លំហាត់ប្រាណ​​​សម្រាប់​​​អ្នកជម្ងឺ​​​ទឹកនោមផ្អែម

លោកអ្នក​បានជ្រាប​ហើយ​ថា អ្នក​ជម្ងឺ​ទឹកនោម​ផ្អែមទាម​ទារឱ្យ​មានការ​ថែរក្សា​ខ្លួនឱ្យ​បានដិត​ដល់ ទើប​លោកអ្នក​អាច​ប្រឆាំង ការយា​យីពីជម្ងឺ​នេះបាន។ ជាការ​ពិតក្រៅ​ពីការ​ទទួល​ទានថ្នាំ​តាម​វេជ្ជ​បញ្ជា និងការ​បរិភោគ​មានកម្រិត ការហាត់​ប្រាណក៏​លោកអ្នក ត្រូវ​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​សុខភាព​លោកអ្នក។ អ្នក​ជម្ងឺទឹក​នោមផ្អែម​ខុសពី​អ្នកដែល​មិនមាន​ជម្ងឺ ព្រោះការ​ហាត់ ប្រាណរបស់​ពួកគេមិន​ធ្វើតាមការ​នឹកឃើញ​បានទេ ព្រោះបើ​ភ្លាត់តែ​បន្ដិចនោះ​នឹងមាន​ការប៉ះ​ពាល់ដល់​សុខភាព​ជាមិនខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង


លោកវេជ្ជ​បណ្ឌិត សេង សេរី អ្នក​ឯកទេស​ជម្ងឺទឹក​នោមផ្អែម​នៅមន្ទីរ​ពេទ្យ​ព្រះកុសមៈ នឹង​ជម្រាប​ជូនអ្នក​ជម្ងឺទឹក​នោម​ផ្អែម ទាំងអស់ ឱ្យបាន​ជ្រាប​អំពី​វិធី​សាស្ដ្រ​នៃការ​ហាត់ប្រាណ តាមរយៈ​ទស្ស​នាវដ្ដី សុខភាព​យើង។

ហាត់​ប្រាណ​ជួយ​សុខភាព

អ្នក​ជម្ងឺ​ទឹកនោម​ផ្អែមត្រូវ​ធ្វើ​លំហាត់​ប្រាណឱ្យ​បានទៀង​ទាត់។ អ្នក​ជម្ងឺ​ទឹកនោម​ផ្អែមត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន សិន មុនពេល​ចាប់ផ្ដើម​ហាត់​ប្រាណ​ជាដំបូង។ ព្រោះការ​ហាត់ប្រាណ​ត្រូវមាន​កម្រិត និង​របៀប​របប​របស់វា ដោយ​យោងទៅ​តាមសុខ ភាព អាយុ និង​សភាព​ជម្ងឺ​របស់​យើង​ម្នាក់ៗ។ អ្នក​ជម្ងឺទឹក​នោមផ្អែម​ត្រូវខំ​បង្កើន​សកម្មភាព​ពលកម្ម​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង ការកម្សាន្ដ​ផ្សេងៗ​ឱ្យបាន​កាន់តែ​ច្រើន ដូចជា ៖

  • ផ្លាស់​ប្ដូរពីការ​ធ្វើដំណើរ​ដោយ​យានយន្ដ​មក​ដើរ បើមាន​ពេល​វេលា​ដែលអាច​ធ្វើបាន។
  • ឡើង​ជណ្ដើរ​ដោយ​ជើង ជាជាង​ប្រើ​ជណ្ដើរ​យន្ដ។
  • លេង​កីឡា​ដែលអាច​លេង​បាន ដូចជា​រត់ លោត ធាក់កង់ វាយ​កូនគោល​ជាដើម។
  • ត្រូវ​ហាត់​រយៈពេល​៣០ទៅ​៦០នាទី ២ឬ​៣ដង​យ៉ាងតិច​ក្នុងមួយ​អាទិត្យ។

លំហាត់​ប្រាណដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ហើយ​មិនបង្ក​ហេតុ​បច្ច័យ​ផ្សេងៗ​គឺការ​ដើរ តែសូម​ដើរឱ្យ​បាន យ៉ាងតិច​៣០នាទី​ក្នុងមួយ​ថ្ងៃ។ ការងារ​ពលកម្ម​តូចតាច​ផ្សេងៗ​ក្នុងផ្ទះមួ​យចំនួន​ក៏ជាលំ​ហាត់ប្រាណ​ដែរ ហើយអាច​មានតម្លៃ​ដូចការ ដើរក្នុង​រយៈពេល​៣០នាទី​នេះដែរ ដូចជា ៖

  • បោសផ្ទះ ជូតផ្ទះ ជូត​កញ្ចក់ ក្នុងរយៈ​ពេល៤៥​នាទី។
  • ដើរ​លេង ឬដើរ​មើលទំនិញក្នុ​ងផ្សារក្នុង​រយៈពេល​៤០នាទី។
  • ធ្វើការ​ដាំដុះក្នុ​ងសួនច្បារ ឬក្នុង​ចម្ការក្នុង​រយៈពេល​៣០​នាទី។
  • ឡើង​ជណ្ដើរ​ដោយជើង​ក្នុង​រយៈពេល​១៥នាទី។
  • ដើរក្នុង​ល្បឿន៥​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង រយៈពេល​៣០នាទី។
  • រាំកម្សាន្ដ​ក្នុងរយៈពេ​ល៣០​នាទី។
  • ហែលទឹក​ក្នុងរយៈ​ពេល២៥​នាទី។
  • រត់ក្នុង​ល្បឿន១​៣គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង រយៈពេល​១៥នាទី។
  • លេងបាល់​ទាត់ បាល់បោះ ក្នុងរយៈពេល​២៥នាទី។

ផលប្រយោជន៍​ដែលបាន​ពីការហាត់​ប្រាណ

លំហាត់​ប្រាណជាទៀង​ទាត់មានផល​ប្រយោជន៍​សំខាន់​ដល់អ្នក​ជម្ងឺទឹកនោម​ផ្អែមដូច​តទៅ ៖

  • ជួយធ្វើ​ឱ្យអាំង​សុយលីន​ដែលខូច​ប្រសិទ្ធ​ភាព ដែលកើត​មាននៅ​លើអ្នក​ជម្ងឺទឹក​នោមផ្អែម​ឱ្យមាន​ប្រសិទ្ធភាព​ឡើងវិញ។
  • ជួយធ្វើឱ្យ​អត្រាជាតិ​ស្ករ ជាតិខ្លាញ់ក្នុ​ងឈាម សម្ពាធ​ឈាមថយ​ចុះបាន​មួយ​កម្រិត។
  • ជួយការពារ​មិនឱ្យមាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម។
  • អាចជួយ​កាត់បន្ថយ​នូវការ​ប្រើប្រាស់​ថ្នាំជម្ងឺទឹ​កនោម​ផ្អែម ថ្នាំលើស​ឈាម ថ្នាំលើស​ជាតិ​ខ្លាញ់។
  • ជួយសន្សំសំ​ចៃប្រាក់​ពីការទិញ​ថ្នាំបាន​មួយផ្នែក។
  • ជួយទប់​ស្កាត់ការ​ឡើងទម្ង​ន់ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ដែលលើស​ទម្ងន់ ឬធាត់។

ដំ​បូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​ជម្ងឺទឹក​នោមផ្អែម​ទាំងអស់​ចាំបាច់​ត្រូវតែ​ហាត់ប្រាណដើ​ម្បីសុខភាព ព្រោះលោក​អ្នកជ្រាប​ទេថា អ្នកជម្ងឺ ទឹកនោម​ផ្អែមដែល​លើស​ទម្ងន់ ឬធាត់​អាចប្រឈម​មុខនឹ​ងគ្រោះថ្នាក់ និងផល​វិបាក​ផ្សេងៗ​ច្រើនជាង​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ដែល មាន​ទម្ងន់​មិន​លើស ឬ​ធាត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative