្អូន​គ្រប់គ្នា គួរតែ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ខ្លះទើបជា​ការ​ប្រសើរ។ ព្រោះ​កីឡា​នាំមក​នូវ​សុខភាព កីឡា​នាំមក​នូវ​សម្រស់ ហើយ​កីឡា​គឺជា​ដៃគូ​នៃ​សម្រស់ ដែលជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​គ្រប់គ្នា។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ សុគន្ធ ថេរ៉ាយុ
  • អាយុ ៖ ១៨ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ០៣. ១០. ១៩៩១
  • កម្ពស់ ៖ ១.៧០​ម៉ែត្រ
  • ទម្ងន់ ៖ ៥៨ ​គីឡូ​ក្រាម
  • បងប្អូន ៖ ប្រុស​៣នាក់ (ជាកូន​ច្បង)
  • អាជីព ៖ តារា​ចម្រៀង និង​សម្ដែង
  • កម្រិត​វប្បធម៌ ៖ បច្ចុប្បន្ន​ជាសិស្ស​ថ្នាក់ទី១២ នៃ​វិទ្យាល័យ​សន្ធរមុក
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ
  • បំណង​ទៅថ្ងៃ​អនាគត ៖ ជាអ្នក​ជំនួញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative