មនុស្ស​ជាង​៥​ ៥០០​នាក់​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជម្ងឺ​គ្រុន​ឈីក​នៅ​កម្ពុជា​

គ្រុន​ឈីក គឺ​ជា​ប្រភេទ​ជម្ងឺ​ដែល​បាន​កប់​បាត់​ចំនួន​៤០​ឆ្នាំ ហើយ​បាន​បន្ត​ផ្ទុះ​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​២០១២​នេះ​ នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​នៅ​តាម​ខេត្ត​មួយ​ចំនួន​ បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជម្ងឺ​គ្រុន​ម្យ៉ាង​ហៅ​ថា ជម្ងឺ​គ្រុន​ឈីក (CHIKV)។ ក្នុង​រយៈ​៥​ខែដើ​មឆ្នាំ​២០១២ មាន​អ្នក​ជម្ងឺ​ជាង​ ៥ ៥០០​នាក់​ហើយ​ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជម្ងឺ​នេះ។​

រូបភាពគេហទំព័រសុខភាពយើង

ជម្ងឺ​គ្រុន​ឈីក កំពុង​រាល​ដាល​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​តាកែវ កំពង់​ចាម កំពង់​ស្ពឺ ព្រះ​វិហារ និង​រាជ​ធានី​ភ្នំពេញ។​ នៅ​ក្នុង​ឃុំ​មហា​ឫស្សី ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ អ្នក​ភូមិ​ឈើ​លំ ដែល​កើត​ជម្ងឺ​នេះ​បាន​អះ​អាង​ថា គាត់​គ្រុន​ក្ដៅ​ខ្លាំង​ ហើយ​ចេញ​កន្ទួល​ពេញ​ខ្លួន ឈឺ​ចុក​ក្នុង​ឆ្អឹង​ខ្លាំង និង​ដើរ​ស្ទើរ​មិន​រួច ព្រោះ​តែ​ហើម​សន្លាក់។ លោក ឈួង បូ​ណាត រស់​នៅ​ភូមិ​ឈើ​លំ​ បាន​ថ្លែង​ថា ក្នុង​គ្រួសារ​គាត់មា​ន​មនុស្ស​៥​នាក់ បាន​កើត​ជម្ងឺ​គ្រុន​ឈីក​ទាំង​អស់​គ្នា៖ «ឃើញ​គេ​ឈឺ​ពី​មុន​ហ្នឹង​ គេ​ហៅ​ពេទ្យ​មណ្ឌល​មក​ចាក់​ទៅ​គេ​ជា។ ដល់​ខ្ញុំ​ឈឺ​ក្រោយ​គេ​ខ្ញុំ​ក៏​ហៅ​ពេទ្យ​មណ្ឌល​មក​ចាក់​ដែរ។ ពេល​ចាក់​ហើយ​មួយ​ថ្ងៃ២​ថ្ងៃ​ ឃើញ​ចេញ​មក​គេ​ហៅ​ថា ដូច​ស្អូច»។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​អាស៊ី​សេរី។​

អ្នក​ស្រី សុំ សុ​ខន រស់​នៅ​ឃុំ​មហា​ឫស្សី​បាន​ថ្លែង​ថា គាត់​និង​កូន​ដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ បាន​កើត​ជម្ងឺ​គ្រុន​ឈីក​នេះ។ ​បច្ចុប្បន្ន​គាត់​នៅ​ហើម​សន្លាក់​ជើង មិន​ទាន់​អាច​ដើរ​បាន​ស្រួល​ទេ៖ «ឈឺ​ទៅ​ចាប់​ផ្ដើម​ឈឺ​ខ្លួន​ហ្នឹង​តែ​ម្ដង ឈឺ​សន្លាក់​ដៃ​ជើង ឈឺ​ក្បាល​ ក្តៅ រងា​ចង់​ញាក់»។​
រីឯ​នៅ​ខេត្ត​តាកែវ​ឯ​ណោះ​វិញ ពល​រដ្ឋ​នៅ​ភូមិ​ថ្កូវ ឃុំ​ជី​ខ្មារ ស្រុក​ទ្រាំង បាន​អះ​អាង​ថា ជាង​កន្លះ​ខែ​មក​នេះ​អ្នក​ភូមិ​ដែល​មាន​អាយុ​ចាប់​ពី​ ១៤​ឆ្នាំ ដល់​២០​ឆ្នាំ បាន​កើត​​​​ជម្ងឺ​គ្រុន​ឈីក។ ប៉ុន្តែ​គ្មាន​អ្នក​ជម្ងឺ​ស្លាប់​នោះ​ទេ ព្រោះ​គ្រូពេទ្យ​រដ្ឋ និង​ឯក​ជន​ មាន​ជំនាញ​ក្នុង​ការ​ព្យាបាល​ជម្ងឺ​គ្រុន​ឈីក៖ «គ្រុន​ឈីក​ហ្នឹង​មាន​អាការៈ​ក្ដៅ ហើយ​ឈឺ​សន្លាក់​ដៃ​ជើង។ ដល់​ពេល​វា​ក្ដៅ​ពេក​ ចេញ​ពង​ក្រហមៗ។​

នៅ​ក្នុង​ប្រទេស​កម្ពុជា ជម្ងឺ​គ្រុន​ឈីក បាន​កើត​ឡើង​ជា​ថ្មី​នៅ​ក្នុង​ឃុំ​ពេជ​មុន្នី ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ កាល​ពី​ដើម​ឆ្នាំ​២០១២​ ក្រោយ​ពី​ជម្ងឺ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦១។ បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រសួង​សុខា​ភិបាល​បាន​បង្ហាញ​ថា​ ជម្ងឺ​គ្រុន​ឈីក បង្ក​មក​ពី​មេរោគ​ម្យ៉ាង​ឈ្មោះ ជី​គុន​គុនយ៉ា​ (virus Chikungunya)។ មេរោគ​នោះ​មិន​បង្ក​ឲ្យ​អ្នក​ជម្ងឺ​ឈឺ​ធ្ងន់​ធ្ងរ​ទេ គ្រាន់​តែ​ក្ដៅ​ខ្លួន​ខ្លាំង និង​ឈើ​ចាប់​ក្នុង​សាច់​ដុំ ហើម​សន្លាក់​ដៃ​ជើង​ និង​ចេញ​កន្ទួល​ក្រហម​តូចៗ​ពេញ​ខ្លួន។​

លោក​វេជ្ជ​បណ្ឌិត ច ម៉េង​ចួ ប្រធាន​ម​ណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ បារ៉ា​ស៊ីត​សាស្រ្ត បាណក​សាស្រ្ត បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ ៥ខែ​ដើម​ឆ្នាំ​២០១២ មាន​អ្នក​ជម្ងឺ​ដោយសារ​គ្រុន​ឈីក​ចំនួន ៥ ​៥៧០​នាក់ បាន​ទទួល​ការ​ព្យាបាល​ជា​សះ​ស្បើយ។ លោក​ថា​ គ្រូពេទ្យ​មណ្ឌល​សុខ​ភាព អាច​ផ្ដល់​ថ្នាំ​បំបាត់​ក្ដៅ​ខ្លួន និង​ចាក់​សេរ៉ូម​ដល់​អ្នក​ជម្ងឺ។ លោក​បាន​បន្ថែម​ថា ក្រសួង​សុខា​ភិបាល​មិនទា​ន់​ចាត់​ទុក​ជម្ងឺ​គ្រុន​ឈីក ជា​ជម្ងឺ​គ្រោះ​ថ្នាក់​ដល់​ប្រកាស​អាសន្ន​នោះ​ទេ​ តែ​តម្រូវ​ឲ្យ​គ្រប់​មណ្ឌល​សុខ​ភាព​ត្រូវ​រាយ​ការណ៍​មួយ​ខែ​ម្ដង​ពី​តួ​លេខ​អ្នក​ជម្ងឺ។ លោក​បាន​ថ្លែង​ថា៖ «៥​ខែ​ដើម​ឆ្នាំ​គិត​ត្រឹម​ចុង​ខែ ៥​ អ៊ីចឹង​នៅ​ខេត្ត​កំពង់​ស្ពឺ មាន​ដល់​ទៅ ២.៤១៩នាក់ នៅ​ច្រើន​ស្រុក ស្ទើរ​តែ​គ្រប់​ស្រុក មិន​មែន​តែ​ស្រុក​គង​ពិសី​ទេ។ ហើយ​នៅ​ខេត្ត​ព្រះវិហារ​ មាន​២ ៤៧៨​នាក់។ ខេត្ត​កំពង់​ចាម មាន ២១៥​​នាក់ ត្រឹម​ចុង​ខែ​៥​នោះ។ រីឯ​ខេត្ត​តាកែវ​មាន​៤២៦​នាក់ ហើយ​ក្រោយ​មក​ថ្មីៗ​ ឃើញ​នៅ​រាជ​ធានី​ភ្នំពេញ​នេះ មាន​៣០​នាក់»។

​លោក​វេជ្ជ​បណ្ឌិត ច ម៉េង​ចួ បាន​ណែ​នាំ​ថា ជម្ងឺ​គ្រុន​ឈីក​គ្មាន​វ៉ាក់​សាំង​ចាក់​ការពារ​ទេ។ វិធី​ការពារ​ជម្ងឺ​គ្រុន​ឈីក​ គឺ​ធ្វើ​របៀប​ដូច​គ្នា​នឹង​វិធី​ការពារ​ជម្ងឺ​គ្រុន​ឈាម​ដែរ។ ពល​រដ្ឋ​ត្រូវ​កាប់​ព្រៃ​ស៊ុប​ទ្រុប​ក្បែរ​ផ្ទះ សម្អាត​ផ្ទះ និង​ភូមិ​ឋាន ដោយ​លុប​ដី​ សម្រាម​សើម បំបាត់​ជម្រក​មូស​ខ្លា បំផ្លាញ​ពង​មូស​ក្នុង​ថូ​ផ្កា ពាង​ទឹក សំបក​កង់​ឡាន​ចាស់ៗ កន្លែង​ស្តុក​អេត​ចាយ​ជា​ដើម​ និង​ត្រូវ​សម្រាក​ក្នុង​មុង។ លោកវេ​ជ្ជបណ្ឌិត​បន្ថែម​ថា មូស​វា​បាន​ចេញ​ខាំ​មនុស្ស​នៅ​មុន​ថ្ងៃ​រះ​១​ម៉ោង និង​ក្រោយ​ថ្ងៃ​លិច ១​ម៉ោង៕

អត្ថបទ​ដោយ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative