ជម្ងឺពុកធ្មេញ

សុខភាព​មាត់ធ្មេញ​គឺជារឿង​មួយ​ដ៏សំខាន់​សម្រាប់​បុគ្គល​គ្រប់រូប ព្រោះ​ប្រសិន​បើមាត់​និងធ្មេញ​របស់​លោកអ្នក​មានសុខភាព​ល្អ នោះ​លោកអ្នក​មាន​អារម្មណ៍​ជឿជាក់​ក្នុងការ​ទំនាក់​ទំនង​ជាមួយ​អ្នកដទៃ ក៏ដូច​ជាជួយ​ឱ្យ​សុខភាព​រាងកាយ​របស់​លោកអ្នក​រឹងមាំ​ល្អ។ ប៉ុន្ដែ​ប្រសិន​បើ​លោកអ្នក​មិនបាន​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ​ចំពោះ​មាត់ធ្មេញ​របស់​លោក​អ្នក​ទេ នោះ​លោកអ្នក​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដែល​កើតឡើង​ចំពោះ​ធ្មេញ​របស់​លោកអ្នក។ ក្នុងនោះ​ផងដែរ រោគ​ពុកធ្មេញ​គឺជា​ជម្ងឺម្យ៉ាង​ដែល​តែង​តែ​បង្ក​ការ ឈឺចាប់​ទៅឱ្យ​បុគ្គល​មួយចំនួន​ធំសព្វ​ថ្ងៃនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ពីជម្ងឺ​ពុក​ធ្មេញ តាមរយៈ​ការណែ​នាំរបស់​លោកទន្ដ​បណ្ឌិត ឃុត មី នាយ​កគ្លីនិក​ធ្មេញអន្ដរ​ជាតិជាមួយ ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺពុកធ្មេញគឺជាអ្វី?

រោគពុកធ្មេញគឺជារោគម្យ៉ាងដែល​កើតឡើង​ដោយមាន​ការពុក​ផុយ​ធ្មេញ ហើយ​វាអាច​បង្កឱ្យ​ធ្មេញមាន​ប្រហោង​ខុសពី ធ្មេញ​ធម្មតា។ រោគពុក​ធ្មេញ​នេះត្រូវ​បានមនុស្ស​ភាគច្រើន​ហៅថា ដង្កូវស៊ី​ធ្មេញ។ ធ្មេញ​ដែលពុក​អាចជា​ធ្មេញមុខ ធ្មេញ​ថ្គាមធំ ឬធ្មេញ ថ្គាមតូច ហើយ​វាអាច​កើត​ឡើង​នៅលើផ្ទៃ​ទំពារបស់​ធ្មេញ ឬនៅ​ចន្លោះរវាង​ធ្មេញមួយ​ទៅធ្មេញ​មួយទៀត។

រោគសញ្ញា​ជម្ងឺ​ពុកធ្មេញ​​​

ធ្មេញដែលពុក​មានរោគ​សញ្ញា​ខុសៗគ្នា អាស្រ័យ​ទៅលើ​កម្រិត​នៃភាព​ធ្ងន់ធ្ងរ​របស់ជម្ងឺ និង​ទីតាំងរបស់​ធ្មេញដែល​ពុកនោះ ។ នៅពេល​ដែលធ្មេញ​ទើបតែ​ចាប់ផ្ដើម​ពុកនោះ គេមិន​អាចកត់​សម្គាល់​ឃើញ​រោគ​សញ្ញាអ្វីទេ ប៉ុន្ដែ​នៅពេល​ដែល​ជម្ងឺ​ឬរោគ​នោះ​កាន់ តែវិវឌ្ឍន៍​វាអាចបង្ក​ឱ្យមាន​រោគសញ្ញា​មួយ​ចំនួន ដូចជា​ឈឺធ្មេញ​ជាប្រចាំ ស្រៀវ​ធ្មេញ មាន​អារម្មណ៍​ថាឈឺ​ធ្មេញ​ជាប់រ​ហូត (ទោះជា​លោកអ្នក​ឈប់ញ៉ាំ​អាហារ ឬពិសា​ភេសជ្ជៈ​ក៏ដោយ) ឈឺចាប់​នៅពេលដែល​លោកអ្នក​ទំពាអាហារ មាន​ស្នាម​ខូង ឬ​ប្រហោង នៅ​ផ្ទៃទំពា​ធ្មេញ ឬនៅ​ចន្លោះ​ធ្មេញរបស់​លោកអ្នក និង​មានឡើង​ជាដុំខ្ទុះ​នៅជុំវិញ​ធ្មេញរបស់​លោកអ្នក។

មូលហេតុបង្កជម្ងឺធ្មេញពុក

ធ្មេញពុក​បណ្ដាល​មកពី​កត្ដាមួយ​ចំនួន​សំខាន់ៗ​ដូចជា ៖

  • ការថែទាំ​ធ្មេញមិន​បានល្អតាម​ក្បួនអនាម័យ ដូចជា​មិនបាន​សម្អាតធ្មេញ​ឱ្យបាន​ត្រឹមត្រូវ និងទៀងទាត់
  • ការប្រើប្រាស់​ថ្នាំក្នុងការព្យាបាល​ជម្ងឺមួយចំនួន
  • របបអាហារ​ដែលលោក​អ្នកទទួលទាន
  • មាត់ស្ងួត ព្រោះដោយសារតែមាន​ទឹកមាត់តិច​តួច​នៅក្នុងមាត់។
  • វិធីការពារជម្ងឺធ្មេញពុក

    ដើម្បី​ការពារ​ធ្មេញ​កុំឱ្យពុក លោក​អ្នកអាច​អនុវត្ដតាម​វិធីសាស្ដ្រ​មួយចំនួន​ដូចខាង​ក្រោម ៖

  • ដុសធ្មេញ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ
  • ប្រើថ្នាំ​ដុសធ្មេញ​ដែល​មានជាតិ​ផ្លអូរ៉ាយដ៍
  • ញ៉ាំអាហារ​ដែលសម្បូរ​សារធាតុ​កាល់ស្យូម ដូចជា​ក្រូច​ពោធិ៍សាត់ ខាត់ណា ទឹកដោះ​គោជាដើម
  • ចៀសវាង​ញ៉ាំអាហារ​ដែលស្អិត និងផ្អែម
  • ជួបជាមួយ​គ្រូពេទ្យធ្មេញ​យ៉ាងតិច២​ដងក្នុង​មួយឆ្នាំ។
  • ដំបូន្មានអ្នកជំនាញ

    សូម​ថែរក្សា​សុខភាព​មាត់ធ្មេញ​របស់លោក​អ្នក​ឱ្យបាន​ល្អ ប្រសិន​បើលោក​អ្នកមាន​បញ្ហារោគ​ពុកធ្មេញ សូម​លោកអ្នក ទៅជួប​ជាមួយ​ទន្ដបណ្ឌិត​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ធ្មេញ​ពិតប្រាកដ​ជាបន្ទាន់ ចៀស​វាង​ការទិញ​ឱសថ​មក​ប្រើប្រាស់​ដោយខ្លួនឯង​ដោយគ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

    Google Analytics Alternative