អំពើ​ជួញ​ដូរ​មនុស្ស​នឹង​ត្រូវ​បង្រ្កាប​

ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ទៅ​លើ​ប្រជាជន​កម្ពុជា​ស្លូត​ត្រង់​ គឺវិ​ធានការ​មួយ​ដ៏​ម៉ឺង​ម៉ាត់​បំផុត​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា រួម​ទាំង​អង្គការ​ជាតិ និ​ង​អន្តរ​ជាតិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ការ​ចាំ​បាច់។ ​ហេតុ​ដូច​នេះ ការ​ចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន​សង្គម ក៏​ជា​រឿង​ត្រឹម​ត្រូវ​មួយ​ផង​ដែរ​ ដែល​ប្រជាពល​រដ្ឋ​កម្ពុជា​ត្រូវ​តែ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស។​

រូបភាពទស្សនាវដ្ដីសុខភាពយើង

សាលា​រាជ​ធានី​ភ្នំពេញ បាន​រៀប​ចំ​សិក្ខា​សាលា​រៀប​ចំ​ផែន​ការ​ថ្នាក់​រាជ​ធានី​ភ្នំពេញ ក្នុង​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ ការ​រត់​ពន្ធ​ ការ​ធ្វើ​អាជីវ-កម្មពល​កម្ម​ និង​​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ ២០១២-២០១៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១២។​

លោក​ជំទាវ ជូ ប៊ុនអេង បាន​មាន​ប្រសាសន៍​ចាប់​ផ្តើម​បើក​អង្គ​សិក្ខា​សាលា​ថា សិក្ខា​សាលា​នេះ​រៀប​ចំ​ឡើង​ ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​នូវ​គំនិត​ល្អៗ ដើម្បី​រៀប​ចំ​ផែន​ការ​ថ្នាក់​រាជ​ធានី​ភ្នំពេញ​ក្នុង​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ ការ​រត់​ពន្ធ​ ការ​ធ្វើ​អាជីវ​កម្ម​ពល​កម្ម និង​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទលើស្ត្រី​ និង​កុមារ ឆ្នាំ​២០១២-​២០១៣​និង​ស្នើ​សុំ​អោយ​លេខា​ធិការ​ដ្ឋាន​ថ្នាក់​រាជ​ធានី​បង្កើត​ក្រុម​ការងារ​ឱ្យ​ស្រប​តាម​ខ្លឹម​សារ​អនុ​ក្រឹត្យ​លេខ​១៦២ អន​ក្រ បក. ចុះ​ថ្ងៃ​ទី ៥​ ខែ កញ្ញា ឆ្នាំ ២០០៩ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​ អង្គ​សិក្ខា​សាលា​បាន​ធ្វើ​ការ​ពិភាក្សា​និង​ស្តាប់​ពី​លទ្ធ​ផល​នៃ​ការ​ពិភាក្សា​លើ​ប្រធាន​បទ​ចំនួន​៤ គឺ​ការ​ពង្រឹង​ការ​អនុវត្ត​គោល​នយោ​បាយ​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ ការងារ​បង្កា​ទប់​ស្កាត់ ការងារ​អនុវត្ត​ច្បាប់ និង​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ និង​ការ​ផ្តល់​កិច្ច​ការពារ​ជន​រង​គ្រោះ។ ​នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយរ​បស់​គេហ​ទំព័រ​រាជ​ធានី​ភ្នំពេញ។​

ជាមួយ​គ្នា​នេះ​ដែរ លោក កែវ ធា នាយ​ការិ​យាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​ នៃ​ស្នង​ការ​ដ្ឋាន​នគ​របាល​រាជ​ធានី​ភ្នំពេញ​ក៍​បាន​ជម្រាប​អង្គ​ប្រជុំ​ជ្រាប​ថា​ឆមាស​ទី១​ ឆ្នាំ​២០១២នេះ​ គណៈ​កម្មា​ធិការ​ដឹក​នាំ​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ ការ​រត់​ពន្ធ ការ​ធ្វើ​អាជីវ​កម្ម​ពល​កម្ម​លើ​មនុស្ស និង​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​បាន​បង្ក្រាប​ករណី​ល្មើស​ចំនួន​២៨​ករណី និង​ចាប់​តាម​ដី​កា​ចំនួន​០១​លើក ឃាត់ខ្លួន​ជន​ល្មើស​ចំនួន​៣១​នាក់​ ក្នុង​នោះ​មាន​ស្រី​០៨​នាក់ (ជន​ជាតិ​ខ្មែរ ០៥នាក់ វៀត​ណាម០៣​នាក់ )។ លោក​បាន​បញ្ជាក់​ជូន​សិក្ខា​សាលា​ថា​ ការ​ទទួល​ជោគ​ជ័យ​នេះ​ដោយ​សារ​យើង​មាន​មូល​ដ្ឋាន​ច្បាប់​ មាន​កិច្ច​សហការ​ល្អ​រវាង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មាន​ការ​គ្រប់​គ្រង​ហ្មត់​ចត់​តាម​បណ្តា​ទីតាំង​អាជី​វកម្ម​ និង​មាន​ការ​សហការ​គ្នា​ល្អ​ជាមួយ​បណ្តា​អង្គការ​ជា​ដៃ​គូ។ ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ពុំ​ទាន់​ចាប់​ខ្លួន​ជន​ល្មើស​ និង​មុខ​សញ្ញា​ប្រព្រឹត្តិ​ល្មើស ដែល​មាន​ដី​កា​ចាប់​ខ្លួន​យក​ទៅ ផ្តន្ទា​ទោស​អស់​នៅ​ឡើយ​ ហើយ​ការ​រំលោភ​សេព​សន្ថវៈ​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​ ព្រោះ​ការ​អនុវ​ត្តច្បាប់​នៅ​មាន​កម្រិត។​

ឯក​ឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៏​ស្វាគមន៍​និង​បាន​កោត​សរសើរ​ចំពោះ​កង​កម្លាំង និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដែល​ បាន​ខិត​ខំ​ពុះ​ពារ​ការ​ងារ​ដោយ​ពុំ​គិត​ពី​ការ​នឿយ​ហត់ ដើម្បី​រក្សា​បាន​នូវ​សន្តិ​សុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​សាធារណៈ។ ​​ឯក​ឧត្តម​ ក៏បាន​សង្ឃឹម​យ៉ាង​មុខ​មាំ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​អស់​ច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ និង​ខិត​ខំ​អនុវត្ត​ផែន​ការ​ដែល​នឹង​ប្រសូត្រ​ចេញ​នា​ពេល​ខាង​មុខ​ដោយ​ការ​ខិត​ខំ​របស់​អស់ លោក លោក​ស្រី​ដែល​ជា​សិក្ខា​កាម​ ដើម្បី​ធ្វើ​ឱ្យ​រាជ​ធានី​ភ្នំពេញ​របស់​យើង​ក្លាយ​ជា​ទី​ក្រុង ដែល​មាន​ប្រពៃ​ណីវប្បធម៌​ល្អ​រុង​រឿង ប្រជា​ពល​រដ្ឋ​គ្រប់​គ្នា​នឹង​មាន​​សុជី​វ​ធម៌​​ ចេះ​គោរព​រាប់អា​នគ្នា​ មិន​ប្រើអំ​ពើហិង្សា​គំនុំ​គុំ​គួន ជា​រាជ​ធានី​នី​តិ​រដ្ឋ ​​ជា​រាជធានី​ដែល​មាន​សន្តិសុខ​សុវត្ថិ​ភាពពេញ​លេញ​ មាន​សកម្ម​ភាព ទេសចរណ៍​រស់​រវើក មានកា​រវិនិ​យោគ​ទុន​គ្រប់​វិស័យ និង​មាន​វឌ្ឈន៍​ភាព​ប្រកប​ដោយ​ចីរ​ភាព។​

ឯក​ឧត្តម ប៉ា សុជាតិ​វង្ស បានបន្ត​មាន​ប្រសាសន៍មុន​នឹង​បិទ​អង្គ​សិក្ខាសាលា ដោយ​បាន​ផ្តល់​អនុសាសន៍​ដូច​ខាង​ក្រោម៖​

1. លេខា​ធិការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ត្រូវ​ធ្វើ​ការ​បូក​សរុប ដើម្បី​រៀប​ចំ​ផែន​ការ ថ្នាក់​រាជ​ធានី​ភ្នំពេញ​ក្នុង​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ ការ​រត់​ពន្ធ​ ការ​ធ្វើ​អាជីវ​កម្ម​ពល​កម្ម​និង​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ ២០១២-២០១៣ ហើយផ្អែក​លើ​ផែន​ការ​នេះ​គ្រប់​ជំនាញ​ពាក់​ព័ន្ធ​ អាច​អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់​ក្នុង​ការ​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​ការ​ជួញ​ដូរ ការ​រត់​ពន្ធ​ ការ​ធ្វើ​អាជីវ​កម្មព​លកម្ម និងការ​ធ្វើអា​ជីវ​កម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ។​

2. ជំនាញ​ពាក់​ព័ន្ធ ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​ស្ថិតិ​ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ងាយ​ ស្រួល​ដល់​ការ​គ្រប់​គ្រង និងធ្វើ​ផែន​ការ​អភិវឌ្ឈន៍ ​។

3. សូម​ថ្លែង​អំណរ​គុណ​ដល់​កង​កម្លាំង​ទាំង​អស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​អំពើ​ជួញដូរ​គ្រប់​ប្រភេទ​ និង​រក្សា​បាន​នូវ​សន្តិ​សុខ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ធ្វើ​ឱ្យ​រាជ​ធានី​យើង​ក្លាយ​ ជាទី​ក្រុងដែ​លមាន​សុវត្ថិ​ភាព​ល្អ៕

អត្ថបទដោយ‍‍ ៖​ សៀង វីរៈ
ចេញផ្សាយ​ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២​

Google Analytics Alternative