បទ​ល្មើស​អាស៊ីដ​នៅតែ​មាន​ច្រើន​ដដែល​នៅ​កម្ពុជា​

បច្ចុ​ប្បន្ន​ មាន​ករណី​ជា​ច្រើន​បាន​កើត​ឡើង​ដោយ​សារ​ការ​ជះ​ទឹក​អាស៊ីត​ទៅ​លើ​ជន​រង​គ្រោះ​ដែល​មាន​ជម្លោះ​នឹង​គ្នា​ទាក់​ទង​ទៅ​នឹង​រឿង​រ៉ាវ​ស្នេហា​ និង​គំនុំ​គុំ​គួន​ជា​ដើម។ ប្រការ​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ ។ ទង្វើ​ដ៏​ព្រៃ​ផ្សៃនេះ​ ធ្វើ​ឲ្យ​ខូច​ខាត​រូប​សម្ផស្ស ពិការ​ ឬ​ជួន​កាល​អាច​បណ្តាល​ឲ្យ​ស្លាប់​ក៏​មាន​។ តើ​នៅ​ក្នុង​ឆ្នាំ​នេះ​ទឹក​ស៊ីត​បាន​វាយ​ប្រហារ​មនុស្ស​អស់​ប៉ុន្មាន​នាក់​នៅ​កម្ពុជា​?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាល​​ពី​ថ្ងៃ​​ទី​១៤​ ខែ​មិថុ​នា​ ឆ្នាំ​២០​១២​ កន្លង​​ទៅថ្មីៗ​នេះ​ មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ (ម.ស.ម.ក)​ ដែល​ជា​​អង្គការ​​មិន​មែន​​រដ្ឋា​ភិ​បាល​ បាន​ចេញ​​ផ្សាយ​​របាយ​​ការណ៍​​មួយ​ដែល​​មាន​ចំណង​​ជើង​ថា​ «បញ្ចប់​​វដ្ត​នៃ​និ​ទណ្ឌ​ភាព​​ជុំវិញ​បទ​​ល្មើស​​អាស៊ីដ​នៅ​​កម្ពុជា​»។ របាយ​​ការណ៍​​នោះ​បន្ត​ថា​ នៅ​កម្ពុជា​ វប្បធម៌​​និទណ្ឌ​​ភាព​ស្ថិត​​នៅ​ជុំវិញ​​អំពើ​​ហិ​ង្សា​ដោយ​​អាស៊ីដ​។ ករណី​​ភាគ​ច្រើន​​ជន​ល្មើស​​អាច​គេច​​ផុត​ពីកា​រ​​ជំនុំ​​ជម្រះ​ និង​ការ​​ផ្តន្ទា​រ​ទោស​ បន្ទាប់​​ពី​ប្រព្រឹត្ត​​អំពើ​​ឃោឃៅ​​នេះរួច​។ ការ​​អនុម័ត​​ច្បាប់​គ្រប់​​គ្រង​អា​ស៊ីដ​ខ្លាំង​ថ្មី​មួយ​នេះ​ ត្រូវ​បាន​មើល​ឃើញ​ថា​ជា​មធ្យោបាយ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ដោយ​អាស៊ីដ​។ ប៉ុន្តែ​ ការ​ពិត​ដែល​ករណី​អំពើ​ហិង្សា​ដោយ​អាស៊ីដ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ទាំង​បី​ករណី​កើត​មាន​ក្នុង​ឆ្នាំ​នេះ ដែល​យើង​បាន​ដឹង​ថា​ ជន​ល្មើស​​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ ដើម្បី​ឲ្យ​ច្បាប់​ថ្មី​នេះ​មាន​ប្រសិទ្ធ​ភាព​ គឺ​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ក្នុង​បែប​បទ​ល្មើស​នេះ​ ត្រូវ​បាន​ស៊ើប​អង្កេត​ និង​វិធី​ដែល​បទ​ល្មើស​បែប​នេះត្រូ​វបាន​ជំនុំ​ជម្រះ។​ ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​បែប​នេះ​ទេ ច្បាប់​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធិ​ភាព​តិច​តួច​ ឯ​និទណ្ឌ​ភាព​នៅ​តែ​បន្ត​។ គោល​បំណង​នៃ​របាយ​ការណ៍​ ស៊ើប​អង្កេត​ និង​សវនការ​ក្នុង​ដំណើរ​ការ​យុត្តិ​ធម៌​ ដែល​ជួយ​ជម្រុញ​ឲ្យ​វដ្ត​នៃ​និទណ្ឌ​ភាព​កាន់​តែ​រាល​ដាល​ ធ្វើ​ឲ្យ​បញ្ហា​នៃ​អំពើ​ហិង្សា​ដោយ​អាស៊ីដ​នៅ​មាន​ជា​បន្ត​។

របាយការណ៍​នេះ ក៏​បាន​វិភាគ​លើ​ស្ថាន​ភាព​នៃ​អំពើ​ហិង្សា​ដោយ​អាស៊ីដ​នៅ​ក​ម្ពុជា​ ជា​ពិសេស​គឺ​ផ្តោត​លើ​ដំណើរ​ការ​យុត្តិ​ធម៌​។ របាយ​ការណ៍​ដដែល​បាន​លើក​ឡើង​ថា «ម.ស.ស.ក ប្រើ​ប្រាស់​ទិន្ន​ន័យ​ដែល​បាន​មក​ពី​ ប្រភព​សាព័ត៌​មាន​មួយ​ចំនួន​ និង​ការ​ប្រមូល​ទិន្ន​ន័យ​របស់​យើង​ផ្ទាល់​ តាម​រយៈ​ការ​សម្ភាសន៍​ដែល​បាន​មក​ពី​ប្រភព​សារព័ត៌​មាន​មួយ​ចំនួន​ និង​ការ​ប្រមូល​ទិន្ន​ន័យ​របស់​យើង​ផ្ទាល់​តាម​រយៈ​ការ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​រវាង​ខែ​តុលា​ ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០១២​។» ករណី​សិក្សា​ដែល​មាន​ក្នុង​របាយ​ការណ៍​នេះ​ បាន​ដក​ស្រង់​ចេញ​តាម​រយៈ​ការ​តាម​ដាន​អត្ថ​បទ​សារ​ព័ត៌​​មាន​​របស់​ ម.ស.ម.ក​ និង​​តាម​​រយៈ​​បទ​​សម្ភាសន៍​​ជាមួយ​ជន​រង​គ្រោះពី​អង្គការ​ជួយ​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​សម្ភាសន៍​ទុក​ជា​ការ​សម្ងាត់ ដើម្បី​ការពារ​សុវត្ថិភាព​ ហើយ​នឹង​ប្រើ​ឈ្មោះ​សម្ងាត់​ លើ​ករណី​ដែល ម.ស.ម.ក បាន​ទទួល​ការ​យល់​ព្រម​ពី​ជន​រង​គ្រោះ​ឲ្យ​ប្រើ​ឈ្មោះ និង​ព័ត៌​មាន​លម្អិត​របស់​ពួក​គេ។​

បើយោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា​ជាង​ទង​ម្នាក់​ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ បាន​ក្លាយ​ជាជន​រង​គ្រោះ​ទី៧​ ហើយ​នៃ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ក្នុង​ឆ្នាំ​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​កង្វះ​ប្រសិទ្ធ​ភាព​នៃ​ច្បាប់​គ្រប់​គ្រង​អាស៊ីត​ បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្តើម​ចូល​ជា​ធរមាន​ រយៈ​ពេល​៦​ខែ​មក។​ នេះ​បើ​យោង​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។​​ ជន​រង​​​គ្រោះ​វ័យ ២៥ ​ឆ្នាំ ធុល​ ប៉ូឡូ បាន​រង​របួស​រលាក​ពេញ​ផ្ទៃ​មុខ ហើយ​ក្រុម​គ្រូពេទ្យ​បច្ចុប្បន្ន​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ភ្នែក​របស់​គាត់​ ក្រោយ​គូ​ទំនាស់​វ័យ​ ៥១ ឆ្នាំ​ឈ្មោះ តាំង​ យូហួត បាន​ទាត់​ធុង​ទឹក​អាស៊ីត​ ប្រើ​សម្រាប់​ផ្សារ​មាស ទៅ​ត្រូវ​មុខ​របស់​គាត់។​ នេះ​បើ​យោង​តាម​សមត្ថ​កិច្ច​នគរបាល។​

លោក​ ឡុត ឃឹម មន្ត្រី​នគរបាល​ខណ្ឌ​ដង្កោ បាន​ថ្លែង​ថា៖«ជន​សង្ស័យ​មាន​ហាង​លក់​សាំង​នៅ​ជាប់​ជន​រង​គ្រោះ ហើយ​ចង់​ឲ្យ​ជន​រង​គ្រោះ​ រើតូប​គាត់​ចេញ​ ព្រោះ​គាត់​ខ្លាច​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង នៅ​ក្នុង​ហាង​របស់​គាត់»។ លោក​បាន​បន្ត​ថា គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​នគរបាល​ ដើម្បី​នាំ​យក​ជន​សង្ស័យ​ ទៅ​កាត់​ទោស​តាម​ច្បាប់​គ្រប់​គ្រង​ទឹក​អាស៊ីត​ ហើយ​បាន​ទាម​ទារ​សំណង​សង​ជម្ងឺ​ចិត្ត​ដែល​គេ​នៅ​ពុំ​ទាន់​បាន​​ដឹង​ថា​ទាម​ទារ​ប៉ុន្មាន​នៅ​ឡើយ​។ មន្ត្រី​នគរបាល​ដដែល​ បាន​បន្ថែម​ថា៖​ «យើង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ហើយ​គាត់​បាន​ឆ្លើយ​ថា គាត់​ពុំ​មាន​ចេតនា​ ទាត់​ធុង​ទឹក​អាស៊ីត​ទៅ​លើ​ជន​រង​គ្រោះ​ទេ​ តែ​ថា​គាត់​ធ្វើ​បែប​នោះ ​ដោយ​ពុំ​បា​នដឹង​ពី​ផល​វិបាក​»។ លោក​បាន​បន្ត​ថា​ ឧប្បត្តិ​ហេតុ​នោះ​ ជា​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​លើក​ដំបូង​នៅ​ក្នុង​ខណ្ឌ​ដង្កោ ចាប់​តាំង​ពី​ច្បាប់​គ្រប់​គ្រង​អាស៊ីត​ ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ ប៉ុន្តែ​សមត្ថកិច្ច​នគរ​បាល​ នៅ​ពុំ​ទាន់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អំពី​ច្បាប់​នេះ​នៅ​ឡើយ​ទេ​ ដោយ​សារ​អនុ​ក្រឹត្យ​សម្រាប់​ដាក់​ច្បាប់​នេះ​ឲ្យ​ប្រើ​ប្រាស់​នៅ​ពុំ​ទាន់​ ត្រូវ​បាន​ចុះហត្ថ​លេខា​នៅ​ឡើយ។​

លោក ហ័ង ឡៃ​រ៉ាប៉ូ អ្នក​គ្រប់​គ្រង​ផ្នែក​ព្យាបាល និង​ច្បាប់​នៅ​សមាគម​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​អាស៊ីត​ បាន​ឲ្យ​ដឹង​ថា​រយៈពេល៦ខែដំបូងក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរ​មាន​ពោរ​ពេញ​ទៅ​ដោយ​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ និង​អប់រំ​លើក​កម្ពស់​ការ​យល់​ដឹង។​ លោក​បាន​មាន​ប្រសាសន៍​ថា៖«អ្វីៗ​មាន​ការ​យឺត​យ៉ាវ។ ករណី​ដែល​បាន​បញ្ជូន​ឡើង​តុលា​ការ​ គឺ​នៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ​ ហើយ​ភាគ​ច្រើន​ជន​ល្មើស​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ នៅ​តែ​អាច​ដើរ​ហើរ​ដោយ​សេរី​ដោយ​បន្ត​ការ​គម្រាម​កំហែង​ ដល់​ជនរង​គ្រោះ​ដដែល»។ លោក​ ហ័ង ឡៃរ៉ាប៉ូ បាន​បន្ត​ថា សមត្ថ​កិច្ច​រដ្ឋា​ភិបាល​ ក៏​ចាំ​បាច់​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​ ដើម្បី​គ្រប់​គ្រង​ទឹក​អាស៊ីត និង​អប់​រំ​ពល​រដ្ឋ​ប្រទេស​នេះ អំពី​ច្បាប់​ថ្មី​នេះ​ផង​ដែរ។ លោក​បាន​គូស​បញ្ជា​ក់​ថា៖«ជា​ពិសេស​ យើង​បារម្ភ​អំពី​កង្វះ​ការ​យល់​ដឹង នៅ​តាម​ចម្ការ​កៅ​ស៊ូ»។ លោក​បាន​បន្ថែម​ថា​ វាចាំ​បាច់​ត្រូវ​ឲ្យ​មាន​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដែល​យ៉ាង​ហោច​ណាស់​ក៏​មួយ​ម៉ោង​ម្តង​ក្នុង​មួយ​សប្តាហ៍ សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ អំពី​ច្បាប់​គ្រប់​គ្រង​អាស៊ីត​នេះ​តាម​រយៈ​វិទ្យុ​និងទូរទស្សន៍ដើម្បីឲ្យពលរដ្ឋបានដឹង។ហើយ​ជន​រង​គ្រោះ ​ធុល ប៉ូឡូ​ ក៏​នឹង​ត្រូវ​បាន​ចាប់​ផ្តើម​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នា​ថ្ងៃ​ម្សិល​មិញ​​ផង​ដែរ។

អត្ថបទដោយ​ ៖ សៀង វិរៈ
ចេញផ្សាយ ៖​ ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១២

Google Analytics Alternative