សុខភាព​ស្ដ្រីតាម​វ័យ(ត) ៖ របៀប​ត្រៀមខ្លួន​មុនពេល​រៀបការ

ទាក់ទង​នឹងចំណង​ជើងនៃ​ប្រធាន​បទនេះ លោកអ្នក​មួយចំនួន​ប្រាកដជា​ពោលថា គ្រាន់តែ​រៀបការ​ចាំត្រៀម​ខ្លួនអី​ច្រើន ម្ល៉េះ។ តាមពិត​ទៅបើ​គ្រាន់តែ​រៀបការ​ដោយការ​ចំណាយ​ប្រាក់ និងកម្លាំង​សម្រាប់ចាត់​ចែងក្នុង​ពិធីនោះ មិនមែន​ជាបញ្ហា​នោះទេ។ ដោយ​ការត្រៀម​ខ្លួនទៅ​នៅពេល​នេះគឺ​ទាក់ទង​ទៅនឹងសុខភាព​ផ្លូវកាយ និងសុខភាព​ផ្លូវចិត្ដ​របស់​តួអង្គ​កូនក្រមុំ​ផ្ទាល់តែ​ម្ដង ព្រោះ នាង​បានផ្លាស់​ប្ដូរពី​ភាពនៅ​លីវទៅ​ជាស្ដ្រីម្នា​ក់ដែលមា​នប្ដី នោះហើយ​ជាអ្វីដែល​ត្រូវតែ​ស្វែងយល់​ឱ្យបាន​ច្បាស់​លាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តើត្រូវ​ត្រៀមខ្លួន​យ៉ាងណា​នោះ? សូមជួប​ជាមួយ​លោកស្រី​វេជ្ជ​បណ្ឌិត ជូ ពិន អ្នកឯក​ទេសខាង​រោគស្ដ្រី និង​សម្ភព នៅមន្ទីរ​ពេទ្យកាល់​ម៉ែត តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

ការត្រៀម​ខ្លួនរបស់​ស្ដ្រីមុន​ពេលរៀប​ការ

ជាការ​ចាំបាច់​ខ្លាំងណាស់​ដែលស្ដ្រី​ត្រូវស្វែង​យល់អំពី​អ្វីដែល​អាចកើត​មានចំពោះ​ខ្លួន ក្រោយពេល​រៀបការ។ ជាទូ​ទៅស្ដ្រី​ ដែល​រៀប​ការ នាងមាន​អាយុ​យ៉ាងតិច​ក៏១៨​ឆ្នាំដែរ ហេតុនេះ​យុវតី​ទាំងអស់​គួរស្គាល់ និងយល់​អំពី​រូបរាង​ស្បូន ការកកើត​របស់ មនុស្ស ពោលការ​បង្ក​កំណើត និងការ​រួមភេទ។ ការយល់​ដឹងទាំង​នេះអាច​ជួយស្ដ្រី​បាន។

1 . សុខភាព​ផ្លូវកាយ ៖ គ្រប់ស្ដ្រី​ទាំងអស់​ត្រូវដឹង​អំពីអ្វី​ដែលអាច​កើតមាន​ចំពោះ​ខ្លួន និងអំពី​សុខភាព​របស់​ខ្លួន ព្រោះ ជីវិត​មុននិង​ក្រោយការ​រៀបការ​មាន​លក្ខណៈ​ខុសគ្នា។ ភាពមិន​ប្រក្រតី​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​បន្ដពូជ​របស់​ស្ដ្រីអាច​ជា ឧបសគ្គនៃការ​រៀបការ ព្រោះ​ក្រោយ​ពេលរៀប​ការត្រូវ​តែមាន​ការរួម​ភេទ ហេតុនេះ​បើមិន​អាចរួម​ភេទបាន​នោះ ជីវិត អាពាហ៍​ពិពាហ៍​ក៏មិន​អាចចាប់​ផ្ដើមបាន​ដែរ។ ការយល់​ដឹងពី​វដ្ដរដូវ ស្បូនមាន​សភាព​ប្រក្រតី​ឬទេ (ស្បូនខ្លី ឬការ​រលាក​ស្បូនជា​ដើម) ការធ្វើ​អនាម័យ​រាង​កាយ ជាពិសេស​ជាងនេះ​ទៅទៀត​ការពិនិត្យ​ឈាមរក​មេរោគ​អេដស៍​ជារឿង​ចាំបាច់​មិនអាច​ខ្វះបាន។ ម្យ៉ាង​វិញ ទៀតនាង​ក៏ត្រូវស្វែ​ងយល់អំពី​ជម្ងឺមួយ​ចំនួន​ដែលឆ្លង​តាមការ​រួមភេទ។

2 . សុខភាព​ផ្លូវចិត្ដ ៖ ការត្រៀម​ផ្លូវចិ​ត្ដសម្រាប់​ស្ដ្រីជា​រឿងមួយ​ដែលគួរ​តែ​ពិចារ​ណាផង​ដែរ ជា​ពិសេស​សម្រាប់​ស្ដ្រីដែល រៀបការ​ដោយ​មិនបាន​ស្គាល់​អនាគត​ស្វាមី​ពីមុន​មក។ គ្រប់ស្ដ្រី​ទាំងអស់​ត្រូវ​ទទួល​ស្គាល់​ថា នាងត្រូវ​រស់នៅ​ជាមួយ​បុរសម្នាក់​នោះ អស់​មួយ​ជីវិត ហេតុនេះ​ប្រការ​មួយ​ចំនួននាង​ត្រូវ​សម្រប​ចិត្ដតាម​គេ កែស​ម្រួល​អត្ដច​រិតផ្ទាល់ខ្លួ​នមួយ​ចំនួនផង​ដែរ។ ជា​ពិសេស​នាង ត្រូវ​ត្រៀមចិត្ដ​ដើម្បី​ទទួល​យកការ​រួមភេទ​ដែលនឹង​ចាប់ផ្ដើម​នៅពេល​ដែលនាង​រៀបការ​រួច។

ក្រៅពី​កត្ដាខាង​លើនេះ នារី​ទាំងឡាយ​ចាំបាច់​ត្រូវមាន​ការត្រៀម​ទុកមួយ​ចំនួន​ទៀត ដូចជា​ការត្រូវ​រស់នៅ​ជាមួយម​នុស្ស ដែល​មកពី​គ្រួសារ​ផ្សេង។ ហេតុនេះ​នាងត្រូវ​យល់ថា​មនុស្សណា​ក៏មាន​ការគិត និង​ទស្សនៈ​ខុសគ្នា​ដែរ ដូចនេះ​នាងត្រូវ​តែទទួល​យកការ ពិត។ ជាមួយ​គ្នានេះផង​ដែរ នាងត្រូវ​ត្រៀមខ្លួន​មានផ្ទៃ​ពោះទៀត​ផង។

ដំបូន្មាន​អ្នក​ជំនាញ

ជាការ​ពិត កើតមក​ជាស្ដ្រី​មាន​លក្ខណៈ​សាំញ៉ាំប​ន្ដិច។ ហេតុនេះ​ដើម្បី​កាត់​បន្ថយ​នូវ​បញ្ហា​នេះ គ្រប់ស្ដ្រី​ទាំងអស់​ត្រូវបើក ចិត្ដ​ឱ្យទូលាយ ដើម្បី​ទទួល​យកនូវ​ព័ត៌មាន​ផ្សេងៗ​ដែលពាក់​ព័ន្ធនឹង​ជីវិតផ្ទាល់​ខ្លួន។ ការយល់​ដឹងកា​ន់តែច្រើន នោះកា​រស់នៅ​កាន់តែ ប្រសើរ​ឡើង ព្រោះយើង​អាចទប់​ស្កាត់អ្វី​ដែល​បម្រុង ឬក៏​អាចនឹង​កើតមាន។ ប្រសិន​បើនៅ​មាន​ចម្ងល់ មានតែ​គ្រូពេទ្យ​ជំនាញ​ទេ ដែលអាច​ជួយនាង​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative