ការ​គ្រប់​គ្រង​សំណល់​រឹង(ភាគ២)

កាក​សំណល់​គឺជា​ប្រភព​នៃការ​ចម្លង​មេរោគ និងបង្ក​ឱ្យមាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរ​មកលើ​សុខុមាល​ភាព បរិស្ថាន​រស់នៅ និង​សង្គម។ ប្រភព​នៃកាក​សំណល់​រឹង ត្រូវបាន​ទស្ស​នាវដ្ដី សុខភាព​យីង លើកយក​មកជម្រាប​ជូនវគ្គ​ខ្លះរួច​មកហើយ​កាលពី លេខ​០៣៦​ចេញ​ផ្សាយ​ប្រចាំខែ​មករា ឆ្នាំ​២០០៩។ នៅក្នុង​ការចេញ​ផ្សាយ​សម្រាប់​លេខនេះ យើងខ្ញុំ​សូមលើក​យក​ប្រភេទ និងការ ធ្វើចំណាត់​ថ្នាក់ទៅ​លើកាក​សំណល់​នីមួយៗ ដែលអាច​មាន​ឥទ្ធិពល​អាក្រក់​ចំពោះ​បរិស្ថាន​ជុំវិញ​ជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង


មុនធ្វើ​ការគ្រប់​គ្រង​សំណល់​រឹងឱ្យ​បានល្អ​ទៅបាន គប្បី​គួរស្វែង​យល់ឱ្យ​បានច្បាស់​ពីប្រភេទ​នៃសំណល់​នីមួយ​ៗសិន។ ប្រភេទ នៃ​សំណល់រឹង និងការ​ចាត់ថ្នាក់​សំណល់​រឹងត្រូវ​បានលើក​យកមក​បង្ហាញ​នៅខាង​ក្រោម​នេះ ៖

ចំណាត់​ថ្នាក់​សំណល់​រឹង និង​និយម​ន័យ​សំណល់​រឹង

ដោយ​សារ​ការ​គ្រប់គ្រង​សំណល់​រឹង ​គឺជាដំណើរ​ការមួយ​ដែល​ទាមទារ​នូវ​ថវិកា​ខ្ពស់ ជា​ពិសេស​សំណល់រឹ​ងដែលមាន​សារ ធាតុ​ពុល និងសារ​ធាតុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ការចែក​ចំណាត់​ថ្នាក់​សំណល់​រឹង និងឱ្យ​និយម​ន័យ​សំណល់​រឹងគឺ​ធ្វើឡើង​ទៅតាម​ការ កំណត់​របស់​ប្រទេស​នីមួយៗ ដោយ​ឡែក​ប្រទេស​កម្ពុជា​យើងបាន​ចាត់ថ្នាក់​វាជាពីរ​ប្រភេទគឺ សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់​ និង សំណល់​រឹង​(សម្រាម)។

សំណល់​ប្រកប​ដោយ​គ្រោះ​ថ្នាក់

សំណល់​ប្រកប​ដោយគ្រោះ​ថ្នាក់ គឺសំដៅ​លើសារ​ធាតុវិទ្យុ​សកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យ​មានជម្ងឺ​មហារីក​និងជម្ងឺ​ឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យ​ច្រែះ ធ្វើអុក​ស៊ីតកម្ម ឬសារ​ធាតុគីមី​ដទៃទៀត​ដែលអាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ ឬមាន​ការបំផ្លិច​បំផ្លាញ ដល់រុ​ក្ខជាតិ ទ្រព្យ​សម្បត្ដិ​សាធារណៈ និង​បរិស្ថាន។ សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់​ភាគច្រើន​គឺមាន​ប្រភព​ចេញពី​រោងចក្រ ឧស្សាហ កម្ម សហ​គ្រាស ដែលប្រើ​ប្រាស់សារ​ធាតុគីមី​ច្រើន សកម្មភាព​កសិកម្ម សកម្ម​ភាព​អាជីវ​កម្ម និងសេវា​កម្ម អាជីវ​កម្មរ៉ែ មន្ទីរ​ពេទ្យ (ការវះ​កាត់ និងថត​ដោយប្រើ​កាំរស្មី)។ល។ ចំណែក​ឯ​សំណល់​​នៅតាម​លំនៅ​ដ្ឋានក៏​អាចមាន​សារធាតុ​ប្រកប​ដោយ​គ្រោះថ្នាក់​ដែរ តែមាន​កម្រិត​តិចតួច។ ចំពោះ​វិស័យ​កសិកម្ម ដោយ​សារ​បច្ចេកវិទ្យា​របស់យើង​នៅមាន​កម្រិត​ទាប កសិករ​ភាគច្រើ​នបានប្រើ​ប្រាស់ ថ្នាំ​សម្លាប់សត្វ​ល្អិតដែល​មានជាតិ​ពុលខ្លាំង និងប្រើ​ប្រាស់ជាតិ​គីមី​ដើម្បី​បង្កើន​ទិន្នផល​ដំណាំ​របស់​គាត់។ ដូច្នេះ​សារធាតុ​ប្រកប​ដោយ គ្រោះថ្នាក់​មួយចំនួន​ក៏បាន​បង្កើត​ឡើងដោយ​វិស័យ​នេះផង​ដែរ។

ប្រភេទ​សំណល់​រឹង

សំណល់រឹង-សម្រាម គឺ​សំដៅ​ទៅលើ​វត្ថុ ឬរបស់​ដែល​សល់ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពល​រដ្ឋដែល​សល់ ឬកើត​ពី សកម្មភាព​ពាណិជ្ជ​កម្ម អាជីវ​​​កម្ម សេវាកម្ម និង​ផលិត​កម្ម ហើយដែល​វត្ថុ ឬរបស់​សល់ទាំង​នោះមិន​មាន​ផ្ទុកជាតិ​ពុល ឬមិន​បង្កឱ្យ​មាន ជាគ្រោះ​ថ្នាក់។​ ដើម្បី​​ងាយ​ស្រួល​ក្នុងការ​គ្រប់គ្រង​សំណល់​រឹង ការិយាល័យ​គ្រប់គ្រង​សំណល់​រឹង និង​សារធាតុ​ប្រកប​ដោយ​គ្រោះថ្នាក់​បាន​ធ្វើ ការបែង​ចែកប្រភេទ​សំណល់​រឹងជា​ប្រាំប្រភេទ​ដូចខាង​ក្រោម ៖

1 . សំណល់​លំនៅដ្ឋាន ៖ ភាគច្រើន​ជាប្រភេទ​សំណល់​ចេញពី​ផ្ទះបាយ ដែលជា​ប្រភេទ​សរីរាង្គ​ងាយ​ពុក​រលួយ អាចយក​ទៅ ធ្វើជា​ជីកំប៉ុស​បាន ដូចជា​បន្លែ សំណល់​ផ្លែឈើ សំណល់​ម្ហូប​អាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និង​សម្ភារៈវេ​ចខ្ចប់។ល។ សំ​ណល់ លំនៅដ្ឋានក៏​មានប្រភេទ​ប្រកប​ដោយ​គ្រោះថ្នាក់​ផងដែរ ដូចជា​សំណល់​ថ្មពិល អាគុយ អំពូល​ភ្លើង ទូរ​ទស្សន៍ ម៉ាស៊ីន​ត្រជាក់។ល។ ដែលខូច​លែង​ប្រើប្រាស់​កើត។

រូបភាពទស្សនាវដ្ដីសុភាពយើង

2 . សំណល់​ពាណិជ្ជ​កម្ម ៖ ជា​ប្រភេទ​សំណល់​ចេញពី​ទីផ្សារ ហាង​ទំនិញ សណ្ឋាគារ រង្គសាល ភោជនីយ​ដ្ឋាន។ល។ ភាគច្រើន​នៃ ប្រភេទ​សំណល់នេះ​ជាប្រភេទ​ដែលពុំ​មានគ្រោះ​ថ្នាក់ ដូចជា​ប្រភេទ​សំណល់​លំនៅ​ដ្ឋានដែរ។ ចំពោះ​ប្រភេទ​ដែលគ្រោះ​ថ្នាក់មាន ដូចជាសម្ភារៈ​ដែល​សេសសល់​ពីការ​វេចខ្ចប់ ថ្នាំសម្លាប់​សត្វ​ល្អិត សំណល់​សម្ភារៈ​ជជុះ ដូចជា​ថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និង​គ្រឿង បន្លាស់អេឡិច​ត្រូនិក ម៉ាស៊ីន​ត្រជាក់ ទូទឹក​កក និង​សំណល់​កង់ឡាន​ចាស់ៗ។ល។

3 . សំណល់​មន្ទីរ​ពេទ្យ ៖ ជា​ប្រភេទ​សំណល់​ប្រកប​ដោយគ្រោះ​ថ្នាក់។ សំណល់​មន្ទីរពេទ្យ​ចែកចេញ​ជាប្រភេទ​ដូចខាង​ក្រោម ៖

  • សំណល់​ដែលបង្ក​ឱ្យមាន​ការឆ្លង ៖ ជាប្រភេទ​ដែលមាន​ភ្នាក់ងារ​ចម្លង​ជម្ងឺ ដូចជា​សំណល់​សម្ភារៈ​ចេញពី​មន្ទីរ​ពិសោធន៍ បណ្ដុះ​មេរោគ សំណល់​ជាលិកា​តាមផ្នែក​ផ្សេងៗ សម្ភារៈ ឬ​ឧបករណ៍​ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹងសំណល់​របស់អ្នក​ជម្ងឺ​មាន មេរោគ​ឆ្លង។
  • សំណល់​រោគ​សាស្ដ្រ ៖ ជាលិកា​មនុស្ស ឬ​វត្ថុរាវ។ ឧទាហរណ៍ ៖ បំណែក​សារពាង្គ​កាយ ឈាម និងទឹក​រំអិល​ផ្សេងៗ​ទៀត (ទឹក​ភ្លោះ)។
  • សំណល់​ដែលបង្ក​ឱ្យមាន​ការមុត​(របួស​ស្នាម) ៖ ម្ជុល ប្រដាប់​សម្រាប់​ឆុងទឹក កាំបិត​វះកាត់ ឡាម ផ្លែ​កាំបិត អំបែង ដប។
  • សំណល់​ឱសថ ៖ សំណល់​ដែលមាន​ឱសថ។ ឧទាហរណ៍ ឱសថ​ហួសកាល​បរិច្ឆេទ ឬឈប់​ប្រើប្រាស់ វត្ថុ​សម្រាប់​ដាក់ឱសថ ដូចជា​ដប ប្រអប់​របស់វា​ជាដើម។
  • សំណល់​ពុល​សែន ៖ សំណល់​ដែលមាន​សារធាតុ​បំពុល​សែន។ ឧទា​ហរណ៍ សំណល់​ជាតិថ្នាំ​ពុល​កោសិកា​(ដែល​ប្រើប្រាស់ ក្នុងការ​ព្យាបាល​ជម្ងឺ​មហារីក) សារធាតុ​គីមី​បំពុល​សែន និងសារ​ធាតុវិទ្យុ​សកម្ម។
  • សំណល់​សារធាតុ​គីមី ៖ សំណល់​ដែលមាន​សារធាតុ​គីមី។ ឧទា​ហរណ៍ ប្រតិករ​ប្រើប្រាស់​ក្នុងមន្ទីរ​ពិសោធន៍ សារធាតុ​គីមី លាង​ហ្វីល សារធាតុ​ដែល​ប្រើសម្រាប់​សម្លាប់​មេរោគ​ដែល​ហួសកាល​បរិច្ឆេទ ឬឈប់​ប្រើ និងសារ​ធាតុ​រំលាយ។
  • សំណល់​លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍​វាស់​កម្ដៅ​ដែលបាក់​បែក ឬ​ប្រដាប់​វាស់​សម្ពាធ​ឈាម។
  • សំណល់​ធុង​ឧស្ម័ន ៖ ធុង​ឧស្ម័ន និង​កំប៉ុង​ថ្នាំបាញ់​អាអេ​រ៉ូសុល។
  • សំណល់​វិទ្យុ​សកម្ម ៖ សំណល់​ដែលមាន​សារធាតុ​វិទ្យុ​សកម្ម ដូចជា​សារធាតុរាវ​ចេញពី​ការព្យា​បាលដោយ​ប្រើកាំ​រស្មី ឬ ការ​ស្រាវជ្រាវ​ក្នុងមន្ទីរ​ពិសោធន៍ ប្រដាប់​ការពារ​កាំរស្មី ទឹកនោម ឬឈាម​ក្នុងជម្ងឺ​ព្យាបាល​ដោយ​កាំរស្មី។

4 . សំណល់​កសិកម្ម ៖ ដែល​សេសសល់​ពីការ​ប្រើប្រាស់​នៃថ្នាំ​សម្លាប់​សត្វល្អិត និង​សម្ភារៈ​វេចខ្ចប់​ថ្នាំពុល។ សំណល់​ចេញពី​ផ្នែកនេះជា ប្រភេទ​សំណល់​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត។

5 . សំណល់​ឧស្សាហ​កម្ម ៖ សំណល់​ផ្នែកនេះ​ភាគច្រើន​ជាប្រភេទ​សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់។
(សូមបន្ដ​អាននៅ​លេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative