មើលទូរទស្សន៍បង្កឱ្យមានជម្ងឺសោកសៅ

ការមើល​ទូរទស្សន៍​ជា​ចំណី​ចក្ខុ​សម្រាប់​កំដរ​អារម្មណ៍​ពេល​ដែល​ធុញថប់ និង​នឿយណាយ​ពីការ​សិក្សា ឬពី​ការងារ។ ការទស្សនា​សាច់រឿង​តាម​កញ្ចក់​ទូរទស្សន៍​បែប​មនោ​សញ្ចេតនា​អាចធ្វើ​ឱ្យ​ទស្សនិកជន​មួយចំនួន​មានការ​រំជួល​ចិត្ដ និងភាព​កម្សត់​ទៅតាម សាច់រឿង​ដែលបាន​និពន្ធ​ឡើងឱ្យ​មានភាព​ស៊ីចង្វាក់​នឹងសាច់​រឿង​ក្នុង​ឆាក​ជីវិត​ខាងក្រៅ។ ការ​ប៉ះពាល់​ដល់​អារម្មណ៍​បែបនេះ យើងអាច​ដឹងផ្នែក​ផ្លូវចិត្ដ​របស់​អ្នក​ទស្សនា​ដែល​ធ្វើឱ្យ​មានភាព​សោកសៅ​ទុក្ខព្រួយ និង​មួយ​ចំនួនទៀត​រហូត​ដល់ការ​បង្ហូរទឹក​ភ្នែក។ នេះ​ជាចំណុច​មួយដែល​ត្រូវយក​ចិត្ដទុក​ដាក់​ចំពោះ​ការឆាប់​មានភាព​សោកសៅ និងកម្សត់​ដែលនឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីមក​ធ្វើការ​បកស្រាយ​អំពី​ការមើល​ទូរទស្សន៍​បង្កឱ្យ​មានជម្ងឺ​សោកសៅ​ជូន​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ឱ្យបាន​ជ្រាប ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើបទ​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ។

ហេតុអ្វី​មនុស្ស​ចូលចិត្ដ​មើលរឿង​តាម​ទូរទស្សន៍?

ជាទូទៅ​យើងស​​​ង្កេត​ឃើញ​ស្ទើរតែ​គ្រប់ផ្ទះ​ទាំងអស់​ដែលមាន​ទូរទស្សន៍ ខ្សែភាពយន្ដ​ដែល​អ្នក​និពន្ធ​បាន​រៀបរៀង​ឡើងសុទ្ធ តែជា​ចំណី​ចក្ខុ​សម្រាប់​អ្នកទស្សនា ធ្វើការ​តាមដាន​សាច់រឿង​របស់ខ្លួន ទាំងការ​បាញ់​ប្រហារ កាប់សម្លាប់់ កំប្លែង មនោ​សញ្ចេតនា ផ្អែម​ល្អែម ភាពល្វីង​ជូរចត់​នៃជីវិត ភាពនិរាស​ព្រាត់ប្រាស និងភាព​កម្សត់​ជាដើម។ ដោយភាព​ប៉ិនប្រសព្វ​នៃការ​សម្ដែង​របស់តួអង្គ និងការ​ដឹកនាំ​សាច់រឿង ធ្វើឱ្យ​លោកអ្នក​មួយចំនួន​ចង់​តាមដាន​សាច់រឿង​ទាំងនោះ​ស្ទើរតែ​ភ្លេចខ្លួន ដូចជា​ការ​តាមដាន​សាច់រឿង បែប​មនោសញ្ចេតនា​កម្សត់​ជាដើម។ មាន​មូលហេតុ​មួយ​ចំនួន​ដែល​យើងអាច​និយាយ​បានថា អ្នក​ទស្សនា​ចូលចិត្ដ​ធ្វើ​ត្រាប់តាម​ដាន សាច់រឿង​ទាំងនោះ ដោយសារ​មាន​រូបភាព​មួយចំនួន​ដែលមាន​ភាព​ស៊ីចង្វាក់​ទៅនឹង​ខ្សែជីវិត​ដែលធ្លាប់​បាន​ជួបប្រទះ ដូចជា​ការបាក់ បែក​ស្នេហា ឬ​ព្រាត់ប្រាស​អ្នកជា​ទីស្រឡាញ់​ជាដើម។ ទោះបីជា​លោកអ្នក​នោះគ្មាន​បទពិសោធន៍​នឹង​រឿងរ៉ាវ​ទាំងនោះ​ទេ ក៏បុគ្គល ប្រភេទ​ជាមនុស្ស​ដែល​ពោរពេញ​ទៅដោយ​មនោសញ្ចេត​នាខ្លាំង​នៅក្នុងចិត្ដ និងអាច​ជាមនុស្ស​ដែល​ចូលចិត្ដ​វិស័យខ្សែ​ភាពយន្ដ​ធ្វើត្រាប់ តាមដាន​និង​ជក់ចិត្ដ​ដិត​អារម្មណ៍។

ទំនាក់​ទំនង​រវាង​អារម្មណ៍ និងការ​មើល​ទូរទស្សន៍

មនុស្ស​ដែល​ទស្សនា​ភាពយន្ដ​វីដេអូ​បែប​មនោសញ្ចេតនា​ហើយ​បាន​បង្ក​ភាព​សោកសៅ នេះ​គ្រាន់តែ​ចំណែក​តូចមួយ​នៃ​អារម្មណ៍​និង​ផ្លូវចិត្ដ​នៃ​កត្ដា​ចិត្ដសាស្ដ្រ​របស់​មនុស្ស​នោះតែ​ប៉ុណ្ណោះ។ ការមើល​ដិតជាប់​ក្នុង​អារម្មណ៍​ទៅនឹង​សាច់រឿង អាច​បណ្ដាល​ឱ្យ លោកអ្នក​មួយចំនួន​មានភាព​រំជើប​រំជួល​ចិត្ដខ្លាំង សោកសៅ កម្សត់ និង​លោកអ្នក​មួយចំនួន​ទៀតអាច​ឈានទៅ​ដល់ការ​សម្រក់​ទឹក ភ្នែក​ទៅតាម​សាច់រឿង​របស់អ្នក​និពន្ធ​ដែល​ធ្វើឱ្យ​មានការ​និរាស​ព្រាត់ប្រាស ការ​បែកបាក់ ស្លាប់ ឬជួប​ឧបសគ្គ​ជាដើម។ ចំណុច​ទាំងនេះ អាចជា​ផ្នែកមួយ​នៃ​បទពិសោធន៍​ក្នុងឆាក​ជីវិត ឬ​ជារឿង​ដែល​កំពុង​តែជួប​ប្រទះ ហើយ​សាច់រឿង​ទាំងនោះ​អាច​ស៊ីចង្វាក់​គ្នា ប្រៀប​ដូច ជារឿង​ពិតៗ​ទៅនឹង​សាច់រឿង​របស់​លោកអ្នក​មួយចំនួន​ដែលបាន​ទស្សនា​ហើយ​ស្រក់​ទឹកភ្នែក​តាម។ ពេលខ្លះ​បើទោះ​បីជា​គ្មាន​រឿងរ៉ាវ ដែល​ទាក់ទង​នឹងខ្លួន តែក៏​អាចឆាប់​មាន​អារម្មណ៍​រំជួលចិត្ដ និង​សោកសៅ​ដែរ នោះគឺ​ដោយសារ​តែជា​មនុស្សពោរ​ពេញ​ដោយ មនោសញ្ចេតនា​ខ្លាំង​ហួសហេតុ​ពេក និងមាន​កត្ដា​ផ្លូវចិត្ដ​ទន់ខ្សោយ​ងាយ​ប៉ះពាល់​ទៅនឹង​អារម្មណ៍។

ផល​​ប៉ះពាល់​ចំពោះ​ការមើល​ទូរទស្សន៍

បញ្ហា​ទាំងអស់​ដែលបាន​រៀបរាប់​ខាងលើ បើសិនជា​យើង​និយាយ​ទៅតាម​ទ្រឹស្ដី​ចិត្ដសាស្ដ្រ បុគ្គល​នោះមាន​បញ្ហា​ខាងផ្លូវចិត្ដ និងកត្ដា​ចិត្ដសាស្ដ្រ​របស់​បុគ្គល​ទន់ខ្សោយ ដែល​ធ្វើឱ្យ​ងាយ​ប៉ះពាល់​ទៅដល់​មនោសញ្ចេតនា និង​អារម្មណ៍។ តែយើង​មិន​សន្និដ្ឋាន ថាមាន​ជម្ងឺ​ផ្លូវចិត្ដ​នោះទេ លុះត្រាតែ​បុគ្គល​នោះមក​ធ្វើការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ទើបយើង​វាយ​តម្លៃ​បានថា​អ្នក​ដែលមាន បញ្ហា​ផ្លូវចិត្ដ​នៅពេល​មើល​ទូរទស្សន៍​មានជម្ងឺ​ផ្លូវចិត្ដ​ឬយ៉ាងណា។ ដូចនេះ​ការមើល​ទូរទស្សន៍​រហូត​ដល់​អ្នក​ទស្សនា​ឆាប់មាន​ភាពសោក សៅ រំជួលចិត្ដ កម្សត់ ទឹកភ្នែក វា​គ្រាន់តែ​ជាបញ្ហា​ផ្លូវចិត្ដ្ដ​តែប៉ុណ្ណោះ។ ផ្ទុយទៅ​វិញ​បើសិនជា​បុគ្គល​នោះធ្លាប់​ជាមនុស្ស​ដែលមាន អារម្មណ៍​កណ្ដោច​កណ្ដែង ឯកោ គេងមិន​លក់ អស់​សង្ឃឹម ឬចូលចិត្ដ​នៅតែ​ឯង ហើយ​ទស្សនា​ទៅងាយ​នឹងទទួល​ភាពកម្សត់ និងភាព​សោកសៅ​ទាំងនោះ​ទៀត។ ទាំងអស់​នេះហើយ​ជារោគ​សញ្ញា​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់ថា មានជម្ងឺ​ផ្លូវចិត្ដ​ដែលវា​ជារោគ​សញ្ញា មួយក្នុង​ចំណោម​រោគសញ្ញា​ដទៃទៀត​នៃជម្ងឺ​សោកសៅ ឬជម្ងឺ​ធ្លាក់​ទឹកចិត្ដ។

ប្រការ​គួរ​ប្រតិបត្ដិ​នៅពេល​មើល​ទូរទស្សន៍​មាន​ភាព​សោកសៅ

ចំពោះការ​មើល​ទូរទស្សន៍​ហើយ​ងាយ​បង្កឱ្យ​មានការ​ប៉ះពាល់​ទៅដល់​ផ្នែក​អារម្មណ៍​នេះ យើងអាច​ដឹងទៅ​តាម​ប្រភេទ មនុស្ស​ទាំងនោះ​ផងដែរ ដូចនេះ​យើង​គប្បី​យល់ដឹង​ពី​ដំណោះ​ស្រាយ​ខាងក្រោម​នេះ។

1 . មនុស្ស​ដែល​កំពុង​ជួបបញ្ហា និងមាន​បទពិសោធន៍​ជីវិត ៖ មនុស្ស​ប្រភេទនេះ​បើសិនជា​ការមើល​ទូរទស្សន៍​ធ្វើឱ្យមាន ភាព​រំជួល​ចិត្ដខ្លាំង ឆាប់​សោកសៅ ងាយ​ទឹកភ្នែក គឺយើង​អាចសន្និដ្ឋាន​បានថា មនុស្ស​នេះអាច​នៅមាន​បញ្ហា​ផ្លូវចិត្ដ ឬ​ជម្ងឺផ្លូវ​ចិត្ដ​ពីមុន មក។ ហើយ​យើងនឹង​បញ្ជាក់​កាន់តែ​ច្បាស់ថា​ជាជម្ងឺ​ផ្លូវចិត្ដ បើសិនជា​បុគ្គល​មានរោគ​សញ្ញា​បញ្ជាក់​ឱ្យឃើញ​នូវ​អារម្មណ៍ឯកោ អស់សង្ឃឹម ឬ​ចូលចិត្ដ​នៅតែ​ម្នាក់ឯង។ ដូចនេះ​ប្រការ​ដ៏ល្អ​គប្បី​ធ្វើការ​ហាត់ប្រាណ ឬធ្វើ​កិច្ចការ​មួយចំនួន​ក្នុងជីវិត​រស់នៅ​សព្វថ្ងៃ​នឹងអាច ដោះស្រាយ​ពីបញ្ហា​ដែលយើង​ជួប​ប្រទះ​នឹងភាព​កម្សត់ ភាព​សោកសៅ​នេះហើយ ឬយើង​អាចទៅ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី រក​ដំណោះ​ស្រាយ​ដ៏ល្អ​ផ្សេងទៀត​ចំពោះ​បញ្ហានេះ។

2 . មនុស្ស​ដែលមាន​ផ្លូវចិត្ដ​ទន់ខ្សោយ​(មាន​មនោ​សញ្ចេតនា​ខ្លាំងពេក) ៖ ចំពោះ​បុគ្គល​ដែលមើល​ទូរទស្សន៍​ហើយ​បង្កឱ្យ មានភាព​រំជួលចិត្ដ និង​កម្សត់ដែរ ដោយ​មិនធ្លាប់​ឆ្លងកាត់​រឿងរ៉ាវ​ក្នុងជីវិត​នោះទេ គឺ​បណ្ដាល​មកពី​មនុស្សនេះ​ជា​មនុស្ស​មាន​កត្ដា ចិត្ដសាស្ដ្រ​ទន់ខ្សោយ អារម្មណ៍​ផ្លូវចិត្ដ​មិនរឹងមាំ។ ដូចនេះ​ប្រការដ៏​ល្អសម្រាប់​មនុស្ស​ប្រភេទ​នេះ គប្បី​ត្រូវមាន​ការ​លើក​ទឹកចិត្ដ និងការ ផ្ដល់​កម្លាំង​ចិត្ដពី​គ្រួសារ មិត្ដភក្ដិ និង​សហគមន៍ ដើម្បីឱ្យ​បុគ្គល​នេះមាន​ផ្លូវចិត្ដ​រឹងប៉ឹង​ឡើងវិញ។ ចៀសវាង​នៅពេល​ក្រោយ​ដែលអាច នឹងងាយ​មាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវចិត្ដ​ជាងអ្នក​ដែល​មិនសូវ​មាន​មនោសញ្ចេតនា​ខ្លាំង​ហួសហេតុ និង​សុខភាព​ផ្លូវចិត្ដ​រឹងមាំ។

ដំបូន្មាន​អ្នក​ជំនាញ

ការ​យកចិត្ដ​ទុកដាក់​ចំពោះ​បញ្ហា​សុខភាព​ផ្លូវចិត្ដ​នេះគឺជា​រឿងមួយ​ដែល​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា។ ដូចនេះលោក​អ្នកគប្បី​ថែរក្សា​ឱ្យបាន​ល្អ និងធ្វើ​ឱ្យអារម្មណ៍​ផ្លូវចិត្ដ​យើង​រឹងមាំ​ជានិច្ច។ ទោះបីជា​សាច់រឿង​តាម​ទូរទស្សន៍​កម្សត់​យ៉ាងណា​ក៏​ដោយ យើង​មិនត្រូវ​មាន​មនោសញ្ចេតនា​ខ្លាំង​ហួស​ហេតុពេក​ចំពោះ​រឿងរ៉ាវ​ទាំងនោះ​ទេ ព្រោះ​បញ្ហា​ទាំងអស់​នេះវា​នឹងងាយ​ប៉ះពាល់ ទៅដល់​ផ្នែក​សុខភាព​ផ្លូវចិត្ដ​របស់​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative