ដាច់​ចរន្ដ​អគ្គិសនី​ខាត​អ្វីខ្លះ?

តម្រូវការ​នៃថាមពល​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន មានអត្រា​កើនឡើង​គួរឱ្យ​កត់​សម្គាល់។ ទាំង នេះក៏​ព្រោះតែ​​មានការ​កើនឡើង​នៃ​រោងចក្រ គ្រឿងចក្រ ឧបករណ៍​អគ្គិសនី ម៉ាស៊ីន​ស្វ័យ​ប្រវត្ដិ​ជាដើម ដែល​ផលិត​ឡើង​ដើម្បី សម្រួល​ដល់​ចង្វាក់នៃ​ការងារ។ ខណៈពេល​ដែល​គ្រប់យ៉ាង​ត្រូវ​ពឹងផ្អែក​លើ​ថាមពល​អគ្គិសនី បែរជា​មិនមាន​ការ​ផ្គត់ផ្គង់​ថាមពល​បាន គ្រប់គ្រាន់​ទៅវិញ។ ការ​ផ្ដល់ឱ្យ​មិន​គ្រប់គ្រាន់​នេះ បាន​ធ្វើឱ្យ​មានការ​រាំងស្ទះ​ការងារ​មួយចំនួន​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​ឈានដល់​រដូវប្រាំង​អាកាស​ធាតុក្ដៅ ចរន្ដអគ្គិសនី​នៅទីក្រុង​ភ្នំពេញ​តែងតែ​រអាក់​រអួល​មិន​ឈប់ឈរ ដែល​មិន ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្ដែវា​ប៉ះពាល់​ដល់​បណ្ដា​រោងចក្រ សហគ្រាស និង​អាជីវកម្ម ធំៗ​ជាច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ។ តើការ​ដាច់ចរន្ដ​អគ្គិសនី​នេះ​ពេលណា​ទើបចប់? ហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អាច​ដោះស្រាយ​ភ្លើង អគ្គិសនី​បាន​គ្រប់​តាមតម្រូវ​ការនៅ​ពេលណា?

លោក តាន់ គឹមវិន អគ្គនាយក​អគ្គិសនី​កម្ពុជា​បានមាន​ប្រសាសន៍​ឱ្យដឹង​ថា ការ​ខ្វះខាត​ភ្លើង​អគ្គិសនី​នាខែ​ប្រាំង មានលក្ខខណ្ឌ​មួយ​ដោយ​សារ​កំណើន​នៃការ​ប្រើប្រាស់​ខុស​ពីមុន។ ឥឡូវ​យើងខ្វះ​ភ្លើង​អគ្គិសនី​ពេលថ្ងៃ យើងត្រូវ​ផ្ដាច់ចរន្ដ​តាមតំបន់​មួយ ចំនួន ពីមុន​ខ្វះពេល​យប់​យើងកាត់​ចរន្ដ​ពេលយប់់។ ប៉ុន្ដែ​សព្វថ្ងៃ ពិសេស​សម្រាប់​ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃ​បុណ្យទាន មិនខ្វះ​ភ្លើង អគ្គិសនី​ប្រើប្រាស់​ទេ។ នៅបច្ចុប្បន្ន​យើងខ្វះ​ភ្លើងអគ្គិសនី​ក្នុង​ទីក្រុង​ប្រមាណ២០​គីឡូវ៉ាត់​ទៀត ហើយ​បច្ចុប្បន្ន​ក្រសួង​ឧស្សាហ៍កម្ម​រ៉ែ និង​ថាមពល​កំពុងរក​ម៉ាស៊ីន​បន្ថែម ហើយ​នៅពេល​មានភ្លៀង​វារីអគ្គិសនី​នៅគិរីរម្យ​ដើរ​ឡើងវិញ យើង​លែងខ្វះ​ភ្លើងប្រើ​ហើយ។

លោក​បន្ដឱ្យដឹង​ទៀតថា ការ​ប្រើប្រាស់​ភ្លើងក្នុង​ចន្លោះ​ឆ្នាំ២០០៦ និង​២០០៧​កន្លងមក មានការ​កើនឡើង​ខ្លាំង​មែនទែន ដែល​មិនធ្លាប់​មានពី​មុនមក គឺកើន​ជាង២០​ភាគរយខណៈ​ប៉ុន្មានឆ្នាំ​មុនកំណើន​មាន​ត្រឹម១២​ទៅ១៣​ភាគរយ​ប៉ុណ្ណោះ។ លោក​បន្ថែមថា មានការ​សុំភ្ជាប់​បណ្ដាញ​អគ្គិសនី​ជាច្រើនទៀត ប៉ុន្ដែយើង​អត់ហ៊ាន​ភ្ជាប់ឱ្យ​ពួកគេទេ ដើម្បី​ចៀសវាង​មាន​បញ្ហា​ខ្វះខាត​ភ្លើង​រឹតតែ ធ្ងន់ធ្ងរ​ថែមទៀត។

បើតាម​លោក តាន់ គឹមវិន បានឱ្យ​ដឹងថា បច្ចុប្បន្ន​នៅទីក្រុង​ភ្នំពេញ​មានរោងចក្រ​អគ្គិសនី​ធំៗចំនួន​៨កន្លែង ក្នុងនោះ វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន៦ និង​រោងចក្រ​របស់រដ្ឋ​ចំនួន២​ប៉ុណ្ណោះ។

លោកបន្ដ​ឱ្យដឹង​ទៀតថា “នៅឆ្នាំ​២០០៩ យើងលែង​ខ្វះភ្លើង​ប្រើហើយ ព្រោះយើង​តបណ្ដាញ​មកពី​ប្រទេស​វៀតណាម ឆ្លងកាត់​ខេត្ដតាកែវ​មក​ភ្នំពេញ ដែលមាន​កម្លាំង​២០០មេហ្កាវ៉ាត់”។ បន្ថែមពី​លើនោះ នៅឆ្នាំ​២០១០​ខាងមុខ វារីអគ្គិសនី​ភ្នំកំចាយ​ក្នុង​ខេត្ដកំពត​ក៏នឹង​តបណ្ដាញ​មកកាន់​ខេត្ដតាកែវ កំពង់ស្ពឺ និង​ក្រុងភ្នំពេញ ដែលមាន​កម្លាំង​សរុប​ចំនួន​១៩៣​គីឡូវ៉ាត់​ទៀត។ បន្ថែម​ពីលើនោះ នៅក្រុង​ព្រះសីហនុ​ម៉ាស៊ីនភ្លើង​ដើរដោយ​ធ្យូងថ្ម​មានកម្លាំង​២០០មេហ្កាវ៉ាត់​ទៀតនឹង​ចាប់ដំណើរការ​នៅពេល​ខាងមុខ​ផងដែរ។ នៅពេល​ភ្លើងអគ្គិសនី​តពីវៀតណាម និងពី​ភ្នំកំចាយ​មកដល់ តម្លៃ​អគ្គិសនី​នឹងថោក​ជាងឥឡូវ​ក្នុងការ​គិតជា​គីឡូវ៉ាត់ម៉ោង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ជាតិ ខេមរា មន្ដ្រី​ជាន់ខ្ពស់​ច្បាប់​ការងារ និង​សម្របសម្រួល​វិវាទ​ការងារ​បានមាន​ប្រសាសន៍​ថា ការដាច់​ចរន្ដអគ្គិសនី បង្កផល​ប៉ះពាល់​ដល់​រោងចក្រ​ភាគច្រើន ប៉ុន្ដែបញ្ហា​សំខាន់នោះ នៅ​កម្ពុជា​ការប្រើ​ភ្លើង​កាន់តែ​ច្រើន​តម្លៃ​កាន់តែថ្លៃ​ខុសពី​ប្រទេសគេដែល​ការ​ប្រើប្រាស់​ភ្លើង​កាន់តែ​ច្រើនតម្លៃ​កាន់តែ​ថោក។ នៅកម្ពុជា​តម្លៃ​ប្រេង​ថ្លៃពេក រោងចក្រ​កាត់បន្ថយ​ការប្រើប្រេង ដោយ​យកអុស​មកដុត​បង្កើត​អគ្គិសនី ដោយប្រើ​ចំហាយ​ទឹកអូស ដើម្បី​ទាញយក​អគ្គិសនី​មកប្រើ​ជំនួសវិញ ហើយ​ពេលណា​ដំណើរ​ផលិតកម្ម ចប់ម៉ោង រោងចក្រ​នានា​តែងពន្លត់​ម៉ាស៊ីន​របស់​ខ្លួន។ លោក​បន្ដថា ការ​ប៉ះពាល់​ដល់ចង្វាក់​ផលិតកម្ម​ខ្លាំងគឺ​ប្រេងថ្លៃ ដែល​នាំឱ្យប៉ះពាល់​ដល់​សន្ដិសុខ ហើយ​នៅពេល​ណាដាច់​ភ្លើងរដ្ឋ រោងចក្រ​ដំណើរ​ការ​ម៉ាស៊ីនភ្លើង​ដោយ​ខ្លួនឯង។

លោក ជាតិ ខេមរា បានបន្ដ​ឱ្យដឹង​ទៀតថា រោងចក្រ​នៅកម្ពុជា​ទាំងអស់​មាន​ម៉ាស៊ីន​ភ្លើង​ខ្លួនឯង ដែល​ធ្វើឱ្យ​រោងចក្រខាតបង់​ដោយសារ​តម្លៃ​ប្រេង។ លោក​បន្ដថា បើប្រៀប​ជាមួយ​ប្រទេស​ជិតខាង ការ​ប្រើប្រាស់​ភ្លើងអគ្គិសនី​រដ្ឋនៅ​កម្ពុជា​ចំណាយ​អស់ច្រើន​ជាង ដោយសារ​ការយក​ថ្លៃ​ប្រើភ្លើង​កាន់តែ​ច្រើន​កាន់តែ​ថ្លៃ និង​ដោយសារ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​រដ្ឋាភិបាល​កំពុងមាន​ការខ្វះខាត​ដែរ។

លោក​បណ្ឌិត កង ចាន់ដារារត្ន័ អ្នកសេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថាន​សិក្សា​ដើម្បីការ​អភិវឌ្ឍន៍​បានមាន​ប្រសាសន៍​ថា មិនមាន​ការ សិក្សា​ណាមួយ​ពីផល​ប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​ការដាច់​ចរន្ដអគ្គិសនី​រំខាន​ដល់ចង្វាក់​ផលិតកម្ម​នៅកម្ពុជា​ទេ ប៉ុន្ដែ​ការដាច់​ចរន្ដអគ្គិសនី​វាប៉ះពាល់​ដល់​ប្រតិបត្ដិ​ការចង្វាក់​ផលិតកម្ម​នានា។

លោក​បន្ដដោយ​គូសបញ្ជាក់​ថា “ទោះជាយ៉ាង​ណាការ​ដាច់ចរន្ដ​អគ្គិសនី ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ ប៉ុន្ដែ​តម្លៃ​ភ្លើងថ្លៃ វា​ប៉ះពាល់​ដល់ការ​ប្រកួត​ប្រជែង​លើទីផ្សារ​អន្ដរជាតិ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative