ទ្វារមាស​នាងខ្ញុំ​ស្ងួត

ជាទូទៅ​ទ្វារមាស​របស់ស្ដ្រី​តែងតែ​មាន​សំណើម​ជាប់ជា​ប្រចាំ ហាក់​ដូចជា​ប្រព័ន្ធ​ការពារ​ដល់​ប្រដាប់​បន្ដពូជ​របស់ស្ដ្រី។ ទ្វារ មាសមាន​សំណើម​អាចជួយ​សម្រួល​ដល់ការ​រួមភេទ កាត់​បន្ថយ​ការ​ឈឺចាប់​ជាដើម។ ប៉ុន្ដែ​មាន​ស្ដ្រីមួយ​ចំនួន​ជួប​ប្រទះ​នឹងបញ្ហា​រំខាន ដូចជា​ក្នុង​ករណី​ទ្វារមាស​ស្ងួត​ជាដើម។ បញ្ហានេះ​បានធ្វើ​ឱ្យស្ដ្រី​មានការ​ឈឺចាប់ ជួបវិបត្ដិ​គ្រួសារ​ជាដើម។ តើមាន​អ្វីអាច​ជួយឱ្យ​ស្ដ្រី ដែលមាន​បញ្ហា​បែបនេះ​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្ដ្រី​ទាំងឡាយ​ទទួល​ជ្រាប​នូវវិធី​កែលំ​អនូវ​បញ្ហានេះ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការ​បកស្រាយ​របស់ លោកស្រី​​​​​​​​​​​វេជ្ជបណ្ឌិត ជូ ពិន អ្នក​ជំនាញ​ផ្នែក​សម្ភព និង​រោគស្ដ្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ទ្វារមាស​ស្ងួតជាអ្វី?

ទ្វារមាស​ស្ងួតគឺ​សំដៅ​ដល់ការ​បាត់បង់​ភាពសើម​របស់​ទ្វារមាស ដោយសារ​គ្មានការ​គ្រប់គ្រង​ពីដៃស្បូន ហើយ​ដៃស្បូន​ក៏គ្មាន ការ​គ្រប់គ្រង​ពី​ខួរក្បាល ពោលគឺ​ដៃស្បូន​លែងមាន​សកម្មភាព។ ជា​ធម្មតា​ទ្វារមាស​របស់ស្ដ្រី​ដែលមាន​រដូវ​តែងតែ​ត្រូវបាន​ផ្សើម ដោយសារ​ទឹក​រំអិល​ដែលជា​ការបញ្ចេញ​ដោយ​សាច់ដុំ។

មូលហេតុ​ធ្វើឱ្យ​ទ្វារមាស​ស្ងួត

មូលហេតុ​ធំ​តែមួយ​គត់ដែល​បណ្ដាល​ឱ្យស្ដ្រី​មានបញ្ហា​ទ្វារមាស​ស្ងួតនោះ គឺការ​អស់រដូវ និងស្ដ្រី​ដែលមាន​រដូវតិច។ ជាទូទៅ ស្ដ្រី​ចាប់ផ្ដើម​អស់​រដូវ​នៅពេល​អាយុពី​៤៨​ទៅ៥១​ឆ្នាំ ប៉ុន្ដែ​រយៈពីរ​ឬបីឆ្នាំ​មុនការ​អស់រដូវ ស្ដ្រីត្រូវ​ប្រឈម​មុខនឹង​រដូវ​មិនទៀង ឬរដូវ តិច​ជាដើម ដែលជា​ហេតុ​បណ្ដាលឱ្យ​ទ្វារមាស​ស្ដ្រីស្ងួត។ ចំពោះ​ស្ដ្រីដែល​ស្ថិត​នៅវ័យ​បន្ដពូជ ហើយ​បែរជា​មាន​រដូវតិច​នោះ អាច បណ្ដាល​មកពី​បញ្ហា​មុខងារ​ខួរក្បាល និង​មុខងារ​ដៃស្បូន​ដោយ​បញ្ហា​ផ្លូវចិត្ដ​របស់​ស្ដ្រីផ្ទាល់ ការ​ពិបាកចិត្ដ និង​គិតច្រើន សុទ្ធតែមានឥទ្ធិពល​ទៅដល់​ការ​បញ្ជា​របស់​ខួរក្បាល​មកលើ​ដៃស្បូន។ ក្រៅពី​នេះការ​ប្រើប្រាស់​ថ្នាំដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ក៏បណ្ដាល​ឱ្យរាំង​រដូវផងដែរ។

គុណ​វិបត្ដិ​នៃការ​ស្ងួត​ទ្វារមាស

បញ្ហា​ចម្បង​របស់ស្ដ្រី​ដែលមាន​ទ្វារមាស​ស្ងួត គឺការ​ប៉ះពាល់​ដល់ការ​រួមភេទ។ ព្រោះ​ទ្វារមាស​ស្ងួត​ធ្វើឱ្យស្ដ្រី​មានការ​ឈឺចាប់ នៅពេល​រួមភេទ រហូត​ធ្វើឱ្យ​មានការ​ខ្លាច​រអា​មិនចង់​រួមភេទ​ទៀតផង។ ការ​ឈឺចាប់​នៅពេល​រួមភេទ​ធ្វើឱ្យ​ស្ដ្រី​មួយចំនួន​ជួប​វិបត្ដិ គ្រួសារ ដោយ​ស្វាមី​មិនយល់​អំពី​អ្វីដែល​ស្ដ្រី​កំពុង​ជួបប្រទះ។

ការ​ព្យាបាល​ទ្វារមាស​ស្ងួត

គេ​ចែកការ​ព្យាបាល​បញ្ហា​ទ្វារមាស​ស្ងួត​ទៅតាម​មូលហេតុ​ដោយឡែក​របស់វា។

  • ទ្វារមាស​ស្ងួត​ដោយសារ​រដូវតិច ៖ បញ្ហានេះ​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​មើល​មុខងារ​របស់​ខួរក្បាល ប្រសិន​បើការ​ពិនិត្យ​ឃើញមាន​ការ​​​បាត់បង់​សារធាតុ​ចិញ្ចឹម​ណាមួយ នោះ​គ្រូពេទ្យ​នឹងចាក់​បំពេញ​បន្ថែម​នូវ​សារធាតុ​នោះ ដើម្បី​ឱ្យ​មុខងារ​ខួរក្បាល​ត្រឡប់​មក ធ្វើការ​វិញ ហើយ​រដូវក៏​ចាប់ផ្ដើម​ធ្លាក់​ផងដែរ។
  • ទ្វារមាស​ស្ងួត​ដោយ​អស់រដូវ ៖ មិន​ត្រូវការ​ប្រើប្រាស់​ថ្នាំនោះទេ សំខាន់​ទៅលើ​បញ្ហា​ផ្លូវចិត្ដ និងការ​យល់ចិត្ដ​គ្នារវាងគូស្វាមី​ភរិយា។ ទ្វារមាស​ស្ងួត​ធ្វើឱ្យ​ស្ដ្រី​ឈឺចាប់ និង​មិនចង់​រួមភេទ។ ផ្ទុយ​ទៅវិញ​បើបុរស​ជាប្ដី​យល់នូវ​បញ្ហានេះ ហើយប្រើ​វិធីសាស្ដ្រក្នុងការ​ថ្នាក់ថ្នម​លួងលោម​បបោស​អង្អែល នោះក៏​ធ្វើឱ្យ​ទ្វារមាស​ស្ដ្រីមាន​សំណើម​អាច​រួមភេទ​បានដោយ​មិនមាន​ការ​ឈឺចាប់។

ដំបូន្នាន​អ្នក​ជំនាញ

សូមស្ដ្រី​ទាំងអស់​ក្លាហាន​ហ៊ានប្រាប់​ដល់ស្វាមី​នូវបញ្ហា​ទាំងឡាយ​ដែល​ទាក់ទង​នឹងបញ្ហា​សុខភាព​ផ្លូវភេទ ដើម្បី​ចៀសផុត​ពី បញ្ហា​វិបត្ដិ​គ្រួសារ​ដោយសារ​រឿងនេះ ព្រោះថា​ការអស់​រដូវ​ជារឿង​ធម្មជាតិ​របស់ស្ដ្រី។ ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ សូម​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ជាពិសេស​កុំប្រើ​ថ្នាំដែល​គ្មាន​វេជ្ជបញ្ជា ព្រោះវា​អាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ប្រការ​ណាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative