សិក្ខាសាលា​​​ស្តីអំពី​​​ជម្ងឺ​​​រលាកថ្លើម​​​រ៉ាំរ៉ៃ​​​នៅកម្ពុជា

សព្វថ្ងៃ មានជម្ងឺមួយចំនួននៅតែបន្តក្តៅបារម្ភចំពោះប្រជាពលរដ្ឋនៅទូទាំងពិភពលោក មិនថាតែ ប្រទេស កំពុងអភិវឌ្ឍ ឬអភិវឌ្ឍនោះទេ។ ក្នុងនោះការបារម្ភអំពីជម្ងឺរលាកថ្លើមប្រភេទ បេ និងសេ ក៏ជាបញ្ហាចោទ មួយសម្រាប់ ការយក ចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។ តើប្រជាពលរដ្ឋកម្ពុជា មានអ្នក កើត ជម្ងឺរលាកថ្លើមប្រភេទ បេ និង សេនេះ ចំនួនប៉ុន្មាននាក់?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពីថ្ងៃទី១៦ មិថុនា

សមាគម​គ្រូ​ពេទ្យ​កម្ពុជា​ផ្នែក​ប្រដាប់​រំលាយ​អាហារ​បាន​ប្រារព្ធ​ធ្វើសិក្ខា​សាលា​មួយនៅ​សណ្ឋាគា​រសូហ្វីតែល​ភ្នំពេញ​ភូគីត្រា ដោយមាន​ការចូល​រួមពី​ក្រុម​គ្រូពេទ្យ​មកពី​ខេត្ត​ចំនួន​៨គឺ ខេត្ត​សៀមរាប បាត់ដំបង បន្ទាយ​មានជ័យ កំពង់ចាម កំពង់ធំ ព្រះសីហនុ កំពត និងខេត្ត​កណ្តាល ដែល​សរុប​ប្រមាណ​១៥០នាក់ ។ នេះបើ​យោងតាមការ​ចេញផ្សាយរបស់ សារព័ត៌​មានកោះ​សន្តិភាព។

លោកសាស្ត្រាចារ្យ តាន់ តឹកស្រេង ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា​ផ្នែក​ប្រដាប់​រំលាយ​អាហារ បានមាន​ប្រសាសន៍​ថា ជម្ងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ដែលបង្ក​ឡើងដោយ​វីរុស BនិងC មានការ​ឆ្លងវិវឌ្ឍន៍​ច្រើនពី​ស្ត្រី​ជាម្តាយ​ទៅកូន ដែលនេះជាការ ប្រឈម​មុខរួម​របស់​ពិភព​លោក ។ រីឯការ​ព្យាបាល​ជម្ងឺនេះ​ឱ្យបាន​ជាសះ​ស្បើយ នៅតែជាបញ្ហា​ស្មុគស្មាញ​នៅឡើយ។ ដូច្នេះ​លោក​គ្រូពេទ្យ​ត្រូវប្រើ​ថ្នាំឱ្យ​ត្រូវទិស​ដៅ ។

ចំណែកវេជ្ជបណ្ឌិត ឱម សេរីវិចិត្រ អ្នកឯកទេសជម្ងឺរលាកថ្លើមវិញ បានមានប្រសាសន៍ថា ចាប់តាំង ពីឆ្នាំ១៩៩០ រហូត ដល់បច្ចុប្បន្ននេះ ឱសថព្យាបាលជម្ងឺរលាកថ្លើម ត្រូវបាន អភិវឌ្ឍ យ៉ាងលឿន ក្នុងទិសដៅ លើកកម្ពស់ គុណភាព ជីវិត របស់អ្នកជម្ងឺ និងលុបបំបាត់ជម្ងឺនេះទាំងស្រុងចេញពីខ្លួនអ្នកជម្ងឺ។ លោកវេជ្ជបណ្ឌិតបន្តថា ឱសថថ្មី និងវិធី ព្យាបាល ជម្ងឺរលាកថ្លើមរុំារ៉ៃ ដែលបង្កឡើងដោយវីរុស BនិងC ត្រូវបានសមាគមអន្តរជាតិសិក្សាពីជម្ងឺថ្លើមនេះដូចជា AASLD (សមាគមសិក្សាពីជម្ងឺថ្លើមសហរដ្ឋអាមេរិក) និងEASL (សមាគមសិក្សាពីជម្ងឺថ្លើមសហគមន៍អឺរ៉ុប) APASL (សមាគមសិក្សាជម្ងឺថ្លើមអាស៊ីប៉ាស៊ីហ្វិក) ។

លោកវេជ្ជបណ្ឌិតឱម សេរីវិចិត្រ បានបន្តថា Unipeg គឺជាឱសថដែលត្រូវបានអភិវឌ្ឍឡើងតាមបច្ចេកវិទ្យាថ្មីនោះ ឥឡូវ កំពុងមានវត្តមាននៅកម្ពុជា ហើយប្រជាជនក៏ដូចជាក្រុមវេជ្ជបណ្ឌិតឯកទេសជម្ងឺថ្លើម បានអនុវត្ត ការព្យាបាល ជម្ងឺរលាកថ្លើមរុំារ៉ៃ ដែលបង្កឡើងដោយវីរុស BនិងC ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រោយពីបញ្ចប់សិក្ខាសាលានេះអ្នកយកព័ត៌មានយើងបានសួរសំណួរចំនួន៤សំណួរ ទៅកាន់លោកសាស្ត្រាចារ្យ តាន់ តឹកស្រេង ដូចខាងក្រោមគឺ៖

សំណួរទី១ តើនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទ B និងC ប៉ុន្មាន នាក់?
ចម្លើយ ៖ បើតាមការស្រាវជ្រាវត្រួសៗមិនទូទាំងប្រទេសទេ គឺអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទB មានប្រមាណ ជាង ១២ភាគរយ រីឯប្រភេទCមានប្រហែលជា៥ភាគរយប៉ុណ្ណោះ។

សំណួរទី២ ៖ តើក្នុងមួយឆ្នាំអ្នកស្លាប់ដោយរោគរលាកថ្លើមប៉ុន្មាននាក់ដែរ?
ចម្លើយ ៖ យើងមិនអាចដឹងបាននោះទេ ព្រោះយើងមិនបានស្រាវជ្រាវ ។

សំណួរទី៣ ៖ តើមានវិធីសាស្ត្រអ្វីដើម្បីទប់ស្កាត់ការពារកុំឱ្យមេរោគរលាកថ្លើមវីរុស BឬC ឆ្លងរាល ដាលពី មនុស្ស ម្នាក់ ទៅ មនុស្សម្នាក់ទៀត?
ចម្លើយ ៖ ដើម្បីទប់ស្កាត់ការពារមេរោគរលាកថ្លើមនេះ យើងត្រូវធ្វើឱ្យបរិស្ថានជុំវិញកន្លែងរស់នៅឱ្យបានស្អាត និងការ ហូបចុកត្រូវមានអនាម័យ។ នៅពេលដែលយើងដឹងថាមនុស្សណាម្នាក់មានផ្ទុករោគរលាកថ្លើម យើងត្រូវ ការពារ ទប់ ស្កាត់ ព្រោះមេរោគរលាកថ្លើមប្រភេទ BឬC ងាយស្រួលឆ្លងតាមការរួមរ័ក ហូបចុក ភាពគ្មានអនាម័យ និងឆ្លង តាមការ រស់នៅជាមួយគ្នាដោយមិនចេះអនាម័យ។ ការឆ្លងងាយបំផុតនោះ គឺស្ត្រីជា ម្តាយផ្ទុក មេរោគ រលាក ថ្លើមងាយ នឹង ចម្លងទៅកូនតាំងពីនៅក្នុងផ្ទៃពោះមកម៉្លេះ ដូច្នេះយើងគួរតែការពារតាមការណែនាំរបស់គ្រូពេទ្យ និងជា ពិសេស ប្រើ ប្រាស់ថ្នាំឱ្យត្រូវទៅតាមទិសដៅនោះយើងនឹងការពារបាន ។

សំណួរទី៤. តើមេរោគរលាកថ្លើមកើតឡើងទៅលើមនុស្សចាស់ចាប់ពីអាយុប៉ុន្មាន? ហើយឱ្យសញ្ញាបែបណាដែរ?
ចម្លើយ៖ «ដូចខ្ញុំបានជម្រាបហើយថា ជម្ងឺរលាកថ្លើម មានការឆ្លងតាំងពីកុមារនៅក្នុងពោះ និង ចាប់ ពីកុមារ អាយុ៥ឆ្នាំ ឡើងទៅម្លេះ។ ក្មេងមានផ្ទុកមេរោគរលាកថ្លើមងាយស្រួលមើលណាស់គឺមានសាច់ ភ្នែក ស្បែក ពណ៌លឿង ស្លេក ស្លាំង។ តែបើមនុស្សចាស់ពិបាកនឹងមើលឃើញសញ្ញាណាស់ តែមនុស្សខ្លះ អាចដឹងតាម ភ្នែកពណ៌ លឿងនិង ឈឺ សន្លាក់ដៃជើងជាដើម។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យឯកទេសជម្ងឺថ្លើមរបស់កម្ពុជា វៀតណាម ថៃ ត្រូវបាន អញ្ជើញ ចូលរួមក្នុង កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមខាងលើផងដែរ ។

អត្ថបទដោយ ៖ សេង វីរះ

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative