ទំនិញ​ឡើងថ្លៃ​ប៉ះពាល់​សុខភាព

មនុស្ស​គ្រប់រូប​អាចមាន​សុខភាព​ល្អទៅបាន គឺ​អាស្រ័យ​ទៅលើ​ការ​ទទួលបាន​នូវ​ចំណី​អាហារ និងការ​សម្រាក​គ្រប់គ្រាន់។ យ៉ាងណា​ម៉ិញ នៅពេល​ដែលមាន​ការ​ប្រែប្រួល​នូវកំណើន​សេដ្ឋកិច្ច ក៏អាច​បណ្ដាលឱ្យ​មានផល​ប៉ះពាល់​ទៅដល់​សុខុមាលភាព​របស់មនុស្ស​ផងដែរ តាមរយៈ​ការឡើង​ថ្លៃនៃ​ទំនិញ​សព្វសារពើ ដែលជា​ហេតុធ្វើ​ឱ្យពុំមាន​លទ្ធភាព​គ្រប់គ្រាន់​នៅក្នុង​ការចំណាយ​ទៅលើតម្លៃនៃ​មុខទំនិញ​នីមួយៗ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាច្រើននាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​ការ​ត្អូញត្អែរ​អំពី​សុខភាព ក៏ដូចជា​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​មានការ​លំបាកច្រើន ចាប់តាំង​តែពី​ទំនិញ​នានា​នៅលើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ឥតឈប់​ឈរ​នាពេល​កន្លងមក។

មូលហេតុ​ដែលធ្វើ​ឱ្យទំនិញ​ឡើងថ្លៃ

មាន​មូលហេតុ​មួយចំនួន​ដែលធ្វើ​ឱ្យទំនិញ​នៅលើ​ទីផ្សារ​មានការ​ឡើងថ្លៃ។ ប៉ុន្ដែកត្ដា​ដែល​នាំឱ្យមាន​ការជះ​ឥទ្ធិពល​ខ្លាំងទៅ លើ​ការឡើងថ្លៃ​ទំនិញនេះ គឺបណ្ដាល​មកពី​ឥទ្ធិពល​នៃការ​ឡើងតម្លៃ​ឥត​ឈប់ឈរ​នៃ​ប្រេងឥន្ធនៈ។ មូលហេតុ​ដែល​បណ្ដាលឱ្យ​ប្រេង សាំង​ឡើងថ្លៃ​នាពេល​បច្ចុប្បន្ន​នេះ បញ្ហា​សំខាន់គឺ​មកពី​តម្រូវការ​នៅក្នុង​ពិភពលោក​មានការ​កើនឡើង ដូចជា​ប្រទេសចិន និង​ឥណ្ឌាជា ដើម ដែល​កំពុងតែ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាងខ្លាំងក្លា តម្រូវ​ឱ្យមាន​ការ​ប្រើប្រាស់​នូវ​ថាមពល​ចំហេះ​ប្រេងឥន្ធនៈ។ ដូច្នេះ​បើតម្លៃ ប្រេងឥន្ធនៈ​ឡើងថ្លៃ នោះតម្លៃ​នៃទំនិញ​សព្វសារពើ​ទាំងអស់​នៅលើ​ទីផ្សារ​ក៏កើនឡើង​ដែរ។ យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​យ៉ាងច្បាស់ ហើយ​ថា រាល់ទំនិញ​ទាំងអស់​ភាគច្រើន​គឺត្រូវ​ធ្វើការ​ដឹកជញ្ជូន​ដោយ​ប្រើយានយន្ដ ឬ​ទោចក្រ​យានយន្ដ ទើបអាច​នាំយក​ទំនិញ​ទាំងអស់​នោះទៅ​ដាក់លក់​នៅលើ​ទីផ្សារ​បាន។ រាល់ចំណូល​ដែល​ទទួល​បានមក​ពីការ​លក់ទំនិញ មួយភាគ​ធំ​ត្រូវ​បែងចែក​ទៅលើ​ការចំណាយ​នៃថ្លៃ​ដឹក​ជញ្ជូន។ ដូច្នេះ​ចាំបាច់​បំផុត គឺតម្រូវ​ឱ្យមាន​ការតម្លើង​ថ្លៃទំនិញ។

នៅមាន​ចំណុចមួយ​ទៀតក៏​ជាមូលហេតុ​ដែល​បណ្ដាលឱ្យ​មុខទំនិញ​ឡើងថ្លៃ​ផងដែរ​នោះ គឺ​បណ្ដាល​មកពី​ការឡើង ឬចុះ​នៃ តម្លៃ​រូបិយប័ណ្ណ និង​តម្លៃ​រូបិយវត្ថុ​នៅក្នុងស្រុក​នៅលើ​ទីផ្សារ។ ដោយសារ​ហេតុថា រាល់ការ​នាំចូល​ផលិតផល និង​គ្រប់មុខ​ទំនិញ​ទាំង អស់ ភាគច្រើន​ត្រូវធ្វើ​ការ​ទូទាត់​គិតជា​រូបិយប័ណ្ណ​(ប្រាក់ដុល្លារ)។ ដូច្នេះ​បើមាន​អត្រា​ប្រែប្រួល​រវាង​ប្រាក់​ក្នុងស្រុក និង​ក្រៅស្រុក ក៏ ជាបញ្ហា​មួយដែល​បណ្ដាលឱ្យ​មុខទំនិញ​ឡើងថ្លៃ​ផងដែរ។

ផល​ប៉ះពាល់​ពេលដែល​ទំនិញ​នានា​ឡើងថ្លៃ

នៅពេល​ដែលមុខ​ទំនិញ​មានការ​ឡើងថ្លៃ វាអាច​បង្កឱ្យ​មានផល​ប៉ះពាល់​ដោយផ្ទាល់ និងដោយ​ប្រយោល​ជាច្រើន​ទៅដល់ សង្គមជាតិ​ទាំងមូល។ ចំពោះ​អ្នកដែល​ទទួល​រងគ្រោះ​ដោយផ្ទាល់​នោះ គឺជា​ប្រជាពលរដ្ឋ​ដែល​បម្រើ​ការងារ​នៅតាម​បណ្ដា​អង្គការ ក្រុមហ៊ុន ស្ថាប័ន​នានា និង​កម្មករ កម្មការិនី​រោងចក្រ​ជាដើម ដែល​ពួកគាត់​ទទួលបាន​នូវ​​​​​ប្រាក់​បៀវត្សរ៍​ទាប។ រាល់ប្រាក់​បៀវត្សរ៍​របស់ ពួកគាត់ ភាគច្រើន​ទទួលបាន​ជាប្រាក់​ក្រៅស្រុក​(ប្រាក់ដុល្លារ) ប៉ុន្ដែ​នៅពេល​ដែល​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ត្រូវគិត​ជាប្រាក់ក្នុងស្រុក​វិញ(ប្រាក់រៀល)វិញ។ ទាំងនេះ​ហើយ ជាមូលហេតុ​ដែលធ្វើ​ឱ្យ​ពួលគាត់​មានជួប​ការលំបាក។ ប្រជាពលរដ្ឋ មន្ដ្រីរាជការ និងអ្នក​ប្រកប​មុខរបរ​ទទួលទាន​មួយចំនួន បាន​រអ៊ូរទាំ​ដោយសារ​តែការ​ឡើងថ្លៃ​នៃទំនិញ ដែលធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ជីវភាព រស់នៅ​ប្រចាំថ្ងៃ និង​ចំពោះ​សុខភាព​គ្រួសារ​របស់​ពួកគាត់។ ដោយសារ​តែតម្លៃ​ប្រេងឡើង​ថ្លៃ បានធ្វើ​ឱ្យទំនិញ​គ្រប់ប្រភេទ​នៅលើ ទីផ្សារក៏មាន​ការឡើង​ថ្លៃ​ស្ទើរតែ​ទាំងស្រុង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទំនិញ​កាន់តែ​ឡើងថ្លៃ​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​មានការ​រិះថាំ មិនសូវ​ចំណាយ​ប្រាក់ទិញ​របស់រ​បរ​ប្រើប្រាស់​ដូចកាល​ពីមុនឡើយ​(ពេលទំនិញ​មិនទាន់​ឡើងថ្លៃ​ដូចសព្វថ្ងៃ)។ ពួកគេ​ចាប់ផ្ដើម​មានការ​ចំណាយតិច ចាយរឹតត្បិត របស់អ្វី​ដែលធ្លាប់​បរិភោគ កាលពីមុន​បានបែរជា​ត្រូវផ្អាក ព្រោះវា​មានតម្លៃ​ទ្វេមួយ​ជាពីរ​ឬជាបី​ឯណោះ ដូច្នេះ​ពួកគាត់​ត្រូវព្យាយាម​ទិញវត្ថុ​ជំនួសគ្នា​វិញ ដើម្បីកាត់​បន្ថយការ​ចាយវាយ​ប្រចាំថ្ងៃ។ ការ​រិះថាំ ការចាយ​ត្បិតត្បៀត ទាំងនេះ​គឺជា​មូលហេតុ​ដែលធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើសុខភាព ដោយការ​បរិភោគ​ប្រចាំ​ថ្ងៃត្រូវ​បានកាត់​បន្ថយ​មួយចំនួន មិនគ្រប់​តម្រូវការ​របស់​សារពាង្គកាយ។

1 . ចំពោះអ្នក​ដែលមាន​ប្រាក់ចំណូល​តិចតួច

ប្រើ​ប្រៀបធៀប​ពីតម្លៃ​ទំនិញ​កាលពីមុន និងពេល​បច្ចុប្បន្ននេះ ឃើញថា​មានការ​ខុសគ្នា​ទ្វេរដង។ ទំនិញ​នៅតែ​បន្ដការ​ឡើងថ្លៃ ប៉ុន្ដែ​ប្រាក់ចំណូល​ដែល​ទទួលបាន​ប្រចាំថ្ងៃ​ពុំមាន​ការ​កើនឡើង។ នេះហើយ​គឺជា​បញ្ហា​ចម្បង​ដែល​បណ្ដាល​ឱ្យមាន​ការ​ប៉ះពាល់ដល់​សុខភាព​ជាខ្លាំង។

ជួប​ជាមួយ​កម្មការិនី​ម្នាក់ដែល​បម្រើ​ការងារ​នៅក្នុង​រោង​ចក្រ​កាត់ដេរ​មួយកន្លែង ស្ថិតនៅ​ម្ដុំ​ស្ទឹងមានជ័យ​បានឱ្យ​ដឹងថា ៖ ចាប់តាំង​ពីទំនិញ​ឡើងថ្លៃ​មក គាត់មិន​ដែលបាន​បរិភោគ​ចំណី​អាហារណា​ដែលឆ្ងាញ់ ហើយ​ចូលចិត្ដ​ដូច​ពេលមុន​នោះទេ គឺ​ញ៉ាំតែអាហារ​ដែលមាន​តម្លៃថោក​តែប៉ុណ្ណោះ។ ដោយសារ​តែប្រាក់​ចំណូល​ដែលរក​បាននោះ វាមិន​សមមូល​ទៅនឹង​តម្លៃនៃ​ទំនិញ​ដែលមាន លក់​នៅលើ​ទីផ្សារ។ ស្ដ្រីម្នាក់​នោះបាន​បន្ដឱ្យ​ដឹងទៀត​ថា មានពេល​ខ្លះ​សូម្បីតែ​មានជម្ងឺ​ក៏នាង​ត្រូវតែ​ទៅធ្វើ​ការងារ​ដែរ ដោយ​ខ្លាចរោងចក្រ​កាត់​ប្រាក់ខែ ធ្វើឱ្យ​នាងមាន​ចំណូល​កាន់តែ​តិចទៅទៀត។ រាល់ថ្ងៃ​នេះ​សូម្បីតែ​ផ្ទះជួល​ក៏ឡើង​ថ្លៃដែរ ជាហេតុ​ធ្វើឱ្យ​នាងត្រូវជំរុញ​ចិត្ដដើរ​រកការងារ​ធ្វើបន្ថែម​នៅពេល​យប់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​បែងចែក​មួយចំណែក​ត្រូវផ្ញើ​ទៅឯស្រុក​កំណើត មួយចំណែក​ទៀត​ថ្លៃចាយវាយ​ប្រចាំថ្ងៃ។ និយាយ​រួមមក​បើសិន​ជាមិនធ្វើ​ដូចនេះ ប្រាកដជា​ដាច់ពោះ​ស្លាប់ជាក់​ជាមិនខាន​ឡើយ។

2 . ចំពោះអ្នក​ដែលមាន​ប្រាក់ចំណូល​ច្រើន

អ្នកដែល​មានប្រាក់​ចំណូល​ច្រើន មិនសូវ​ជាមាន​ផលប៉ះពាល់​ប៉ុន្មានទេ​ចំពោះ​បញ្ហា​ទំនិញឡើង​ថ្លៃនេះ។ ដោយសារ​តែ កម្រិតនៃ​ចំណូល​របស់អ្នក​ទាំងនោះ អាច​ទូទាត់​ជាមួយ​ការចំណាយ​ប្រចាំថ្ងៃ​បាន។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏អ្នក​ទាំងអស់នោះ នៅតែ​មានការ​ប្រឈមមុខ​ទៅនឹង​ការ​បាត់បង់​នូវកំណើន​ថវិកា​ក្នុងគ្រួសារ​មួយភាគ​ធំដែរ។

ដូច្នេះ​ប្រសិនបើ​គ្រប់មុខ​ទំនិញ​នៅតែ​បន្ដការ​ឡើងថ្លៃ នោះផល​ប៉ះពាល់​នៅក្នុង​សង្គម ជាពិសេស​ចំពោះអ្នក​មានចំណូល​តិច នឹង​កាន់តែ​ជួបការ​លំបាក​កាន់តែ​ខ្លាំង។

បណ្ដាំ​ផ្ញើ

បើ​ទំនិញ​និងប្រេងសាំង​នៅតែ​បន្ដឡើង​ថ្លៃតទៅ​ទៀតនោះ នឹង​កាន់តែ​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ​ឥតគណនា។ ប្រជាពលរដ្ឋ​ពិតជាពិបាក​ក្នុងការ​រស់នៅ​និងការ​រកស៊ី​ប្រចាំថ្ងៃ​របស់​ពួកគេ​ជាក់ជា​មិនខាន​ឡើយ។ ជាចុងក្រោយ​សូមឱ្យ​ស្ថាប័ន​មានសមត្ថកិច្ច​ជួយ​ធ្វើយ៉ាងណា​ដើម្បី​កុំឱ្យ​ទំនិញ​នានា​នៅលើ​ទីផ្សារ​ឡើងថ្លៃ​តទៅទៀត ប្រយោជន៍​ជួយ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​វិញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative