ធ្មេញ​អចិ​ន្ដ្រៃយ៍​កុមារ

ធ្មេញដែល​ដុះចេញ​មក​ដំបូង ត្រូវ​បានគេ​ហៅថា ធ្មេញ​ព្រៃ ឬធ្មេញ​ទឹកដោះ។ ធ្មេញ​ទាំងនេះ​នឹងបាក់​នៅពេល​ដែល​កុមារ មាន​អាយុ៦ ឬ៧​ឆ្នាំ ហើយនៅ​ពេលនោះ​ក៏មាន​ធ្មេញមួយ​ប្រភេទ​ទៀតដុះ​ចេញមក ដែលគេ​ហៅថា​ធ្មេញ​ស្រុក ឬធ្មេញ​អចិ​ន្ដ្រៃយ៍។ ប្រសិន​បើមិន​មានការ​ថែរក្សា​ឱ្យល្អ​ពីដំបូង​នោះទេ ធ្មេញ​អចិន្ដ្រៃ​យ៍អាចខូច មិនរឹង​មាំទេ ហើយ​កូនរបស់​លោកអ្នក​នឹងជួប​ការ​លំបាក ទៅថ្ងៃ​ក្រោយ ព្រោះ​ធ្មេញដែល​នៅជាប់​រហូត​ជាមួយ​ពួកគេ​អស់មួយ​ជីវិត​មាន​បញ្ហា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្វែង​យល់ពី​ការលូត​លាស់​របស់​ធ្មេញ និង​វិធី​ថែរក្សា​ធ្មេញ​អចិន្ដ្រៃយ៍​របស់​កូនលោក​អ្នក តាមរយៈ​ការណែនាំ​របស់ លោក​ទន្ដ​បណ្ឌិត ឃុត មី នាយ​កគ្លីនិក​ធ្មេញ​អន្ដរជាតិ ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ដូច​ម្ដេច​ដែលហៅ​ថាធ្មេញ​អចិ​ន្ដ្រៃយ៍?

នៅ​អាយុ៦ ឬ៧​ឆ្នាំ ធ្មេញ​អចិន្ដ្រៃយ៍​របស់​ក្មេងៗ​ចាប់ផ្ដើម​ដុះ។ ធ្មេញនោះ​ត្រូវបាន​គេហៅ​ថា ធ្មេញថ្គាម​ដំបូង ឬធ្មេញ​ថ្គាម អាយុ៦​ឆ្នាំ។ ធ្មេញ​ទាំងនោះ​ដុះនៅ​ផ្នែកខាង​ក្រោយនៃ​ធ្មេញថ្គាម​ទឹកដោះ សូម​លោកអ្នក​កុំច្រឡំ​ថាជា​ធ្មេញ​ទឹកដោះ។ ធ្មេញ​អចិន្ដ្រៃយ៍ ទាំងនោះ​មិនដុះ​ជំនួសឱ្យ​ធ្មេញទឹក​ដោះឡើយ។ ទន្ទឹម​នឹងនោះ​ផងដែរ នៅ​អាយុ​ប្រហែល​៦ឆ្នាំ ក្មេងៗ​ចាប់ផ្ដើម​បាត់បង់​ធ្មេញ​ទឹកដោះ របស់​ពួកគេ។ ឫស​ធ្មេញចាប់​ផ្ដើម​រលាយ​បន្ដិច​ម្ដងៗ ហើយធ្មេញ​ក៏របូត​ចេញពី​អញ្ចាញ​ធ្មេញ។ ក្មេងៗ​បាត់បង់​ធ្មេញ​ទឹកដោះ​របស់គេ បន្ដ​រហូត​ដល់ពួក​គេមាន​អាយុ១២​ឆ្នាំ។

វា​មិនមែន​ជាបញ្ហា​ទេ​សម្រាប់​ក្មេងៗ ក្នុងការ​រង្កៀក​ធ្វើឱ្យ​រង្គើធ្មេញ​ទឹកដោះ​របស់​ពួក​គេនោះ ប្រសិន​បើធ្មេញ​នោះ​រង្គើ ស្រាប់។ ប៉ុន្ដែវា​ជាបញ្ហា ប្រសិន​បើលោក​អ្នកប្រើ​កម្លាំង​ខ្លាំងក្នុង​ការដក​ធ្មេញដែល​មិនទាន់​រង្គើនៅ​ឡើយ។ ប្រសិន​បើដក​ធ្មេញទឹក​ដោះ បាន​ត្រឹមត្រូវ​ទៅតាម​ពេលវេលា​ដែលត្រូវ​ដកនោះ វាមាន​ការចេញ​ឈាមតិច​ៗតែ​ប៉ុណ្ណោះ តែបើ​ការដក​ធ្មេញធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ នោះ វាមាន​ការចេញ​ឈាម​ច្រើន ហើយអាច​នាំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ។

ហេតុអ្វី​បានជា​ធ្មេញ​អចិន្ដ្រៃយ៍​ដែលដុះ​ថ្មីនោះ​មានពណ៌​លឿង?

ធ្មេញ​អចិន្ដ្រៃយ៍​ជារឿយ​ៗមើល​ទៅមាន​ពណ៌លឿង​ជាងធ្មេញ​ទឹកដោះ។ នេះគឺ​ជារឿង​ធម្មតា​នោះទេ។ ប៉ុន្ដែវា​អាចបណ្ដាល មកពី​ថ្នាំដែល​កូន​របស់លោក​អ្នកលេប ឬគ្រោះ​ថ្នាក់ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ធ្មេញ​ទឹកដោះ ឬក៏​ដោយសារ​តែមាន​ជាតិហ្ល​អូរ៉ាយ​ដ៍ច្រើន ពេក។ សូមសាក​សួរទន្ដ​បណ្ឌិត​របស់​លោកអ្នក​អំពីបញ្ហា​នេះ នៅពេល​ដែលលោក​អ្នកនាំ​កូនទៅ​ពិនិត្យ​ធ្មេញ។

ការថែរ​ក្សាធ្មេញ​អចិ​ន្ដ្រៃយ៍​កុមារ

  • សូមដុស​ធ្មេញជា​មួយនឹង​ច្រាសដែលមា​នទំហំ​តូច
  • គួរប្រើ​ថ្នាំដុស​ធ្មេញដែល​មានជាតិ​ហ្លអូរ៉ាយ​ដ៍តិច
  • សូម​ដុសសម្អាត​ឱ្យបាន​គ្រប់ធ្មេញ​នៅពេល​ព្រឹក និងមុន​ពេលចូល​គេង
  • គួរចៀស​វាងការ​ញ៉ាំអាហារ​ដែល​ស្អិត និងមាន​ជាតិ​ផ្អែម ជាពិសេស​ស្ករគ្រាប់​មុនពេល​ចូលគេង ឬពេល​គេង
  • ត្រូវជួប​គ្រូពេទ្យ​ធ្មេញយ៉ាង​តិច២​ដងក្នុង១​ឆ្នាំ បន្ទាប់​ពីពួក​គេមាន​អាយុ១​៨ខែ។

ដំបូន្មាន​អ្នក​ជំនាញ

សូមអា​ណាព្យា​បាលយក​ចិត្ដទុក​ដាក់ឱ្យ​បានល្អ​ចំពោះធ្មេញ​របស់​កូនរបស់​លោកអ្នក។ បើ​លោកអ្នក​មិនបាន​ជ្រាប​ច្បាស់​អំពី វិធី​ថែរក្សា​ធ្មេញកូន​នោះទេ លោកអ្នក​អាចទៅ​ជួបគ្រូពេទ្យ​ជំនាញ ដើម្បី​ជួយលោក​អ្នកដោះ​ស្រាយ​បញ្ហានេះ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative