សារ៉ាយ សក្ខណា សុខភាព និង​សម្រស់​ជាកាតព្វកិច្ច​ជីវិត

កញ្ញា សារ៉ាយ សក្ខណា គឺជា​តារា​មួយដួង​ដែល​ទើបតែរះ បញ្ចេញ​ពន្លឺ​នៅដើម​ឆ្នាំ​២០០៧។ តាមរយៈ​កាយវិការ ទឹកមុខ ស្រស់ថ្លា​របស់នាង​បានធ្វើ​ឱ្យទស្សនិកជន​ជាច្រើន​សរសើរ​មិនដាច់​ពីមាត់ថា នាងពិត​ជាមាន​ប្រជាប្រិយ​មែន។ លើសពី​នេះទៅទៀត អ្វីដែល​ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មានភាព​ងឿងឆ្ងល់​នោះ គឺរូប​សម្រស់ដ៏​ផូរផង់​គួរជាទី​គយគន់​របស់នាង ដែលធ្វើ​ឱ្យបុរសៗ​មួយចំនួន​ផ្អើល ភ្លូកទឹក​ភ្លូកដី​តាមសុំ​ស្នេហ៍​ពីនាង។ តើនាង​មាន​អាថ៌កំបាំង​យ៉ាងណា​ខ្លះ ទើបធ្វើ​ឱ្យ​សម្រស់​របស់នាង​ស្រស់ស្អាត​បែបនេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ពិតជា​បានយល់​ដឹងពី​វិធី​ថែរក្សា​សម្រស់​របស់​តារា សម្ដែង​រូបស្រស់ សារ៉ាយ សក្ខណា ជា​មិនខាន។

ប្រវត្ដិ​មុន​ចូល​សិល្បៈ

មុន​ចូលចាប់​អាជីព​ជាអ្នក​សិល្បៈ កញ្ញា សារ៉ាយ សក្ខណា គឺជា​សិស្ស​សិក្សា​នៅវិទ្យាល័យ​ឥន្ទ្រទេវី។ ជំហាន​ដំបូង​ដែល កញ្ញា​ចូល​ប្រឡូក​នៅក្នុង​ពិភពសិល្បៈ​គឺនៅក្នុង​ឆ្នាំ២០០៦។ តាមរយៈ​ការ​ចូលរួម​ប្រឡង​ប្រេស៊ី​របស់​ស្ថានីយ​ទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុស្ដិ៍​លេខ៣ ដោយក្នុង​នោះកញ្ញា​ជាប់​ចំណាត់​ថ្នាក់លេខ​រៀងទី៤ និងជាប់​ជាតារា​រូបស្រស់​ស៊ីកាមេរ៉ា។ ក្រោយមក​កញ្ញា​បានជាប់ចំណាត់​ថ្នាក់លេខ១ នៅក្នុង​ការប្រឡង​នៃកម្មវិធី​ប៉ាឡាហ្សូ នៅឆ្នាំ​២០០៦​ដដែល។ លុះក្រោយ​មកដោយ​មាន​ទេពកោសល្យ គួប​ផ្សំជាមួយ​រូបសម្រស់​ដ៏គួរ​ឱ្យខ្នាញ់ កញ្ញា សារ៉ាយ សក្ខណា ត្រូវបាន​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន​អញ្ជើញ​នាងឱ្យ​ចូលរួមសម្ដែង។ ជាក់ស្ដែង​ដូចជា​នៅក្នុង​រឿងសមុទ្រ​បេះដូង​ជាដើម។ ក្រៅពីនោះ​កញ្ញា​ធ្លាប់បាន​ថតសម្ដែង​ចម្រៀង​កាយវិការ​ឱ្យបណ្ដា ផលិតកម្ម​មួយចំនួន​ទៀតដែរ ដូចជា​ផលិតកម្ម​រស្មីហង្សមាស ណាយស្ដារ និង​ផលិតកម្ម​តោមាស​រៃមាស​ជាដើម។

ការ​ថែរក្សា​សម្រស់

ការថែរក្សា​សម្រស់​ឱ្យមាន​សភាព​ស្រស់ស្អាត​រហូតក្មេង​ជាងវ័យ គឺជា​បំណង​ប្រាថ្នា​របស់ស្ដ្រី​គ្រប់រូប ជាពិសេស​អ្នក​ដែល មាន​អាជីព​សិល្បៈ ដូចជា​កញ្ញា សារ៉ាយ សក្ខណា។ ខាងក្រោម​នេះគឺជា​ទម្លាប់ និងវិធី​សាស្ដ្រខ្លះៗ​របស់​តារារូប​ស្រស់ សក្ខណា នៅក្នុងការ​ថែរក្សា​សម្ផស្ស។

  • ការថែរក្សា​ស្បែកមុខ ៖ ជាទូទៅ​កញ្ញា​តែងតែ​លុបលាង​មុខ​នៅពេល​ដែល​ត្រឡប់​មកពី​ខាងក្រៅ និង​មុនពេល​ចូលគេង។ រៀងរាល់​ថ្ងៃ ទោះជា​មានភាព​មមាញឹក​ជាប់​រវល់​ជាមួយ​ការងារ​យ៉ាងណា​ក្ដី សក្ខណា​តែងតែ​ឆ្លៀតពេល​សម្អាត​ផ្ទៃមុខ​ជានិច្ច។ ពេលយប់​កញ្ញាបាន​ជ្រើសរើស​យក​ផលិតផល​មួយ​ជាទឹកជូត​សម្អាត​មុខ បន្ទាប់មក​ទើប​ប្រើប្រាស់​ក្រែមរក្សា​ស្បែកមុខ​ជាក្រោយ។ ចំណែក​ឯពេល​ថ្ងៃវិញ កញ្ញាក៏​បានប្រើ​ប្រភេទក្រែម​លាប​ការពារ​ស្បែក​ផងដែរ ជាពិសេស​នៅពេល​ដែលធ្វើ​ដំណើរ​ចេញទៅ​ខាងក្រៅ និង​ពេលចេញ​ទៅសម្ដែង។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ស្បែកម៉ដ្ឋ​សរលោង គឺជា​បំណង​ប្រាថ្នា​របស់ស្ដ្រី​គ្រប់រូប។ ចំពោះ​បញ្ហានៃ​ការថែរក្សា​ស្បែកដង​ខ្លួនរបស់​សក្ខណា គ្រប់ពេល​ដែលកញ្ញា​ងូតទឹក​ជម្រះកាយ នាង​តែងតែ​ប្រើសាប៊ូ​ដែលមាន​សារធាតុ​ចិញ្ចឹម​ស្បែក។ ក្រោយ​មក នាង​ប្រើ​ផលិតផល​ជំនួយ​ស្បែកលាប​បន្ថែម ជាពិសេស​មុនពេល​ចេញ​ដំណើរ​ចេញទៅ​ក្រៅ ដើម្បី​ឱ្យស្បែក​មាន​សំណើម និង​ម៉ដ្ឋ រលោង។
  • ការ​ថែរក្សា​សក់ ៖ ការ​គាបសក់ និង​តុបតែង​ច្នៃម៉ូដសក់ គឺជា​កត្ដាដែល​ធ្វើឱ្យ​សក់​ងាយខូច។ ជាទូទៅ​កញ្ញា​តែងតែ កក់សក់​ជារៀងរាល់​២ថ្ងៃ​ម្ដង ហើយមាន​ប្រើក្រែម​បន្ទន់សក់​រៀងរាល់​ពេលដែល​ធ្វើការ​កក់សក់​រួច។ ជាធម្មតា កញ្ញា​សក្ខណា ជ្រើសរើស​យកថ្នាំ​អប់សក់​ណាដែល​តម្រូវ​ទៅតាម​សរសៃសក់​របស់នាង ហើយ​កញ្ញា​តែងតែ​ធ្វើការ​អប់ក្នុង​មួយសប្ដាហ៍​ម្ដង ដើម្បី​កុំឱ្យ សក់ខូច ស្ងួត បែកចុង និងធ្វើ​ឱ្យសក់​មានទម្ងន់​ភ្លឺរលោង​ដូចជា​ធម្មជាតិ។
  • ការ​ថែរក្សា​រោមភ្នែក រោម​ចិញ្ចើម និង​បបូរមាត់ ៖ ចំពោះ​រោមភ្នែក​វិញ ភាគច្រើន​កញ្ញា​តែងតែ​ប្រើជារោម​ភ្នែក សិប្បនិម្មិត ដើម្បី​កុំឱ្យ​រោមភ្នែក​ដែលមាន​ពីធម្មជាតិ​នោះដាច់ ឬ​អាចជ្រុះ។ ចំណែក​ឯរោម​ចិញ្ចើម​វិញ សក្ខណា​គ្រាន់តែ​គូសបន្ដិច​បន្ដួច ពីលើ​នៅពេល​ដែលចេញ​ទៅខាង​ក្រៅតែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​បើពេល​ចេញទៅ​ចូលរួម​នៅក្នុង​កម្មវិធី​អ្វីមួយ ឬថត​សម្ដែង គឺកញ្ញា​ចូលចិត្ដ គូស​ស្ដើងៗ ដើម្បីឱ្យ​សក្ដិសម​នឹងមុខ​របស់នាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចំណែក​ឯបបូរមាត់​ក្រហម​ព្រឿងៗ​របស់នាង​វិញ គឺមិនមាន​អ្វីដែល​ជា​អាថ៌កំបាំង​នោះទេ។ រាល់ថ្ងៃ​នាងបាន​ជ្រើសរើស​នូវ ក្រែម​ដែលមាន​សំណើម ហើយ​រលោង ដើម្បី​ធ្វើឱ្យ​បបូរមាត់​មាន​ភាពភ្លឺ និង​មិនបែក​ប្រេះស្ងួត។

  • ការ​ថែរក្សាភ្នែក ៖ ចំពោះ​បញ្ហាភ្នែក​របស់​កញ្ញាវិញ គឺ​មិនសូវ​ជាមាន​បញ្ហាអ្វី ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ទៅលើ​កញ្ចក់ភ្នែក​នោះទេ។ ដោយសារ​តែកញ្ញា​មិនសូវ​ធ្វើការ​ថតផ្ទាល់​ត្រូវនឹង​ពន្លឺ​ព្រះអាទិត្យ។ ជាទូទៅ​អ្នកនាង​តែងតែ​ថតនៅក្នុង​ទីកន្លែង​ដែលត្រជាក់ និង​ប្រើប្រាស់​ពន្លឺភ្លើង​អគ្គិសនី​ច្រើនជាង​ការថត​នៅហាល​វាលកណ្ដាល​ថ្ងៃ។ ដូច្នេះ​ទើបធ្វើ​ឱ្យភ្នែក​របស់​កញ្ញា​នៅល្អ​ស្អាត មើលទៅស្រស់​ពិតៗពី​ធម្មជាតិ។
  • ការ​ថែទាំ​សុខភាព​មាត់ធ្មេញ ៖ ការធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺជា​រឿងដែល​សំខាន់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។ ចំពោះ​បញ្ហា​សុខភាព​មាត់ធ្មេញ កញ្ញា​សក្ខណា​បានយក​ចិត្ដទុក​ដាក់​បំផុត។ ក្នុងមួយ​ថ្ងៃ កញ្ញា​តែងតែ​ធ្វើការ​សម្អាត​យ៉ាងតិច​៣ដង។ ហើយ​ក្នុង​រយៈពេល​មួយខែ កញ្ញា​ទៅគ្លីនិក​ពិនិត្យ​សុខភាព​មាត់ធ្មេញ​មួយដង​ជាប្រចាំ។

ការ​ថែរក្សា​សុខភាព​រាងកាយ

កញ្ញា​សក្ខណា​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​លំហាត់​ប្រាណ​នោះទេ។ មានពេល​ខ្លះទៀត​កញ្ញា​ស្ទើរតែ​គ្មានពេល​គេងផង ដោយ​ការងារ​មមាញឹក​ច្រើន។ ប៉ុន្ដែ​ភាគច្រើន​គឺកញ្ញា​ចូលចិត្ដ​ញ៉ាំ​ផ្លែឈើ និង​បន្លែច្រើន ដែលវា​អាចជួយ​ឱ្យមានសុខភាព​ល្អបាន​មួយកម្រិត​ដែរ ក្រៅអំពី​ការហាត់​ប្រាណ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក៏​កញ្ញាបាន​ខិតខំ​ឆ្លៀត​ពេលវេលា​ខ្លះ​សម្រាប់ ហាត់ប្រាណ​ដែរ ជាពិសេស​ជាងនេះ​ទៅទៀត​នោះគឺ កញ្ញា​តែងតែ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ជាប្រចាំ។ នៅពេល​ដែលមាន​ការអត់​ងងុយ​ដោយការ​ថត​នៅពេល​យប់ជ្រៅ គឺកញ្ញា​គ្រាន់តែ​ដេកបង្គ្រប់​ជាការ​ស្រេច។

បណ្ដាំ​ផ្ញើរ​​​​​​​​​​បស់ សារ៉ាយ សក្ខណា

ការ​យកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព និងការ​ថែរក្សា​សម្រស់ គឺជា​កាតព្វកិច្ច​មួយយ៉ាង​សំខាន់​នៅក្នុង​ជីវិត។ កាលណា​មាន សុខភាព​ល្អ រាងកាយ​មាំមួន និង​សម្រស់​ស្រស់ថ្លា នោះការ​រស់នៅ​ប្រាកដជា​មាន​សេចក្ដីសុខ និងមាន​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​ជាមិន​ខានឡើយ។ ទាំងនេះ​គឺជាបំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប។

ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និងជា​ការអនុវត្ដ​ផ្ទាល់​របស់​កញ្ញា សារ៉ាយ សក្ខណា តែ​ប៉ុណ្ណោះ។ សូម លោក​ស្រីអ្នក​នាងកញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សារ៉ាយ សក្ខណា
  • អាយុ ៖ ១៨ឆ្នាំ
  • កម្ពស់ ៖ ១,៦៦​ម៉ែត្រ
  • ទម្ងន់ ៖ ៤៦​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣២ ២៧ ៣២
  • បងប្អូន ៖ ៤នាក់ ប្រុស​៣នាក់ ជាកូន​ច្បងក្នុង​គ្រួសារ
  • កម្រិត​វប្បធម៌ ៖ បញ្ចប់ត្រឹម​ថ្នាក់ទី​១១
  • អាជីព​បច្ចុប្បន្ន ៖ តារា​ចម្រៀង និង​សម្ដែង
  • ស្រុក​កំណើត ៖ សង្កាត់បឹង​កក់២ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ
  • បំណង​ថ្ងៃអនាគត ៖ បង្កើត​មុខរបរ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative