ការ​គ្របគ្រង​សំណល់រឹង(ភាគ៣)

សំណល់​រឹងមួយ​ចំនួន​ដែលត្រូវ​គេ​បោះបង់​ចោល ត្រូវបាន​ក្លាយទៅ​ជាក្ដី​កង្វល់​មួយ​សម្រាប់​សោភ័ណ​ភាពសង្គម រួមមាន សោភ័ណ​ភាព​ទីក្រុង ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​បរិស្ថាន​ជុំវិញ។ អាស្រ័យ​ហេតុ​ដោយ​មើល​ឃើញពី​ចំណុច​អវិជ្ជមាន និងគុណ​វិបត្ដិជា ច្រើន​ដែល​ជះឥទ្ធិពល​ពី​សំណាល់​រឹងនេះ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដ​លើកយក​វិធីសាស្ដ្រ​ក្នុងការ​គ្រប់គ្រង​សំណល់​រឹងមក ជម្រាប​ជូន​ប្រិយ​មិត្ដអ្នក​អាន​ទាំងអស់​ជាបន្ដ​បន្ទាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពិតមែនតែ​សំណល់​រឹងជា​ចំណែក​មួយនៃ​ប្រភព​មុខរបរ ការងារ និងជា​ប្រភព​រកប្រាក់​ចំណូល​សម្រាប់​មនុស្ស​មួយ​ចំនួនយ៉ាង ណាក្ដី ប៉ុន្ដែ​វាក៏ជា​ប្រភព​មួយដែល​ផ្ដល់នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ មកលើ​បរិស្ថាន សង្គម​ជាតិ មនុស្ស សត្វ និង​រុក្ខជាតិ។

បញ្ហា​ដែល​អាចបង្ក​ឡើង​ដោយ​សំណល់រឹង(ការ​បំពុល​បរិស្ថាន)

សំណល់រឹង​ត្រូវបាន​គេចាត់​ទុកថាជា​វត្ថុ​ដែលគ្មាន​ប្រយោជន៍ ហើយដែល​ម្នាក់ៗ​មិនចង់​បានវា​ទេ ប៉ុន្ដែ​យើងមិន​អាចគេច​ផុត ពីវា​បានឡើយ ព្រោះ​យើងត្រូវ​ការ​ចំណី​អាហារ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ យោងទៅ​តាម​លក្ខណៈ​រូប និង​លក្ខណៈ​គីមី​នៃ សំណល់​រឹង ប្រសិន​បើយើង​មិនបាន​ធ្វើការ​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​ទេនោះ វាអាច​នឹងជះ​ឥទ្ធិពល​មកលើ សុខភាព​មនុស្ស សត្វ និង​បរិស្ថាន។

  • ធ្វើឱ្យ​បាត់បង់​សោភ័ណ​ភាពទីក្រុង និង​លំនៅដ្ឋាន​របស់​ប្រជា​ពលរដ្ឋ
  • ជា​ប្រភព និងទី​ជម្រកនៃ​ពពួក​មេរោគ​ឆ្លង ព្រមទាំង​សត្វល្អិត​ចង្រៃ​ជាច្រើន
  • សំណល់រឹង​មួយ​ចំនួន​ដែលមិន​បានទុកដាក់​ត្រឹមត្រូវ បាន​បំបែក​ធាតុ(រលួយ) បង្កឱ្យមាន​ក្លិនស្អុយ​ប៉ះពាល់​ដល់អ្នក​រស់នៅ ក្បែរ និង​បរិស្ថាន​ជុំវិញ។
  • សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់​ដែលមាន​ផ្ទុកទៅ​ដោយសារ​ធាតុពុល និងអាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ប្រជាជន ដូចជា​ប៉ះពាល់​ដល់ផ្លូវ​ដង្ហើម កើតមាន​ជម្ងឺ​សើស្បែក និង​បណ្ដាលឱ្យ​កើតមាន​ជម្ងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។
  • ម្យ៉ាងវិញ​ទឹកសម្អុយ​ដែល​ចេញពី​សំណល់​នោះ មួយផ្នែក​អាចផ្ដល់​ជាជម្រក​ដល់​ភ្នាក់ងារ​ចម្លង​ជម្ងឺ​មួយ​ចំនួនធំ និងមួយ​ផ្នែក ទៀតដែល​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​ពុល​អាចជ្រាប​ចូលទៅ​ក្នុងដី បានធ្វើឱ្យ​ប៉ះពាល់​ដល់​គុណភាព​ដី ទឹក និងទឹក​ក្រោមដី ធ្វើឱ្យ​មាន ការបំពុល​ទឹក និងដី។ ចំណែក​ឯសារធាតុ​មួយ​ចំនួន​ដែលមិន​អាច​បំបែក​ធាតុបាន ដូចជា​កៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការ​នូវទីតាំង ដ៏ធំ​ដើម្បី​ទុកដាក់​វា។
  • ការ​បោះចោល​សំណល់​រាយប៉ាយ អាចបង្ក​ស្ទះដល់​ប្រព័ន្ធ​លូសាធារណៈ តាមរយៈ​ការហូរ​នាំដោយ​ទឹកភ្លៀង​ខូចដល់ សោភ័ណ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

1 . ការ​ប៉ះពាល់​ចំពោះ​អ្នករើស​អេតចាយ ៖ ដោយការ​គ្រប់គ្រង​នៅទី​លានមានភាព​ខ្វះខាត និងពុំមាន​វិធានការ​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ក៏ដូចជា​ភាពប៉ះពាល់​ដល់​សុខភាព​អ្នករើស​អេតចាយ ឬអ្នក​ក្រីក្រ​រស់នៅ​ជុំវិញ​ទីលាន​ចាក់សំណល់​រឹង វាបាន បង្ក​គ្រោះថ្នាក់​ផ្សេងៗ ដូចជា ៖

  • ជម្ងឺឆ្លង​នានា​(បាក់តេរី ឬវីរុស​ដែលបង្កឱ្យ​មាន​ជម្ងឺ​ជីវសាស្ដ្រ ដូចជា​ប៉ារ៉ាសិត និង​បាក់តេរី​ទាក់ទងនឺង​ជម្ងឺ​ពោះវៀន និង ក្រពះ)។
  • ជម្ងឺ​ផ្លូវដង្ហើម​បង្កដោយ​ធូលី។
  • ការរង​របួស​នៅទីលាន នៅពេល​ឡាន​ចូលចាក់​ម្ដងៗ ដោយការ​ដណ្ដើមគ្នា​រើសសម្រាម និង​គ្រោះថ្នាក់ តាមរយៈ​ការមុត ឬ​ប៉ះពាល់​សំណល់​ដោយផ្ទាល់ ដោយ​សំណល់​ទាំងនោះ​មានសំណល់​ប្រភេទ​ប្រកប​ដោយ​គ្រោះថ្នាក់​ពុំបាន​ញែកចេញ​ត្រឹមត្រូវ​លាយឡំ គ្នា។
  • ការ​យល់ដឹង​សាធារណៈ​ចំពោះ​អនាម័យ និង​សុខភាព​របស់អ្នក​រើសអេតចាយ នៅមាន​កម្រិត​និងយល់​ដឹងទាប​ដែលនាំ​ឱ្យ ប៉ះពាល់​ដល់​សុខភាព ដោយអ្នក​ទាំងនោះ​មិនបាន​ការពារ​ខ្លួនពី​ភាព​ប៉ះពាល់​ឡើយ។
  • ភាគច្រើន​នៃអ្នក​រើស​សម្រាម​ត្រូវបាន​គេដឹង និងបាន​បញ្ជាក់ថា មានអាការ​រោគ​បណ្ដាល​ឱ្យឈឺ។ ជម្ងឺ​ផ្ដាសាយ និង​ជម្ងឺក្អក ត្រូវបាន​គេដឹងថា ជាទូទៅ​ក៏មាន​លក្ខណៈ​ដូចជា​ជម្ងឺ​របេង ហើយក៏​មានបញ្ហា​កើតមាន​ចំពោះអ្នក​រើស​អេតចាយ​ផងដែរ សរុប​ប្រមាណ ជាជិត​១០០០នាក់។

2 . គ្រោះថ្នាក់​ចំពោះអ្នក​រស់នៅ ឬសត្វស្រុក​ដែល​រស់នៅ​ជុំវិញ​ទីលាន​ចាក់សំណល់ ៖ ដោយមាន​បញ្ហា​ផ្នែកថវិកា រួម​បញ្ចូល មធ្យោបាយ​ក្នុងការ​វិភាគ ក្រសួង​បរិស្ថាន​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ពុំបាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពីភាព​ប៉ះពាល់​លើសុខភាព​មនុស្ស និងសត្វ​ឡើយ។ តាមការ​ប៉ាន់​ប្រមាណ​មនុស្ស ឬសត្វ​ដែលរស់នៅ​ជុំវិញ​ទីលាន​ចាក់សំណល់​ដែលមិន​បានរៀបចំ​បច្ចេកទេស​ត្រឹមត្រូវ អាចបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដូចជា ៖

  • ពពួក​ភ្នាក់ងារ​ចម្លង​រោគ ដូចជា​រុយ សត្វល្អិត ឬកណ្ដុរ
  • សត្វពាហនៈ​មួយចំនួន ដូចជា​ឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វ​ទាំងនេះ​អ្នករើស​អេតចាយ​ជាអ្នក​ចិញ្ចឹម​នៅឯ​ទីលានចាក់ សំណល់។
  • ការ​ប្រើប្រាស់​ទឹកក្រោម​ដី ដោយរួម​បញ្ចូល​អណ្ដូង​ចំហ អណ្ដូង​ស្នប់ ដែលបាន​ធ្វើឱ្យ​កខ្វក់ ឬមាន​សារធាតុ​បំពុល​ធ្លាក់ចូល។
  • ក្លិនស្អុយ និងគួរ​ឱ្យខ្ពើម​រអើម
  • ការស្រូប​ខ្យល់​ដកដង្ហើម​ដោយ​ខ្យល់ពុល​ចេញពី​ការដុត​សំណល់​ដែលមាន SO2, CO2, NO2, COCaedIm និងអាច​មាន លេចចេញ​ដោយ​អុកស៊ីន​ឌីអុកស៊ីន​ផងដែរ។

ការ​គ្រប់គ្រង​សំណល់រឹង

ការ​គ្រប់គ្រង​សំណល់រឹង គឺ​សំដៅ​ទៅលើ​សកម្មភាព​ផ្សេងៗ ដូចជាការ​ញែកសំណល់ ការស្ដុកទុក​បណ្ដោះ​អាសន្ន ការ​ប្រមូល ការដឹក​ជញ្ជូន ការកែច្នៃ​ឡើងវិញ និងការ​បោះបង់​ចោល។ សកម្មភាព​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹងការ​គ្រប់គ្រង​សំណល់រឹង​ចាប់ពី ចំណុច​បង្កើត រហូតដល់​ចំណុច​បោះចោល​ចុងក្រោយ ត្រូវបាន​គេចែក​ចេញជា៥​ដំណាក់​កាលសំខាន់ៗ ដូចជាការ​បង្កើត​សំណល់ សកម្មភាព​ចល័ត សំណល់​ពីចំណុច​បង្កើតទៅ​កន្លែងស្ដុក និងការ​ស្ដុកទុកដាក់ ការ​ប្រមូល និង​ដឹកជញ្ជូន ដំណើរ​ការ និងការ​កែច្នៃទាញ យកពី​សំណល់ និង​ដំណាក់កាល​ចុងក្រោយ គឺការ​ចាក់ចោល។

បណ្ដាំ​ផ្ញើ

ទាក់ទង​ទៅនឹងការ​គ្រប់គ្រង​សំណល់​រឹងឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់នេះ គឺនៅមាន​ចំណុច និង​វិធីសាស្ដ្រ​ជាច្រើន​ទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវ​លើកមក​ជម្រាបជូន​ប្រិយមិត្ដ​អ្នកអាន​ជាបន្ដ ជាពិសេស​វិធី​កែច្នៃ​សំណល់រឹង និងវិធី​បង្ការខ្លួនឱ្យ ឆ្ងាយពី​ជម្ងឺផ្សេងៗ ដែលអាច​កើតមាន​ដោយសារ​សំណល់​ទាំងនេះ។ (សូមអាន​បន្ដនៅ​លេខក្រោយ)
ដោយ ៖ ការិយាល័យ​គ្រប់គ្រង​សំណល់​រឹង និងសារធាតុ​ប្រកប​ដោយ​គ្រោះថ្នាក់

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative