វិធីលាង​មុខខ្លាញ់

បញ្ហាផ្ទៃ​មុខ ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប មិនថា​ជាបុរស ឬក៏ជា​ស្ដ្រីនោះ​ទេ ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត។ មនុស្ស​មិនតិច​នាក់ទេ ដែលមាន​បញ្ហាស្បែក​មុខខ្លាញ់​កើតឡើង ដោយសារ​ជាតិខ្លាញ់​ច្រើនធ្វើ​ឱ្យមុខ​កើតមុន​ច្រើន។ នៅលើ​ទំព័រ ទស្សនាវដ្ដី សុខភាពយើង លេខនេះ មិត្ដ​អ្នកអាន​ទាំងអស់​នឹងបាន​ជ្រាបកាន់​តែច្បាស់​អំពី​វិធី​សម្អាត​ផ្ទៃមុខ​ខ្លាញ់ ដើមី្ប​ធ្វើឱ្យមុខ លោកអ្នក​ស្រស់ស្អាត​គ្មានមុន​ដូច​ធម្មជាតិ​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោកស្រី សិទ្ធិ ច័ន្ទហេង អ្នក​ជំនាញ​នៅសាលា បង្រៀន​កែសម្ផស្ស​ថបស្ដៃយ៍ ដែលបាន​បកស្រាយ​ពីបញ្ហា​ស្បែកមុខ​ខ្លាញ់នេះ។

វិធី​លាង​មុខខ្លាញ់

កាលណា​មុខមាន​ជាតិខ្លាញ់​ច្រើន អាច​បណ្ដាលឱ្យ​កើតមុន​ច្រើន ដោយសារ​ផ្ទៃមុខ​​យើងសើម​ដោយខ្លាញ់​ជានិច្ច។ នៅពេល ដែល​ធូលី​ដីហុយ​មកប៉ះ​ស្រទាប់​ផ្ទៃមុខរបស់​យើង ធ្វើឱ្យ​មានបញ្ហា​មុនកើត​ឡើងបានដោយ​ងាយ។ ដើម្បី​កម្ចាត់មុខ​ខ្លាញ់នេះ​មាន វិធី​សាស្ដ្រពីរ​យ៉ាង ដែលឱ្យ​បងប្អូន​មិត្ដអ្នក​អាន​ទាំងអស់​អាច​អនុវត្ដ​បានយ៉ាង​ងាយ។

1 . វិធី​លាងមុខ​ខ្លាញ់​តាមបែប​ធម្មជាតិ ៖ លោកអ្នក​អាច​អនុវត្ដ​បានទៅ​តាមវិធី​ធម្មជាតិ ដោយ​គ្រាន់តែ​លុប​លាង​ផ្ទៃមុខ នឹងទឹក​ក្ដៅ​ឧណ្ហៗ​ឱ្យបាន​ស្អាត ហើយ​យក​ផ្លែក្រូចឆ្មារ​មួយ​ចំណិត​មកលាប​ញីឱ្យ​សព្វពេញ​ផ្ទៃមុខ ទុក​រយៈពេល​ប្រហែល​ជា២ទៅ៣នាទី សឹមលុប​មុខចេញ​ដោយ​ទឹកក្ដៅ​ឧណ្ហ​នោះម្ដង​ទៀត ជាការ​ស្រេច។ ធ្វើយ៉ាង​នេះឱ្យ​បានមួយ​ថ្ងៃ២ទៅ​៣ដង នោះមុខ​របស់​លោកអ្នក​នឹង មិនមាន​ជាតិខ្លាញ់​ទៀតទេ ហើយ​ក៏គ្មាន​មុនកើត​ឡើងទៀត​ដែរ។

សូម​ចំណាំ ៖ បើ​លោកអ្នក​អនុវត្ដ​តាមវិធី​នេះទទួល​ជោគជ័យ​ហើយ ផ្ទៃមុខ​មិនមាន​ខ្លាញ់ហើយ ត្រូវតែ​បញ្ឈប់ការ​ធ្វើបែប នេះតទៅ​ទៀត។ ព្រោះថា​បើផ្ទៃមុខ​យើងមិន​មានជាតិ​ខ្លាញ់ទេ ហើយយើង​នៅតែ​បន្ដប្រើ​ក្រូចឆ្មារ យូរៗ​ទៅអាច​ធ្វើឱ្យផ្ទៃ​មុខស្ងួត និងអាច​ធ្វើ​ផ្ទៃមុខ​ជ្រួញ​ចាស់ជាង​អាយុ​ថែមទៀត​ផង។ ដូច្នេះ​បើផ្ទៃមុខ​លោកអ្នក​លែងមាន​ជាតិខ្លាញ់​ទៀតហើយ នោះត្រូវ​ផ្អាកការ​ធ្វើ បែបនេះ​សិន នៅពេល​ណាមុខ​ឡើងខ្លាញ់ ចាំអនុវត្ដ​វិធីនេះ​តទៅទៀត​ចុះ។

2 . វិធីលាង​មុខខ្លាញ់​ដោយ​ផលិតផល ៖ សព្វថ្ងៃ​មានការ​នាំចូល​ផលិតផល​ពីក្រៅ​ប្រទេស​ជាច្រើន​ប្រភេទ ដើម្បី​តម្រូវ ការ​អតិថិជន។ ហេតុនេះ​វាមិនមាន​អ្វី​ពិបាក​ខ្លាំង​នោះទេ ក្នុងការ​ជ្រើសរើស​ផលិតផល​ទាំងនោះ មក​ប្រើប្រាស់​ក្នុង​គោល​បំណង ចង់ឱ្យ​ផ្ទៃមុខ​គ្មានខ្លាញ់។ ផលិតផល​ទាំងនោះ មាន​ដូចជា​ពពួក​ជែល ឬប្រភេទ​ជាហ្វម​លាងមុខ ដែលមាន​តួនាទី​កម្ចាត់​ខ្លាញ់​លើ ផ្ទៃមុខ។ លោកអ្នក​អាចដឹង​ខ្លះៗ​ផងដែរ អំពី​ផ្ទៃមុខ​ខ្លាញ់​របស់​លោកអ្នក ដោយគ្រាន់​យកដៃ​ស្ទាបទៅ​លើផ្ទៃមុខ នៅពេល​ដែល ទើបនឹង​ភ្ញាក់ពី​ដំណេក បើឃើញ​មានខ្លាញ់​ប្រឡាក់ដៃ មានន័យ​ថាមុខ​របស់​លោកអ្នក​មានជាតិ​ខ្លាញ់​ហើយ។

លោកអ្នក​អាចទៅ​ពិនិត្យ​ស្បែកមុខ​នៅតាម​ហាងកែ​សម្ផស្ស​នានា ដែលអាច​ទុកចិត្ដ​បាន មានបទ​ពិសោធន៍​ក្នុងរឿង​នេះ ឱ្យ អ្នក​ជំនាញ​នោះផ្ដល់​ជាដំបូន្មាន និង​ជ្រើសរើស​ផលិតផល​មួយ​ចំនួន​ដល់​លោកអ្នក។ ប៉ុន្ដែ​បើគ្មាន​លទ្ធភាព​ទៅរក​អ្នក​ប្រឹក្សា​ទេ លោក អ្នកអាច​ទិញ​ផលិតផល​ទាំងនោះ​នៅតាម​ផ្សារ​ទំនើប​នានា ដោយ​គ្រាន់តែ​ជ្រើសរើស​យក​ផលិតផល​ណាសម្រាប់​កម្ចាត់​ជាតិខ្លាញ់​លើផ្ទៃ មុខប៉ុណ្ណោះ។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​មាន​ផ្ទៃមុខ​ខ្លាញ់ គួរគប្បី​ជ្រើសរើស​ផលិតផល​ណាមួយ ដើម្បី​លាងសម្អាត​ផ្ទៃមុខ កុំឱ្យ​មុខកើត​មុនតទៅ ទៀត ឬ​អនុវត្ដ​តាមវិធី​បែបធម្មជាតិ​ក៏បាន​ផងដែរ។ លោកអ្នក​មិនគួរ​ទុកឱ្យ​ផ្ទៃមុខ​ឱ្យមាន​ខ្លាញ់​របស់​លោកអ្នក​នៅតែ​កើតមាន​ដូច្នេះ ទេ ព្រោះវា​អាច​បណ្ដាល​ឱ្យកើត​មុនកាន់​តែច្រើន​ឡើងៗបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative