លទ្ធ​ផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ប្រកាសជា​ផ្លូវ​ការ​ស្រប​ពេល​ការ​សម្ពោធ​បង្គោល​ព្រំ​ដែន​លេខ​៣១៤​នៅ​ខេត្ត​ កំពត

គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប នៅ​ថ្ងៃ​​ទី​២៤ មិថុនា ឆ្នាំ​ ២០១២​ បាន​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៣។ គណ​បក្ស​ចំនួន​៧​ ក្នុង​ចំណោម​គណបក្ស​ចំនួន​១០ បាន​ទទួល​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ប៉ុន្តែ​ គណបក្ស​ដែល​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ មាន​តែ ៤​ គណ​បក្ស​ទេ គឺ​គណ​បក្ស​ប្រជាជន​ គណបក្ស​សម រង្ស៊ី​ គណ​បក្ស​សិទ្ធិ​មនុស្ស និង​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា និង​វៀត​ណាម​ក៏​ធ្វើកា​រ​សម្ភោធ​បង្គោល​ព្រំ​ដែន​លេខ​៣១៤​នៅ​ខេត្ត​កំពត​ផង​ដែរ។​

រូបភាពគេហទំព័រសុខភាពយើង

លទ្ធ​ផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​បង្ហាញ​ថា មាន​គណ​បក្ស​ចំនួន​៧ បាន​ទទួល​អាសនៈ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣។ ក្នុង​នោះ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល ៨,២៩២ អាសនៈ គណ​បក្ស​សម រង្ស៊ី ២,១៥៥ អាសនៈ​ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ទទួល​បាន​១៥១ អាសនៈ គណ​បក្ស នរោត្តម រណ​ឫទ្ធិ ៥២ អាសនៈ គណ​បក្ស សិទ្ធិ​មនុស្ស​៨០០​ គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​៨ អាសនៈ និង​គណ​បក្ស​សញ្ជាតិ​កម្ពុជា ​១ អាសនៈ។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី។​

អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក ទេព នីថា នៅ​ថ្ងៃ​ទី ២៤ មិថុនា មាន​ប្រសាសន៍​ថា​ លទ្ធ​ផល​បោះ​ឆ្នោត បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ មាន​ទូរទស្សន៍​ជាតិ និង​វិទ្យុ​ជាតិ។ លោក​បន្ត​ថា​ គណ​បក្ស​កាន់​អំណាច​មាន​ជោគ​ជ័យ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​នេះ៖ «គណ​បក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១.៥៩២ មេឃុំ-ចៅ​សង្កាត់​ គណ​បក្ស សម រង្ស៊ី២២ មេឃុំ-ចៅសង្កាត់ គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច ១ មេឃុំ -ចៅ​សង្កាត់ និង​គណ​បក្ស សិទ្ធិ​មនុស្ស​ ទទួល​បាន​មេឃុំ-ចៅ​សង្កាត់​ចំនួន ១៨ មេឃុំ -ចៅ​សង្កាត់។ លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ មាន​ការ​ប្រែ​ប្រួល​ខ្លះ តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បែង​ចែក​អាសនៈ​នោះ​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​លទ្ធ​ផល​បណ្ដោះ​អាសន្ន »។​ លទ្ធ​ផល​បោះ​ឆ្នោត​បង្ហាញ​ថា បក្ស​ប្រឆាំង​សម រង្ស៊ី នឹង​បាន​ដំណែង​មេ​ឃុំ ២២ សង្កាត់​ទូទាំង​ប្រទេស នៅ​ខេត្ត​ស្ទឹង​ត្រែង​១ ឃុំ​ សៀមរាប២ឃុំ នៅរតនៈគីរី១ឃុំ ព្រៃវែង២ឃុំ ព្រះវិហារ៧ឃុំ កំពង់ធំ២ឃុំ កំពង់ស្ពឺ១ឃុំ កំពង់ឆ្នាំង១ឃុំ និងកំពង់ចាម ៥ ឃុំ។

រីឯគណបក្ស ហ្វ៊ុនស៊ុនប៉ិច បានដំណែង១ឃុំ។ គណបក្ស សិទ្ធិមនុស្ស ទទួលបានដំណែងមេឃុំចំនួន១៨ នៅទូទាំង ប្រទេសដូចជា នៅ​ខេត្ត​ព្រៃ​វែង​ទទួល​បាន​១០​ឃុំ កំពង់​ចាម​៧​ឃុំ និង​ខេត្ត​កំពត​១​ឃុំ។ ដោយ​ឡែក គណ​បក្ស​ប្រជា​ជន​កម្ពុជា ជា​បក្ស​កាន់​អំណាច​ ទទួ​លបាន​តំណែង​ជា​មេឃុំ និង​ចៅស​ង្កាត់ នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស គឺ​មាន​ចំនួន ១.៥៩២ ឃុំ​សង្កាត់។ ទន្ទឹម​គ្នា​នេះ​ដែរ​ ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​ស្គាល់​នូវ​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ ដែល​គណ​បក្ស​លោក​ទទួល​បាន​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី គណ​បក្ស​សិទ្ធិ​មនុស្ស​ នៅ​តែ​ស្នើ​ឲ្យ​ដូរ​សមាស​ភាព​គណ​កម្មា​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ លោក កឹម សុខា៖ «យើង​ប្រកាស​ទទួល​យក​លទ្ធ​ផល​ដែល​រាស្ត្រ​បោះ​ឲ្យ​យើង។ លទ្ធ​ផល​ដែល​គណ​បក្ស​កាន់​អំណាច​ទទួល​បាន​ ដោយ​ការ​បោះ​ឆ្នោត​មួយ​មិន​ថ្លៃ​ថ្នូរ និង​ទាម​ទារ​សម្រាប់​ការ​បោះ​ឆ្នោត​ទៅមុ​ខទៀ​ត»។​

គណៈ​កម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា អង្គការ​ខុម​ហ្រ្វែល ​(Comfrel)​ បាន​ចេញ​របាយ​ការណ៍​សង្កេត​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១២ ដោយ​បង្ហាញ​ថា​ ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។ ប៉ុន្តែ​ មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន មាន​បញ្ហា​បច្ចេក​ទេស​ខ្លះៗ​ ដែល​រាំង​ស្ទះ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តាម​ការិ​យាល័យ​ទាំង​នោះ។ បើ​តាម​ច្បាប់​បោះ​ឆ្នោត​កម្ពុជា​បង្ហាញ​ថា​ បេក្ខជន​ដែល​ជាប់​ជា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មក​ពី​គ្រប់​គណ​បក្ស​នឹង​ចូល​កាន់​ការងារ​ថ្មី​របស់​ខ្លួន នៅ​ក្នុង​អំឡុង​ពេល​ ១៥​ ថ្ងៃ​ក្រោយ​ពី​ការ​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវ​ការ​របស់ គ.ជ.ប។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ដដែល​នេះ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ និង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀត​ណាម​បាន​ចូល​រួម​ពី​ធី​សម្ភោធ​បង្គោល​ព្រំ​ដែន​លេខ​៣១៤ នៅ​ខេត្ត​កំពត​ផង​ដែរ។ លោក​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាម​ គឺជា​ការ​បញ្ចប់​នូវ​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​វា​នឹង​នាំ​មក​នូវ​ភាព​សុខ​សាន្ត និង​ការ​អភិវឌ្ឍន៍​នៅ​តាម​បណ្ដោយ​ព្រំ​ដែន។​ ចំណែក​ឯ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀត​ណាម លោក ង្វៀន តាន់ យ៉ុង ក៏​បាន​ថ្លែង​សុន្ទរកថា​ស្ដី​អំពី​សារ​សំខាន់​នៃ​ការ​បោះ​បង្គោល​កំណត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។​

ទោះ​យ៉ាង​ណា​ក្ដី ការ​ម្ភោធ​នេះ មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន បាន​ទទួល​ការ​សាទរ​ ហើយ​ក៏​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​​សម្តែង​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ ដោយ​ហេតុ​ថា កម្ពុជា​ត្រូវ​បាត់​បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម។​ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស ជា​គណបក្ស​ប្រឆាំង​មួយ​ដែល​កំពុង​តែ​កើន​ប្រជា​ប្រិយ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំ​ទ្រ​ចំពោះ​ការ​បោះ​បង្គោល​ព្រំ​ដែន​ជា​លក្ខណៈ​ទ្វេ​ភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាមនេះ​ឡើយ។​
សូម​បញ្ជាក់​ថា បង្គោល​ព្រំ​ដែន​លេខ​៣១៤​នេះ គ្រាន់​តែ​ជា​បង្គោល​ចុង​ក្រោយ​នៃ​ការ​ចែក​ខណ្ឌ​សីមា​ដែន​គោក​រវាង​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ប៉ុណ្ណោះ។ ប្រទេស​ទាំង​ពីរ នៅ​បន្ត​ការ​កំណត់​ព្រំ​ដែន​ទឹក​ជាមួយ​គ្នា​តទៅ​ទៀត ដែល​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ ពិធី​សម្ពោធ​បង្គោល​ព្រំ​ដែន​លេខ ៣១៤ គឺ​ធ្វើ​ឡើង​ចំ​ពេល​នៃ​ខួប​លើក​ទី ៤៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

អត្ថបទដោយ‍‍ ៖​ សៀង វិរៈ
ចេញផ្សាយ​ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២​

Google Analytics Alternative