ចន្ទីសួគ៌ា

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួល​ទាន ០១នាក់
  • រយៈពេល​ចម្អិន ៥នា​ទី

គ្រឿ​ងផ្សំ

  • ត្រសក់
  • ការ៉ុត
  • សាច់​មាន់
  • បង្គា​ស្រស់
  • មឹក​ស្រស់
  • សាច់ក្រក
  • ប្រហិត​ក្ដាម
  • ផ្លែ​ម្នាស់
  • ប្រហិតត្រី
  • គ្រាប់​ចន្ទីឆ្អិន
  • គល់ស្លឹកខ្ទឹម
  • ប៊ីចេង
  • ខ្ទឹមបារាំ​ងចិតឱ្យ​ដូចជា​ស្លឹកឈើ
  • ម្ទេស​ប្លោក
  • ខ្ទឹមសចិញ្ច្រាំ
  • ម្រេច​ម៉ដ្ដ
  • ប្រេង​ខ្យង
  • ម្សៅ​ស៊ុប
  • ស្ករស
  • ទឹក​ស៊ីអ៊ីវ
  • ប្រេងឆា

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ធ្វើ

1 . ជាដំបូង​ត្រូវយក​បង្គា​ស្រស់បក​សម្បក​ចេញ​ឱ្យបាន​ស្អាត យកទៅ​បំពង​ជាមួយ​ប្រេង​ឆាដែល​ក្ដៅឱ្យ​ឡើង​ក្រហម ហើយ​ទុកមួយ​ឡែក​សិន។ មឹកលាង​ទឹកឱ្យ​ស្អាត ឆូតជា​ក្រឡា​ខ្វែងគ្នា ហើយ​យកទៅ​ស្រុសទឹក​ក្ដៅឱ្យ​ឆ្អិនល្មម ក៏ទុក​មួយ​អន្លើសិន​ដែរ។ ប្រហិត​ត្រីបំពង​ឱ្យឆ្អិន កាត់ជា​កង់ៗ។ សាច់​ក្រកចៀន​ឱ្យឆ្អិន​ហាន់ជា​បន្ទះ​ស្ដើងៗ និង​ប្រហិត​ក្ដាមហែក​វាជា​សរសៃ​តូចៗ​ល្មម។ ម្នាស់​ចិតបន្ទះ​ឱ្យក្រាស់ៗ​បន្ដិច និង​ម្ទេស​ប្លោក​ខៀវ​ត្រូវចិត​ឱ្យមាន​រាងដូច​ជាស្លឹក​ឈើ។

2 . បន្ទាប់​មកទៀត​ត្រូវដាក់​ប្រេងឆា​ក្នុងខ្ទះ​ឱ្យឡើង​ក្ដៅដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូលឱ្យ​ក្រហម និង​ឈ្ងុយ ទើបដាក់​បង្គា មឹក សាច់ក្រក សាច់មាន់​ចូល ឆាបញ្ចូល​គ្នាបន្ដិច ទើបដាក់​ប្រហិត​ក្ដាម ប្រហិត​ត្រី គ្រាប់​ចន្ទី​ចូល ដាក់​បន្លែ​ចូលទៅ​ទៀត ដែលមាន​ដូចជា ម្ទេស​ប្លោក ខ្ទឹម​បារាំង ផ្លែម្នាស់​ចូលឆា​ឱ្យបាន​ពីរបី​ត្រឡប់ ទើបដាក់​គ្រឿង​ផ្សំចូល មានប៊ី​ចេង ទឹក​ស៊ីអ៊ីវ ម្សៅ​ស៊ុប ស្ករស និ​ងប្រេង ខ្យង​ចូល ភ្លក្ស​មើលឱ្យ​ល្មមទើប​ដាក់​ចុះ។

3 . វិធី​រៀប​ចំចាន ត្រូវចិត​ត្រសក់ និង​ការ៉ុតស្ដើងៗ​ជាបន្ទះ ហើយ​តម្រៀប​ដាក់​ជុំវិញ​ចាន ហើយ​សឹមដួស​ឆាចន្ទី​សួគ៌ា​នោះ ដាក់នៅ​កណ្ដាល​ចាន និងដាក់​ជីវ៉ាន់​ស៊ុយពី​លើជា​ការ​ស្រេច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative