សេរីភាព​យុវតី​ខ្មែរ

សេរីភាព​ហៀរកែង​កំពុង​ឆ្លុះ​បញ្ចាំង​បង្អាប់​មុខមាត់​ប្រទេសជាតិ ពេលគេ​ក្រឡេក​មើល​យុវវ័យ​ជាសិស្ស​សាលា​ប្រព្រឹត្ដិខ្លួន​មិន​ថ្លៃថ្នូរ​ ហក់លោត​ទៅតាម​ជំនោរ​ដែល​កំពុងតែ​បក់បោក ដែលជា​ឥទ្ធិពល​បន្ទាប់​បន្សំ​នៃការ​រីកចម្រើន​របស់​ប្រទេសជាតិ។ វប្បធម៌ ដែល​ពួកគេ​កំពុង​ទទួល​យកបាន​រួម​ចំណែក​ធ្វើឱ្យ​ប្រទេសជាតិ​ប្រែប្រួល​ហួសពី​ការស្មាន ហើយក៏​បាននិង​កំពុង​ជីក​រណ្ដៅ​កប់​ខ្លួនឯង​ដែរ ជាពិសេស​ចំពោះ​ក្មេងស្រី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ធ្វេស​ប្រហែស​នៃការ​អប់រំ

មិន​ត្រឹមតែ​ក្មេង​ដែលមាន​ការ​អភិវឌ្ឍន៍​ខួរក្បាល​នោះទេ សូម្បី​តែ​អស់លោក​ជា​ឪពុក​ម្ដាយ​ក៏ពួកគាត់​មានការ​រីកចម្រើន​ក្នុងការ​រួមចំណែក​ផ្ដល់​សិទ្ធិ​សេរីភាព​ហួសហេតុ​ដល់​ពួកគេ តាម​រយៈការ​ពុំយក​ចិត្ដទុក​ដាក់​គិតគូរ​អំពី​ផលវិបាក​នៃការ​បង្កើន​ទម្លាប់​មិនល្អ ជាពិសេស​សម្រាប់​ពួកក្មេង​សិស្ស​សាលា​ស្រីៗ​នេះ។ គ្រូបង្រៀន​ក៏មិន​គួរឱ្យ​បន្ទោស​បាននោះ​ទេ អំពី​បញ្ហា​នេះ។ ហើយ​សាលារៀន​ក៏គួរតែ​បានការ​ស្ដីបន្ទោស​នៅក្រោយ​ឪពុក​ម្ដាយ​របស់​សិស្ស​ទាំងឡាយ​ផងដែរ។

ឯស្ថានីយ​ទូរទស្សន៍​ទាំងឡាយ​ដែល​បង្ហាញ​កង្វល់​របស់ខ្លួន​ដូចគ្មាន​កោត​នរណា ព្រោះ​ពួកគេគិតតែ​ផល​ប្រយោជន៍ ដែល​ត្រូវបាន​ពីការ​ធ្វើយ៉ាង​ណា​ប្រើប្រាស់​ស្ដ្រីក្មេងៗ​ស្រស់ៗ​ជាសិល្បការិនី អ្នក​ចម្រៀង របាំ ឱ្យ​បញ្ចេញ​សាច់ភ្លៅ ចំហ​ទ្រូង ទាំងលេច​គល់សុដន់ផង ដើម្បី​ប្រាថ្នាអន្ទង​យុវជន​ទាំងឡាយ​ឱ្យ​ងប់ងល់​មើលការ​ផ្សាយ​របស់ខ្លួន។

មិនតែ​ប៉ុណ្ណោះ​កម្មវិធី​នៃរបស់​ដែល​ហៅថា របាំ​សម័យ​ក៏ត្រូវ​គេបំភ្លៃ​ឱ្យឃើញ​ជាឆាក​គួរ​ញាក់សាច់​ព្រឺរោម ទាំងការ​ហក់លោត ដើម្បី​បញ្ឆោត​ភ្នែក និង​អារម្មណ៍​របស់​ក្មេងៗ​ទាំងប្រុស​ទាំងស្រី។ គេដូច​ជាមិន​ខ្ចីគិត​ដល់​ទាល់តែ​សោះថា ការធ្វើ​បែបនេះ​គឺជា ការ​រួមចំណែក​បង្កើត​អារម្មណ៍​ភ្លើតភ្លើន​របស់​ក្មេងៗ​ទាំងនោះ។ ហើយ​លើសពីនេះ​ទៅទៀត វាក៏ជា​ធាតុផ្សំ​នៃការ​សណ្ដំ​ចិត្ដក្មេង​ខ្មែរ ប្រុសស្រី​ឱ្យស្រមៃ​តែរឿង​រាំ ច្រៀង​ហក់លោត និង​សប្បាយ​លែង​ខ្វល់ខ្វាយ​នឹង​ករណីយ​កិច្ចសិក្សា​ទាន់នៅ​ក្មេង។

របាំ​អប្សរា​ហក់លោត ឃើញគេ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ខ្លះ ដែល​ឃើញមាន​ការ​ចោមមើល​របស់​ក្មេងៗ​តាំងពី​តូចៗ។ នេះជា​ការ​បង្កើត​ទម្លាប់​មួយដែល​ធ្វើឱ្យ​ក្មេង​លែងចង់​គិត និង​រៀន​អ្វីសម្រាប់​ជីវិត​ថ្ងៃក្រោយ​របស់ខ្លួន​ទេ។ បែបនេះ តើអាច​ឱ្យហៅថា​ជាការ​ជួយអ្វី​ដល់​ប្រទេសជាតិ​ឬទេ? បើក្មេងៗ​ត្រូវបាន​ការផ្សាយ​អូសទាញ​ឱ្យធ្លាក់​ចូលជាប់​ផុងក្នុង​វប្បធម៌​លែងគិត​ការរៀន​សូត្រនោះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ចូលរួម​ដើម្បី​យើង​ទាំងអស់​គ្នា

ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ខ្លះពិតជា​បានទាក់​ទាញ​អារម្មណ៍​យុវវ័យ​ឱ្យ​រីករាយ​ទទួល​យកនូវ​អ្វីដែល​គេបាន​ផ្សព្វផ្សាយ​នោះ​មែន។ ប៉ុន្ដែ​ផលវិបាក​ដែលបង្ក​ឡើង​ដោយការ​ផ្សព្វផ្សាយ​អំពី​សម្លៀក​បំពាក់​ខុស​បែបបទ​ប្រពៃណី​ទំនៀម​ទម្លាប់​នោះ មិនគួរ​បើ​អនុញ្ញាត​ឱ្យផ្សាយ​ឡើយ។ ជាទូទៅ​គេមិន​ហាម​ប្រាម​ចំពោះ​ការស្លៀក​ពាក់​ខើចក្រោម​នោះទេ ប៉ុន្ដែ​សម្លៀក​បំពាក់បែបនេះ​មិនគួរ​បើត្រូវ​បានយក​ទៅឡង់​សេបន្ថែម​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ឡើយ។

សម័យ​នេះ​ពួកអ្នក​ឱកាស​និយម​ខ្លះត្រូវ​គេនាំ​គ្នា​ហៅថា ជាឱកាស​រកលុយ មានការ​ប្រកួតប្រជែង​គ្នាយ៉ាង​សេរី មិនមែន​បែបសេរី​ក្នុង​ក្របខ័ណ្ឌ​សីលធម៌​សង្គម​របស់​មនុស្ស​ខ្មែរទេ ប៉ុន្ដែ​ក្នុង​វប្បធម៌​សម្ភារៈ​និយម។ សូម្បីតែ​ទស្សនាវដ្ដី​ក៏ដណ្ដើម​ជើងគ្នា​បង្ហាញ រូបថត​បម្រើ​ក្មេងៗ ស្លៀកខើច​កំប៉ិតឡិត​ចេញគល់​សុដន់ ដើមទ្រូង រន្ធផ្ចិត គល់ភ្លៅ ហើយ​រូបខ្លះ​មានទាំង​ឥរិយាបថ​ចំតិត​គូទ​ទៀតផង។

យ៉ាងហ្នឹងៗ​រឿងអ្វី​មិនឱ្យ​ក្មេងៗ​ដូចជា​សិស្សស្រីៗ​នាំគ្នា​ភ្លើតភ្លើន​ដល់ភ្លេច​ខ្លួន ហ៊ាន​ស្លៀកសំពត់​ខើច លេចគល់​ភ្លៅ​ទៅអង្គុយ ក្នុងថ្នាក់​ឱ្យ​សិស្ស​ប្រុសៗម្នាក់ៗ​លួចដៀង​កន្ទុយ​ភ្នែក​ភ្លេចស្ដាប់​គ្រូ ភ្លេចការ​រៀនសូត្រ។ ដើម្បី​អនាគត​ល្អ​របស់​ប្រទេសជាតិ​គេត្រូវ​មាន កុមារ និង​ក្មេងៗ​ដែលបាន​ទទួល​ការ​អប់រំ​ចំណេះវិជ្ជា​ល្អ​ទាំង​ជាមួយ​សីលធម៌​ត្រូវផ្លូវ​ឱ្យយល់​ស្គាល់នូវ​អ្វីជា​ក្របខ័ណ្ឌ​ថ្លៃថ្នូរ​ជា​ចាំបាច់។

កម្ពុជា​មាន​អត្ដសញ្ញាណ​មួយ​ជាខ្មែរ​ប្រកាន់​ទំនៀម​ទម្លាប់​ប្រពៃណីខ្មែរ​របស់ខ្លួន ដូចតែ​ប្រទេស​នានាមាន​អត្ដសញ្ញាណ​របស់គេ តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់គេ​នោះដែរ។ ទាំងនេះ​ត្រូវតែ​គ្រប់គ្នា​ជួយ​រដ្ឋាភិបាល ដើម្បី​រួមគ្នា​ជំរុញ​ប្រទេសជាតិ​ឱ្យវិវឌ្ឍន៍​តាមផ្លូវ ត្រឹមត្រូវ។ ការ​លូតលាស់​សេដ្ឋកិច្ច​តែមួយ​មិន​គ្រប់គ្រាន់​ទេ។ គេ​ត្រូវតែ​មានការ​អភិវឌ្ឍន៍​ដួង​ព្រលឹង ជា​មនុស្ស​រស់នៅ​លើទឹក​ដីនឹង​គេ ដែរ។ ពិភព​លោក​ជាសម្បត្ដិ​រួមរបស់​មនុស្ស​លោក​គ្រប់​ជាតិសាសន៍ បូករួម​ទាំង​ទំនៀម​ទម្លាប់​ប្រពៃណី​ទៀតផង​ដែរ។

បណ្ដាំ​ផ្ញើ

បើខ្មែរ​មិនយល់ ហើយ​មិនព្រម​រៀន​យល់អំពី​អ្វីជា​ករណីយ​កិច្ច​របស់​ខ្លួន និងមិន​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ជា​ពលរដ្ឋ​របស់សង្គម​មួយ​នៅលើ​ទឹកដី​ដែល​ធ្លាប់មាន​ប្រវត្ដិ​ជាទី​កំណើត​អរិយធម៌​រុងរឿង​កំពូល​មួយ​នៅលើ​ពិភពលោក​នេះទេ នោះខ្មែរ​គ្រប់គ្នា​នឹង​រងការ​ស្ដីបន្ទោស​របស់​មនុស្ស​ជំនាន់​ក្រោយ។ ខ្មែរ​មិនមែន​ខ្សោយ​គ្មាន​សមត្ថភាព​នោះទេ ហើយនេះ​មិនខុស​ពីប្រសាសន៍​របស់​សម្ដេច នាយករដ្ឋ​មន្ដ្រី​កម្ពុជា ហ៊ុន សែន ដែលថា​ខ្មែរបាន​កសាង​មហាប្រាសាទ​អង្គរវត្ដ​ដោយ​ខ្លួនឯង មិន​ចាំបាច់​ពឹង​ជំនួយ​ពី​ប្រទេស​ណាឡើយ។ ប៉ុន្ដែ​ខ្មែរ​សម័យ​នេះត្រូវ​ភ្ញាក់​រលឹក​ស្រុះគ្នា និង​រួមគ្នា​តម្រង់​ផ្លូវ​សីលធម៌ ចាប់តាំង​ពីការ​ធ្វើឱ្យ​កូនខ្មែរ ជា​ពិសេស​សិស្ស​ស្រីៗ​កុំស្លៀក​ខ្លីខើច​លើខើច​ក្រោម​ចូល​សាលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative