ហ៊ឹម ស៊ីវន សម្រស់​ក្មេង​ជាងវ័យ

តារា​ចម្រៀង​ជើង​ចាស់​ជាង​២០ឆ្នាំ​នៅលើ​វិស័យ​សិល្បៈ អ្នកនាង ហ៊ឹម ស៊ីវន ដែល​រហូត​មកដល់​សព្វថ្ងៃ​នេះនៅ​តែមាន​កេរ្ដិ៍ឈ្មោះ​ល្បីរន្ទឺ​ដដែល​នោះ ពេលនេះ​មាន​ប្រែ​រូបរាង​ថ្មីមួយ​ទៀត ដោយ​ទស្សនិកជន​នឹកស្មាន​មិនដល់​ថា អ្នកនាង​មាន​រូបរាង​ស្រស់ស្អាត និង​សម្ផស្ស​មិនចាញ់​តារា​ចម្រៀង​វ័យក្មេង​នាពេល​បច្ចុប្បន្ន​ប៉ុន្មាន​ទេ។ មិត្ដ​អ្នកអាន​ទាំងអស់​ពិតជា​ចង់ដឹង​ហើយ​ថា តើ​អ្នកនាង ហ៊ឹម ស៊ីវន មាន​អាថ៌កំបាំង​អ្វីខ្លះ​ក្នុងការ​ថែរក្សា​សម្ផស្ស និងមើល​ថែរក្សា​រូបរាង​របស់​អ្នកនាង​ឱ្យ​ស្រឡូន​ស្រស់ស្អាត​ដូចនេះ?។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​អ្នកនាង ហ៊ឹម ស៊ីវន ដែលជា​តារា​ចម្រៀង​មួយរូប​ដែល​ល្បីល្បាញ​ជាង២០​ឆ្នាំ នៅលើ​វិថី​សិល្បៈ​មិនចេះ​រីងស្ងួត​មកដល់​ពេល​បច្ចុប្បន្ន​នេះ និង​ថែមទាំង​មានរូប​សម្ផស្ស​ស្រស់ស្អាត ដោយ​មិនមាន​ការ​កែច្នៃអ្វីទាំង​អស់។ ពេលនេះ​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ពិតជា​បានជ្រាប​អំពី​ការ​ថែរក្សា​សម្រស់ និង​រូបរាង​របស់​អ្នកនាង​ដូចត​ទៅនេះ។

ប្រវត្ដិ​មុនពេល​ចូលក្នុង​វិស័យ​សិល្បៈ

អ្នកនាង ហ៊ឹម ស៊ីវន មាន​វង្សត្រកូល​ជាអ្នក​សិល្បៈ ហើយ​អ្នកនាង​បានហាត់​រៀន​វិស័យ​សិល្បៈ​តាំងតែ​ពីអាយុ​៩ឆ្នាំ ដោយជីតា​របស់​អ្នកនាង​ជាអ្នក​តន្ដ្រី​ភ្លេង​បុរាណ ហើយ​ក៏ជា​អ្នក​បង្ហាត់​បង្រៀន​អ្នកនាង និង​បងប្អូន​ស្រីៗ​បីនាក់​ទៀត​ផងដែរ។ នៅឆ្នាំ​១៩៨២ អ្នកនាង​បានចូល​រៀន​នៅសាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ។ អ្នកនាង​បានទៅ​លេងភ្លេង​ពិណពាទ្យ​ជាមួយ​ជីតា ដោយមាន​ជំនាញ​ខាងវាយ​រនាតឯក។ អ្នកនាង​មានការ​លំបាក​ខ្លាំងណាស់​ពេលនោះ ដោយ​ពេល​ព្រឹកត្រូវ​ដើរពី​សាលា​វត្ដកោះ​ទៅរៀន​នៅក្នុង​ព្រះបរមរាជវាំង ហើយ​ពេលល្ងាច​ត្រូវដើរ​ទៅរៀន​ចំណេះ​ទូទៅ​នៅសាលា​រចនាទៀត។ នៅឆ្នាំ​១៩៨៥​ស្របពេល​ជាមួយ​ការប្ដូរ​លំនៅ​ដ្ឋានផងនោះ អ្នកនាង​បានប្ដូរ​ជំនាញ​ពីការ​សិក្សាភ្លេង​បុរាណ​មកសិក្សា​ផ្នែក​សិល្បៈ​ចម្រៀង​វិញ ដែលក្នុង​នោះមាន​ការហាត់​រៀន​ច្រៀង ស្មូត្រ​កំណាព្យ យីកេ និងល្ខោន​បាសាក់​ជាដើម។ បន្ទាប់​មកទៀត​គឺនៅ​ឆ្នាំ​១៩៨៧ អ្នកនាង​បាន​ទទួល​ពានរង្វាន់​លេខមួយ​ផ្នែកនិពន្ធ​រឿង ដែលមាន​ចំណង​ជើងថា​“ស៊ូរង់ចាំ”។ នៅឆ្នាំ​១៩៨៨ អ្នកនាង​បានបញ្ចប់​ការសិក្សា​ចំណេះ​ទូទៅ​ត្រឹមថ្នាក់​ទី១០ ហើយ​បានចូល​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ​ទៀតផង។ បន្ទាប់ពី​នោះមក​អ្នកស្រី​បាន​ជ្រើសរើស​ធ្វើជា​អ្នក​ចម្រៀង​ចល័ត។ ក្រោយមក​ទៀត ដោយទឹក​ដម​សំនៀង​ពីរោះ​របស់​អ្នកនាង បានធ្វើ​ឱ្យម្ចាស់​ផលិតកម្ម​មួយចំនួន​មានការ​ចាប់អារម្មណ៍​ចំពោះ​អ្នកនាង និង​អញ្ជើញអ្នកនាង​ឱ្យចូល​ច្រៀង មាន​ដូចជា​ផលិតកម្ម​រស្មី​ពានមាស អង្គរវត្ដ មរតក រស្មី​ហង្សមាស និងមាន​ផលិតកម្ម​ក្រៅស្រុក​ជាច្រើន​ទៀត។ ទម្រាំមាន​កេរ្ដិ៍ឈ្មោះ​មកដល់​សព្វថ្ងៃ​នេះ អ្នកនាង​មានការ​លំបាក​ជាច្រើន​រាប់​មិនអស់។

វិធី​ថែរក្សា​សម្រស់

អ្នកនាង ហ៊ឹម ស៊ីវន មាន​វិធី​សាស្ដ្រ​ខ្លះៗ​ដើម្បី​ឱ្យ​សម្រស់​របស់​អ្នកនាង​នៅតែ​ស្រស់ស្អាត មិនចាស់​តាមវ័យ។ ចំណែក​ឯសុខភាព​វិញនោះ អ្នកនាង​មិនសូវ​ជាមាន​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ដោយសារ​តែ​អ្នកនាង​មាន​អនាម័យ​ក្នុងការ​បរិភោគ​ចំណី​អាហារ​ផ្សេងៗ និងមាន​កម្រិត​នៃការ​បរិភោគ​ត្រឹមត្រូវ ដែលធ្វើ​ឱ្យ​រូបរាង​របស់​អ្នកនាង​នៅក្មេង​ជាងវ័យ​ទៀតផង។

  • ការ​ថែរក្សា​សក់ ៖ សក់ជា​ធាតុមួយ​នៃសម្រស់​របស់​មនុស្ស កាលណា​សក់ស្អាត​ក៏ធ្វើឱ្យ​សម្ផស្ស​មនុស្ស​ស្រី​កាន់តែ​ស្អាតបាន មួយ​កម្រិត​ទៀតដែរ។ ដូច្នេះ​ការមើល​ថែរក្សា​សក់​ជារឿង​មួយ​សំខាន់​សម្រាប់​ស្ដ្រី។ អ្នកនាង ហ៊ឹម ស៊ីវន តែងតែ​កក់សក់​២ទៅ៣ដងក្នុង​មួយ​សប្ដាហ៍ និងប្រើ​ជាថ្នាំ​អប់សក់ ដើម្បី​ឱ្យសក់​របស់​អ្នកនាង​ទន់រលោង និងមើល​ទៅមាន​ភាព​រស់រវើក​គួរជាទី​គយគន់។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ការថែរក្សា​ភ្នែក​របស់​អ្នកនាង ហ៊ឹម ស៊ីវន មិនមាន​អ្វីធំ​ដុំទេ អ្នកនាង​តែងតែ​ទទួល​ឥទ្ធិពល​ពីភ្លើងហ្វារ​រាល់ពេល​ដែលចេញ​ថតម្ដងៗ និងនៅ​ពេលនៅ​លើឆាក​សិល្បៈ។ ប៉ុន្ដែភ្នែក​របស់​អ្នកនាង​ហាក់​ដូចជា​មិនមាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ឡើយ។ នៅពេល​ខ្លះ​អ្នកនាង​គ្រាន់់តែ​ស្រវាំង​ភ្នែកមួយ​ភ្លែត​ពេលត្រូវ​ភ្លើងនោះ​ប៉ុណ្ណោះ បន្ទាប់​មកទៀត​ក៏មិនមាន​អ្វីដែរ។ អ្នកនាង​មិន​ដែលបាន​ទៅឱ្យ​ពេទ្យ​ពិនិត្យ​មើលភ្នែក​ឡើយ ដោយសារ​តែកែវភ្នែក​របស់​អ្នកនាង​មិនដែល​មានបញ្ហា​អ្វីទេពី​មុនមក។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម និង​បបូរមាត់ ៖ ចំណែកឯ​រឿង​រោមភ្នែក​វិញនោះ អ្នកនាង​ជាសិល្បករ​មួយរូប​តែងតែមានការ​តុបតែង​ខ្លួនច្រើន​នៅពេល​ឡើង​សម្ដែង​លើឆាក ក៏ដូចជា​ពេលដែល​ចេញថត​នៅកន្លែង​ណាមួយ។ ដូច្នេះ​ភាគច្រើន​អ្នកនាង​តែង​ពាក់រោម​ភ្នែក ដើម្បី​មើលទៅ​ឱ្យមាន​សោភ័ណ​ភាព និង​ស្រស់ស្អាត។ ម្យ៉ាងវិញ​ទៀតវា​ជួយឱ្យ​រោមភ្នែក​ធម្មជាតិ​មិនដាច់​ជ្រុះទៀត​ផង។ បញ្ហា​ចិញ្ចើម​វិញនោះ អ្នកនាង​គូសវា​នៅពេល​ដែលចេញ​ទៅសម្ដែង និងរាល់​ពេលចេញ​ខាងក្រៅ​ផ្ទះ​ប៉ុណ្ណោះ បើធម្មតា​ពេល​ដែលនៅផ្ទះ អ្នកនាង​មិនសូវ​ជាគូសវា​ឡើយ។ សម្រស់​ផ្ទៃមុខ​អាច​ស្រស់ស្អាត​បានក៏​អាស្រ័យ​ទៅលើ​ការគូស​ចិញ្ចើម​ដែរ បើគូស​ឱ្យសមតាម ទម្រង់​មុខនោះ ផ្ទៃមុខ​យើងក៏​មើលទៅ​ស្រស់ស្អាត​ផូរផង់​ផងដែរ។ បបូរ​មាត់វិញ​ក៏ដូចគ្នា​ផងដែរ អ្នកនាង​តែងលាប​ក្រែមជំនួយ​ដល់បបូរមាត់ ដើម្បី​ឱ្យមាត់​មាន​សំណើម មិន​ក្រៀម និងមិន​ធ្វើឱ្យ​មាត់ខ្មៅ។ អ្នកនាង​ប្រើក្រែម​ទៅតាម​សម្លៀក​បំពាក់​នៅពេល​ចេញទៅសម្ដែង ចំណែក​ឯពេល​ធម្មតា​នោះ អ្នកនាង​ប្រើជា​ក្រែម​រលោង ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរមាត់។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ការ​ថែរក្សា​ស្បែកមុខ​ជារឿង​មួយ​សំខាន់​បំផុត​សម្រាប់​នារីៗ ជាពិសេស​គឺជីវិត​អ្នក​សិល្បៈ។ អ្នកនាង​មានការ​ថែរក្សា​មិនខុស​អ្វីពីអ្នក​សិល្បៈ​មួយចំនួន​ទេ ដោយពេល​ដែលផាត់​មុខ​ត្រូវលាប​ឡេការពារ​ស្បែកមុខ​ជាមុន​សិន ទើបផាត់ម្សៅ​ពីលើ និង​តុបតែង​ភ្នែក ចិញ្ចើម និង​បបូរមាត់ ទៅតាម​សេចក្ដី​ត្រូវការ។ ពេលដែល​ត្រូវលាង​មុខចេញ ត្រូវលាង​ឱ្យស្អាតល្អ កុំឱ្យ​ម្សៅនៅ​ជាប់នឹង​ផ្ទៃមុខ ព្រោះវា​អាចធ្វើ​ឱ្យផ្ទៃមុខ​អាចកើត​មុន និងជាំ​បានពេល​ដែលត្រូវ​កម្ដៅថ្ងៃ។
  • ការ​ថែរក្សា​ស្បែកខ្លួន ៖ ស្បែកខ្លួន​ក៏ជា​កត្ដាមួយ​សំខាន់ណាស់​ដែរ​ចំពោះ​ស្ដ្រីភេទ។ ការ​ថែរក្សា​ស្បែកខ្លួន​របស់​អ្នកនាង ហ៊ឹម ស៊ីវន គឺ​អ្នកនាង​តែងតែ​លាបឡេ​ការពារ​ស្បែក ក្រោយពេល​ដែលសម្អាត​ខ្លួនរួច​គ្រប់ពេល។ ជាពិសេស​ជាងនេះ​ទៅទៀត​នោះ អ្នកនាង​តែង​ប្រើប្រាស់​ឡេមុន​ពេលចេញ​ដំណើរ​ទៅខាង​ក្រៅ និង​ពេលចេញ​ទៅសម្ដែង​ម្ដងៗ។ ចំពោះ​រឿងឡេ​នេះស្បែក​អ្នកនាង​ប្រើ ឡេ​មិនរើស​ទេ ឡេអ្វីក៏​បានឱ្យ​តែផ្ដល់​ជាតិសំណើម​ដល់ស្បែក ស្បែក​អ្នកនាង​មិនចេះ​ប្រតិកម្ម​ជាមួយ​ប្រភេទ​ឡេមួយ​ចំនួនទេ។
  • ការ​ថែរក្សា​ក្រចក​ដៃជើង ៖ ការ​ថែរក្សា​ក្រចកដៃ​ជើងវិញ​នោះ នៅពេល​ដែល​អ្នកនាង​ទំនេរ​ទើប​អ្នកនាង​ធ្វើការ​លាប ក្រចក​កាត់ក្រចក និង​សម្រួចវា។ អ្នកនាង​ធ្វើក្រចក​មិនជា​ញឹកញាប់​ទេ ទាល់តែ​មានពេល​ទំនេរ​ទើបធ្វើ ហើយលាប​ពណ៌​ទៅតាម​ការ ចូលចិត្ដ និងតាម​ទីកន្លែង​ផងដែរ។ ចំពោះ​ក្រចកជើង​វិញនោះ អ្នកនាង​មិនសូវ​ជា​ចូលចិត្ដ​ទុកវា​ឱ្យមើលទៅ​វែងៗ​នោះទេ អ្នកនាង​តែងតែ​កាត់តម្រឹម​វាឱ្យ​ខ្លីៗ ដោយសារ​តែទុក​ក្រចក​ជើងវែង​មើលទៅ​ហាក់​ដូចជា​មិនសូវ​សមរម្យ​ប៉ុណ្ណោះ។

ការ​ថែទាំ​សុខភាព​រាងកាយ

អ្នកនាង​មិនសូវ​មានពេល​ទំនេរ​សម្រាប់​ធ្វើការ​ហាត់ប្រាណ​ប៉ុន្មានទេ ដោយសារ​តែ​ការងារ​ជាអ្នក​សិល្បៈ​នេះមាន​ការមមាញឹក​ច្រើន។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​អ្នកនាង​ខិតខំ​បរិភោគ​ចំណី​អាហារ​ណាដែល​នាំមក​នូវ​សុខភាព​ល្អ ជាពិសេស​នោះគឺ​បន្លែ និងផ្លែឈើ​ស្រស់ អ្នកនាង​មិនសូវ​ជាបរិភោគ​អាហារ​ណាដែល​មានជាតិ​សាច់​ប៉ុន្មាន​ទេ។ ពេលថ្មីៗ​នេះ​អ្នកនាង​ស្រកទម្ងន់​ជាងមុន​បន្ដិច ដោយសារ​តែអ្នកនាង​មានការ​មមាញឹក​ច្រើននឹង​ការងារ។

បំណង​សម្រាប់​ថ្ងៃ​អនាគត

បំណង​ទៅថ្ងៃ​អនាគត​របស់​អ្នកនាង ហ៊ឹម ស៊ីវន គឺចង់​រក្សា​វប្បធម៌​សិល្បៈ​ឱ្យគង់វង្ស​តទៅ​អនាគតកាល​ជារៀង​រហូត មិន បាត់បង់ នៅជាប់​ដួងព្រលឹង​កូនខ្មែរ​គ្រប់រូប។ ហើយ​អ្នកនាង​នឹងខិតខំ​បន្ថែម​ទៀត ដើម្បី​ជួយលើក​ស្ទួយសិល្បៈ​ជាតិ​ឱ្យមាន​ភាពរីក ចម្រើន​តទៅមុខ​ទៀត​ជានិរន្ដរ​ផងដែរ។

បណ្ដាំ​ផ្ញើ​របស់ ហ៊ឹម ស៊ីវន

ជាចុងក្រោយ​អ្នកនាង ហ៊ឹម ស៊ីវន មានពាក្យ​សម្ដី​ប៉ុន្មានម៉ាត់​ដើម្បី​ផ្ដាំផ្ញើ​ទៅកាន់​មិត្ដ​អ្នកអាន​ទាំងអស់​ថា ក្នុងនាម​ជាអ្នក សិល្បៈ​មិនត្រូវ​ក្រអើត​ក្រទម ចេះឯង​ឱ្យក្រែង​ចេះគេ ត្រូវមាន​សេចក្ដី​ថ្លៃថ្នូរ​នៅក្នុង​ខ្លួន ទើប​កេរ្ដិ៍ឈ្មោះ​ល្បីរន្ទឺ​បានយូរ​អង្វែង។ មួយវិញទៀត​ត្រូវចេះ​ចែកពេល​វេលាឱ្យ​បាន​ត្រឹមត្រូវ ពេលណា​ធ្វើការងារ ពេលណា​ដើរកម្សាន្ដ និង​ពេលណា​ត្រូវសម្រាក ទើបធ្វើ​ឱ្យសុខភាពយើង​ល្អទៅ​បាន។

ការ​រៀបរាប់​ខាងលើ​នេះ ជាការ​អនុវត្ដន៍​មួយ​របស់​អ្នកនាង ហ៊ឹម ស៊ីវន ផ្ទាល់។ ដូច្នេះ​បើ​លោកអ្នក​គិតថា ចំណុច​ណាមួយ ដែល​លោកអ្នក​អាច​ទទួលយក​បាន ឬអាច​អនុវត្ដ​បាននោះ លោកអ្នក​គួរតែ​ធ្វើដើម្បី​ផល​ប្រយោជន៍​សុខភាព និង​សម្រស់​ស្រស់ស្អាត​ជារៀងរហូត​របស់​លោកអ្នក។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ហ៊ឹម ស៊ីវន
  • អាយុ ៖ ៣៨ឆ្នាំ
  • កម្ពស់ ៖ ១,៥០ម៉ែត្រ
  • ទំហំ​ទាំងបី ៖ ៣៦ ២៨.៥ ៣៨
  • ទម្ងន់ ៖ ៥០​គីឡូក្រាម
  • បងប្អូន ៖ ៥នាក់ ប្រុស១ ស្រី៤ ជា​កូនច្បង
  • មាន​បុត្រ ៖ ២នាក់ ស្រី១ និង​ប្រុស១
  • អាជីព​ពេល​បច្ចុប្បន្ន ៖ តារា​ចម្រៀង
  • ទីកន្លែង​កំណើត ៖ ខេត្ដព្រៃវែង

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative