សូលីដូ រាងកាយ​មាំមួន ទើបសម​ជាបុរស

សូលីដូ ជាតារា​មួយដួង​ដែល​តែងតែ​បំពេ​បេះដូង​របស់​យុវវ័យ​គ្រប់​ស្រទាប់។ ដោយ​សារតែ​ទឹកដម​សំនៀង​ដ៏​ពីរោះ​របស់ លោក ជាមួយ​រូបរាង​ដ៏​ស្រស់​សង្ហា សម្បុរ​ស្រអែម និង​ទឹកមុខ​មាំបែប​ខ្មែរអង្គរ បាន​ធ្វើឱ្យ​តារា​រូបនេះ​ទទួល​ការ​ពេញ​និយម​មិនចាញ់ តារា​ល្បីផ្សេងៗ​ទៀតនោះ​ទេ។ ពិសេស​រូបរាង​ដ៏​រឹងប៉ឹង និងខ្ពស់​ស្រឡះ​បែបនេះ បាន​បង្កើតជា​ចម្ងល់​ជាច្រើន​ដល់មិត្ដ​បុរស​ទាំង អស់ដែល​ចូលចិត្ដ​នូវ​រាងកាយ​ដែល​ពោរពេញ​ទៅដោយ​សាច់ដុំ​រឹងមាំ ដែល​ចង់ដឹង​នូវ​វិធី​សាស្ដ្រ​ដែល​ធ្វើឱ្យ​លោកមាន​រាងសង្ហា និង សុខភាព​ល្អ​បែបនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រវត្ដិ​​មុនពេល​​ចូល​សិល្បៈ

លោក សូលីដូ ជាតារា​ចម្រៀង​ដែល​ទទួលបាន​ការ​ជោគជ័យ​គួរសម​ក្នុង​ពិភព​ចម្រៀង។ កាលពី​ឈានជើង​ចូលក្នុង​ពិភព សិល្បៈ​ដំបូង លោក​គ្រាន់តែ​ជាអ្នក​ចម្រៀង​នៅតាម​រង្គសាល​តែ​ប៉ុណ្ណោះ តែ​ក្រោយ​មកដោយ​សារតែ​មានការ​ជ្រោមជ្រែង​ពី​សំណាក់ មិត្ដភក្ដិ និងអ្ន្នក​គាំទ្រ​សម្លេង​របស់​លោក ធ្វើឱ្យ​លោក​អាចមាន​ឱកាស​ឡើង​សម្ដែង​តាមការ​ប្រគំ​តន្ដ្រី​នានា រហូត​ដល់​ផលិតកម្ម​សាន់ដេ ចាប់​អារម្មណ៍​លើ​សមត្ថភាព​របស់​លោក និងបាន​ទំនាក់ទំនង​លោក​ឱ្យចូល​ច្រៀង​ក្នុង​ផលិតកម្ម។

ការ​​ថែរក្សា​​សម្រស់

បច្ចុប្បន្ន​លោក សូលីដូ កំពុង​ជាប់​រវល់ និង​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ច្រៀង​បទថ្មី​សម្រាប់​យុវវ័យ​ឱ្យ​ផលិតកម្ម​ដែលលោក ទើប​តែចុះ​កុងត្រា​ជាមួយ។ ប៉ុន្ដែវា​មិនដែល​ធ្វើឱ្យ​លោក សូលីដូ ធ្វេស​ប្រហែស​ពីការ​ថែរក្សា​សម្រស់​រាងកាយ​ឱ្យមាន​ភាព​រឹងប៉ឹង និង មាំមួន សក្ដិសម​ជាបុរស​ពិតៗ​នោះឡើយ។ លោក សូលីដូ ជាតារា​ប្រកប​ដោយ​រសនិយម​ក្នុងការ​ធ្វើឱ្យ​រូប​រាងកាយ លោកមាន​រាងមាំ និង​សាច់ដុំ​ប្រកប​ដោយ​ភាព​ទាក់ទាញ​បំផុត ដោយសារ​តែ​រាងកាយ​ដ៏​ស្រស់សង្ហា និង​អាថ៌​កំបាំង​ថែរក្សា​ខ្លួនប្រាណ របស់​លោក។

  • ការ​ថែរក្សា​ស្បែកមុខ ៖ សម្រស់​ផ្ទៃមុខ​ជាកត្ដា​សំខាន់ បើសិន​ជាពុំ​សូវយក​ចិត្ដទុក​ដាក់ក្នុង​ការរក្សា​ឱ្យបាន​ស្អាតនោះទេ វាជា​បញ្ហា​ហើយ​សម្រាប់​រូប​លោក​ដែលត្រូវ​ប្រឈម​មុខ​ជាមួយ​កម្ដៅ​ស្ទើរ​រៀងរាល់​ថ្ងៃ។ ទោះជា​មាន​ភាព​មមាញឹក​ក្នុងការ​សម្ដែង​នូវ បទ​ចម្រៀង​ថ្មីៗ​របស់​លោក​យ៉ាងណា​ក៏ដោយ លោក សូលីដូ នៅតែ​យកចិត្ដ​ទុកដាក់ ដោយ​គ្រាន់តែ​ប្រើប្រាស់​ឡេ និង​ពាក់មួក សម្រាប់​ការពារ​ផ្ទៃមុខ​ពេល​សម្ដែង និងពេល​ត្រូវ​កម្ដៅ​ថ្ងៃ។ នៅពេល​យប់វិញ លោក​ប្រើក្រែម ឬឡេ​ចិញ្ចឹម​កោសិកា​មុខ លាបនៅ លើមុខ​ជា​ប្រចាំ ជាពិសេស​ជាងនោះ​ទៀត លោក​តែងតែ​លាង​សម្អាត​មុខមិន​ដែលខាន​ជាមួយ​ហ្វូម ដើម្បី​លាង​សម្អាត​ធូលី​ដីដែល តោងជាប់​សាច់មុខ​ពេលចេញ​ទៅក្រៅ។
  • ការ​ថែរក្សា​ស្បែក​ខ្លួន ៖ សម្រាប់​ការ​ថែរក្សា​អនាម័យ និងភាព​ស្រស់ស្អាត​របស់​រាងកាយ លោក សូលីដូ ពុំសូវ​ជា មានអ្វី​ពិសេស​ប៉ុន្មាន​ទេ ដោយ​គ្រាន់​ពេលខ្លះ​លោក​ប្រើប្រេង ឬឡូសិន​សម្រាប់​ថែរក្សា​នៅពេល​ដែលមាន​ធុរៈ​ត្រូវចេញ​ទៅក្រៅ ប៉ុណ្ណោះ និង​ងូតទឹក​ឱ្យបាន​ច្រើនដង​ក្នុងមួយ​ថ្ងៃ ដោយ​ប្រើប្រាស់​ជាមួយ​សាប៊ូ​ដុំធម្មតា ដែល​ផ្ដល់នូវ​ប្រយោជន៍​ដល់ស្បែក។
  • ការ​ថែរក្សា​សក់ ៖ លោក សូលីដូ បាន​ប្រាប់ថា ការលេង​ម៉ូតសក់​ឱ្យត្រូវ​ទម្រង់​មុខជា​ការសំខាន់។ ប៉ុន្ដែ​ត្រូវធ្វើ​ឱ្យសក់​មាន សុខភាព​ល្អជា​មុនសិន ទើបជា​ការ​ប្រសើរ ដោយ​គ្រាន់តែ​ទម្លាប់​កក់សក់​​ឱ្យបាន​ញឹកញាប់​រាល់ពេល​ងូតទឹក ឬកក់​សក់នៅពេល​មាន ពេលទំនេរ​ជាប្រចាំ និង​ឧស្សាហ៍​សិតសក់ និងអប់​វាជា​ប្រចាំ។ នោះទើប​ធ្វើឱ្យ​សក់មាន​ភាព​រលោង និង​ងាយស្រួល​ក្នុងការ​ធ្វើម៉ូត សក់ផ្សេងៗ តាម​ទម្រង់​មុខ​របស់​លោក និងមិន​ធ្វើឱ្យ​មានបញ្ហា​រមាស់​នៅតាម​ស្បែក​ក្បាល។
  • ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ ៖ លោក សូលីដូ យល់ថា ភាព​ប្រហើរ​នៃក្លិន​មាត់​ជារឿង​ដែល​ចាំបាច់​ក្នុង​ការយក​ចិត្ដទុក ដាក់បំផុត។ សម្រាប់​លោក សូលីដូ មិនដែល​ធ្វេស​ប្រហែស​ចំពោះ​រឿង​សុខភាព​មាត់ធ្មេញ​ម្ដងណា​ឡើយ។ ទោះបីជា​រវល់​យ៉ាងណា ក៏ដោយ​ក៏លោក​ឆ្លៀតពេល​សម្អាត​វាយ៉ាងតិច​ឱ្យបាន​ពីពីរ​ទៅបី​ដងដែរ​ក្នុងមួយ​ថ្ងៃ។ ជាពិសេស​ក្រៅពី​ការដុស​សម្អាត លោកក៏​បាន ប្រើប្រាស់​ផលិតផល​ខ្ពុរមាត់​ជាប្រចាំ និង​ចូលចិត្ដ​ទំពា​ស្ករកៅស៊ូ​ផងដែរ ដើម្បី​កម្ចាត់​ចោលនូវ​កាក​សំណល់​ដែល​តោងជាប់​ធ្មេញ។ លោក​តែងតែ​ទៅ​គ្លីនិក​ធ្មេញ​រៀងរាល់​ខែ ដើម្បី​ធ្វើការ​សម្អាត ឬខាត់​ធ្មេញឱ្យ​ស ជាពិសេស​ពិនិត្យ​សុខភាព​មាត់ធ្មេញ​របស់លោក។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ភ្នែក ៖ នៅពេល​សម្ដែង និងចេញ​មកក្រៅ ដោយសារ​តែកម្ដៅ​និងពន្លឺ​ខ្លាំង​ដែលចាំង​ចូលភ្នែក ជា​ពិសេស ចំពោះ​ការជះ​ពន្លឺ​នៃម៉ាស៊ីន​ថតដែល​ធ្វើឱ្យ​មានផល​វិបាក​យ៉ាងខ្លាំង​ចំពោះភ្នែក ពេលថត​លោក​តែងតែ​ប្រើ​វ៉ែនតា​ជំនួយ បើសិន​ជា អ្នក​ដឹកនាំ​អនុញ្ញាត​ឱ្យប្រើ។ ពិសេស​ធ្វើការ​សម្អាត​ជាមួយ​ទឹកស្អា​​ត និង​ឆ្លៀតពេល​វេលា​ខ្លះ​សម្រាប់​ឱ្យភ្នែក​សម្រាក ដោយ​ប្រើ ក្រណាត់​ស្អាត​ជ្រលក់​ជាមួយ​ទឹកមក​ស្អំលើ​ភ្នែកឱ្យ​បានបួន​ទៅប្រាំ​នាទី នៅពេល​ដែលមាន​អារម្មណ៍​ថា ផ្សា ឬក៏​រួយភ្នែក។

ការ​ថែរក្សា​សុខភាព​រាងកាយ

  • ការ​ហាត់​ប្រាណ ៖ ដើម្បី​សុខភាព​ល្អ និងមាន​រាងកាយ​មាំមួន​សក្ដិសម​ជាបុរស​ខ្មែរពេញ​លក្ខណៈ លោក សូលីដូ តែងតែ ហាត់​ប្រាណ​ជាប្រចាំ​ថ្ងៃ ដោយ​លោក​ចំណាយ​ពេល​ត្រឹមតែ​១៥ទៅ​២០នាទី​ប៉ុណ្ណោះ ក្រៅពី​នោះ​បើមាន​ពេល​ទំនេរ​ពី​កិច្ចការ លោក តែងតែ​ទៅលេង​កីឡា​លើកដុំ​ដែក និងកីឡា​ផ្សេងៗ​គ្រប់​ចលនា​ដែលអាច​ធ្វើឱ្យ​លោក​អាចបង្កើន​នូវសាច់​ដុំ កម្ពស់ ក៏ដូចជា​រាងរៅ ស្រស់ស្អាត​ផងដែរ។ លោកបាន​ពោលថា ការលេង​កីឡា​ជាប្រចាំ​មិនធ្វើ​ឱ្យយើង​មានការ​ឈឺចុក​ចាប់​នៅតាម​សន្លាក់​នោះទេ ប៉ុន្ដែ​ធ្វើឱ្យ ចលនា​សាច់ដុំ​កន្ដ្រាក់ ហើយ​ឡើង​ធំដូច​ដែលយើង​ចង់បាន។
  • ការ​ទទួល​ទាន​អាហារ ៖ មាន​អាហារ​ជាច្រើន​ដែលមើល​ទៅមាន​សារជាតិ​ឆ្ងាញ់ និងគួរ​ឱ្យចង់​ទទួលទាន ប៉ុន្ដែសម្រាប់​រូប លោកផ្ទាល់​បានបង្កើត​ទម្លាប់​ក្នុងការ​បរិភោគ​សម្រាប់​ខ្លួនឯង ដោយ​ជ្រើស​រើស​តែ​អាហារ​ណាដែល​ផ្ដល់សារៈ​ប្រយោជន៍​ដល់​រាងកាយ និង​ប៉ះពាល់​ដល់​សុខភាព ដូចជា​ការ​ទទួលទាន​បន្លែ​ឱ្យបាន​ច្រើនជាង​សាច់ និង​ចៀសវាង​ឱ្យបាន​ច្រើនក្នុង​ការ​ទទួល​គ្រឿង​ស្រវឹង ដែល បង្ក​បញ្ហា​ដល់​សុខភាព និង​សុវត្ថិភាព​ក្នុងការ​បើកបរ​ដោយការ​ធ្វេស​ប្រហែស​នៅពេល​ស្រវឹង។ ជា​ពិសេស​ដើម្បីឱ្យសាច់​នៅតែ​មាន ភាព​ស្រស់ថ្លា លោក​ទទួលទាន​ផ្លែឈើ និងបន្លែ​ឱ្យបាន​ច្រើនជាង​សាច់។
  • ការ​ទទួលទាន​ដំណេក ៖ ទោះជា​មានការ​ជាប់​រវល់​យ៉ាងណា​ក៏ដោយ ក៏ការ​ទទួលទាន​បាន​គ្រប់គ្រាន់​នៅតែ​ជារឿង សំខាន់​សម្រាប់​លោក ដើម្បី​ឱ្យរូប​លោកមាន​កម្លាំង​កំហែង​ក្នុងការ​បំពេញ​ភារៈកិច្ច​ផ្សេងៗ។ ការ​ទទួលទាន​បាន​គ្រប់គ្រាន់​បានធ្វើ​ឱ្យ យើង​មាន​សុខភាព​ល្អ និង​ចៀសផុត​ពីជម្ងឺ​ផ្សេងៗ ពិសេស​ធ្វើឱ្យ​ស្បែកមាន​ភាពស្រស់​ស្អាត។ ការអត់​ងងុយ​អាចធ្វើ​ឱ្យផ្ទៃ​មុខ​ប្រែប្រួល ខុស​ធម្មតា។ ដូច្នេះ​ទោះជា​រវល់​យ៉ាងណា​ក៏ដោយ លោក​មិនដែល​បំភ្លេច​ចោលនូវ​ការ​សម្រាក​ម្ដងសោះ ព្រោះការ​សម្រាក​បានគ្រប់ គ្រាន់​ជួយ​បង្កើន​ថាមពល​ដល់យើង​បានច្រើន​ជាងការ​ទទួលទាន​ទៅទៀត។

បណ្ដាំ​ផ្ញើ​របស់​លោក សូលីដូ

សុភាព​បុរស​ទាំងឡាយ គួរតែ​ផ្ដោត​សំខាន់​ក្នុងការ​ថែរក្សា​រាងកាយ​ឱ្យមាន​ភាព​ស្រស់​សង្ហា និង​មាំមួន មាន​សុខភាព​ល្អ។ ការ​ទទួលទាន​នូវ​សារធាតុ​ដែល​មិនល្អ​ច្រើន ធ្វើឱ្យ​សភាព​នៃ​រាងកាយ​ទាំងមូល​ផ្លាស់ប្ដូរ ជួន​ស្គមពេក ឬក៏​ធាត់លើស​ទម្ងន់ ជាហេតុ បង្ក​ជាជម្ងឺ​ផ្សេងៗ។ ការ​ហាត់​ប្រាណ​ទៀងទាត់ និង​ត្រឹមត្រូវ ធ្វើឱ្យ​រាងកាយ​របស់​យើង​ក្លាយជា​បុរសពិតៗ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ សូលីដូ
  • អាយុ ៖ ២៩ឆ្នាំ
  • កម្ពស់ ៖ ១,៧៧
  • ទម្ងន់ ៖ ៦៦គីឡូក្រាម
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ
  • បំណង​ប្រាថ្នា​ថ្ងៃ​អនាគត ៖ អ្នក​ជំនួញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative