ជំងឺស៊ីកា (ZIKA): បទសម្ភាសជាមួយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

ថ្មីៗនេះ មានការលេចឡើងនូវ​ការរាតត្បាត​ជម្ងឺថ្មី ដ៏កាច​សាហាវមួយ ដែលបាន​រាតត្បាត​ម្តង កាលពី​ឆ្នាំ១៩៦៨ ហើយធ្លាប់​មាន១ករណី​ហើយ​នៅកម្ពុជា។ ជំងឺនោះ គឺជំងឺស៊ីកា (Zika Disease) បានរាលដាល​ទៅកាន់យ៉ាងតិច ២៣ប្រទេស និង​សម្លាប់​មនុស្ស​១៥២នាក់ បើគិតត្រឹមថ្ងៃទី២១ ខែតុលា ២០១៥។ ខាងក្រោមនេះ​គឺជាបទ​សម្ភាសន៍​រវាងគេហទំព័រ​សុខភាព​កម្ពុជា ជាមួយ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ស្ថាបនិក និងនាយកគ្រប់គ្រង​ HealthCambodia.com ៖

សំណួរទី១៖ តើអ្វីទៅជាជំងឺ ស៊ីកា (Zika)?
Dr.-Ly-Chenghuy-EV71-261x300វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជំងឺស៊ីកា ជាជំងឺឆ្លងម្យ៉ាង ដែលបង្កដោយមេរោគវីរុសស៊ីកា (Zika Virus) ដែលរកឃើញដំបូង នៅក្នុងឆ្នាំ១៩៤៧ នៅលើ​សត្វស្វា ដែលរស់​នៅក្នុងព្រៃ​តំបន់ស៊ីកា និងលើ​មនុស្ស​ក្នុងឆ្នាំ១៩៥២ នៅប្រទេស​អុយហ្គានដា។

សំណួរទី២៖ តើជំងឺស៊ីកា មានស្ថានភាព​រាលដាល​ធ្ងន់ធ្ងរ​កម្រិត​ណាទៅ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជំងឺស៊ីកា ក្រោយពីមានវត្តមាន​នៅក្នុងព្រៃ​តំបន់ស៊ីកា​នៅប្រទេស​អុយហ្គានដា​មក បានកើត​លើ​មនុស្ស នៅប្រទេស​នីហ្សេរីយ៉ា (ទ្វីបអាហ្វ្រិក) នៅឆ្នាំ១៩៦៨។ ជំងឺនេះរាល​ដាលខ្លាំង​ដំបូងនៅលើ​ប្រជុំកោះ​យ៉ាប នៅឆ្នាំ​២០០៧ ដែលកើត​លើមនុស្ស ១៨៥នាក់។ ទើបតែ​នៅខែឧសភា ឆ្នាំ២០១៥នេះទេ បានផ្ទុះជា​ថ្មីទៀត មានទ្រង់​ទ្រាយធំ នៅប្រទេស​ប្រេស៊ីល សង្ស័យ​ប៉ះពាល់​ដល់មនុស្ស ៤៤ម៉ឺន ទៅ១លាន​បីសែន​នាក់។ នេះបើយោង​តាមរបាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីល។ គិតត្រឹម​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅប្រទេស​ប្រេស៊ីល មានអ្នកកើត​ជំងឺនេះចំនួន ៣១៧៤​នាក់ហើយ និងស្លាប់​ដោយសារក្បាល​តូច​ចំនួន ៣៨នាក់ហើយ ។ ដូច្នេះនៅ​លើពិភពលោក មានអ្នកស្លាប់​ដោយ​សារ​ជំងឺនេះ សរុប​ចំនួន​១៥២នាក់​ហើយ គិតត្រឹម​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ ជំងឺនេះរាល​ដាលយ៉ាងខ្លាំង​នៅទ្វីប​អាមេរិកខាង​ត្បូង និង​អាមេរិកកណ្តាល។mosquito

សំណួរទី៣៖ តើជំងឺ ស៊ីកា មានកើតមាន​នៅប្រទេសកម្ពុជាឬទេ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជំងឺស៊ីកាធ្លាប់​កើតមានម្តង​នៅប្រទេសកម្ពុជា កាលពី​ឆ្នាំ២០១០ មួយករណី តែអ្នកជំងឺ​បានជា​សះស្បើយ ដោយមាន​សុខភាព​ធម្នតាវិញហើយ។ រហូតមកដល់​ពេលនេះ មិនទាន់មាន​ការរាយការណ៍ ថាមាន​ផ្ទុះឡើង​ជាថ្មី​នោះទេ នៅលើ​ទឹកដីកម្ពុជា។ តែក្រសួង​សុ​ខាភិបាល និង​អាជ្ញាធរមាន​សមត្ថកិច្ច កំពុងបន្ត​តាមដាន។ បើមានករណី​ថ្មីណាមួយ​កើតមានឡើង ក្រុមការងារ​គេហទំព័រសុខភាពកម្ពុជា នឹងរាយការណ៍​ជូនភ្លាមៗ។

7126600-3x2-700x467សំណួរទី៤៖ តើជំងឺស៊ីកា អាចឆ្លងតាម​របៀបណាខ្លះ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជំងឺស៊ីកា អាចឆ្លងពីមនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់ទៀត តាមរយះ​មូសអាអេដេស (មូសខ្លាញី) ដែលមាន​ផ្ទុកមេរោគ​វីរុសស៊ីកា។ ជារួមការឆ្លង ប្រហាក់ប្រហែល​ទៅនឹងការឆ្លង នៃជំងឺ​គ្រុនឈាម និង​គ្រុនចាញ់ដែរ។ ម្យ៉ាង​ទៀត​វីរុសស៊ីកា អាចឆ្លង​តាមឈាម និងតាម​ទងសុក​ពីម្តាយទៅទារក តែមិនមាន​ករណីដែល​ឆ្លងតាមរយះ​ការបំបៅ​ដោះកូន​នោះទេ។ មានការរាយការណ៍​មួយករណីដែរ ថាអាចឆ្លងតាម​ការប៉ះពាល់​ប្រដាប់ភេទ។

សូមលោកអ្នករង់ចាំតាមដានបទសម្ភាសភាគទី២ នៅពេលដ៏ខ្លីខាងមុខនេះ។

សូមតាមដានព័ត៌មានអំពីជំងឺ Zika ផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែកុម្ភ ឆ្នាំ២០១៦

Google Analytics Alternative