របៀប​បញ្ចៀស​គ្រោះថ្នាក់​ចរាចរ​ពេល​បុណ្យ​ចូល​ឆ្នាំខ្មែរ

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ហើយប្រជាជនខ្មែរគ្រប់រូបប្រារឰធ្វើជា រៀងរាល់ឆ្នាំមិនដែលខាន មានរយៈពេល៣ថ្ងៃ រៀងរាល់ឆ្នាំតែងតែឃើញកើតមាននូវគ្រោះថ្នាក់ចរាចរជាច្រើនករណី ដែលបង្កឱ្យ មានរបួសធ្ងន់ ស្រាល និងឆក់យកអាយុជីវិតមនុស្ស ដោយសារតែការបើកបរ និងការបញ្ជាយានយន្ដមិនគោរពទៅតាមច្បាប់ ចរាចរណ៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បច្ចុប្បន្ន​បញ្ហា​គ្រោះថ្នាក់​ចរាចរ​គឺជា​វិញ្ញាសា​យ៉ាង​សំខាន់​មួយ ដែលរាជ​រដ្ឋាភិបាល​កំពុង​យកចិត្ដ​ទុកដាក់។ ស្ទើរតែ​រាល់ឆ្នាំ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មាន​រយៈពេល​៣ថ្ងៃ ដែលជា​ទូទៅ​ចាប់ពី​ថ្ងៃទី​១៤ ១៥ និង​១៦ ខែ​មេសា តែងតែ​កើតមាន នូវគ្រោះថ្នាក់​ចរាចរ និង​បណ្ដាល​ឱ្យមនុស្ស​រងរបួស​ធ្ងន់ ស្រាល រហូត​បាត់បង់​អាយុ​ជីវិត​ជាច្រើន។

ពេលមានបុណ្យជាតិ មានគ្រោះថ្នាក់ចរាចរណ៍

ជាក់ស្ដែងកាលពីឆ្នាំ២០០៨កន្លងទៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលជាពិធីបុណ្យប្រពៃណីជាតិ នៅទូទាំង​ប្រទេស កម្ពុជា​មានគ្រោះ​ថ្នាក់​ចរាចរកើតឡើងរហូតដល់៣១៧លើក ដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ របួស​ធ្ងន់​ចំនួន​២៩១នាក់ និងរបួសស្រាលមានចំនួនរហូត៤១១នាក់ ដោយគិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសា។ បើគិតជា​ភាគរយ​ឃើញថា ក្នុងមួយថ្ងៃ មានគ្រោះថ្នាក់ចរាចរចំនួន៦៣.៤ករណីដែលបានកើតឡើង បណ្ដាល​ឱ្យមនុស្ស​ស្លាប់ចំនួន១១.៨នាក់។

ចំណែកឯកាលពីឆ្នាំ២០០៧ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដូចគ្នា ចំនួនគ្រោះថ្នាក់ចរាចរទូទាំងប្រទេសបានកើតឡើងរហូត ដល់ទៅ២៧០លើក ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៥០នាក់ ដោយគិតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែ មេសា។ បើគិតជាភាគរយឃើញថា ក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន៦៧.៥ករណី បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់រហូត ដល់ទៅចំនួន១២.៥នាក់។ បើប្រៀបធៀបអត្រាគ្រោះថ្នាក់ចរាចររវាងឆ្នាំ២០០៨ជាមួយឆ្នាំ២០០៧ឃើញថា ៖ នៅក្នុងឱកាសពិធី បុណ្យចូលឆ្នាំខ្មែរនាឆ្នាំ២០០៨ មានអត្រាគ្រោះថ្នាក់ចរាចរកើតឡើងទាបជាងឆ្នាំ២០០៧។ នេះបើយោង​ទៅតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកកាលពីឆ្នាំ២០០៨។

មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរ

បើទោះបីជានៅក្នុងឆ្នាំ២០០៨ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរមានអត្រាគ្រោះថ្នាក់ចរាចរថយចុះជាងឆ្នាំ២០០៧ យ៉ាង ណា ក៏ដោយ វានៅតែជាកង្វល់មួយសម្រាប់នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០០៩ខាងមុខនេះដដែល។

លោក ពា គីមវង មន្ដ្រីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រទេស មួយដែលមានអត្រាគ្រោះថ្នាក់ចរាចរខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន។ លោកបានបន្ដឱ្យដឹងថែមទៀតថា ៖ នៅឆ្នាំ២០០៨ បណ្ដាគ្រោះថ្នាក់ដែលកើតមាននៅលើដងផ្លូវសាធារណៈភាគច្រើនបង្កឡើងដោយកត្ដាមនុស្ស ដែល មានអត្រាខ្ពស់រហូតដល់៩៤%។ បញ្ហាទាំងអស់សុទ្ធសឹងតែកើតចេញពីការបើកបរដោយមិនបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ មិនគោរពច្បាប់ចរាចរណ៍ និងបើកបរ ក្នុងល្បឿនលឿន ដោយក្នុងនោះភាគច្រើនបង្កឡើងដោយក្រុមមនុស្សដែលមានអាយុចាប់ពី១៥-២៤ឆ្នាំ។ លើសពីនេះទៅទៀត មួយ ចំនួនតូចគឺបង្កឡើងដោយសារភាពស្រវឹងក្នុងពេលបើកបរ។ លោកបានបញ្ជាក់ឱ្យដឹងផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរដែលកើតមាន នៅក្នុងឆ្នាំ២០០៨ នៅតែជាអត្រា​មួយដែល​ស្ថិតនៅ​កម្រិតខ្ពស់​ដដែល​សម្រាប់​ប្រទេស​កម្ពុជា។

ដោយឡែកលោកវរសេនីយ៍ត្រី សេវ ហាក់ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានមាន ប្រសាសន៍ថា ៖ “បញ្ហាគ្រោះថ្នាក់ចរាចរគឺជាប្រធានបទមួយយ៉ាងសំខាន់ និងជា​វិញ្ញាសា​មួយដែល​រាជរដ្ឋា​ភិបាល​កំពុង​ផ្ដោតអារម្មណ៍ និងយកចិត្ដទុកដាក់ជាចម្បង។ បើយោងទៅតាមការសង្កេតរបស់មន្ដ្រីជំនាញកន្លងមកបានឱ្យដឹងថា គ្រោះ​ថ្នាក់ចរាចរដែលកើតមាន ភាគច្រើនកើតឡើងចំពេលមានពិធីបុណ្យទានផ្សេងៗ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរ”។ លោក​បានបន្ដថែមទៀតថា ៖ “មូលហេតុ ដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរ មានដូចជាបើកបរក្នុងល្បឿនលឿនហួសកម្រិត បញ្ជាយានយន្ដក្នុងភាពស្រវឹង មិនគោរព ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ ការផ្ទុកលើសចំណុះ និង​ការ​ដែលមិនគោរពសិទ្ធិអាទិភាពជាដើម”។

វិធីចៀសវាងពីគ្រោះថ្នាក់ចរាចរ

មិនមែនជារឿងមួយដែលលំបាកមិនអាចធ្វើទៅបាននោះទេ។ ផ្ទុយទៅវិញវាជាទង្វើមួយដែលងាយស្រួលអនុវត្ដន៍ជា ទី​បំផុត។ ការគោរព និងការអនុវត្ដន៍ទៅតាមច្បាប់ចរចណ៍អាចនាំខ្លួនលោកអ្នកឱ្យប្រាសចាកឆ្ងាយពីគ្រោះថ្នាក់ ដែល​អាច​កើតមានជា យថាហេតុនៅតាមដងផ្លូវសាធារណៈបាន។

វិធីសាស្ដ្រចៀសវាងពីគ្រោះថ្នាក់ចរាចរ ត្រូវបានលោកវរសេនីយ៍ត្រី សេវ ហាក់ នាយរងការិយាល័យនគរបាលចរាចរណ៍ ផ្លូវ​គោក​ក្រុងភ្នំពេញ និងលោក ពា គីមវង មន្ដ្រីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្ដល់ដំបូន្មានស្រដៀងគ្នាថា “សុវត្ថិភាព​នាពេល បើកបរអាចកើតមានទៅបាន គឺអាស្រ័យទៅលើបុគ្គលផ្ទាល់ជាអ្នកអនុវត្ដន៍។ ដើម្បីចៀសវាង​ពីការកើត​មានគ្រោះ​ថ្នាក់ចរាចរ លោក អ្នកត្រូវតែគោរព និងអនុលោមឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរដែលបានចែង ដូចជាត្រូវ​ពាក់មួក​សុវត្ថិភាព​នៅពេលបើកបរសម្រាប់អ្នក បញ្ជាយានយន្ដកង់ពីរ ហើយចំពោះអ្នកបញ្ជារថយន្ដចាំបាច់ត្រូវបំពាក់ខ្សែក្រវាត់សុវត្ថិភាព។ ជាមួយគ្នានេះផងដែរ ត្រូវមានការប្រុង ប្រយ័ត្ននៅពេលបើកបរ ដូចជាមិនត្រូវទទួលទានគ្រឿងស្រវឹង ត្រូវ​បើកបរ​ក្នុងល្បឿន​មួយសមរម្យ(នៅក្នុងក្រុងម៉ូតូត្រូវប្រើល្បឿន ៣០គីឡូម៉ែត្រ រថយន្ដប្រើល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងយ៉ាងលឿន)”។ លើសពីនេះ លោកអ្នកត្រូវចងចាំពាក្យមួយឃ្លាថា “សុវត្ថិភាពផ្ដើមចេញពីរូបខ្ញុំ”។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះផ្នែកប៉ូលិសចរាចរផ្លូវគោកក្រុងភ្នំពេញ ត្រូវបានទទួលនូវការជួយឧបត្ថម្ភពីអង្គការក្រៅ រដ្ឋាភិបាលមកពីប្រទេសជប៉ុននូវម៉ាស៊ីនថត និងតាមដានល្បឿនយានយន្ដនៅលើដងផ្លូវសាធារណៈ ជាមួយ​នឹង​ឧបករណ៍​វាស់កម្រិត គ្រឿងស្រវឹងនៅក្នុងរាងកាយអ្នកបញ្ជាយានយន្ដថែមទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative