ករណី​គ្រុន​ផ្ដាសាយ​បក្សី​នៅប្រឈម​ដដែល

យោងតាម​របាយការណ៍​ដែលបាន​ចុះផ្សាយ​កាលពី​ពេលថ្មីៗ​នេះបាន​ឱ្យដឹងថា វីរុស​គ្រុន​ផ្ដាសាយ​បក្សី​អាចឆ្លង​ទៅមនុស្ស ដោយ​មិនបង្ក​ជា​រោគសញ្ញា​គួរឱ្យ​កត់​សម្គាល់ទេ ប៉ុន្ដែ​ជាករណី​កម្រ​មានណាស់។ ការស្ទង់​មតិលើ​ប្រជាពលរដ្ឋ​ជាង៦០០​នាក់នៅ​តាម បណ្ដា​ភូមិជាច្រើន​នៅកម្ពុជា ទីដែល​មានក្មេង​ពីរនាក់​បានស្លាប់​ដោយសារ​វីរុស​នេះបាន​បង្ហាញថា មានមនុស្ស​៧នាក់ទៀត​ទំនង​ជាបាន ឆ្លង​វីរុស​នេះ ប៉ុន្ដែ​មិនបាន​ដឹងខ្លួន​ទេ។ ការសិក្សា​ដែលបាន​ចុះផ្សាយ​នៅក្នុង“ទិនានុប្បវត្ដិ​ជម្ងឺឆ្លង”ក៏បាន​លើកឡើង​ផងដែរ​ថា អ្នក​ទាំង នោះ​ប្រហែល​ជាបាន​ឆ្លង ដោយសារ​ការ​ហែលទឹក​នៅក្នុង​ស្រះទី​ដែលបក្សី​ដែលឆ្លង​វីរុស​បាន​លេងទឹក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​សិក្សា​ពីជម្ងឺ​គ្រុនផ្ដាសាយ​បក្សី​នៅកម្ពុជា

វេជ្ជបណ្ឌិត ស៊ីលវី ប្រាយអ៊ីន និង​វេជ្ជបណ្ឌិត គេជី ហ្វូគូដា មកពី​អង្គការ​សុខភាព​ពិភព​លោកបាន​សរសេរ​នៅក្នុង​បទអត្ថាធិប្បាយថា បើទោះណា​លទ្ធផល​ទាំងនេះ​មិនអាច​ចាត់ថា​ជាតំណាង ដោយគ្មាន​ការ​អះអាង​បញ្ជាក់​ទូលំទូលាយ​ក៏ដោយ​ក៏នៅកន្លែង ខ្លះលទ្ធផល​ទាំងនេះ​បង្ហាញថា ការ​តាមដាន​ប្រហែល​ជាមើល​រំលង​ខ្លាំង​ទៅលើ​ការឆ្លង​វីរុស​ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី។

វីរុស​នេះកម្រ​ឆ្លងទៅ​មនុស្សណាស់ ប៉ុន្ដែជា​ញឹកញាប់​វា​បណ្ដាលឱ្យ​ស្លាប់​នៅពេល​ដែលវា​ឆ្លងទៅ​មនុស្ស។ អង្គការ​សុខភាព ពិភពលោក​បាន​និយាយថា វីរុស​នេះបាន​សម្លាប់​មនុស្ស​២៦១នាក់​នៅក្នុង​ចំណោម​អ្នក​ដែលបាន​ឆ្លង​៤២៤នាក់​ចាប់តាំង​ពីឆ្នាំ​២០០៣ មក។

ការ​ព្រួយបារម្ភ​ដ៏ធំ គឺថា​តើវីរុស​នេះអាច​វិវឌ្ឍន៍​ទៅជា​ទម្រង់​មួយ​ដែល​មនុស្ស​អាចចម្លង​យ៉ាង​ងាយស្រួល​ទៅមនុស្ស​ម្នាក់ ទៀត ដោយ​បង្កឱ្យ​មាន​ការ​រីក​រាលដាល។ ការ​ព្រួយបារម្ភ​ទាំងនេះ​ត្រូវបាន​លុបលើ​យ៉ាង​ហោចណាស់​ក៏បន្ដិច​បន្ដួចដែរ ដោយសារ​ការ កាន់តែ​ខិតជិត​ទៅរក​ការរីក​រាលដាល​នៃជម្ងឺ​គ្រុន​ផ្ដាសាយ​ជ្រូក ដែលបាន​ផ្ទុះឡើង​កាលពី​ខែមីនា។

លោក ស៊ីរិនដា វង់ មកពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​សហសេវិក​បានតាម​ដានទៅ​លើការ​ស្លាប់របស់​កុមារ​ពីរនាក់ ដោយសារ​វីរុស​ផ្ដាសាយ​បក្សីកាល​ពីឆ្នាំ​២០០៦។ ពួកគេ​បានធ្វើ​សម្ភាស​ក្រុម​អ្នកភូមិ និងយក​សំណាក​ឈាម។ ពួកគេ​បាន​សរសេរ ថាមនុស្ស​៧នាក់​(មួយភាគរយ)នៅក្នុង​ចំណោម​អ្នកភូមិ​៦៧៤នាក់​បានធ្វើ​តេស្ដ​រកឃើញ​មានអង្គ​បដិប្រាណ​ប្រឆាំង​នឹងវីរុស​គ្រុនផ្ដាសាយ​បក្សី ហើយ​មិនបាន​រាយការណ៍​អំពី​ជម្ងឺ​ធ្ងន់ធ្ងរ​ទេ ពួកគេ​ពេលខ្លះ​បាន​ទប់ទល់​នឹងការ​ឆ្លង​វីរុស​គ្រុន​ផ្ដាសាយ​បក្សី។

ក្រុមអ្នក​វិទ្យាសាស្ដ្រ​បានឱ្យ​ដឹងទៀត​ថា បក្សីអាច​ចម្លងវីរុស​គ្រុនផ្ដាសាយ​តាមលាមក​របស់វា ហើយ​ជាពិសេស​សត្វទា​អាច ធ្វើ​ឱ្យទឹក​ស្រះកខ្វក់​ដោយសារ​លាមក​ដែលមាន​វីរុស​នោះ។ វីរុស​នេះអាច​រស់នៅ​ក្នុងលាមក ឬក៏​ក្នុងទឹក​បាន​រហូតដល់​៦ថ្ងៃ។

ក្រុមអ្នក​ស្រាវជ្រាវ​បាន​សរសេរ​ថា អំឡុង​រយៈពេល​នៃការ​សិក្សា អ្នក​ចូលរួម​ជាច្រើន​បាន​រាយការណ៍​ថា បាន​ប៉ះពាល់​បក្សី ដោយផ្ទាល់​ជា​ញឹកញាប់ និង​ជិតស្និទ្ធ រួមមាន​ការឱ្យ​ចំណី ឬ​ប៉ះពាល់​បសុបក្សី​(៧៣,៣​ភាគរយ) ការ​ប្រមូល​លាមក​បសុបក្សី​សម្រាប់ ធ្វើជី​(៥០,៩ភាគរយ) ការ​បោចរោម​បសុបក្សី​ដែលមាន​ជម្ងឺ​(៣១,១​ភាគរយ) ឬប្រមូល​បសុបក្សី​ដែលងាប់ ឬឈឺ​ដោយ​ដៃទទេ (៣៦,៨ភាគរយ)។ ពួកគេ​បានបន្ថែម​ថា ប៉ុន្ដែ​ការរក​ឃើញនេះ​លើកឡើង​ថាការ​ឆ្លងពី​បក្សី​ដែលមាន​ជម្ងឺទៅ​មនុស្ស​នៅក្នុង​ប្រទេស កម្ពុជា​គឺកម្រមាន​ណាស់ក្នុង​ឆ្នាំ២០០៦។

ការ​ហែលទឹក ឬការ​ងូតទឹក​នៅក្នុង​ស្រះរបស់​គ្រួសារ​អាចជា​កត្ដាដែល​បណ្ដាលឱ្យ​ឆ្លងវីរុស​គ្រុនផ្ដាសាយ​បក្សី​ផងដែរ។ ពួកគេ​បានបន្ថែម​ថា ជាទូទៅ​សត្វទា​អាចចូល​ទៅក្នុង​ស្រះ​ទាំងនេះ ហើយអាច​ជម្រុះ​លាមក​ដ៏ច្រើន​ទៅក្នុង​ស្រះដែល​ក្មេងៗ​និយមងូត និង​លេងនោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative