នាងខ្ញុំឡូយទេ!?

នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​នូវការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​សង្គម​ទាំងមូល​បាន​ផ្លាស់ប្ដូរ​មុខមាត់​ទាំង​ស្រុង។ ទន្ទឹម​នឹង​ការ​រីកចម្រើន​នេះ​ក៏នៅ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​បាន​កើត​មាន ជា​ពិសេស​​ចំពោះ​យុវវ័យ​ដែល​ជាវ័យ​ដ៏ស្រស់​ស្អាត ហើយ​ជា​ក្ដី​រំពឹង​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត។ បច្ចុប្បន្ន​នេះ​កិរិយា​មារយាទ​របស់​យុវវ័យ​ខ្មែរ​បាន​ផ្លាស់ប្ដូរ​ស្ទើរ​តែ​ទាំងស្រុង ជា​ពិសេស​យុវតី​ខ្មែរ​ដែល​តាំង​ពី​ដើម​រៀងមក មាន​តួនាទី​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ដ៏ល្អ​របស់ខ្មែរ​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ធ្វើការ​សង្កេត​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​ការផ្លាស់​ប្ដូយ៉ាង​គំហុក​របស់​យុវតី​ខ្មែរយើង​នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រពៃណី​ខ្មែរ​ដ៏ផូរផង់​សម្រាប់​សម្រស់ស្ដ្រី

ដោយ​សារតែ​នៅ​ពេល​នេះ​បុរស​ស្ដ្រី​មាន​សិទ្ធិ​សេរីភាព​ស្មើគ្នា ហេតុនេះ​ហើយ​ទើប​យុវតី​ខ្មែរ​មាន​ឱកាស​ក្រៅ​ដើម្បី​ប្រកប​ការងារ​ផ្សេង​ទៅតាម​សមត្ថភាព​ដែល​ខ្លួន​មាន។ ខុស​កាលពី​មុន​ស្ដ្រី​ត្រូវ​បាន​រឹត​បន្ដឹង​ដោយ​កាន់​កាប់​ប្រពៃណី​យ៉ាង​ខ្ជាប់ខ្ជួន​មិនមាន​សិទ្ធិ​​ក្នុងការ​ដើរហើរ ប្រាស្រ័យ​ទាក់ទង​ជាមួយ​នរណា​ផ្ដេសផ្ដាស​បាន​ឡើយ។ កាល​ពីមុន​ស្ដ្រីខ្មែរ​ទន់ភ្លន់ ថ្លៃថ្នូរ​មាន​​អំណត់ និង​ភាព​ផូរផង់​ដូច​សំពត់​ក្នុងផ្នត់ សុភាព​រាបសា សក្ដិសម​ជា​មាតា​ពិភព​លោក។ ហេតុនេះ​ហើយ​បានជា​នៅ​តាម​ជញ្ជាំង​នៃ​ប្រាសាទ​នានា​បាន​បង្ហាញ​គ្រប់​កាយវិការ​ទាំង​អស់​របស់​ស្ដ្រីខ្មែរ ​តាមការ​រាំ​នូវ​របាំ​នានា​សុទ្ធតែ​បញ្ជាក់​ពីភាព​រឹងមាំ ការ​ប្រកាន់​យក​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ស្ដ្រី ដែល​មាន​ដូចជា​ការ​ចូល​ម្លប់ ការ​ប្រតិបត្ដិ​ចំពោះ​ឪពុក​ម្ដាយ​ញាតិ​មិត្ដ ការ​គោរព​ចំពោះ​ស្វាមី​ជាដើម តាំងពី​​ពេលទើប​នឹង​កើត​រហូតដល់​ថ្ងៃ​ស្លាប់​ទៅវិញ​ក៏​នាំ​ទៅ​ជាមួយ​ភាពល្អ​ឥត​ខ្ចោះ​នេះ​ដែរ។

យុវតី​ខ្មែរ​បច្ចុប្បន្ន​ភ្លើតភ្លើន​ភ្លេចខ្លួន

នៅ​សម័យកាល​ដ៏ទំនើប​នេះ ភាព​ផូរផង់​របស់យុវតី​ខ្មែរ​ដែល​បាន​រៀបរាប់​ខាង​លើ​ត្រូវបាន​យុវតី​មួយ​ចំនួន​បង្ក​ឱ្យមាន​ការ​​​​​​​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្ដិយស សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ឥត​ខ្ចោះ​របស់​យុវតី​ទាំង​អស់​ហើយ។ ការ​ហក់លោត​ទៅតាម​ភាព​ជឿន​លឿន​នៃសម័យ​កាល​បាន​ធ្វើ​ស្ដ្រី​ខ្មែរ​ពុល​នឹង​បរិយាកាស​សង្គម និង​ទទួល​យក​វប្បធម៌​ដែល​ហូរចូល​មក​ពី​ក្រៅ​ដោយ​មិន​ដឹង​ខ្លួន​ភ្លេច​គិត​ពីភាព​ថ្លៃថ្នូរ​ប្រពៃណី​ដ៏ល្អ​ផូរផង់​របស់​ខ្មែរ​ពីដើម​រៀងមក។ ការ​ភ្លើនភ្លើន​ទាំងនេះ​បាន​ស្ដែង​ចេញ​យ៉ាង​ព្រហើន​នៅរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​តាម​រយៈ​ចំណុច​អសកម្ម​មួយ​ចំនួន​ដូចជា​ការ​ស្លៀកពាក់ ការ​មាន​កំណាន់​ចិត្ដ ឬ​សង្សារ​ជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ការ​ប្រើប្រាស់​សម្លៀក​បំពាក់ ៖ សេរីភាព​ហៀរ​កែង​កំពុង​ឆ្លុះ​បញ្ចាំង​បង្អាប់​មុខមាត់​ប្រទេស​ជាតិ​នៅ​ពេល​ដែល​គេ​ក្រឡេក​ឃើញ​ក្មេង​ស្រី​បាន​ប្រើប្រាស់​សម្លៀក​បំពាក់​ខើចលើ ខើចក្រោម បញ្ចេញ​សាច់​ទ្រូង គល់​ភ្លៅ ខោ​គូទ​ខ្លី​ចេញ​ច្រវែប​កំប៉េះ​គូទ។ ជា​ពិសេស​​អ្វីដែល​កាន់​តែ​យ៉ាប់​នោះ ក្មេង​ស្រី​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជាសិស្ស​សាលាបែរ​ជា​នាំគ្នា​កែ​សំពត់​ខៀវ​ឱ្យ​ទៅ​សំពត់​ដែល​ខ្លី​ខើច​លេច​​ចេញ​គល់​ភ្លៅ ដើរ​ចូល​សាលា​រៀន​ដោយ​គ្មាន​នរណា​ចាំ​តម្រង់​ផ្លូវ​នោះ​ទេ សូម្បី​តែ​ឪពុក​ម្ដាយ ឬ​គ្រូប​ង្រៀន​ក៏ហាក់​ដូច​ជា​ពុំយកចិត្ដ​ទុកដាក់​គិតគូរ​ដល់​ផល​វិបាក​នៃការ​បង្កើត​ទម្លាប់​ខុសក្បួន​ដូច្នេះ​ទេ។

2. ការ​សេពគប់​សង្សារ ឬ​កំណាន់​ចិត្ដ ៖ អ្វី​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​យុវវ័យ​ខ្មែរ​ហៅថា​ជាការ​ទាន់​សម័យ​នោះ​គឺ ការ​មាន​សង្សារ។ ព្រោះ​នរណា​ម្នាក់​ដែល​មិនមាន​សង្សារ​ត្រូវតែ​ស្វែងរក​ឱ្យមាន​ដូចគេ ទើប​បាន​ដើរលេង​ជាមួយ​គ្នា​ទៅវា​ទាន់​សម័យ។ ជាក់ស្ដែង​ក្មេងស្រី​ខ្លះ​មិនទាន់​រៀន​ចប់​បឋម​សិក្សា​នៅ​ឡើយ​ទេ តែមាន​សង្សារ​ទៅហើយ ដោយ​ពួកគេ​មិនយល់​ថា​សង្សារ​ជាអ្វី? មូលហេតុ​ចាំបាច់​ត្រូវមាន​សង្សារ? តាម​សង្កេត​មើល​ទៅ​​ពួក​គេគ្រាន់​តែដឹង​ថាពួក​គេត្រូវ​ការ​មនុស្ស​ម្នាក់​មក​បណ្ដើរ​គ្នា​លេង​ដូចគេឯង​តែ​ប៉ុណ្ណោះ។ នេះហើយ​ជា​ចំណុច​គ្រោះថ្នាក់​ដែល​ធ្វើឱ្យ​យុវតី​ខ្លះ​ត្រូវ​រងគ្រោះ​ដោយ​សារ​តែភាព​ភ្លើតភ្លើន​និង​ការ​ត្រាប់​តាម​គ្នា មិន​គិត​មុខក្រោយ​​របស់​ពួកគេ​ដែល​ទី​បំផុត​អ្វី​ដែល​ពួកគេ​ទទួល​បាន​នោះគឺ​ការ​បាត់​ព្រហ្មចារី ព្រោះ​ជួប​ប្រុស​ព្រាន ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ការ​ឆ្លង​ជម្ងឺ​ផ្សេងៗ​តាម​ផ្លូវ​ភេទ ការ​ខូចចិត្ដ ខូច​អនាគត​ជាដើម។ ក្រៅពីនេះ​មាន​នារី​ជា​ច្រើន​ជ្រើសរើស​ការ​រស់​នៅ​ជាមួយ​គ្នា​មុន​ពេល​រៀប​ការ ឬ​ដោយ​មិន​រៀបការ​តែម្ដង ដែល​ចំណុច​នេះជា​ការ​ដែលស្ដែង​ចេញ​យ៉ាង​ច្បាស់​លាស់​នូវគំនិត​មើល​ងាយ មើល​ថោក​ដល់ វប្បធម៌​ប្រពៃណី​ខ្មែរ ដែល​បាន​ឱ្យតម្លៃ​យ៉ាងខ្លាំង​ទៅ​លើការ​រៀបការ ដោយ​ចាត់ទុក​ថាកូន​ស្រី​រូបណា​ដែល​បាន​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល​ជា​ការ​សងគុណ​មួយ​យ៉ាង​ធំធេង​ដល់​មាតា​បិតា​ដែល​ចិញ្ចឹម​បីបាច់​តាំង​ពីតូច​មក។ វប្បធម៌​ទាំងនេះ​បើ​នៅ​ក្នុង​សង្គម​បរទេស​មិន​ថ្វីទេ ព្រោះ​ពួកគេ​មាន​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ពួកគេ។ ម្យ៉ាង​ពួកគេ​ក៏មិន​ដែល​ចង់​អនុវត្ដ​អ្វីដែល​ជា​ប្រពៃណី​របស់​ខ្មែរ​យើងទេ ហេតុអ្វី​ខ្មែរ​យើង​ចង់​ធ្វើតាម​គេ? ហេតុផល​មួយទៀត​ដែល​ពួក​គេអាច​ធ្វើ​បែប​នេះ​បាន ក៏​ព្រោះតែ​ពួកគេ​មាន​លទ្ធ​ភាព មាន​តុល្យ​ភាព ផ្នែក​សេដ្ឋកិច្ច ​ហេតុ​នេះ​នៅពេល​ដែល​គេរស់​នៅ​ជាមួយគ្នា​មួយរយៈ​ពេល បើ​មិនចុះ​សម្រុង​គ្នា​គេ​បែកគ្នា​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ។ ផ្ទុយ​មកវិញ​ស្ដ្រីខ្មែរ​មួយ​ភាគ​ធំ​រស់នៅ​ដោយ​សារ​ពឹងផ្អែក​លើ​ប្ដី​ឬ​បុរស ហេតុ​នេះ​ហើយ​បើមាន​រឿង​អ្វី​ប្រាកដ​ជា​មិន​អាច​ទ្រាំទ្រ​បាន​បញ្ហា​វានៅ​ត្រង់​នេះ​ទើប​យើង​មិនគួរ​នឹងទៅ​យក​តម្រាប់​តាម​អ្វី​ដែល​មិនមែន​ជា​របស់​យើង​ធ្វើអ្វី។

3. កិរិយា​មារយាទ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ៖ ចំពោះ​ពាក្យថា ស្ដ្រី​ខ្មែរ​សុភាព​រាបសា​ដូច​សំពត់​ក្នុង​ផ្នត់​លែង​មាន​ទៀត​ហើយ​ចំពោះ​នារី​មួយចំនួន​ព្រោះ​គេបាន​កែប្រែ​ស្ទើរតែ​ទាំង​ស្រុង។ ពួក​គេ​ហ៊ាន​គេច​សាលា បង្ហោះ​ម៉ូតូ វ៉ៃ​គ្នា​តាម​ទីសា​ធារណៈ​ដណ្ដើម ​សង្សារ​គ្នា សេព​​គ្រឿងញៀន មាន​សង្សារ​មិន​រើសមុខ រួមភេទ​ដោយ​សេរី ជេរ​ប្រមាទ​ឪពុក​ម្ដាយ​គ្រូប​ង្រៀន គ្មាន​ភាព​ខ្មាស​អៀន ឱប​ថើបគ្នា​នៅ​តាម​ទី​សាធារណៈ រហូត​ខ្លះ​ទៀត​បាន​ប្រព្រឹត្ដ​លើស​ពីអ្វី​ដែល​មនុស្ស​ធ្វើ​រហូតដល់​ថ្នាក់​ប្រឡង​ដោះ​អាវ រាំ​ស្រាត ប្រ​ឡង ថើប​​គ្នាជា​ដើម។ ខ្លះទៀត​ជ្រុលខ្លួន​ដក​មិនរួច​បាន​ក្លាយ​ជា​នារី​លក់​ភេទ ញៀន​ថ្នាំ​យ៉ាង​ពាលា​អាវាសែ​ជាទី​បំផុត។ អ្វីដែល​លើក​មក​ជម្រាប​ជូនខាង​លើនេះ​គ្រាន់​តែមាន​បំណង​ចង់​ពញ្ញាក់​អារម្មណ៍​ឱ្យលោក​អ្នក​ជាឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ មាន​​ការប្រុង​ប្រយ័ត្ន​ចំពោះ​កូនស្រី និង​យុវតី​ទាំងឡាយ​សូម​កុំខ្លាច​មិនទាន់​សម័យ​ឱ្យសោះព្រោះ​បើនាង​នៅ​ក្រោយ​សម័យ​បន្ដិច​ក៏មិន​អីដែរ សំខាន់​ឱ្យតែ​មានភាព​ថ្លៃថ្នូរ គោរព​ប្រពៃណី​ជារឿង​មួយ​ដែល​នាង​បាន​ធ្វើយ៉ាង​ប្រសើរ​បំផុត។ សូមឱ្យ​តម្លៃខ្លួន​ឯង​ឱ្យ​ខ្ពស់​នោះ​នាង​នឹង​មិន​អាច​ប្រព្រឹត្ដ​អ្វីឱ្យ​អាប់ឱន​បានទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative