កុមារ​កម្ពុជា​មាន​ជម្ងឺ​បេះដូង​ប្រហោង​៦នាក់​ទទួល​បាន​ការ​វះ​កាត់​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​

កាល​​បើ​​កុមារ មាន​បន្ទុក​ជម្ងឺ​បេះដូង​ប្រហោង​ហើយ​នោះ​ សមាជិក​គ្រួសារ​រួម​ទាំង​កុមារ​ត្រូវ​ជួប​ប្រទះ​ទៅ​នឹង​ទុក្ខ​កង្វល់​ជាច្រើន​ទៅ​នឹង​ថវិការ​ ក៏​ដូច​ជា​ការ​ព្យាបាល​ជម្ងឺ។ ពេល​កុមារ​ធ្វើ​ទុក្ខ​ម្តងៗ​ សមាជិក​នៅ​ក្នុង​គ្រួសារ​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​កុមារ​ថា​នឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ ប្រសិន​បើ​គ្មាន​ថវិការ​សម្រាប់​ការ​វះ​កាត់​ បើ​ការ​ចំណាយ​ម្តងៗ​សុទ្ធ​តែ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។​ តើ​កុមារ​កម្ពុជា​ទាំង​ឡាយ​ដែល​គ្មាន​ថវិការ​វះកាត់​ត្រូវ​ដេក​រង​ចាំ​សេចក្តី​មែន​ឬ?​

រូបភាពទស្សនាវដ្ដីសុខភាពយើង

មាន​ជីវិត​ត្រូវ​មាន​សង្ឃឹម​។ កាល​ពី​ពេល​ថ្មីៗ​នេះ កុមារ​កម្ពុជា​ចំនួន​៦នាក់​ដែល​មាន​ជម្ងឺ​បេះដូង​ប្រហោង​ ត្រូវ​បាន​ជ្រើស​រើស​ និង​បញ្ជូន​ទៅ​វះ​កាត់​ដោយ​ឥត​គិត​ថ្លៃ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រោម​រូបភាព​មនុស្ស​ធម៌​នៃ​អង្គការ​មួយ​ក្នុង​ប្រទេស​នោះ។​
មាន​កុមារ​កម្ពុជា​ចំនួន​៦នាក់ ត្រូវ​បាន​ជ្រើស​រើស​បន្ទាប់​ពី​គ្រូពេទ្យ​នៅ​ប្រទេស​កូរ៉េ ធ្វើ​រោគ​វិនិច្ឆ័យ​ កាល​ពីចុង​ខែ​មិនា​កន្លង​ទៅ ​នៅ​វិហារ​សាសនា​គ្រិស្ដ​មួយ​កន្លែង​នៅ​ភ្នំពេញ ក្នុង​ចំណោម​កុមារ​កម្ពុជា​ដែល​មាន​ជម្ងឺ​បេះដូង​ចំនួន​២១​នាក់។​ កុមារ​ទាំង​នោះ​ឡើង​យន្ត​ហោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ កាល​ពី​វេលា​ម៉ោង​ ១១​យប់ ថ្ងៃ​ទី​២០ ខែ​មិថុនា កន្លង​ទៅ​ នៅ​ឯ​ប្រលាន​យន្តហោះ​ភ្នំពេញ​អន្ត​រ​ជាតិ ដើម្បី​ទទួល​ការ​វះ​កាត់​ជម្ងឺ​បេះដូង​ប្រហោង​ដោយ​ឥត​គិត​ថ្លៃ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុម​កង​ទ័ព​ជួយ​សង្គ្រោះ​របស់​ប្រទេស​កូរ៉េ (Korean Salvation Army) ជា​លើក​ទីមួយ​ក្នុង​ការ​ជួយ​កុមារ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​នេះ។ ខណៈ​ពេល​ដែល​អង្គការ​មួយ​នេះ​ធ្លាប់​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ ដែល​មាន​ជម្ងឺ​បេះដូង​ចំនួន​១៣៤​នាក់ រួច​មក​ហើយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០២​ មក។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌​មានវិទ្យុ​អាស៊ី​សេរី។​

យុវតី​ ផុន ចាន់​ធា អាយុ​១៦​ឆ្នាំ ជា​យុវតី​ម្នាក់​ក្នុង​ចំណោម​កុមារ​កម្ពុជា​៦​នាក់ ដែល​ទទួល​បាន​ការ​វះ​កាត់​ជម្ងឺ​បេះដូង​ នៅ​ប្រទេស​កូរ៉េ​ដោយ​ឥត​គិត​ថ្លៃ​បាន​ឲ្យ​ដឹង​ថា៖ «ជួន​កាល​វា​ចុក​តិច​ៗ ជួន​កាល​អត់​អី​ទេ ជួន​កាល​វា​នៅ​សុខៗ​វា​ឈឺ​អញ្ចឹង​ទៅ»។ យុវតី​ ផុន ​ចាន់​ធា បាន​ឲ្យ​ដឹង​៤​ម៉ោង​មុន​ដែល​នាង​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​កូរ៉េ កាល​ពី​យប់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ថា​ នាង​សប្បាយ​ចិត្ត​ដែល​បាន​ជិះ​យន្ត​ហោះ ដែល​ស្ទើរ​តែ​មួយ​ជីវិត​របស់​នាង ជា​កូន​កសិករ​នៅ​ខេត្ត​បាត់​ដំបង​ មិន​នឹក​ស្មាន​ដល់។​ ទន្ទឹម​នឹង​ការ​សប្បាយ​ចិត្ត ចាន់​ធា នឹក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វះ​កាត់​ជម្ងឺ​របស់​នាង ដែល​នៅ​តែ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ។ ចាន់​ធា ដែល​មាន​អាការៈ​ចុក​នៅ​ទ្រូង​ខាង​ឆ្វេង​ជាប្រ​ចាំ​ និង​ឧស្សាហ៍​ហត់​នឿយ​ញឹក​ញាប់ សង្ឃឹម​ថា ​ការ​វះកាត់​នឹង​ទទួល​បាន​ជោគ​ជ័យ និង​សង្ឃឹម​ថា នឹង​អាច​វិល​ត្រឡប់​មក​ស្រុក​ខ្មែ​រវិញ ដោយ​មាន​សុខភាព​ល្អ៖«សប្បាយ​ចិត្ត​ដែរ​ ភ័យ​តិចៗ​ ខ្លាច​ពេល​ទៅវះ​កាត់ សង្ឃឹម​ថា​ជា»។

អ្នក​ស្រី សុខ ប៉ោយ អាយុ ​៦០ឆ្នាំ ដែល​ធ្លាប់​ទៅ​ប្រទេស​កូរ៉េ​វះកាត់​ជម្ងឺ​បេះដូង​ប្រហោង កាល​ពី​ឆ្នាំ​២០០៧ ក្រោម​ការ​ឧបត្ថម្ភ​ដូច​គ្នា ​ពី​ក្រុម​កង​ទ័ព​ជួយ​សង្គ្រោះ​នៃ​ប្រទេស​កូរ៉េ ឲ្យ​ដឹង​ថា កូន​ប្រុស​គាត់​ម្នាក់​ឈ្មោះ ច្រឹង​ សីលា អាយុ​ ១៧ឆ្នាំ ក៏​មាន​ជម្ងឺ​បេះដូង​ប្រហោង​ដូច​គ្នា​ ហើយ​ត្រូវ​ទៅ​វះ​កាត់​នៅ​ប្រទេស​កូរ៉េ ក្នុង​ចំណោម​ក្មេង​៦​នាក់ ត្រូវ​បាន​ជ្រើស​រើស​។ អ្នក​ស្រី​បន្ត​ថា​កូន​ប្រុស​របស់​គាត់​ធ្លាប់​វះ​កាត់​បេះដូង​​ម្តង​​រួច​​មក​​ហើយ​​នៅ​​ប្រទេស​​កូរ៉េ កាល​ពី​​ឆ្នាំ​២០០៧ តែ​ជម្ងឺ​នេះ​បាន​រើ​ឡើង​វិញ​ ក្រោយ​ពី​វះ​កាត់​បាន​មួយ​ឆ្នាំ។ អ្នក​ស្រី​បន្ត​ថា កូន​ប្រុស​គាត់​មាន​អាការៈ​ស្លេក​ស្លាំង និង​ឧស្សាហ៍​ហត់ ហើយ​គ្រូពេទ្យ​ជំនាញ​បេះដូង​ប្រាប់​ថា​ កូន​គាត់​មាន​ជម្ងឺ​ប្រហោង​បេះដូង​ម្តង​ទៀត៖«ខ្ញុំ​អត់​មាន​សមត្ថភាព​ព្យាបាល​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ហ្មង​ បើ​ថា​ទៅ​ពេទ្យ​យើង​ធម្មតា​រាយ​រង​ ខ្ញុំ​ចេះ​តែ​សុំ​គេ​បាន​អញ្ចឹង ដល់​ពេល​វះ​កាត់​ធំ​ដុំ ខ្ញុំ​អត់​មាន ខ្ញុំ​អត់​អាច»។​

រីឯ​លោក ទឹម ឈឹម អាយុ​៦៦​ឆ្នាំ មក​ពី​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជូន​ដំណើរ​កូន​ប្រុស​ឡើង​យន្ត​ហោះ បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​គាត់​អាយុ ១៥​ឆ្នាំ ឧស្សាហ៍​ដង្ហក់​ខ្យល់ ហត់ ភ្លេច​ភ្លាំង​ច្រើន និង​ការ​វិវឌ្ឍន៍​សរី​រាង្គ​យឺត​ខុស​ប្រ​ក្រតី។​ គ្រូ​ពេទ្យ​ជំនាញ​បេះដូង​តម្រូវ​ឲ្យ​កូន​របស់​លោក​ទៅ​ពិនិត្យ​ជា​ប្រចាំ និង​ថា​ជម្ងឺ​នេះ​លុះ​ត្រា​តែ​វះ​កាត់​ផ្ចិត​​ប្រហោង​បេះដូង​ ទើប​អាច​ជួយ​សង្គ្រោះ​ជីវិ​ត​បាន។ លោក​បន្ត​ថា គាត់​គ្មាន​ប្រាក់​ច្រើន​ពាន់​ដុល្លារ​ លើ​ថ្លៃ​សេវា​វះកាត់​បេះដូង​នោះ​ឡើយ​ ខណៈ​ដែល​គ្រូពេទ្យ​ខ្លះ​ទាម​ទារ​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក៖ «សង្ឃឹម​មួយ​រយ​ភាគ​រយ​ហើយ មិន​ដឹង​យ៉ាង​ណា មុខ​តែ​ជោគ​ជ័យ​ហើយ មហា​សង្គ្រោះ​ហ្មង​ពេទ្យ​នឹង​ពិត​ប្រាកដ​ហ្មង»។

ចំណែក​ឯ​លោក ថាត់ ប៊ុនធឿន នាយក​មជ្ឈ​មណ្ឌល​ក្តីស​ង្ឃឹម​ថ្មី​សម្រាប់​កុមារ​កំព្រា​សាខា​នៅ​បាត់​ដំបង​ និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​នាំ​កុមារ​ទៅ​ប្រទេស​កូរ៉េ បាន​ឲ្យ​ដឹង​ថា កុមារ​កម្ពុជា​ទាំង​៦​នាក់​ ត្រូវ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​សេ​ជុង​ ក្នុង​ក្រុង​ភូ​ឆន់​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យ៉ាង​យូរ​រយៈ​ពេល​២០​ថ្ងៃ។ លោក​បន្ត​ថា អង្គ​ការ​ជួយ​សង្គ្រោះ​កុមារ​នៃ​ប្រទេស​កូរ៉េ​ នឹង​ចំណាយ​លើ​ថ្លៃ​ស្នាក់​នៅ​ វះ​កាត់​ និង​សំបុត្រ​យន្ត​ហោះ និង​លិខិត​ឆ្លង​ដែន ដល់​កុមារ​ទាំង​នោះ តែ​ក្នុង​លក្ខ​ខណ្ឌ​កុមារ​នោះ​ក្រោម​អាយុ​ ១២​ឆ្នាំ ខាង​អង្គការ​នៃប្រ​ទេស​កូរ៉េ ក៏​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ និង​លិខិត​ឆ្លង​ដែន​ដល់​គ្រួសារ​ម្នាក់ ដែល​ទៅ​មើល​ថែ​ទាំ​ផង​ដែរ៖​ «ប្រភេទ​​ធ្ងន់​ធ្ងរ​វះ​ដល់​២ដង ដូច្នេះវា​អស់​ពី​២​ម៉ឺន​ទៅ​៣ម៉ឺន​។ ចំពោះ​អ្នក​ដែល​វះ​តែ​ម្តង អស់​ប្រហែល​ជា​ង​១ម៉ឺន​ដុល្លារ​អី​នឹង បូក​ទាំង​ការ​ធ្វើ​ដំណើរ និង​ការ​ចំណាយ​ផ្សេងៗ​»។

អ្នក​ស្រី ឆយ យ៉ុង មី (Choi Young Mi) បេសកជន​ពិសេស​មក​ពី​ប្រទេស​កូរ៉េ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ក៏​ធ្វើ​ផង​ដែរ​ នៅ​ប្រទេស​ឡាវ និ​ងថៃ តែ​បាន​បញ្ជូន​កុមារ​តិច​តួច​ប៉ុណ្ណោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ ដោយ​សារ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ទាំង​ពីរ​រីក​ចម្រើន។ អ្នក​ស្រី​បន្ត​ថា គម្រោង​នេះ​កំពុង​យក​ចិត្ត​ទុក​ដាក់​កុមារ​កម្ពុជា​ខ្លាំង​ ដោយ​សារ​តែ​បច្ចេក​វិទ្យា​ពេទ្យ​នៅ​កម្ពុជា​ នៅ​មាន​កម្រិត​នៅ​ឡើយ។ អ្នក​ស្រី​បន្ត​ថា ដោយ​មាន​ការ​សហការ​ពី​ខាង​មន្ទីរ​ពេទ្យ​ សេ​ជុង​ ដែល​ឯក​ទេស​លើ​ជំនាញ​បេះដូង នៅ​ប្រទេស​កូរ៉េ កុមារ​ទាំង​៦​នាក់​នោះ នឹង​អាច​ទទួល​ការ​វះ​កាត់​យ៉ាង​ជោគ​ជ័យ​ និង​នាំ​មក​វិញ​នូវ​សុខ​ភាព​ល្អ ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ៖​ «ខ្ញុំ​គិត​ថា ​គ្រូពេទ្យ​នៅ​កម្ពុជា​ពិបាក​ព្យាបាល ព្រោះ​មាន​គ្រូ​ពេទ្យ មួយ​ឬ​ពីរ​នាក់។ ពេល​ខ្លះ មិន​មាន​ការ​សហការ​គ្នា​ ដែល​ក្មេង​ខ្លះ​មិន​អាច​ចាំ​យូរ​បាន និង​បាន​ស្លាប់។ ដូច្នេះ​ខ្ញុំ​យក​ទៅ​វះ​កាត់​នៅ​ប្រ​ទេស​កូរ៉េ​ប្រសើរ​ជាង»។​

លោក ហេង តៃ​គ្រី រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល និង​ជា​អតីត​ប្រធាន​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា​កន្លង​ទៅ​ថា កម្ពុជា​មាន​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​បេះដូង​ ដែល​មាន​វេជ្ជ​បណ្ឌិត​ជំនាញ​វះ​កាត់​ចំនួន​ ៤​នាក់​ មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វះ​កាត់​ជម្ងឺ​បេះដូង​។ ជម្ងឺ​បេះដូង​ ជា​ជម្ងឺ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្រ​គ្មាន​លទ្ធ​ភាព​ព្យា​បាល។​ តែ​សព្វ​​ថ្ងៃរដ្ឋា​ភិបាល​កម្ពុជា​ បាន​ជួយ​ឧបត្ថម្ភ​ដល់​ពល​រដ្ឋ​ក្រី​ក្រ​មាន​ជម្ងឺ​បេះ​ដូង​ចំនួន​៣០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​លើ​ថ្លៃ​វះ​កាត់​។ ទោះ​ជា​យ៉ាង​ណា តម្រូវ​ការ​វះ​កាត់​ និង​ឧបករណ៍​វះ​កាត់​បេះ​ដូង​ថ្លៃ និង​ត្រូវ​នាំចូ​លពី​បរទេស ទើប​មិន​អាច​ជួយ​អ្នក​ជម្ងឺ​ទាំង​នោះ​បាន​។ លោក​បន្ត​ថា ប្រសិន​បើ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​បេះដូង មាន​ថវិកា​ចំនួន​ច្រើន​ពី​១៥​ម៉ឺន ទៅ​២៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​ខាង​មន្ទីរ​ពេទ្យ​អាច​មាន​លទ្ធ​ភាព​វះ​កាត់​ជម្ងឺ​បេះដូង​ទាំង​កុមារ និង​មនុស្ស​ចាស់​បាន​ជាង​ ៤០​នាក់។ លោក​ ហេង​ តៃ​គ្រី​ បាន​ឲ្យ​ដឹង​បន្ថែម​ថា៖«កាល​មុន ដោយ​សារ​យើង​វះ ២០​នាក់។ អ្នក​មាន​លទ្ធ​ភាព​ហ្នឹង មាន​ត្រឹម​ប្រាំ​រយ ត្រឹម​មួយ​ពាន់​ ខ្លះ​មាន​ពីរ​ពាន់ អញ្ចឹង​យើង​យក​លុយ​ហ្នឹង មក​បង្គ្រប់​ឲ្យ​រួច​ថ្លៃ​សម្ភារៈ​ហ្នឹង។ ហើយ​ដល់​ពេល​នេះ​ទៅ វា​អត់​សូវ​មាន​វះ​ អ្នក​ផ្សេង​វា​ឈឺ​បេះដូង​មក​ដង្ហក់​លើស​ឈាម​ វា​ហើម​សួត​អី​ អ្នក​ក្រ​អត់​លុយ​អញ្ចឹង យើង​យក​លុយ​រដ្ឋា​ភិបាល​ជួយ​ហ្នឹង​មក​ទប់​នៅ​ហ្នឹង​»។ លោក ហេង តៃ​គ្រី បន្ត​ថា វា​ជា​ការ​ល្អ​ដែល​ខាង​ប្រទេស​កូរ៉េ ជួយ​វះ​កាត់​ជម្ងឺ​បេះដូង​ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិត​ថ្លៃ។ តែ​លោក​ថា​ ការ​វះ​កាត់​នៅ​ប្រទេស​កូរ៉េ​ មាន​តម្លៃ​ខ្ពស់ ហើយ​លោក​ធ្លាប់​ជួប​ពិភាក្សា​ជាមួយ​ភា​គី​កូរ៉េ​ទាំង​នោះ​ហើយ ឲ្យ​បង្វែរ​ជំនួយ​នោះ​ ដើម្បី​ឲ្យ​កុមារ​កម្ពុជា​វះ​កាត់​នៅ​ក្នុង​ប្រទេស ដើម្បី​កាត់​បន្ថយ​ចំណាយ​ និង​អាច​ជួយ​មនុស្ស​បាន​ច្រើន​ ខណៈ​ដែល​កម្ពុជា​មាន​អ្នក​ជំនាញ​ខាង​វះ​កាត់​កុមារ ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​វៀត​ណាម និង​ប្រទេស​បារាំង៕​

សូម​បញ្ជាក់​ថា បើ​យោង​តាម​សម្ដី​មន្ត្រី​កុង​ស៊ុល​នៃ​ស្ថាន​ទូត​កូរ៉េ​ប្រចាំ​កម្ពុជា ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា ​ក្រុម​កង​ទ័ព​ជួយ​សង្គ្រោះ​របស់​ប្រទេស​កូរ៉េ គ្រោង​នឹង​ជួយ​កុមារ​ចំនួន​៣៣​នាក់ នៅ​ក្នុង​តំបន់​អាស៊ាន​នា​ឆ្នាំ​នេះ​ ប៉ុន្តែ​ពួក​គេ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​មុន​គេ។ ចំណែក​ឯភា​គី​កូរ៉េ និង​កម្ពុជា​ ក៏​គ្រោង​នឹង​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ស្តី​ពី​ការ​ជួយ​កុមារ​កម្ពុជា ដែល​មាន​ជម្ងឺ​បេះដូង​ចំនួន​១០​នាក់ ជា​រៀង​រាល់​ឆ្នាំ​ តែ​មិន​ទាន់​ច្បាស់​នៃ​កាល​បរិចេ្ឆទ​នៅ​ឡើយ​ទេ។​

អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative