សុខភាព​កុមារ ៖ ពីកើត​រហូត​ដល់​៦ខែ

ការថែទាំ និងការ​ស្រឡាញ់​ថ្នាក់ថ្នម​ក្នុងឆ្នាំ​ដំបូង ជួយឱ្យ​កុមារ​លូតលាស់​បានល្អ។ ការបីបម និងនិយាយ​លេង​ជាមួយ កុមារ​ជួយភ្ញោច​កុមារ​ឱ្យមាន​ការ​អភិវឌ្ឍន៍​ផ្នែក​សតិបញ្ញា។ ការ​លូតលាស់​របស់​ទារក​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​លោកអ្នក​ជា​ឪពុក ម្ដាយ ហេតុនេះ​លោកអ្នក​គប្បី​ដឹង​អំពី​របៀប​នៃការ​អភិវឌ្ឍន៍​ដើម្បី​ជួយ​ដល់​ពួកគេ។ ជាង​នេះទៅ​ទៀត ឪពុក​ម្ដាយ​ត្រូវដឹង​អំពីការ លូត​របស់​គេពី​មួយ​ដំណាក់​ទៅមួយ​ដំណាក់​កាលនៃ​ជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​លោកអ្នក​ជាឪពុក​ម្ដាយ​ក៏ដូច​ជាអ្នក​ថែរក្សា​ទារក​ទទួល​ជ្រាប​អំពី​របៀប​នៃការ​អភិវឌ្ឍន៍​របស់​ពួកគេ សូម​លោក អ្នក​តាមដាន​ការ​បង្ហាញ​របស់​ទស្សនាវដ្ដី សុខភាពយើង។

ការរីក​ចម្រើន​វ័យ​របស់​កុមារ

សេចក្ដី​បង្ហាញ​ខាងក្រោម​នេះអាច​ផ្ដល់​គំនិត​ឱ្យ​ឪពុក​ម្ដាយ​បានជ្រាប​អំពី​របៀប​ដែល​កុមារ​ធំ​លូតលាស់។ មានភាព​ខុសគ្នា រវាង​ការ​លូតលាស់ និងការ​អភិវឌ្ឍន៍​ពីកុមារ​ម្នាក់​ទៅកុមារ​ម្នាក់​ទៀត។ ការ​រីកចម្រើន​យឺត​អាចជា​លក្ខណៈ​ធម្មតា ឬ​បណ្ដាល​មកពីការ ផ្ដល់​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់ សុខភាព​ខ្សត់ខ្សោយ កង្វះការ​ជំរុញ​លើក​ទឹកចិត្ដ ឬមាន​ជម្ងឺ​ធ្ងន់ធ្ងរ​ជាច្រើន។

1 . នៅពេល​ដែល​ទារក​មាន​អាយុ​មួយខែ ៖ ក្នុង​កំឡុង​ពេលនេះ​ទារក​អាច​សម្ដែង​ឱ្យ​លោកអ្នក​មាន​ឃើញនូវ​កាយវិការ មួយ​ចំនួន​ដូចជា ៖

  • ទារក​ងាក​ក្បាល​របស់​គេទៅ​រកដៃ​របស់​យើង​នៅពេល​ដែលមាន​ប៉ះថ្ពាល់ ឬមាត់​របស់​គេ
  • យកដៃ​ទាំពីរ​របស់គេ​ដាក់​តម្រង់​ទៅមាត់​របស់គេ
  • ងាកទៅ​រកសម្លេង និង​សម្ដីដែល​គេធ្លាប់ឮ
  • បៅដោះ​ម្ដាយ និង​ប៉ះដោះ​ម្ដាយដោយ​ដៃ​របស់គេ។

នៅពេល​វេលា​ដំបូង​នេះ ឪពុកម្ដាយ​ចាំបាច់​ត្រូវ​ប្រតិបត្ដិ​ប្រការ​មួយ​ចំនួន​ដូចជា ៖

  • បង្កើត​ឱ្យមាន​ការ​ប៉ះពាល់​ស្បែក​និងស្បែក រវាង​ម្ដាយ​និងទារក ឱ្យទារក​បៅដោះ​ម្ដាយ​ក្នុងកំឡុង​ពេលមួយ​ម៉ោង ក្រោយ ការ​សម្រាល
  • ទ្រក្បាល​ទារក​នៅពេល​ដែល​លោកអ្នក​ចាប់លើក​បីព
  • ច្របាច់​ស្រាលៗ និងបី​ទារក​ដោយឱប​រឹតថ្នម​ឱ្យបាន​ញឹកញាប់
  • ត្រូវតែ​ចាប់កាន់​ទារក​ដោយ​ថ្នមៗ ទោះបី​ជាអ្នក​ហេវហត់ ឬមួម៉ៅ​ក៏ដោយ
  • បំបៅ​ដោះឱ្យ​បានច្រើន​ដងតាម​ទារក​ត្រូវការ
  • និយាយ អាន និងច្រៀង​ឱ្យទារក​ស្ដាប់ឱ្យ​បាន​ញឹកញាប់ បើអាច​ធ្វើទៅ​បាន
    នាំទារក​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​នៅពេល​គេមាន​អាយុ៦​សប្ដាហ៍​ក្រោយពេល​សម្រាល ដើម្បី​ទទួល​បាននូវ​ថ្នាំបង្ការ។

នៅក្នុង​រយៈពេល​ដំបូង​នៃជីវិត​នេះផង​ដែរ ទារក​អាច​ប្រឈម​មុខនឹង​ជម្ងឺ​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យ​លោកអ្នក​ជា​ឪពុក ម្ដាយ ឬអ្នក​មើល​ថែទាំ​ទារក​តាមដាន​នូវ​សញ្ញា​មិន​ប្រក្រតី​ទាំងឡាយ ដូចជា ៖

  • ទារក​មិនព្រម​បៅដោះ ឬក៏​បរិមាណ​នៃការ​បៅថយ​ថុះ
  • ដៃ ជើង​របស់​ទារក​មាន​ចលនា​តិចតួច មិន​រហ័ស​រហួន
  • មាន​ប្រតិកម្មតិច​តួច ឬក៏គ្មាន​តែម្ដង ទៅនឹង​ការ​បន្លឺស​ម្លេងខ្លាំង ឬក៏​ពន្លឺភ្លើង
  • ទារក​ស្រែកយំ​យ៉ាងយូរ​ដោយ​គ្មាន​មូលហេតុ
  • ការក្អួត ឬរាក​នាំឱ្យ​ទារក​ខ្វះជាតិ​ទឹក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . នៅពេល​ដែល​ទារក​មាន​អាយុ៦​ខែ ៖ នៅពេល​ឈានដល់​អាយុ​៦ខែ​ហើយនោះ ទារក​គួរឱ្យ​ស្រឡាញ់​ម្នាក់បាន​បង្ហាញ នូវការ​លូតលាស់​របស់គេ​មួយ​ចំនួន​តាមរយៈ​សកម្មភាព​ដូចខាង​ក្រោម។

  • ទារក​អាច​ងើបក្បាល និង​ដើមទ្រូង នៅពេល​ដែលគេ​ដេកផ្កាប់
  • ទារក​អាច​ឈោងចាប់​វត្ថុដែល​ព្យួរ​រយីង​រយោង​បាន ហើយយក​មកចាប់​គ្រវី
  • ចេះ​ក្រឡាប់​បានទាំង​សងខាង
  • អាច​អង្គុយ​ដោយមាន​អ្នក​ជួយទប់
  • អាច​ស្វែងរក​វត្ថុដោយ​ដៃទាំង​ពីរ និងមាត់
  • ចាប់ផ្ដើម​ធ្វើត្រាប់​តាមកាយ​វិការ និងចេះ​ធ្វើទឹក​មុខ
  • អាច​ចំណាំ​ឈ្មោះ​របស់ខ្លួន ហើយមាន​ប្រតិកម្ម​ឆ្លើយតប​នៅពេល​មានគេ​ហៅ ឬ​ចំណាំ​អ្ន​កដែល​ស្គាល់គ្នា។

ក្នុង​កំលុង​ពេល​ដែល​ទារក​កំពុង​មានការ​លូតលាស់ សម្រាប់​លោកអ្នក​ជាឪពុក​ម្ដាយ និងជា​អ្នកថែ​ទាំកុមារ ត្រូវតែ​មានការ ថែទាំ​កុមារ​ដោយ​ឡែក​មួយ​ផ្សេង​ទៀត ដូចជា ៖

  • ផ្ដេកទារក​នៅ​កន្លែង​ស្អាត រាបស្មើ ផ្ទៃមាន​សុវត្ថិភាព ធ្វើ​ដូចនេះ​ពួកវា​អាចធ្វើ​ចលនា​ដោយ​សេរី និងអាច​ឈោងចាប់​វត្ថុទាំងឡាយ
  • ទប់ ឬទ្រ​ខ្លួន​កុមារ​ឱ្យស្ថិត​ក្នុង​ស្ថានភាព​ដែល​គេអាច​មើល​ឃើញ​អ្វីៗ​ដែលកើត​ឡើង​ក្បែរៗ​ខ្លួន
  • បន្ដការ​បំបៅ​ដោះតាម​សេចក្ដី​ត្រូវការ​របស់គេ​ទាំងពេល​ថ្ងៃ និង​យប់ និងចាប់​ផ្ដើមការ​ផ្ដល់​អាហារ​ដទៃទៀ​ត(មួយថ្ងៃពីរ ពេល សម្រាប់​កុមារ​អាយុ​ពី៦​ខែទៅ​៨ខែ និងក្នុង​មួយថ្ងៃ​៣ទៅ​៤ពេល សម្រាប់​អាយុ​ពី៨​ខែទៅ​១២ខែ)
  • និយាយ អាន និងច្រៀង ឱ្យ​ទារក​ស្ដាប់ឱ្យ​បាន​ញឹកញាប់​បើអាច​ធ្វើបាន។

នៅក្នុង​វ័យនេះ​ផងដែរ ក៏មាន​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ត្រូវ​ឃ្លាំមើល ដើម្បី​ការពារ​កូនជា​ទីស្រឡាញ់​របស់​លោកអ្នក តាម រយៈ​កាយវិការ ឬក៏​សកម្មភាព​របស់​គេមួយ​ចំនួន​ដូចជា ៖

  • រឹង ឬពិបាក​ធ្វើ​ចលនា​ដៃ​ជើង​ទាំងពីរ
  • ការធ្វើ​ចលនា​ក្បាល​មិន​ឈប់ឈរ​(នេះអាច​ចង្អុល​បង្ហាញ​ថា មានការ​បង្ករោគ​ក្នុង​ត្រចៀក ដែលអាច​នាំឱ្យ​កុមារ​ទៅជា​ថ្លង់ បើសិន​មិនបាន​ព្យាបាល)
  • ការ​ឆ្លើយតប​បាន​តិចតួច ឬគ្មាន​ការ​ឆ្លើយតប​តែម្ដង​ទៅនឹង​ការ​បន្លឺ​សម្លេង​ចំពោះ​មុខ​មនុស្ស​ដែលគេ​ធ្លាប់​ស្គាល់ ឬទៅ​នឹងការ បំបៅ​ដោះ
  • មិន​ព្រម​បៅដោះ និងមិន​ចង់​បរិភោគ​អាហារ​ដទៃ​ទៀត។

សូម​លោកអ្នក​រងចាំ​តាមដាន​នូវការ​វិវឌ្ឍន៍​របស់​កុមារ​ជាបន្ដ​ទៀត នៅការ​ចេញ​ផ្សាយ​លេខ​ក្រោយ តាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង។
(សូម​បន្ដ​អាន​លេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative