វិធី​បន្ដឹង​រោម

ស្បែកស្អាត​ជាទី​គយគន់​មួយ​សម្រាប់​មនុស្ស​គ្រប់វ័យ និងជាទី​ប៉ងប្រាថ្នា​មួយផង​ដែរ​ចំពោះ​មនុស្ស​ទាំងពួង។ ប្រសិន​បើ ស្បែក​ដែលមាន​រន្ធរោម​ធំៗ រោមឡើង​ក្រាស់​ហើយ​ច្រើន​ពេកនោះ ក៏​មិនសូវ​ជា​ស្រស់ស្អាត​ប៉ុន្មាន​ដែរ។ មិត្ដ​អ្នកអាន​ទាំងអស់​ពិត ជាចង់​ដឹង​ហើយ​មើលទៅ​ថា តើមាន​វិធី​ណាខ្លះ​ដែលអាច​ធ្វើឱ្យ​រន្ធរោម​តូចជិត​ល្អនោះ។ កាលណា​រន្ធរោម​តូចក៏​ធ្វើឱ្យ​រោមស្ដើងៗ និង​ធ្វើឱ្យ​ស្បែក​ម៉ដ្ដទន់​រលោង និងមាន​ភាព​ស្រស់ស្អាត​ថែមមួយ​កម្រិត​ទៀត​ផងដែរ។

រូបភាពទស្សនាវដ្តីសុភាពយើង

ទស្សនាវដ្ដី សុខភាពយើង ពេលនេះ​បានធ្វើ​សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ជៀប វិសុទ្ធា ដែលជា​អ្នក​ជំនាញ​នៅ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ឡាស៊ែរស្គីនតិច ដែលបាន​ផ្ដល់ជា​បទសម្ភាសន៍​យ៉ាង​ក្បោះក្បាយ ដើម្បី​ចែក​រំលែក​នូវ​បទពិសោធន៍ ទៅដល់​មិត្ដ​អ្នកអាន។

មូលហេតុ​ដែល​ធ្វើឱ្យ​រន្ធរោម​រីកធំ

មាន​មូលហេតុ​មួយចំនួន​ដែលធ្វើ​ឱ្យរន្ធរោម​រីកធំបាន ដោយ​សារតែ​ការកោរ ឬ​ដករោម​ច្រើនដង។ មាន​បងប្អូន​មួយចំនួន មិនបាន​ដឹងពី​ការដករោម​ត្រឹមត្រូវ​របស់​ខ្លួនឡើយ ជាហេតុ​បណ្ដាលឱ្យ​ស្បែក​កន្លែង​ដែល​ដុះរោម​នោះឡើង​កន្ទួលៗ រោមដុះ​កាន់តែ ក្រាស់​ទៅៗ និង​កាន់តែ​ច្រើន​ទៀតផង។ ទង្វើនេះ​កាន់តែ​ច្រើន​ដងទៅៗ ក៏ធ្វើ​ឱ្យរន្ធរោម​រីកធំ កន្ទួល រោម​កាន់តែ​ក្រាស់ និង​ច្រើន មើលទៅ​មិនជាទី​គយគន់​សព្វភ្នែក​មនុស្ស​ដែលនៅ​ជុំវិញ​ទេ។

វិធី​បន្ដឹង​រោម

កាល​ពីមុន មានវិធី​បុរាណ​មួយចំនួន​ដែលអាច​ធ្វើឱ្យ​រន្ធរោម​ជិតតូច និងធ្វើ​ឱ្យស្បែក​មាន​សុខភាពល្អ​ថែមទៀត​ផង ដោយ កាល​ណោះមាន​ផលិតផល​ដូចជា​ឡេលាប ដែល​បងប្អូន​ភាគច្រើន​និយម​ជ្រើសរើស​យកមក​ប្រើខ្លាំង​ណាស់ ក្នុង​គោលបំណង​ចង់ ទទួល​បាននូវ​ភាព​ស្រស់ស្អាត។

ដោយ​ក្នុងពេល​នេះ វិទ្យាសាស្ដ្រ​កំពុងតែ​រីក​ចម្រើន យើងមាន​វិធី​កាន់តែ​ងាយស្រួល​ទៅៗ ចំពោះ​បងប្អូន​ដែលមាន​បំណង ចង់បាន​រន្ធរោម​ជិតល្អ និងធ្វើ​ឱ្យស្បែក​ម៉ដ្ដខៃ​នោះ។ ដើម្បី​ធ្វើឱ្យ​រន្ធរោម​ជិតល្អ និងមាន​សោភ័ណភាព​បាននោះ បច្ចុប្បន្ននេះ​គេប្រើ​ជា ឡាស៊ែរ​ម្យ៉ាង ដែល​ធ្វើឱ្យ​រោមស្ដើង​ទៅៗ មិនក្រាស់​ដូចជា​ពេលមុន​ពេល​មិនទាន់​បាញ់​ឡាស៊ែរ​ទេ។ កាលណា​រោម​កាន់តែ​ស្ដើង នោះវា​ធ្វើឱ្យ​រន្ធរោម​កាន់តែ​តូចជាងមុន​ផងដែរ។ ការបន្ដឹង​រន្ធរោម​នេះ​មិនមែន​ធ្វើតែ​ម្ដងយើង​នឹង​ទទួល​លទ្ធផល​នោះទេ យើងត្រូវ​ធ្វើវាច្រើន​ដង ទៅតាម​ទីកន្លែង​ដែលយើង​ចង់ឱ្យ​រន្ធរោម​នោះតូច។ ជា​ឧទាហរណ៍ រោម​នៅលើ​ក្លៀក​ភាគច្រើន​ធ្វើ​រយៈពេល​៦សប្ដាហ៍​ម្ដង និងរោម​ដៃជើង​៨សប្ដាហ៍​ម្ដង។ ការ​បន្ដឹង​រោមបាញ់​ឡាស៊ែរ​នេះមាន​ច្រើន​ប្រភេទ​ទៅតាម​ឧបករណ៍​ឡាស៊ែរ​នីមួយៗ ដោយ​ប្រភេទ ឡាស៊ែរ​ខ្លះទាមទារ​ឱ្យយើង​ដាក់ថ្នាំ​ស្ពឹក ខ្លះ​ត្រូវការ​ឱ្យយើង​ដាក់ជែល​ត្រជាក់ និង​ខ្លះទៀត​ត្រូវការ​ចំហាយ​ត្រជាក់ ដើម្បី​ការពារ​ស្បែក កុំឱ្យ​ក្រហម​ជាដើម។

ប្រការ​គួរ​ចៀសវាង​ពេល​បន្ដឹង​រោម

ចំពោះ​អតិថិជន​ណាដែល​ចង់ធ្វើ​ការ​បំបាត់​រន្ធរោម​នេះ ត្រូវហាម​និងត្រូវ​មាន​តំណម​ខ្លះរយៈពេល​២សប្ដាហ៍​មុនពេល​ធ្វើការ បាញ់​ឡាស៊ែរ ជា​អាទិ​មានការ​ហាម​មិនឱ្យ​អតិថិជន​ត្រូវ​កម្ដៅខ្លាំង ដូចជា​ហាលថ្ងៃ​នៅមាត់​សមុទ្រ​ជាដើម និងហាម​មិនឱ្យ​ប្រើប្រាស់ ផលិតផល​បកស្បែក ឬ​ខាត់ស្បែក ឬ​បករោម​ជាដើម មុនពេល​ធ្វើការ​បាញ់​ឡាស៊ែរ​ចំនួនពីរ​សប្ដាហ៍មុន។ ស្បែក​ដែលបាញ់​ឡាស៊ែរ​ត្រូវតែ​ស្អាត គ្មាន​ធូលីដី ប្រសិន​បើចង់​បំបាត់​រន្ធរោម​នៅ​ផ្ទៃមុខ ត្រូវ​សម្អាត​មុខជា​មុនសិន ទើបធ្វើ​ការបាញ់​ឡាស៊ែរ​ជាក្រោយ។

ដំបូន្មាន​អ្នក​ឯកទេស

យើងបាន​ដឹងរួច​មកហើយ​ថា រន្ធរោម​រីកធំ​ដោយសារ​ការដក​ច្រើនដង និងការ​កោរច្រើន​ដងពេក។ ដូច្នេះ​មិត្ដអ្នក​អាន ទាំងអស់​ត្រូវ​ចៀសវាង​ការដក​រោម​ច្រើនដង​ក៏ដូចជា​ការកោរ​ផងដែរ។ អ្វីដែល​សំខាន់​ជាងនេះ​ទៀតនោះ គឺត្រូវ​ជ្រើសរើស​យកទីកន្លែង​ណាដែល​មាន​ប្រសិទ្ធភាព និង​បទពិសោធន៍​ត្រឹមត្រូវ​ផងដែរ ទើប​ទទួលបាន​នូវ​គុណភាព​ល្អចំពោះ​រូប​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative