សុខភាព​ស្ដ្រី ៖ វិធី​ថែទាំ​សុខភាព​ក្រោយ​ពេល​រៀបការ(ត)

ក្រោយពេល​រៀបការ​ស្ដ្រី​ចាំបាច់​ត្រូវតែ​មានការ​ថែរក្សា​សុខភាព​ឱ្យ​ម៉ត់ចត់ និង​ច្បាស់លាស់​ជាងស្ដ្រី​ដែលមិន​ទាន់មាន​ស្វាមី ឬដៃ​គូរួមភេទ។ ក្នុង​ដំណាក់កាល​នេះ ស្ដ្រី​ទាំងអស់​អាច​ប្រឈម​មុខនឹង​ជម្ងឺ​ជាច្រើន​ដែលអាច​ឆ្លងតាម​ការ​រួមភេទ និងត្រូវ​ត្រៀមខ្លួន ដើម្បី​ទទួលយក​អ្វីៗជា​ច្រើន​ប្រការ​ទៀត ដូចជា​ការមាន​ផ្ទៃពោះ ការ​ចាញ់កូន ការ​សម្រាល​ជាដើម។ ហេតុនេះ​ហើយ ទើបទាម​ទារ ឱ្យស្ដ្រី​មានការ​យល់ដឹង​ឱ្យបាន​ច្រើន ដើម្បី​បង្ការ​ទប់ទល់​សភាព​ទាំងនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​ជាពិសេស​មិត្ដ​នារី​ទាំងអស់​របស់​ទស្សនាវដ្ដី សុខភាពយើង បាន​តាមដាន​រួចមក​ហើយ​អំពី​ការថែទាំ​សុខភាព​ស្ដ្រីទៅតាម​កាលវេលា​នៃជីវិត។ សម្រាប់​លេខនេះ សុភាពនារី​ទាំងអស់​នឹងបាន​ជ្រាប​ជាបន្ដ​ទៀត អំពី​វិធី​ថែរក្សា​សុខភាព​របស់​ស្ដ្រីក្រោយ ពេល​រៀបការ ព្រោះ​ខណៈនេះជា​ពេលវេលា​ពិសេស​សម្រាប់​ការ​ថែរក្សា​សុខភាព​ឱ្យបានល្អ។

ក្រោយ​ពេល​រៀបការ ត្រូវ​ថែរក្សា​សុខភាព

ក្រោយពេល​រៀបការ​ស្ដ្រីត្រូវ​មានការ​រួមភេទ ហេតុនេះ​ហើយទើប​ស្ដ្រី​ងាយ​ប្រឈមមុខ​នឹង​ជម្ងឺ​ដែល​ឆ្លងតាម​ការ​រួមភេទ ក្រៅពី​នេះក៏​មានជម្ងឺ​មួយ​ចំនួន​ទៀត ដូចជា​មហារីក​ដៃស្បូន មហារីក​សុដន់ គីសដៃ​ស្បូន​ជាដើម។ ជម្ងឺ​ទាំងនេះ​មាន​រោគសញ្ញា​ឱ្យដឹង ដូចជា​ការធ្លាក់​សមាន​រមាស់ ការ​ធ្លាក់ឈាម​ជាដើម។ ស្ដ្រី​ទាំងអស់​ត្រូវតាម​ដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ ដើម្បី​រក​វិធី​ទប់ស្កាត់​ឱ្យទាន់ ពេលវេលា។ ការស្វែង​យល់ពី​ស្ថានភាព​មិន​ប្រក្រតី​ទាំងឡាយ​ជារឿង​សំខាន់​មួយ​ដើម្បី​តាមដាន​សុខភាព ដូចជា ៖

1 . ការ​ធ្លាក់ស ៖ ជា​ទូទៅ​ស្ដ្រី​ដែលមាន​ការ​រួមភេទ​រមែងតែង​ធ្លាក់ស គ្រាន់តែ​សនោះ​ជាសធម្មតា ឬ មិន​ធម្មតា​តែ ប៉ុណ្ណោះ។ ស្ដ្រី​គួរយល់​ដឹង​អំពី​ការធ្លាក់​សរបស់ខ្លួន​តើមាន​សភាព​បែបណា។ ការធ្លាក់​សធម្មតា​គឺមាន​ពណ៌ ធម្មតា និងមាន​លក្ខណៈ អន្លាយៗ​ដូច​សម្បោរ​ដែល​តែងតែ​ធ្លាក់​មុនពេល​មានរដូវ។ ចំណែក​សមិន​ធម្មតា​គឺមាន​លក្ខណៈ​ដុំៗមាន​ពណ៌លឿង ពណ៌បៃតង ហើយ រមាស់​ឈឺផ្សា​នៅពេល​រួមភេទ។ ការ​ធ្លាក់ស​មិនធម្មតា​ជារោគ​សញ្ញា​នៃជម្ងឺ​មួយចំនួន ដែលមាន​ដូចជា​ការរលាក​ទ្វារមាស រលាកស្បូន ជាដើម។ ស្ដ្រី​ដែលមាន​ជម្ងឺ​ទាំងនេះ​តែងមាន​ការ​ធ្លាក់ស និងមាន​រោគ សញ្ញា​ផ្សេងៗ​ទៀត។ ការ​ធ្លាក់ស​អាច​បណ្ដាល​មកពី​ផ្សិត។ ការធ្លាក់ស​ម្យ៉ាងទៀត​នោះគឺ​វាកើត​មកពី​មេរោគ​ជាច្រើន​ដែល​រួមផ្សំ​គ្នាកកើត​ទៅជា​ស​នេះឡើង។ មេរោគ​ដែលនាំ​ឱ្យមាន​ការធ្លាក់ស មានដូចជា​ផ្សិត​ទ្រីកូម៉ូណាល់ ហ្គាណឺរ៉ឺឡា​ជាដើម។ វិធី​តែមួយ​គត់​ដែលអាច​ដឹងថា​ការធ្លាក់ស​របស់​លោក​ស្រីអ្នកនាង​ជាស​មិនធម្មតា នោះ គឺការ​យកស​ទៅពិនិត្យ។

2 . ការ​តាមដាន​រដូវ ៖ ការមក​រដូវ​គឺជា​ការបញ្ជាក់​នូវ​សុខភាព​របស់ស្ដ្រី។ ការមក​រដូវតិច ឬច្រើន ការ បាត់​រដូវសុទ្ធតែអាចប៉ះពាល់​ដល់​សុខភាព​ស្ដ្រី។ មានជម្ងឺ​មួយ​ចំនួន​ស្ដែង​ចេញ​រោគ​សញ្ញា​តាមរយៈ​ឈាម​រដូវ គ្រប់ស្ដ្រី​មាន ស្វាមី​នៅពេល​ដែលបាត់​រដូវ តែងគិតថា​ពួកគាត់​អាច​មាន​ផ្ទៃពោះ ប៉ុន្ដែ​មិនមែន​បែបនេះ​ទាំងអស់​នោះទេ ការ​បាត់​រដូវ​អាចមក​ពីការ​ជម្ងឺ ឬក៏​សម្ពាធ​ផ្លូវចិត្ដ​ក៏អាច ដែរ។ ប្រសិន​បើបាត់​រដូវ គ្រប់ស្ដ្រី​ទាំងអស់​គប្បី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឱ្យប្រាកដ​ក្នុង​ចិត្ដថាខ្លួន​មាន​ផ្ទៃពោះ​មែនឬទេ? មួយវិញ​ទៀត ស្ដ្រីគួរចងចាំ​នូវ​ពេលវេលា​នៃការ​ធ្លាក់រដូវ ជាពិសេស​រដូវ​ចុងក្រោយ​មុនពេល​ទៅជួប​គ្រូពេទ្យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . ពេល​វេលា​នៃការ​មានកូន ៖ នេះជា​រឿងសំខាន់ ព្រោះស្ដ្រី​ទាំងអស់​មិនអាច​បណ្ដោយ​ទៅតាម​ពេលវេលា​នោះទេ លោកស្រី​អ្នកនាង​ត្រូវតែ​មានការ​ច្បាស់ទៅ​លើការ​កំណត់​ពេលវេលា​មានកូន ព្រោះការ​ដែលមាន​កូន​ដែលមិន​ប្រាថ្នា​អាចនឹង​មានការ ពិបាក​ទៅថ្ងៃ​ក្រោយ។ ម្យ៉ាងវិញ​ទៀត ចំពោះ​ពេលវេលា​រួមភេទ​ដែលអាច​មានកូន​ក៏ជារឿង​ដែល​គួរតែ​មានការ​យល់ដឹង​ផងដែរ។

4 . ការធ្លាក់​ឈាម ៖ ក្រោយការ​រួមដំណេក ប្រសិន​បើមាន​ការធ្លាក់​ឈាមនោះ ស្ដ្រី​ត្រូវតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី ពិនិត្យ​តាមដាន​ឱ្យបាន​ត្រឹមត្រូវ ព្រោះការ​ធ្លាក់ឈាម​ជារោគ​សញ្ញា​នៃជម្ងឺ ដូចជា​ជម្ងឺ​ដុះសាច់​នៅមាត់​ស្បូន​ជាដើម។ ម្យ៉ាងវិញ​ទៀត ប្រសិន​បើមាន​ការ​ធ្លាក់ឈាម​នៅចន្លោះ​រដូវ​ក៏​ត្រូវតែ​យកចិត្ដ​ទុកដាក់​ផងដែរ។

5 . ការ​ឈឺចាប់​នៅពេល​រួមភេទ ៖ ប្រសិន​បើការ​រួមភេទ​មានការ​ឈឺចាប់​កើតឡើង​ចំពោះ​ស្ដ្រីវ័យ​ក្មេង​ក្រោយពេល រៀបការ នោះអាច​បណ្ដាលមក​ពីការ​ឆ្លងជម្ងឺ​កាមរោគ ឬ​ជម្ងឺ​រលាក​មាត់ស្បូន។ ហេតុនេះ​ស្ដ្រី​ត្រូវតែ​រក​មូលហេតុ​ឱ្យឃើញ ដោយ សហការណ៍​ជាមួយ​គ្រូពេទ្យ​ជំនាញ។ បញ្ហានេះ​មិនមែន​ជាបញ្ហា​សុខភាព​តែមួយ​ផ្នែកនោះ​ទេ វាអាច​ទាក់ទង​ដល់​សុភមង្គល​គ្រួសារ ទៀតផង។

6 . អនាម័យ​ក្រោយ​ពេល​រួមភេទ ៖ នៅពេល​រួមភេទ​រួចមាន​ការធ្លាក់​ទឹកកាម​ចេញមក​ខាងក្រៅ ស្ដ្រីត្រូវ​ចៀសវាង​ការ លូកលាង​ខាងក្នុង​ស្បូន​ដោយ​ខ្លួនឯង។ គឺត្រូវ​លាងតែ​ផ្នែកខាងក្រៅ ឬក៏​អាចយក​ក្រណាត់​ស្អាត​មកជូត​សម្អាត​តែប៉ុណ្ណោះ។ សូម ប្រយ័ត្ន​ចំពោះ​ការ​ជ្រើសរើស​ទឹក​អនាម័យ​មកលាង​សម្អាត​ប្រដាប់ភេទ ព្រោះអាច​មាន​ប្រតិកម្ម។

ប្រការ​គួរ​ប្រតិបត្ដិ ដើម្បី​ថែទាំ​សុខភាព

ប្រសិនបើ​ស្ដ្រីមិន​ប្រុងប្រយ័ត្ន​ក្នុងការ​ថែទាំ​សុខភាព​ទេ នោះនឹង​ប្រឈម​មុខនឹង​ជម្ងឺ ដូចជា​ជម្ងឺ​មហារីក​ដៃស្បូន មហារីក សុដន់ មហារីក​ស្បូន មហារីក​មាត់ស្បូន​ជាដើម។ ជម្ងឺ​ទាំងនេះ​មិនឱ្យ​ដឹង​រោគសញ្ញា​ជាមុន​ទេ ប្រសិន​បើពិនិត្យ​ដឹងអាការ​មុន នោះអាចរក​វិធី​ទប់ស្កាត់​បានទាន់​ពេលវេលា។ ដូចគ្នា​នេះដែរ ស្ដ្រីគប្បី​ចៀសវាង​ការបើក​ស្បូន​ញឹកញាប់ លើកលែង​តែពេល​មានបញ្ហា ដូចបាន​ជម្រាប​ខាងលើ ទើប​មកជួប​ជាមួយ​គ្រូពេទ្យ​តែម្ដង ហើយ​ត្រូវធ្វើ​តាមការ​ណែនាំ​របស់​គ្រូពេទ្យ។ ក្រោយពេល​ពិនិត្យ លើកទីមួយ ស្ដ្រីមួយ​ចំនួន​អាចមក​ពិនិត្យ​លើកទី​ពីរនៅ៣​ខែក្រោយ ស្ដ្រីខ្លះ​ទៀត៦​ខែក្រោយ ឬមួយ​ឆ្នាំ​ទៅតាម​ស្ថានភាព​ជម្ងឺ និង សុខភាព​របស់​ស្ដ្រីនោះ។

ដំបូន្មាន​អ្នកជំនាញ

គ្រប់ស្ដ្រី​ទាំងអស់​ដែលមាន​ការ​រួមភេទ ចាំបាច់​ត្រូវតែ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​ក៏ដូចជា ដើម្បី​សុភមង្គល​គ្រួសារ​ផងដែរ។ នៅលេខ​ក្រោយ សុភាពនារី​ទាំងអស់​ជ្រាបជា​បន្ដអំពី​ការត្រៀម​ខ្លួន​របស់ស្ដ្រី​ក្នុងការ​ធ្វើជា​ម្ដាយ។
(សូមបន្ដ​អាននៅ​លេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative