វិធីបណ្ដុះរោម

នៅលើ​ដងខ្លួន​របស់​បងប្អូន​មួយ​ចំនួន​មិនសូវ​ជាមាន​រោម​ប៉ុន្មាន​ទេ ហើយ​ចង់​បាន​រោម​ដែល​មើលទៅ​គួរជាទី​គយគន់​របស់ ភ្នែក​អ្នក​ដទៃ។ នៅ​ពេលនេះ​លោកអ្នក​ពិតជា​សមដូច​បំណង​មិនខាន​ឡើយ ដោយ​វិទ្យា​សាស្ដ្រ​កាន់​តែ​ទំនើប​បាន​ស្រាវជ្រាវ​និង​បង្កើត​នូវ​ផលិតផល​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​សុបិន​របស់​លោកអ្នក​អាចក្លាយ​ជា​ការពិត​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​ផង។ លោកអ្នក​ពិតជា​ចង់ដឹង​ណាស់​មែនទេ​ថា តើមាន​ផលិតផល​អ្វី និង​មាន​វិធី​យ៉ាងណា​ខ្លះ ដើម្បី​​ឱ្យរោម​ដុះស្អាត​បាន​ល្អ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ប្រធានបទ​មួយ​ដែល​និយាយ​ពីការ​បណ្ដុះរោម​នៅលើ​ដងខ្លួន​មកផ្សាយ​ជូន​សម្រាប់​ប្រិយមិត្ដ​អ្នកអាន​ទាំង​អស់​ដើម្បី​ជាការ​យល់ដឹង​ដោយ​បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោកស្រី សិទ្ធិ ច័ន្ទហេង អ្នក​ជំនាញ​នៅសាលា​បង្រៀន​កែសម្ផស្ស​ថប​ស្ដៃយ៍។

មូលហេតុ​នៃការ​បណ្ដុះ​រោម

មនុស្ស​ម្នាក់ៗ​មានភាព​ខុសគ្នា ទៅតាម​ធម្មជាតិ​បាន​បង្កើត​ឡើង។ អ្នកខ្លះ​មាន​សម្បុរ-ស ខ្លះ​ខ្មៅ ខ្លះទៀត​មាន​សក់ច្រើន រោមច្រើន ឯ​អ្នកខ្លះ​ទៀត​ក៏មិន​សូវ​មាន។ ចំណែក​ឯមនុស្ស​មួយ​ចំនួន​តូច​ទៀត​គ្មាន​សក់ ​គ្មាន​រោម​ពីកំណើត​តែម្ដង ដែល​មើល​ទៅ ហាក់​បីដូច​ជាបាន​បាត់បង់​នូវ​សោភ័ណភាព​នៃរាង​កាយ។ កត្ដា​ទាំងនេះ​គឺបណ្ដាល​មកពី​ការ​លូតលាស់​របស់​អ័រម៉ូន​របស់​មនុស្ស​ម្នាក់ៗ និង​ទៅតាម​ការ​ចេះ​រក្សា​ផង​ដែរ។ ប៉ុន្ដែ​ការបាត់​បង់​សោភ័ណភាព​ទាំង​នេះ​យើង​អាច​ធ្វើការ​កែខៃ​បាន​ដោយ​ប្រើ​នូវ​វិធី​សាស្ដ្រ​មួយ​ចំនួន​ដូចដែល​បាន​រៀបរាប់​ជូន​ខាង​ក្រោម​នេះ។

វិធី​បណ្ដុះរោម​លើ​ដងខ្លួន

បច្ចុប្បន្ន​ការបណ្ដុះ​រោម​មាន​វិធី​សាស្ដ្រ​ច្រើន​ប្រភេទ។ ក្នុង​នោះ​រួមមាន​វិធី​សាស្ដ្រ​បណ្ដុះ​រោម​តាមរយៈ​ការ​ទទួលទាន​ថ្នាំ ការ​ប្រើទឹក​ស៊ីរ៉ូម ការ​ដាំ និង​ការប្រើ​ក្រែមលាប​ជាដើម។ នៅតាម​បណ្ដា​មជ្ឈមណ្ឌល​កែសម្ផស្ស​មួយ​ចំនួន អ្នក​ជំនាញ​បាន​ប្រើ​នូវ​វិធី​សាស្ដ្រ​ផ្សេងៗ​ពីគ្នា។ មាន​វិធី​សាស្ដ្រ​ចំនួន​ពីរ គឺ​បណ្ដុះ​រោម​ដោយ​ប្រើ​ទឹក​ស៊ីរ៉ូម និង​ការ​បណ្ដុះ​រោម​ដោយ​ការ​ទទួលទាន​ថ្នាំ។

1. វិធី​បណ្ដុះរោម​តាមរយៈ​ការ​ប្រើ​ទឹក​ស៊ីរ៉ូម ៖ មុន​ដំបូង​ចាំបាច់​ត្រូវ​ធ្វើ​ការ​សម្អាត​ស្បែក​ដោយប្រើ​សាប៊ូ​ឱ្យ​ត្រូវ​ទៅ​នឹង​ប្រភេទ​នៃស្បែក។ បន្ទាប់​មក​ទើប​យក​ទឹក​ស៊ីរ៉ូម​សម្រាប់​បណ្ដុះ​រោម​មកលាប​នៅ​កន្លែង​ដែល​ចង់​បណ្ដុះ ដោយ​ក្នុង​មួយសប្ដាហ៍​ធ្វើ​ការ​លាប​ពីរដង។
2. វិធី​បណ្ដុះរោម​តាមរយៈ​ការទទួល​ទានថ្នាំ ៖ វិធី​សាស្ដ្រ​នេះ​អាច​មាន​ភាព​ងាយស្រួល​ជាង​វិធី​សាស្ដ្រ​ទីមួយ។ ដោយ​​គ្រាន់​តែ​ធ្វើការ​ទទួលទាន​ប្រភេទ​ថ្នាំ​ដែលជួយ​បង្កើន​ការ​ដុះរោម​ជា​ប្រចាំ​នោះ​បំណង​របស់​លោកអ្នក​នឹង​អាច​ក្លាយ​ទៅ​ជា​ការពិត។

ដំបូន្មាន​អ្នក​ឯកទេស

មិនមែន​ជារឿង​ដែលត្រូវ​ពិបាក​ចិត្ដ​នោះ​ទេ ប្រសិន​បើចង់​បាន​រោម​នៅ​លើ​រាងកាយ​ឱ្យ​ស្រស់ស្អាត។ យើង​អាច​ធ្វើ​ទៅបាន​នៅ​តាម​បណ្ដា​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​ចំនួន។ សំខាន់​បំផុត​ត្រូវចេះ​ជ្រើសរើស ​និងជួប​ជាមួយ​អ្នកឯកទេស​ដែល​មាន​ជំនាញ​ច្បាស់លាស់​ទើប​ជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative