ការ​គ្រប់គ្រង​សំណល់រឹង ៖ កែច្នៃ​សំណល់(ភាគ៦)

សំណល់​ដែលសល់​ពីការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​ចំនួន​អាចយក​ទៅ​កែច្នៃ​ធ្វើសម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ទៀត​បាន​ជាច្រើន ឬក៏ សារធាតុ​មាន​ប្រយោជន៍​ជាច្រើន​ទៀត។ ហេតុនេះ​លោកអ្នក​ប្រើប្រាស់​ត្រូវតែ​ចេះ​បែងចែក​ប្រភេទ​សំណល់ ឬ​សម្រាម​ឱ្យបាន​ច្បាស់ លាស់ ដើម្បី​ងាយស្រួល​យកមក​កែច្នៃ​បន្ដទៀត ដោយ​លៃលក​យ៉ាងណា​ប្រើឱ្យ​អស់​ធនធាន​ដែលមាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​កែច្នៃ​សំណល់

ការ​កែច្នៃ​សំណល់រឹង គឺ​សំដៅ​លើ​សកម្មភាព​ទាំងឡាយ​ដែលធ្វើ​ឱ្យកាត់​បន្ថយ​នូវ​បរិមាណ ឬ​គុណភាព​នៃ​សំណល់រឹង ដើម្បី សម្រាល​ដល់ការ​ធ្វើ​ប្រព្រឹត្ដ​កម្ម​សម្អាត ឬការ​បោះចោល​សំណល់​រឹង​នៅទី​លាន។ ការ​កែច្នៃ​សំណល់​ចែកចេញ​ជា ៖

  • ការកាត់​បន្ថយ​បរិមាណ​សំណល់ ៖ គឺ​សកម្មភាព​ដែល​ធ្វើឱ្យ​សំណល់​មានតិច។
  • ការ​ប្រើប្រាស់​ឡើងវិញ ៖ គឺការ​យក​សំណល់​មក​ប្រើប្រាស់​ឡើងវិញ ដោយ​រូបរាង និង​សមាសភាគ​នៅ​ដដែល គឺ​គ្រាន់តែ ធ្វើ​ប្រព្រឹត្ដ​កម្ម​សម្អាត ឬលាង​សម្អាត ដូចជា​ដប ក្រដាស ឬប្លាស្ទិក លាង​សម្អាត​រួចយក​មក​ប្រើប្រាស់​ឡើងវិញ។
  • ការ​កែច្នៃ ៖ គឺជា​ដំណើរ​ការ៣​យ៉ាង ការ​កែច្នៃ ដំណើរ​ការផលិត និងការ​ប្រើប្រាស់​ឡើងវិញ។ ផលិតផល ឬ​សម្ភារៈ ដែលអា​ច​កែច្នៃ​បាន គឺជា​សម្ភារៈ​ដែលគេ​ប្រើវា​ជាវត្ថុ​ធាតុដើម ដើម្បី​បង្កើត​នូវ​របស់អ្វី​មួយថ្មី​បាន និង​អាច​ត្រូវបាន​គេ​ប្រើប្រាស់​វា ឡើងវិញ​ថែមទៀត​ផង។ ការ​កែច្នៃ​ត្រូវបាន​គេ​កំណត់​ជាការ​ប្រមូល និងការ​ញែកនូវ​សម្ភារៈ​ពីសំណល់ និង​បន្ទាប់មក​ធ្វើ​ដំណើរ​ការ ផលិតនូវ​របស់អ្វី​ដែលអាច​លក់នៅ​ទីផ្សារ​បាន។
  • ការធ្វើ​កំប៉ុស្ដ ៖ សំណល់​ចេញពី​លំនៅ​ដ្ឋាន​ភាគច្រើន​ជាប្រភេទ​សរីរាង្គ​ដែលអាច​យកទៅ​ធ្វើជា​ជីកំប៉ុស្ដ។ កំប៉ុស្ដ​គឺជា ផលិតផលនៃ​សមាសធាតុ​សរីរាង្គ​នៅក្នុង​ល័ក្ខខ័ណ្ឌ​លំនឹង​ដែល​អាចជួយ​ពង្រឹង​សមត្ថភាព​ដី និង​បន្ថែមជី​ដល់ដី បន្ទាប់ពី​បាន​បញ្ចប់ការ បំបែក​ធាតុ ឬពុក​រលួយ​ក្រោម​អំពើ​នៃ​បាក់តេរី ខ្យល់ និងទឹក។ សមាស​ធាតុ​សរីរាង្គ​ដែលអាច​ធ្វើជា​កំប៉ុស្ដបាន មាន​ដូចជា​សំណល់ ផ្ទះបាយ លាមក​សត្វ លាមក​មនុស្ស បន្លែ ឬ​សំណល់​ដំណាំ សំណល់​ស្លឹកឈើ សំណល់​សាច់ ឬ​ផលិតផល​នេសាទ។

វិធី​សាស្ដ្រ​ក្នុងការ​ធ្វើកំប៉ុស្ដ​មានការ​ធ្វើដោយ​ប្រើខ្យល់ និងមិន​ប្រើខ្យល់ និងការ​ប្រើប្រាស់​គ្រឿងចក្រ​ក្នុងការ​ផលិត​ជាកំប៉ុស្ដ និង​ការទាញ​យកកំប៉ុស្ដ​ពីទីលាន​ចាក់​សំណល់។ បច្ចុប្បន្ន​នៅបណ្ដា​ប្រទេស​ជឿនលឿន គេបាន​ប្រើប្រាស់​នូវម៉ាស៊ីន​ស្វ័យ​ប្រវត្ដិ​សម្រាប់ ផលិត​ជីកំប៉ុស្ដ ក្នុង​គោល​បំណង​កាត់បន្ថយ​នូវ​បរិមាណ​សំណល់​ដែលត្រូវ​ចាក់​នៅទីលាន ដោយ​បញ្ហា​ពុំមាន​ដី​គ្រប់គ្រាន់​សម្រាប់​សង់ ទីលាន​ចាក់​សំណល់ ហើយ​ក៏ដូចជា​កាត់​បន្ថយ​ដល់ការ​ប្រើប្រាស់​ជីគីមី​ផងដែរ។

សារៈ​ប្រយោជន៍​នៃការ​កែច្នៃ​សំណល់

ការ​កែច្នៃ​សំណល់​មាន​សារៈសំខាន់​ជាច្រើន​ដូចខាង​ក្រោម

  • ការជួយ​ដល់ការ​អភិរក្ស​ធនធាន​ធម្មជាតិ តាមរយៈ​ការ​ប្រើប្រាស់​សំណល់​ជាវត្ថុ​ធាតុដើម ជំនួស​វត្ថុធាតុ​ដើម​មួយចំនួន ដែល​ទាញចេញ​ពីធនធាន​ធម្មជាតិ​ក្នុងការ​ផលិត​ជា​ផ​​​លិតផល​ថ្មី
  • ការ​ប្រើប្រាស់​ឡើងវិញ​នូវសម្ភារៈ​មួយចំនួន​ដែល​ទាញ​ចេញពី​សំណល់ ដោយ​រក្សានូវ​ទម្រង់​ដើម​របស់​សំណល់​នៅដដែល ដោយ​គ្រាន់តែ​លាង​សម្អាត​នោះវា​បានជួយ​សន្សំ​ថាមពល​ក្នុងការ​ផលិត​នូវ​ផលិតផល​ថ្មី​ឡើងវិញ។
  • ការកាត់​បន្ថយ​គ្រោះថ្នាក់​នៃការ​បំពុល ក៏ដូចជា​ការសន្សំ​នូវ​តម្លៃ​លើការ​ចំណាយ​លើ​មធ្យោបាយ​ត្រួតពិនិត្យ ការធ្វើ ប្រព្រឹត្ដកម្មសម្អាត និងការ​បោះចោល។
  • ការ​កែច្នៃ​សំណល់​ធ្វើឱ្យ​កាត់បន្ថយ​នូវ​តម្រូវការ​ចំពោះ​មធ្យោបាយ​ក្នុងការ​ចាក់ចោល​សំណល់​មួយផ្នែក ក៏ដូចជា​បានកាត់ បន្ថយ​មាឌសំណល់ ដែល​ត្រូវចាក់​នៅទីលាន​ចាក់​សំណល់​ដែលជា​កត្ដាសំខាន់​ក្នុងការ​ជួយដល់​ដំណើរ​ការ​ប្រើប្រាស់​ទីលាន​បានរយៈ ពេល​យូរ ជាផ្នែក​ដ៏សំខាន់​ចំពោះ​តំបន់​ក្នុងក្រុង ឬទី​ប្រជុំជន​មានដី​ចង្អៀត និងខ្វះដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ផ្សេងៗ។ល។
  • ការ​ផលិត​នូវ​ផលិតផល​ដែលមាន​តម្លៃថោក​អាច​សមស្រប​ទៅតាម​កម្រិត​ជីវភាព។

ប្រភេទ​សំណល់​ដែលអាច​ធ្វើការ​កែច្នៃ

ប្រភេទ​សំណល់​ដែលអាច​កែច្នៃ​បានមាន​ដូចខាង​ក្រោម

  • ក្រដាស កាសែត ទស្សនាវដ្ដី ក្រដាសកាតុង ក្រដាសវេចខ្ចប់
  • ដប អំបែងដប ឬកែវ
  • លោហៈ កំប៉ុង​មានជាតិ​ដែក ឬ​អាលុយមីញ៉ូម
  • ប្លាស្ទិក ដបប្លាស្ទិក ឬសម្ភារៈ​វេចខ្ចប់​ជាប្រភេទ​ប្លាស្ទិក ឬថង់​ប្លាស្ទិករឹង ឬទន់
  • ប្រភេទ​ក្រណាត់
  • ប្រភេទ​សរីរាង្គ និង​សំណល់​ដទៃ​ទៀត។ល។

1 . ការ​កែច្នៃ​សំណល់​មាន​រូបភាព​៣យ៉ាង

  • សំណល់​ត្រូវបាន​ញែក​នៅឯ​ប្រភព និង​ត្រូវបាន​ប្រមូល​តាមផ្ទះ​ដោយអ្នក​ប្រមូល​សំណល់​របស់​ក្រុមហ៊ុន​ម៉ៅការ និង​បាន រើស​យក ឬទិញ​របស់​ដែលមាន​តម្លៃ​មួយចំនួន​ដោយអ្នក​រើស​អេតចាយ ឬ​អ្នកទិញ​អេតចាយ ដូចជា​ក្រដាស​កាតុង ដប​កំប៉ុង​អាលុយ មីញ៉ូម​ដែក​ជាដើម។
  • អ្នក​ប្រមូល​សំណល់​បាន​ចំណាយ​ពេល​ញែក​សម្ភារៈ​ដែលអាច​លក់បាន​ពីសំណល់
  • ការរើស​សំណល់​ដោយ​សហគមន៍​អ្នក​រើស​សម្រាម​ដែល​រស់នៅ​ជុំវិញ​ទីលាន​ចាក់​សំណល់​រឹង។

2 . ការញែក​សំណល់​ដែលអាច​កែច្នៃ​បាននៅ​ឯប្រភព​បង្កើត

  • មុនការ​បោះចោល​សំណល់​ត្រូវ​ពិចារណា​ថា តើ​ប្រភេទ​សំណល់​របស់​យើងអាច​នៅមាន​តម្លៃ​ប្រើប្រាស់​ឡើងវិញ សម្រាប់ អ្នក​ផ្សេង ឬជា​ប្រភេទ​អាចយក​ទៅកែច្នៃ​បានដែរ​ឬទេ
  • ត្រូវ​ស្ដុក ឬ​ទុកដាក់​ដាច់​ដោយឡែក​ពីសំណល់​ដែលពុំ​អាច​កែច្នៃ​បាន
  • ត្រូវ​ស្ដុក ឬទុកដាក់​សំណល់​ទាំងនេះ​តាម​ប្រភេទ​នៅក្នុង​ស្បោង​ដែលងាយ​នឹងមើល​ឃើញ ឬមាន​សញ្ញា​សម្គាល់ ដើម្បី​ងាយស្រួល​ដល់ការ​ប្រមូល​រើសយក ឬ​សម្រាប់​លក់
  • ការ​ប្រមូល​សំណល់​អាចកែច្នៃ​បានត្រូវ​ធ្វើ​ដោយឡែក​ពីសំណល់​ដែល​មិនអាច​កែច្នៃ​បាន ប្រសិន​បើអាច​ធ្វើទៅ​បាន។

បណ្ដាំ​ផ្ញើ

នៅលេខ​ក្រោយ​លោកអ្នក​ទាំងអស់​នឹងបាន​ជ្រាបជា​បន្ដទៀត​អំពីការ​បោះចោល​កាកសំណល់​ទាំងឡាយ ព្រមទាំង​ការ ជ្រើសរើស​ទីតាំង​ដើម្បី​បោះ​កាក​សំណល់​ទាំងនោះ​ចោល។ ព្រោះ​ថ្វីត្បិត​តែជា​សំណល់​យើងលែង​ត្រូវការ​ពិតមែន តែ​បើការ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​នោះ កាក​សំណល់​ទាំងនោះ​នឹងផ្ដល់​ទុក្ខទោស​ដល់​លោកអ្នក​មិនខាន​ទេ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative