ហាត់ប្រាណ​ចំណេញ​គ្រប់យ៉ាង

ការ​ហាត់ប្រាណ​មាន​អត្ថប្រយោជន៍​អនេក​ចំពោះ​សុខភាព​របស់​មនុស្ស បើហាត់​បាន​ត្រឹមត្រូវ។ ផ្ទុយ​ទៅវិញ​នោះវា អាច​ធ្វើឱ្យ​ខូច សុខភាព​បាន បើអ្នក​ហាត់​មិនបាន​ត្រឹមត្រូវ។ ការ​ហាត់ប្រាណ​ធ្វើឱ្យ​មានចលនា​ទៅដល់​សន្លាក់ និង​សាច់ដុំ ធ្វើ​សន្លាក់ និង​សាច់ដុំ​មានភាព​រឹងមាំ ជួយ​ការពារ​រាងកាយ​មនុស្ស​ឱ្យ​ចៀសផុត​ពីការ​ឈឺសន្លាក់​ដៃជើង​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​អធិប្បាយ​បាន ទស្សនាវដ្ដី សុខភាពយើង បានចុះ​ទៅធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក ហ៊ី ឌីណារិន្ទ ប្រធាន​ក្លឹប គីងកុង ដែលបាន​បកស្រាយ​នូវ​ប្រធានបទ​ខាងលើ​យ៉ាង​ក្បោះក្បាយ​ជូន​ប្រិយមិត្ដ​អ្នកអាន​ដូចត​ទៅនេះ។

សន្លាក់ ជាអ្វី?

សន្លាក់ជា​ការ​តភ្ជាប់​រវាង​ឆ្អឹងទៅ​នឹងឆ្អឹង​មួយទៀត តភ្ជាប់​រវាង​ឆ្អឹងខ្ចី​ទៅឆ្អឹង​ខ្ចី តភ្ជាប់​រវាង​ឆ្អឹង​ទៅសាច់​ដុំ។ ការ​តភ្ជាប់ រវាង​ឆ្អឹងមួយ​ទៅឆ្អឹង​មួយទៀត ដោយសារ​តែ​សារធាតុ​រាវម្យ៉ាង ធ្វើឱ្យ​សន្លាក់នោះ​មានភាព​រឹងមាំ ដែលធ្វើ​ឱ្យ​ដំណើរ​ការនៃ​ការ​រីកលូត លាស់​របស់​សន្លាក់ និង​សាច់ដុំ​បានល្អ​ធម្មតា។ ប្រសិន​បើយើង​មាន​បញ្ហា​នៅកន្លែង​ណាមួយ​នៃសន្លាក់ ការហាត់​ប្រាណធ្វើ​ឱ្យមាន​ការឈឺ ចាប់​នៅតាម​សន្លាក់។

ការ​ហាត់ប្រាណ​ជួយ​សន្លាក់ និង​សាច់ដុំ

ការ​ហាត់ប្រាណ​ជួយឱ្យ​រាងកាយ​មាន​ចលនា ធ្វើឱ្យ​សន្លាក់​មាន​សុខភាព​ល្អ​នៅពេល​ដែលយើង​បញ្ចេញ​កាយវិការ​ទៅតាម លំហាត់​ប្រាណ។ មួយ​វិញទៀត​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​អាចជួយ​ឱ្យ​លោកអ្នក​ចៀសផុត​ពីការ​ឈឺសន្លាក់ និង​សាច់ដុំ​បាន។ ប្រសិន បើ​លោកអ្នក​ឈឺផ្នែក​សន្លាក់​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោយ លោកអ្នក​ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ច្រើន ដើម្បី​សម្រួល​ដល់​ចលនា​សន្លាក់ ធ្វើឱ្យ បាត់ការ​ឈឺចាប់។ ពេលខ្លះ​ទៀត​គេតម្រូវ​ឱ្យអ្នក​ហាត់​ពង្រឹង​ក្បាលពោះ ដើម្បី​ឱ្យសាច់​ដុំពោះ​ជួយ​ទប់ទល់​ទៅនឹង​សន្លាក់​ឆ្អឹងខ្នង កុំឱ្យ ឈឺ​សន្លាក់ និង​សាច់ដុំ​ជាដើម។ ការ​ហាត់ប្រាណ​មួយចំនួន​ទៀតក៏​អាចធ្វើ​ឱ្យអ្នក​ហាត់មាន​ការ​ឈឺចាប់​ត្រង់​កន្លែង​សាច់ដុំ និង​សន្លាក់ ផ្សេងៗ​ដែរ ដោយសារ​តែសន្លាក់ និង​សាច់ដុំ​មានបញ្ហា​អ្វីមួយ។ ការ​ឈឺចាប់​នេះអាច​កើតឡើង​ដោយមាន​កត្ដា​រួមផ្សំ​ច្រើនយ៉ាង ពេលខ្លះ​ឈឺដោយ​សារ​សន្លាក់ អ្នកហាត់​នោះ​មិនមាន​ទឹក​រំអិល ឬ​ខ្លាញ់ ឬ​សារធាតុ​ម្យ៉ាង​ដែលនៅ​បរិវេណ​សន្លាក់​នោះ។

ការ​បែងចែក​កម្មវិធី​ហាត់

លំហាត់​ប្រាណ​ទាំងអស់​មិនមែន​ចេះតែ​ធ្វើការ​ហាត់​នោះទេ គឺមាន​កម្រិត​នៃការ​ហាត់​ត្រឹមត្រូវ។ ប្រសិនបើ​យើង​គ្រាន់តែហាត់​ដើម្បី​សុខភាព​ធម្មតា គេហាត់​មួយ​សប្ដាហ៍​៣ទៅ​៤ថ្ងៃ ចំណែក​ឯអ្នក​ដែលគេ​ហាត់ធ្វើ​ជាអាជីព​វិញនោះ គេហាត់​មួយ​សប្ដាហ៍​៥ ទៅ៦ថ្ងៃ គេមិន​ហាត់​ជារៀង​រាល់ថ្ងៃ​ពេកទេ។ ការហាត់​ត្រូវ​សម្រាក​ដើម្បី​ឱ្យសាច់ដុំ​ដែលមាន​ចលនា​នោះបាន​សម្រាក​ដែរ និង​ធ្វើឱ្យសាច់ដុំ និង​សន្លាក់​កាន់តែ​រឹងមាំ និងមាន​សុខភាព​ល្អ។

ការ​ហាត់ប្រាណ គឺ​អាស្រ័យ​ទៅលើ​កម្មវិធី​ដែលដាក់​មក បើអ្នក​ដែលគេ​ធ្លាប់​ហាត់ គេអាច​ហាត់​ប្រភេទ​ចលនា​សាច់ដុំ​អ្វីមួយ​ដែលគេ​ចង់ហាត់​តែមួយ​មុខគត់ មិនធ្វើ​ការហាត់​លាយឡំ​គ្នាច្រើន​មុខក្នុង​មួយថ្ងៃ​នោះទេ។ ការហាត់​នេះមិន​អាចនឹង​កំណត់​ពេលវេលាបាន​ទេ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការហាត់​ប្រាណ​អាចជួយ​យើងឱ្យ​ចៀសផុត​ពីអ្វីៗ​ច្រើនយ៉ាង​ដែលយើង​នឹកស្មាន​មិនដល់។ វាអាច​ជួយយើង​ឱ្យមាន​រាងកាយ ស្អាត និងមាន​សុខភាព​ល្អ បើយើង​ធ្វើការ​ហាត់ប្រាណ​បាន​ត្រឹមត្រូវ។ លោកអ្នក​ជាមិត្ដ​អ្នកអាន​ទាំងអស់​គួរតែ​ឆ្លៀតពេល​វេលា ក្នុងការ​ហាត់ប្រាណ​ដើម្បី​ជីវិត និង​សុខភាព​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative