ផ្តាច់​ជំនួយ គឺ​ផ្តាច់​ជីវិត

ការ​ផ្តល់​ជំនួយ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​ជួយ​សង្គ្រោះ​ជន​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​បើ​ជំនួយ​ដែល​ត្រូវ​ផ្តល់​ឲ្យ​នោះ​ ត្រូវ​បាន​ផ្តាច់​ទៅ​វិញ តើ​ប្រជាជន​ក្រី​ក្រ នឹង​ត្រូវ​ធ្វើ​ដូច​ម្តេច?​ ចុះ​បើ​ផ្តាច់​ជំនួយ​លើ​ការ​ព្យាបាល​ជម្ងឺ​អេដស៍​វិញ​នោះ តើ​នឹង​មាន​បញ្ហា​អ្វី​ខ្លះ ដែល​ត្រូវ​កើត​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​ទាំង​មូល?​

រូបភាពទស្សនាវដ្ដីសុខភាពយើង

អង្គ​ការ សមាគម​ចំនួន​២៥ មក​ពី​ខេត្ត​ចំនួន​៤ នៅ​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ដែល​កំពុង​ធ្វើ​ការ​លើ​មេរោគ​ហ៊ីវ និង​ជម្ងឺ​អេដស៍​ បាន​មក​ជួប​ពិភាក្សា​ ដើម្បី​ស្វែង​រក​យុទ្ធ​សាស្រ្ត និង​តស៊ូ​មតិ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​ផ្តល់​ជំនួយ​បាន​ដឹង​ ខណៈ​ដែល​ជំនួយ​នៅ​ក្នុង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង និង​ទប់​ស្កាត់​ជម្ងឺ​អេដស៍ ត្រូវ​បាន​កាត់​បន្ថយ​ ឬ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​តែ​ម្តង​នោះ។​ នៅ​ក្នុង​ការ​ប្រជុំ​ពិ​ភាក្សា​ ក្រុម​មន្ត្រី​តំណាង​អង្គការ​ សមាគម​ដែល​មក​ពី​ខេត្ត បាត់​ដំបង ពោធិ៍​សាត់ ប៉ៃ​លិន និង​បន្ទាយ​មាន​ជ័យ​ បាន​សម្តែង​នូវ​កង្វល់​របស់​ពួក​គេ​ប្រហាក់​ប្រហែល​គ្នា ពី​ផល​ប៉ះ​ពាល់ ទៅ​លើ​ការ​អនុវត្ត​គម្រោង​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ នៅ​ពេល​ដែល​ម្ចាស់​ជំនួយ​លែង​បន្ត​ជួយ​ដល់​ផ្នែក​នេះ ឬ​ក៏​បង្វែរ​មូល​និធិ​ទាំង​នោះ​ ផ្តោត​ទៅ​លើ​គម្រោង​ផ្សេង​វិញ។ ការ​ពិភាក្សា​នេះ បាន​ត្រូវ​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​សាល​ប្រជុំ ក្នុង​សណ្ឋាគារ​មួយ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​ភ្នំពេញ​ប៉ុស្តិ៍។​

ក្តី​ព្រួយ​បារម្ភ​របស់​តំណាង​មន្ត្រី​អង្គការ​ទាំង​អស់​នោះ​មាន​ដូចជា ការ​រីករាល​ដាល​ឡើង​វិញ​រលក​ទី​ពីរ នៃ​ជម្ងឺ​អេដស៍ ការ​ផ្តល់​ការ​ថែ​ទាំ​ ការ​អប់​រំ​ដល់​អ្នក​ផ្ទុក​ជម្ងឺ​អេដស៍ មាន​ការ​ថយ​ចុះ អ្នក​ជម្ងឺ​មិន​ទទួល​បាន​ថ្នាំ​ពន្យារ​អាយុ​ជីវិត សុខ​ភាព​របស់​អ្នក​ជម្ងឺ​កាន់​តែ​ថម​ថយ​ទៅៗ​ ការ​បោះ​បង់​អ្នក​ជម្ងឺ និង​ការ​បន្ត​ចម្លង​ពី​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​អេដស៍​ទៅ​ដល់​ដៃ​គូ​ និង​ពី​ម្តាយ​ទៅ​កូន​។ល។​

លោក ឈឿន ឈុន​ណា អ្នក​សម្រប​សម្រួល​ជាន់​ខ្ពស់ប្រចាំ​តំបន់ នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា​ ទន្ទឹម​នឹង​ការ​ស្រាវ​ជ្រាវ​ស្តី​ពី​ជម្ងឺ​អេដស៍ នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​ពី​កម្រិត ០,៩ ភាគ​រយ មក​នៅ​ត្រឹម ០,៨​ ភាគ​រយ​នោះ អង្គ​ការ និង​ម្ចាស់​ជំនួយ​ធំៗ​ដែល​បាន​ធ្វើ​ការ​ងារ​ផ្តោត​លើ​បញ្ហា​រីក​រាល​ដាល និង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍​នេះ​ ក៏​បាន​កាត់​បន្ថយ​ជំនួយ​របស់​ខ្លួន ដល់​អង្គការ​ជា​ដៃ​គូ​ដែល​មាន​គម្រោង​កំពុង​ធ្វើ​ទៅ​លើ​ផ្នែក​នេះ ដែល​ បណ្តាលឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​អនុវត្ត​គម្រោង​របស់​ពួក​គេ។ លោក​បន្ត​ថា ការ​ប្រជុំ​ពិភាក្សា​នេះ​ មាន​គោល​បំណង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ការ​ងារ​បណ្តាញ​រវាង​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​ក្រោម​ជាតិ​ និង​អង្គការ​HACC​ (គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍) ដែល​ជា​អង្គការ​តំណាង​ឲ្យ​អង្គការ​ថ្នាក់​ជាតិ ធ្វើ​ការ​ចែក​រំលែក​ព័ត៌​មាន​ និង​ប្រមូល​នូវ​ព័ត៌​មាន ដែល​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​ក្រោម​ជាតិ​បាន​ជួប​ប្រទះ។ លោក​បញ្ជាក់​ថា៖​ «យើង​នឹង​ចាត់​អាទិ​ភាព​លើ​បញ្ហា​ដែល​ត្រូវ​ប្រឈម នៅ​ពេល​ត្រូវ​កាត់​បន្ថយ​ជំនួយ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ ជា​ពិសេស​ក្នុង​គោល​បំណង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ដូច​ជា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជម្ងឺ​អេដស៍ ឬ​ម្ចាស់​ជំនួយ​ បាន​ដឹង​ពី​បញ្ហា​របស់​សង្គម​ស៊ី​វិល​ថ្នាក់​ក្រោម​ជាតិ​ដែល​បាន​ជួប​ប្រទះ»។ លោក ឈឿន ឈុន​ណា បាន​ឲ្យ​ដឹង​បន្ត​ថា ​យ៉ាង​ហោច​ណាស់​មាន​អង្គ​ការ​ សមាគម​ចំនួន​១៧ ដែល​គម្រោង​របស់​ពួកគេ​បាន​ផ្តោត​ទៅ​លើ​ជម្ងឺ​អេដស៍ ត្រូវ​បាន​កាត់​បន្ថយ​ជំនួយ​ និង​មាន​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង។​

លោក គឹម សាន្ត នាយក​អង្គការ CHOD ខេត្ត​ពោធិ៍សាត់​បាន​លើក​ឡើង​ពី​ក្តី​កង្វល់ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គការ​របស់​លោក​ អំពី​ការ​កាត់​ជំនួយ​នេះ​ថា ការ​កាត់​ជំនួយ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ជម្ងឺ​ដែល​ធ្លាប់​បាន​ទទួល​ថែ​ទាំ ដូច​ជា​ការ​ផ្តល់​ថ្នាំ របប​អាហារ​ និង​ការ​ពិគ្រោះ​យោបល់។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា អាត្រា​នៃ​ការ​ឆ្លង​រាល​ដាល នៃ​ជម្ងឺ​អេដស៍ មិនអាច​ថយ​ចុះ​បាន​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​ជម្ងឺ​អាច​កើន​ឡើង ឬ​ក៏​នៅ​នឹង។ ដូច្នេះ​បើ​ជំនួយ​ត្រូវ​បាន​បន្ថយ ឬ​ក៏​កាត់​ផ្តាច់​ទៀត មាន​ន័យ​ថា​ អ្នក​ជម្ងឺ​ប្រឈម​មុខ​នឹង​ការ​ស្លាប់ ហើយ​ពួក​គាត់​អាច​បន្ត​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​បាន»។

​ចំណែក​ឯលោក គ្រី សុ​ណន់ មន្ត្រី​សម្រប​សម្រួល​របស់ CWPD (សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍ)​ គម្រោង​ផ្តោត​ទៅ​លើ​ស្ត្រី​បម្រើ​ការ​កន្លែង​កម្សាន្ត​នៅ​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ថា ការ​ទិញ​ថ្នាំ​ពន្យារ​ជីវិត​ប្រភេទ ​OI និង​ ARV​ គឺ​អាស្រ័យ​លើ​ប្រាក់​ជំនួយ​ទាំង​អស់ គឺ​រដ្ឋាភិបាល​មិន​មាន​លទ្ធ​ភាព​ទិញ​ទេ។ លោកបានបន្ត​​ថា​ បើ​សិន​ជា​ម្ចាស់​ជំនួយ​ដក​គម្រោង«ខ្ទង់​ថវិកា​ចេញ​ពី​ជម្ងឺ​អេដស៍ ក៏​មាន​ន័យ​ថា ដក​ថ្នាំ​ពី​អ្នក​ជម្ងឺ​អេដស៍​ដែរ»៕ ~

អត្ថបទដោយ‍‍ ៖​ សៀង វីរៈ
ចេញផ្សាយ​ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២​

Google Analytics Alternative