ជម្ងឺដែល​ស្ដ្រីគួរ​ព្រួយ​បារម្ភ

លោកអ្នក​ជាពិសេស​សុភាព​នារី​ទាំងអស់​បានជ្រាប​រួចមក​ហើយ​អំពី​ជម្ងឺ​មួយ​ចំនួន​ដែលអាច​កើតមាន​ចំពោះ​ស្ដ្រី។ ជាការ ពិតដែល​ស្ដ្រីត្រូវ​ប្រឈម​មុខនឹង​ជម្ងឺ​ប្រកប​ដោយ​គ្រោះថ្នាក់​ជាច្រើន។ ដោយឈរ​លើ​ហេតុផល​នេះ ទើប​ទាមទារ​ឱ្យស្ដ្រី​ចាំបាច់​ត្រូវតែ​មានការ​យល់ដឹង​ឱ្យបាន​ច្រើន​អំពី​អ្វីដែល​អាចកើត​មាន​ចំពោះខ្លួន។ មានជម្ងឺ​មួយ​ចំនួនដែល​ស្ដ្រីត្រូវតែ​បង្ការ​ឱ្យបាន ដើម្បី​កុំឱ្យ​ពួក វាមាន​ឱកាស​យារយី​យើងបាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្ដ្រី​ទាំងអស់​យកចិត្ដ​ទុកដាក់​ដើម្បី​បញ្ចៀស​ខ្លួនឱ្យ​ផុតពី​ជម្ងឺ​ទាំងនេះ។ ដើម្បី​ជាជំនួយ​ដល់​សុភាព​នារី​ទាំងអស់ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកជម្ងឺ​មួយ​ចំនួន​ដែលស្ដ្រី​គួរតែ​ព្រួយបារម្ភ ដោយ​មានការ​សហការណ៍​បកស្រាយ​ពីលោក សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ជម្ងឺដែលស្ដ្រីគួរចាប់​អារម្មណ៍

មានជម្ងឺ​មួយ​ចំនួន​នៅពេល​ដែលស្ដ្រី​ថាខ្លួន​មាន​ជម្ងឺនោះ វាក៏​ឈាន​ទៅដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទៅហើយ។ ហេតុនេះ​ធ្វើឱ្យ ស្ដ្រី​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ខ្លួន​ជាប់ជា​ប្រចាំ ដើម្បី​ស្វែងរក​អ្វីដែល​បម្រុង​នឹងកើត​មាន​ចំពោះ​លោកស្រី​អ្នកនាង​កញ្ញា។ ជាក់ស្ដែង​ជម្ងឺ មួយ​ចំនួន​ខាងក្រោម​នេះ ជាជម្ងឺ​ដែលស្ដ្រី​ទាំងឡាយ​គួរ​ព្រួយបារម្ភ ហើយ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​កើតជម្ងឺ​នោះឱ្យ​សោះ។

1. ជម្ងឺ​មហារីក​អូវែរ ៖ មហារីក​អូវែរ ជាជម្ងឺ​ដែលមាន​ទំនាក់​ទំនង​ជាមួយ​ជម្ងឺ​គីសអូវែរ។ នៅ​ប្រទេស​កម្ពុជា​ពុំទាន់ មានការ​សិក្សា​ណា​បញ្ជាក់​ច្បាស់លាស់​អំពី​តួលេខ​ស្ដ្រី​ដែលកើត​មានជម្ងឺ​មហារីក​ដៃស្បូន​នេះទេ។ នៅ​ដំណាក់​កាល​ដំបូង ស្ដ្រីជា​សាមីខ្លួន ផ្ទាល់​មិនបាន​ដឹង ឬចាប់​អារម្មណ៍​ជាមុន​ឡើយ​ថា ខ្លួនកើត​ជម្ងឺ​នេះ។ ព្រោះ​មុន​ដំបូង គីស ឬ​មហារីក​នេះមិន​បង្កឱ្យ​មានការ​ឈឺចាប់ អ្វី​ទាំងអស់។ ដូចនេះ​ហើយ​ទើបស្ដ្រី​ជាអ្នក​ជម្ងឺ​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ច្រើន​ស្ថិតក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ ហួសពេល​ព្យាបាល ឬ​ពិបាក​ព្យាបាល។ ជម្ងឺនេះ​ទាមទារ​នូវការ​ព្យាបាល​ដោយ​ហ្មត់ចត់ និង​ចំណាយ​ពេលយូរ។ មធ្យោបាយ​ព្យាបាល​សំខាន់​បំផុត គឺការ​វះកាត់។ វិធី​បង្ការ​ជម្ងឺ​មហារីក​អូវែរ​ដែលល្អ​ប្រសើរ​បំផុតគឺ យ៉ាង​ហោចណាស់​ត្រូវ​ពិនិត្យ​សុខភាព​ឱ្យបាន​មួយឆ្នាំ​ម្ដង ក្នុង​ករណី​មិន​ច្បាស់ លាស់(រាល់៦ខែម្ដង)។
2. ជម្ងឺ​មហារីក​មាត់ស្បូន ៖ ជម្ងឺ​នេះច្រើន​កើតនៅ​លើមាត់​ស្បូន​ទាំងខាង​ក្នុង និង​ខាងក្រៅ ចំពោះ​ស្ដ្រីដែល​ស្ថិតក្នុង​វ័យ បន្ដពូជ។ ព្រោះ​ជម្ងឺនេះ​បើឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ​នោះ គ្មានវិធី​ព្យាបាល​ឱ្យជា​សះស្បើយ​បានឡើយ ការ​ព្យាបាល​បាន​ត្រឹមតែ​សម្រន់​ការ​ឈឺចាប់​ប៉ុណ្ណោះ។
3. ជម្ងឺ​មហារីក​សុដន់ ៖ គឺជា​ដុំពក ឬ​ដុំសាច់​ដែលដុះ​នៅក្នុង​សុដន់ ហើយ​មានការ​រីក​លូតលាស់​ខុស​ប្រក្រតី។ បច្ចុប្បន្ននេះ នៅ​កម្ពុជា​ជម្ងឺ​មហារីក​សុដន់​កំពុងតែ​កើតមាន​ច្រើនឡើងៗ។ ក្នុង​ចំណោម​ជម្ងឺ​កើតលើ​ស្ដ្រី​ទាំងឡាយ ជម្ងឺ​មហារីក​សុដន់ស្ថិត​នៅក្នុង លំដាប់​លេខ២​បន្ទាប់ពី​ជម្ងឺ​មហារីក​មាត់ស្បូន។ ដូចនេះ​ស្ដ្រី​ទាំងឡាយ​គួរតែ​ពិនិត្យ​សុដន់​ដោយខ្លួន​ឯង​ជា​រៀងរាល់​ខែជា​ទៀងទាត់ នៅ ក្រោយ​ការធ្លាក់​រដូវ៤ ឬ៥ថ្ងៃ។
4. ជម្ងឺ​ដុំស្បូន ៖ ជាជម្ងឺ​ដុំសាច់​ដែលកើត​ដោយសារ​សាច់ស្បូន​ដុះជា​ដុំពក ដែល​ភាគច្រើន​ជាដុំ​ស្លូត​ច្រើន​កើតមាន​ចំពោះ ស្ដ្រី​ដែលស្ថិត​ក្នុងវ័យ​បន្ដពូជ។ គេអាច​សន្និដ្ឋាន​បានខ្លះៗ​ថា ដុំនេះ​កើតឡើង​បណ្ដាល​មកពី​មាន​អ័រម៉ូន​អឺស្ដ្រូហ្សែន​ច្រើនពេក។ ស្ដ្រីមាន រូបរាង​ធាត់ដែល​សម្បូរ​ខ្លាញ់ ងាយ​បង្កើត​ឱ្យមាន​អ័រម៉ូន​អឺស្ដ្រូហ្សែន​ច្រើនលើស​ជាងស្ដ្រី​ដែលមាន​រូបរាង​ល្មមធម្មតា។ អ័រម៉ូន អឺស្ដ្រូហ្សែន​ធ្វើឱ្យ​ដុំស្បូន​រីក​លូតលាស់​បន្ដិចម្ដងៗ រហូតដល់​ធំជាដុំ។ មាន​អាការ​រោគ​មួយ​ចំនួន​ដែលអាច​ធ្វើឱ្យ​ស្ដ្រី​ចាប់​អារម្មណ៍ថា អាចមាន​ដុំក្នុង​ស្បូនបាន ដូចជា​ធ្លាក់ឈាម​រដូវ​ច្រើន ឬយូរ​ខុសពី​ធម្មតា ឈាមធ្លាក់​ខុសពីរ​ពេលមាន​រដូវ ឧស្សាហ៍​រោយ​ចង្កេះ ពោះកាន់ តែ​ធំខុស​ធម្មតា រលូតកូន​ញឹកញាប់ នោមញឹក​ជាដើម។ ចំពោះការ​ព្យាបាល​មិនមែន​ងាយស្រួល​ឡើយ ចាំបាច់​ត្រូវមើល​ទៅតាម​វ័យ របស់​ស្ដ្រីនោះ។
5. ជម្ងឺ​ធ្លាក់ស ៖ ធ្លាក់ស​ជាការ​ធ្លាក់នូវ​វត្ថុរាវ​ដែល​មិនមែន​មានពណ៌​ក្រហម ពោលគឺ​ជាការ​ហូរនូវ​ទឹករាវ​មួយ​ប្រភេទ ដែល​មិនមែន​ជាឈាម​ដែល​ហូរមក​តាម​ទ្វារមាស ឬ​ប្រដាប់​បន្ដពូជ​ស្ដ្រី។ ការ​ធ្លាក់ស​នេះមាន​ពីរ​ប្រភេទ គឺការ​ធ្លាក់ស​ដោយសារ​តែ មាន​ជម្ងឺ និងការ​ធ្លាក់ស​ធម្មតា​មិនមាន​ជម្ងឺ។ ការ​ធ្លាក់ស​ជារោគ​សញ្ញានៃ​ជម្ងឺមួយ​ចំនួន​ដែលមាន​ដូចជា​ការរលាក​ទ្វារមាស រលាក ស្បូន​ជាដើម។ ស្ដ្រី​ដែលមាន​ជម្ងឺ​ទាំងនេះ​តែងមាន​ការ​ធ្លាក់ស និងមាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត។ ការ​ធ្លាក់ស​អាច​បណ្ដាល​មកពី​ផ្សិត។ ការធ្លាក់ស​ម្យ៉ាងទៀត​នោះគឺ​វាកើត​មកពី​មេរោគ​ជាច្រើន​ដែល​រួមផ្សំ​គ្នាកកើត​ទៅជា​សនេះ​ឡើង។ មួយវិញ​ទៀតនោះ ចំពោះ​ស្ដ្រីដែល ប្រើប្រាស់​ថ្នាំពន្យារ​កំណើត និង​ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ក៏អាច​មានការ​ធ្លាក់ស​បានដែរ។ មេរោគ​ដែលនាំ​ឱ្យមាន​ការធ្លាក់ស​មាន ដូចជា​ផ្សិត ទ្រីកូម៉ូណាល់ ហ្គាណឺរ៉ឺឡា​ជាដើម។
6. ជម្ងឺ​ផ្សេងៗ​ទៀត ៖ ក្រៅពី​ជម្ងឺ​មួយ​ចំនួន​ដែលបាន​រៀបរាប់​ជូន​ខាងលើ​នេះ ស្ដ្រី​ទាំងឡាយ​ត្រូវយក​ចិត្ដទុក​ដាក់ចំពោះ ជម្ងឺ​មួយ​ចំនួន​ទៀត​ដូចជា ៖

  • ការ​ឈឺចាប់​នៅពេល​មានរដូវ
  • ការ​ធ្លាក់រដូវ​ច្រើន ឬក៏​យូរថ្ងៃ អាចនាំ​ឱ្យស្ដ្រី​ស្លេកស្លាំង អាច​ប្រឈម​មុខនឹង​ជម្ងឺខ្វះ​គ្រាប់ឈាម
  • ឈាមធ្លាក់​ក្រៅពេល​មានរដូវ
  • ជម្ងឺពុក​ឆ្អឹងអាច​នាំឱ្យ​មាន​គ្រោះថ្នាក់​នៅពេល​ស្ដ្រីដួល ឬក៏​មានការ​ប៉ះទង្គិច
  • ជម្ងឺ​មួយ​ចំនួន​នៅពេល​ស្ដ្រីជិត​អស់រដូវ ដែលអាច​បណ្ដាល​ឱ្យស្ដ្រី​មាន​អាការ​ខុសប្លែក​ពីធម្មតា។
  • ដំបូន្នាន​អ្នក​ជំនាញ

    ឆ្លងកាត់​តាមការ​រៀបរាប់​ខាងលើ លោកអ្នក​បានជ្រាប​រួចមក​ហើយថា ជម្ងឺដែល​ស្ដ្រីត្រូវ​ព្រួយបារម្ភ​ខ្លាច​កើតមាន​ចំពោះខ្លួន នោះមាន​ច្រើនណាស់។ សូមធ្វើ​យ៉ាងណា​ចាប់​អារម្មណ៍ បើមាន​ការធ្វេស​ប្រហែស​នោះ ស្ដ្រី​ទាំងឡាយ​ត្រូវខាត​ពេលវេលា អស់ថវិកា ជួនកាល​អស់ទាំង​ជីវិត​ទៀតផង។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

    Google Analytics Alternative