គ្រោះថ្នាក់​ផ្ទះបាយ​អាច​បញ្ចៀស​បាន

មិនថា​ទីក្រុង​ឬ​ជនបទ​ឡើយ ជារឿយៗ​គេតែង​សង្កេត​ឃើញ​ថា មាន​ករណី​ភ្លើងឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​គួរឱ្យ​ភ័យខ្លាច។ នៅ​ពីក្រោយ​វិនាស​កម្មនេះ គឺមាន​មូលហេតុ​ផ្សេងៗ​គ្នា ក្នុងនោះ​ភាគច្រើន​ក៏មាន​បង្កឡើង​ពីការ​ធ្វេស​ប្រហែស​កិច្ចការ​ក្នុង​ចង្ក្រាន​បាយផងដែរ។ ករណី​​ផ្ទុះធុង​ហ្គាស ឬឆេះ​ដោយ​កន្ទុយ​អុស គ្រោះថ្នាក់​ធ្ងន់មិន​ត្រឹមតែ​ធ្លាក់លើ​សាមី​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប៉ះពាល់​ដល់ផ្ទះ​អ្នក​ជិតខាង​ផ្សេងទៀត។ ប៉ុន្ដែ​គ្រោះថ្នាក់​ផ្ទះបាយ​មិនមែន​ទាល់តែ​មានកើត​អគ្គិភ័យ​នោះទេ គឺរាប់​បញ្ចូល​នូវ​បញ្ហាអាក្រក់​ផ្សេងទៀត។ មហន្ដរាយ​នេះអាច​កើតឡើង​បាន​គ្រប់ពេល ទោះមាន​មនុស្ស​នៅក៏​ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង លេខនេះ​បានជួប​សម្ភាស​ជាមួយ​លោក អង់ សុគន្ថា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ម៉ូបាល់ប៉ា បកស្រាយ​អំពី​គ្រោះថ្នាក់​នៅក្នុង​ផ្ទះបាយ​ជូន​ប្រិយមិត្ដ​ស្វែងយល់​ដើម្បី​មាន​បម្រុង​ប្រយ័ត្ន។

ផ្ទះ​បាយ

ផ្ទះបាយ​សម្គាល់​ទៅលើ​ផ្នែកមួយ​ដែល​មនុស្ស​ប្រើប្រាស់​សម្រាប់​ដាក់ចាន​ឆ្នាំង ចង្ក្រាន គ្រឿង​ដណ្ដាំស្ល និយាយ​រួមគឺ​ជា កន្លែង​ចុងភៅ​ធ្វើម្ហូប​អាហារ។ លើសពី​នេះ​ប្រជាពលរដ្ឋ​ខ្មែរយើង​ក៏និយម​ហៅផ្ទះ​បាយថា ចង្ក្រាន​បាយ ឬបន្ទប់​បាយ។ ពលរដ្ឋ​ខ្មែរ​មិនសូវ​ឱ្យតម្លៃ​ទៅលើ​ចង្ក្រាន​បាយទេ កន្លែង​ដណ្ដាំស្ល​ច្រើនមាន​លក្ខណៈ​តូច​ចង្អៀត មិនសូវ​ស្អាតបាត​ទេ។ តែបើជា​បន្ទប់បាយ​ឬ​កន្លែងទទួលទាន​វិញ ច្រើនធំ​ទូលាយ ស្អាតបាត មាន​របៀប​រៀបរយ ឬអាច​និយាយ​បានថា​ពិសេស​ជាង​ចង្ក្រាន​បាយ ព្រោះអាច​ជា​កន្លែងទទួល​ទានអាហារ ជួប​មិត្ដភក្ដិ​ស្និទ្ធស្នាល​និង​ជជែក​លេង​នៅទីនោះ​បាន​ផងដែរ។

គ្រោះថ្នាក់​ក្នុង​ផ្ទះបាយ

ការងារ​ក្នុងផ្ទះ​បាយ​អាចកើត​ឡើងនូវ​គ្រោះថ្នាក់​ជាយ​ថាហេតុ ទោះ​លោកអ្នក​កំពុង​ធ្វើជា​ចុងភៅ​ក្ដី ឬ​មិននៅ​ទីនោះ​ក្ដី។ គ្រោះថ្នាក់​តិចតួច ឬធំដុំ​អាចកើត​ឡើងបាន​ដូចគ្នា។

  • ការខូច​បាក់បែក​ដោយ​រអិល​ធ្លាក់​កម្រចៀស​ផុតណាស់ ថ្វី​ត្បិតតែ​មិនមាន​គ្រោះថ្នាក់​ដល់មនុស្ស ប៉ុន្ដែការ​បែកបាក់​ខូចខាត មិនមែន​ជារឿង​ប្រសើរ​សម្រាប់​លោកអ្នក​ទេ
  • ការមុត​ក៏អាច​កើតឡើង​ចំពោះ​លោកអ្នក​ដែរ ប្រសិនបើ​ធ្វេស​ប្រហែស​ពេលចិត​បន្លែ ហាន់សាច់​ជាដើម
  • ការ​រលាក​ផ្សេងៗ​ក៏អាច​កើតមាន​ដែរ​នៅពេល​ភ្លេច មិន​ប្រយ័ត្ន ចាប់ឬ​លើកឆ្នាំង ខ្ទះដែល​ក្ដៅ។ ហើយ​កន្លងមក​ក៏មាន ករណី​ក្មេង​រលាក​ភ្លើង ទឹកក្ដៅ​ជាដើម ដោយ​សារតែ​ការធ្វេស​ប្រហែស​របស់​អាណាព្យាបាល
  • យូរៗ​ម្ដងគេ​ក៏តែង​ជួប​ប្រទះការ​ផ្ទុះធុង​ហ្គាសដែរ ដោយសារ​មិនបាន​ត្រួតពិនិត្យ​កំហូច​ធុងហ្គាស និងកត្ដា​ធ្វេស​ប្រហែស ផ្សេងទៀត
  • ការ​ឆាបឆេះ​ដោយភ្លើង​ចង្ក្រាន​ច្រើនកើត​ឡើងនៅ​រដូវ​រំហើយ មាន​ខ្យល់ និង​អាកាសធាតុ​ក្ដៅ។

ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​ផ្ទះបាយ

ពាក្យថា​គ្រោះថ្នាក់​មិនដែល​នាំមក​នូវផល​ល្អដល់​លោកអ្នក​ឡើយ។ គ្រោះថ្នាក់​ក្នុង​ផ្ទះបាយ​ទោះតូច​តាចក្ដី ធំដុំ​ក្ដីសុទ្ធ​តែកើតឡើង​ដោយការ​ធ្វេស​ប្រហែស ការដែល​មិនទាន់​ស្គាល់ច្បាស់​ពី​របៀប​ប្រើ​របស់​របរក្នុង​ផ្ទះបាយ ពិសេស​ចំពោះ​ឧបករណ៍​បច្ចេកវិជ្ជាទំនើបៗ។ ការ​មុត រលាក ការ​បាក់បែក​របស់​របរ វាជា​បញ្ហាមួយ​ដែលនាំ​មកនូវ​ភាព​អពមង្គល​រួចស្រេច​ទៅហើយ។ ត្រូវ​ទិញ​របស់ថ្មី ត្រូវ​ព្យាបាល និង​ខាតបង់​ថវិកា ប្រសិន​បើ​ករណី​នោះកើត​ឡើង​ធ្ងន់ធ្ងរ ពិសេស​ទៅលើ​កូនក្មេង។ លើសពី​នេះការ​ផ្ទុះឆាប​ឆេះដល់គេហដ្ឋាន ជា​វិនាសកម្ម​មួយដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ខ្លាចរអា​បំផុត។ ពេលមាន​ករណី​ឆេះផ្ទះ​ម្ដងៗ ជន​រងគ្រោះ​មិនត្រឹម​តែ​បាត់បង់ ទ្រព្យសម្បត្ដិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កឱ្យ​មានជម្ងឺ​ផ្លូវចិត្ដ​ថែមទៀត។ ព្រោះអ្វីៗ​ដែល​ខំរក​និងខំ​សន្សំ​ជាយូរ​មក ត្រូវ​របេះបាត់​ទៅមួយ រំពេច​គ្មានសល់។ ករណី​ឆេះផ្ទះ​នេះ​ជារឿយៗ​ក៏មាន​គ្រោះថ្នាក់​ដល់ជីវិត​មនុស្ស​ដែរ។ ដើម្បី​ជាការ​ដាស់តឿន​ដល់មនុស្ស​គ្រប់រូប បុព្វបុរស​ខ្មែរយើង​បាន​ចងក្រង​ទុកនូវ​សុភាសិត​មួយឃ្លា​ថា“សូវស្លាប់​បាកុំឱ្យ​ស្លាប់មេ សូវ​លិចទូក​កណ្ដាល​ទន្លេ​កុំឱ្យ​ភ្លើង​ឆេះផ្ទះ”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បម្រុង​ប្រយ័ត្ន​ក្នុង​ផ្ទះបាយ

ដោយសារ​នៅក្នុង​ផ្ទះបាយ​មានវត្ថុ និង​ឧបករណ៍​ប្រើប្រាស់​ច្រើន​ប្រភេទ ដែល​របស់របរ​ទាំងនោះ​អាច​បង្កនូវ​គ្រោះថ្នាក់​បានគ្រប់ពេល ខណៈ​លោកអ្នក​ធ្វេស​ប្រហែស។ ដូច្នេះ​លោកអ្នក​គួរចេះ​ប្រុងប្រយ័ត្ន។

  • ពេលធ្វើ​ម្ហូប​មិនគួរ​ឱ្យក្មេង​តូចចូល​ទៅជាមួយ​ទេ
  • គួរ​ស្គាល់ ចេះ​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​របស់​ចុងភៅ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ប្រើវា ជាពិសេស​ឧបករណ៍​ទំនើបៗ​ដែល ប្រើប្រព័ន្ធ​អគ្គិសនី
  • ពេល​ប្រើប្រាស់ គួរ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះ​របស់ខ្លះ​បើមិន​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់អ្នក​ប្រើក៏​អាចធ្វើ​ឱ្យខូច ខាត​បាន​ផងដែរ
  • មិនគួរ​ភ្លេចភ្លាំង​ក្នុងការ​ដាក់កម្ដៅ​ចោលនូវ​ម្ហូប​អាហារ​ផ្សេងៗ​ឡើយ ពិសេស​មុនពេល​ចាកចេញ​ពីផ្ទះ
  • គួរ​ឧស្សាហ៍​ពិនិត្យ​ទុយោហ្គាស ធុងហ្គាស​ឱ្យស្ថិត​ក្នុង​សុវត្ថិភាព​ល្អជានិច្ច ចំពោះ​ទុយោ​ហ្គាសអាច​ប្រេះ ឬដាច់​ដោយ​ប្រការណា​មួយបាន ឬដោយ​សត្វល្អិត​ចង្រៃ​កកេរ​ខាំ
  • ចំពោះ​ចង្ក្រាន​ហ្គាស គួរទុក​ដាក់ឱ្យ​ផុតពី​ដៃក្មេង និងគួរ​មួលបិទ​ឱ្យជិត​ក្រោយ​ពេលឈប់​ប្រើប្រាស់ ព្រោះការ​ធ្វេសប្រហែស​ទៅលើ​ចង្ក្រានហ្គាស​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ
  • រីឯ​លោកអ្នក​ដែលនៅ​ប្រើ​ចង្ក្រាន​ធ្យូង ឬអុស ក៏គួរ​ពន្លត់ភ្លើង​ឱ្យបាន​រៀបរយ​ក្រោយពេល​ឈប់ធ្វើ​ម្ហូប ពិសេស​រដូវ រំហើយ ដែលមាន​ខ្យល់បក់​ខ្លាំង។

ដំបូន្មាន​អ្នក​ប្រឹក្សា

គ្រោះថ្នាក់​ក្នុង​ផ្ទះបាយ​ទោះ​តូចតាច​ក្ដី ធំដុំក្ដី​សុទ្ធតែ​ជាបញ្ហា​ដែល​នាំមក​នូវផល​លំបាក។ ដូច្នេះ​សូម​លោកអ្នក​បំពេញ​ភារកិច្ច​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ កត្ដា​ដែលគួរ​ចៀសវាង​ដោយ​ខានតែ​បាន គឺ​កុំយក​ក្មេង​មិនទាន់​ដឹងក្ដី​ឱ្យចូល​ផ្ទះបាយ​ពេល​បំពេញ​ការងារ និងមិនត្រូវ​ដើរចេញ​ពី​ផ្ទះបាយ​ពេល​កំពុង​ដាំស្ល​នោះទេ។ បើមាន​ប្រើ​ឧបករណ៍​ទំនើប គួរចេះ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈបច្ចេកវិជ្ជា និង​តាមការ​ណែនាំ​របស់អ្នក​ផលិត។ ជាពិសេស​ត្រូវទុក​ដាក់នូវ​របស់​ដែលងាយ​បង្ក​គ្រោះថ្នាក់ ឱ្យ​ផុតពី​ដៃក្មេង​ដែល​មិនទាន់ចេះ​ប្រើប្រាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative