របៀប​ជួយ​សង្គ្រោះ​នៅពេល​មាន​របួស

ការមាន​របួស​មិនអាច​មាន​នរណា​ម្នាក់​គេចផុត​នោះទេ គ្រាន់តែ​មាន​របួស​ស្រាល ឬ​របួស​ធ្ងន់តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​អ្វីដែល សំខាន់​នៅពេល​នេះ គឺ​ទស្សនាវដ្ដី សុខភាពយើង នឹង​លើកមក​បង្ហាញ​ជូន​អំពី​វិធី​មួយ​ចំនួន​ដែលអាច​ជួយ​លោកអ្នក​ឱ្យ​ចៀសផុត អំពី​បញ្ហា​មួយ​ចំនួន​ដែលនាំ​ឱ្យមាន​គ្រោះថ្នាក់​នៅពេល​ដែល​លោកអ្នក ឬក៏​នរណា​ម្នាក់​មាន​របួស ហើយ​លោកអ្នក​ត្រូវជួយ​សង្គ្រោះ ជាបន្ទាន់​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លក្ខណៈ​ទូទៅ​នៃរបួស

ជា​ទូទៅ​របួស​ត្រូវបាន​ចែកចេញ​ជាពីរ របួស​ស្រាល និង​របួសធ្ងន់។

  • របួស​ស្រាល ៖ គឺជា​ការរលាត់​ស្បែក​បន្ដិចបន្ដួច​ដែលគ្មាន​ឈាម ឬមាន​ឈាមខ្លះ
  • របួស​ធ្ងន់ ៖ មាន​ទំហំធំ ជ្រៅ នៅក្បែរ​រន្ធ​ធម្មជាតិ ឬនៅ​លើមុខ ឬមាន​វត្ថុមុត​ជាប់។

ការជួយ​សង្គ្រោះ​នៅពេល​មានរបួស

1 . របួស​ស្រាល

បើសិន​ជាជន​រងគ្រោះ​មិនបាន​ព្យាបាល​របួស​ស្រាល នឹង​ក្លាយទៅ​ជា​របួស​ធ្ងន់។ ប្រសិន​បើជន​រងគ្រោះ​មិនបាន​ចាក់ថ្នាំ​បង្ការ តេតាណូស ជន​រងគ្រោះ​អាចមាន​ជម្ងឺ​តេតាណូស​ដែលអាច​បណ្ដាលឱ្យ​ស្លាប់។ នៅពេល​មាន​របួស​ស្រាល លោកអ្នក​ចាំបាច់​ត្រូវអនុវត្ដ កាយវិការ​មួយ​ចំនួនគឺ ៖

  • លាងដៃ​នឹង​ទឹកសាប៊ូ
  • លាង​របួស​នឹងទឹក​សាប៊ូ ដោយ​ប្រើស្បៃ​ស្អាត​សម្អាត​ពីខាង​ក្នុងចេញ​មកក្រៅ
  • លាង​របួស​នឹង​ទឹកថ្នាំ​សម្លាប់​មេរោគ
  • ធ្វើការ​រុំរបួស​ជាមួយ​នឹងស្បៃ​ចំហុយ ដែល​រៀបចំរួច
  • ប្រសិន​បើជន​រងគ្រោះ​មិនបាន​ចាក់ថ្នាំ​បង្ការ​តេតាណូស ត្រូវប្រាប់​ជន​រងគ្រោះ​ឱ្យទៅ​មណ្ឌល​សុខភាព​ដើម្បី​ចាក់ថ្នាំ
  • ដុត ឬក៏​កប់កាក​សំណល់ និង​ត្រូវលាង​ដៃនឹង​សាប៊ូ។

ក្រៅពី​នេះ​លោកអ្នក​ក៏​គួរតែ​ប្រុងប្រយ័ត្ន ហើយ​ត្រួតពិនិត្យ​ឱ្យ​ទៀងទាត់​នូវ​សញ្ញា​ឆ្លងរោគ​ក្រហម ការ​ឈឺចាប់ ឡើងដំបៅ​ហើម ការហូរ​ខ្ទុះជា​ដើម។

2 . របួសធ្ងន់

របួស​ធ្ងន់​អាចមាន​ដំបៅ​ធ្ងន់ធ្ងរ​នៅខាងក្នុង​ខ្លួន (ការហូរ​ឈាម​ខាងក្នុង ឬការ​ខូចខាត​ដល់​សរីរាង្គ)។ ក្នុង​ករណី​នេះលោក អ្នកជា​អ្នកជួយ​សង្គ្រោះ​ត្រូវមាន​វិធាន​ការណ៍​ជាបន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ ដោយ​ត្រូវ ៖

  • លាងដៃ​ឱ្យស្អាត រួចពាក់​ស្រោមដៃ
  • គ្រប​ស្បៃ​រម្ងាប់​មេរោគ​លើ​ដំបៅ​ដោយ​មិនសង្កត់
  • រុំរបួស​នឹង​ក្រណាត់​ស្អាត​(រាងបីជ្រុង) កុំរឹត​ឱ្យតឹង ប៉ុន្ដែ​គ្របបិទ​ឱ្យជិត
  • ដាក់ជន​រងគ្រោះ​ឱ្យដេក ឬដាក់​ជនរង​គ្រោះក្នុង​ជំហរ​មួយមាន​ផាសុកភាព
  • បញ្ជូន​ជន​រងគ្រោះ​ទៅ​មណ្ឌល​សុខភាព ឬមន្ទីរ​ពេទ្យ។
  • ប្រសិន​បើមាន​របួស​នៅត្រង់​កន្លែង​មួយ​ចំនួន​ដែលធ្វើ​ឱ្យ​លោកអ្នក​រអា​ក្នុងការ​ជួយ​សង្គ្រោះ​នោះ សូម​លោកអ្នក​ស្វែងយល់ ពីការ​សង្គ្រោះ​ដ៏ពិបាក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . របួស​ធ្លាយពោះ ចេញ​ពោះវៀន​មកក្រៅ

  • សូមកុំ​រុញចូល ឬទាញ​ពោះវៀន​ចេញក្រៅ
  • សូមដាក់​ជនរង​គ្រោះ​ឱ្យដេក និង​បញ្ឈរ​ជង្គង់
  • ស៊ក​ក្រមា​ក្រោម​ចង្កេះ​ជនរង​គ្រោះ
  • រៀបចំ​ចានទឹក​អំបិល​ស្អាតមួយ
  • លាងដៃ​ឱ្យស្អាត និងពាក់​ស្រោមដៃ
  • យកស្បៃ​ចំហុយ​ផ្សើម​ទឹក​អំបិល ផ្ដិតលើ​ពោះវៀន​ថ្នមៗ
  • យកស្បៃ​ផ្សើម​ទឹក​អំបិល គ្របលើ​ពោះវៀន
  • យកចាន​គោម​គ្របពី​លើស្បៃ រួចរុំ​ក្រមា​ពីលើ
  • ដឹកជញ្ជូន​ជនរង​គ្រោះក្នុង​ស្ថានភាព​ដដែល​(បញ្ឈរ​ជង្គង់)ទៅមន្ទីរ​ពេទ្យ។

4 . របួស​ភ្នែក

  • សូមដាក់​ជន​រងគ្រោះ​ឱ្យ​ដេកផ្ងារ
  • សុំឱ្យ​ជនរង​គ្រោះ​បិទភ្នែក​ទាំងពីរ
  • យកស្បៃ​ចំហុយ​គ្របលើ​ភ្នែក​របួស រុំថ្នមៗ។

5 . របួស​ដោយមាន​វត្ថុមុត​ជាប់

ពេលនោះ​លោកអ្នក​មិនត្រូវ​ដកវត្ថុ​មុតជាប់​ចេញ និងកុំ​សង្កត់​វត្ថុមុត​ជាប់​នោះចុះ​ក្រោម តែទាញ​ស្បែក​កន្លែង​មុខ​របួស​មក ផ្អឹប​ជុំវិញ​វត្ថុមុត​ជាប់ និងរុំ​ជុំវិញ​ដោយបង់។

បណ្ដាំ​ផ្ញើ

ប្រសិនបើ​លោកអ្នក​មានការ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​សូមចាំ​ថា ជានិច្ចកាល​ត្រូវតែ​លាងដៃ​នៅពេល​មុន និង​ក្រោយ​ការលាង របួស​នៅពេល​ប៉ះពាល់​របួស​ជាដើម។ ទស្សនាវដ្ដី សុខភាពយើង សង្ឃឹមនិង​ជឿជាក់​ថា លោកអ្នក​ប្រាកដ​ជានឹង​ទទួល​បាននូវ​ចំណេះ ដឹងពី​ការជួយ​សង្គ្រោះ​នេះ ដើម្បី​ទុកជា​ប្រយោជន៍​នៅថ្ងៃ​ណាមួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative