ពល​ករ​កម្ពុជា​៧០%​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាត់​ដំណឹង​

ពលករ​ពល​ការិនី​ដែល​ចំណាក​ស្រុក​ពី​កម្ពុជា​ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ដូច​ជា​ប្រទេស​ថៃ ម៉ា​ឡេស៊ី​ និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​តែ​រង​ការ​វាយ​ធ្វើ​បាប​ពី​សំណាក់​ម្ចាស់​ផ្ទះ បង្ខំ​ឲ្យ​ធ្វើការ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ ហួស​កម្លាំង​ កេង​ប្រវ័ញ្ច​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យពួក​គេ និង​ខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់​ជា​ដើម​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​ថា ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ដោយ​ហួស​កម្លាំង​ កេង​ប្រវ័ញ្ច​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ និង​ខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់​ជា​ទង្វើ​អមនុស្ស​ធម៌​ និង​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់​ធ្ងរ​។ ករណី​នេះ​រដ្ឋា​ភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់។​

លោក​ ធន​ សារាយ​ ប្រធាន​សមាគម​អាដហុ​ក ថ្លែង​នៅ​ក្នុង​សន្និសិទ​កាសែត​នៅ​ទី​ស្នាក់​ការ​របស់​លោក​ថា ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ ១៤១​ករណី​ មាន​ ៩៤​ករណី​ ឬ​ថា​ ៧០%​ នៃ​ពាក្យ​បណ្ដឹង​នេះ គឺ​បាត់​ដំណឹង​ពលករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ លោក​បន្ត​ថា​ បញ្ហា​នេះ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ខ្លះ​ ត្រូវ​ដក​អាជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​ខ្លះ​ត្រូវ​បញ្ឈប់​សកម្មភាព​ និង​ក្ស័យ​ធន។ ហេតុ​ផល​មួយ​ទៀត​នោះ​គឺ​ យន្ត​ការ​របស់​រដ្ឋ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​មាន​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជំនួស​ក្រុម​ហ៊ុន ក៏​ពុំ​មាន​ប្រសិទ្ធ​ភាព​។ ជាង​នេះ​ទៅ​ទៀត​ ការ​កើន​ឡើង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ពល​ករ​ពល​ការិ​នី​កាន់​តែ​ធ្ងន់​ធ្ងរ​ ហើយ​ពុំ​មាន​ការ​ផ្ដន្ទា​ទោស​។ លោក​ ធន​ សារាយ​ថ្លែង​ថា៖​ «រដ្ឋាភិបាល​គួរ​តែ​ជម្រុញ​ថា ការ​អនុវត្តន៍​ច្បាប់​ស្ដី​ពី​សន្តិ​សុខ​សង្គម​ ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​ និង​ប្រសិទ្ធ​ភាព​ការងារ​របស់​ស្ថាប័ន​ និង​ដៃ​គូ​ពាក់​ព័ន្ធ​។ ជម្រុញ​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ចំពោះ​ទីភ្នាក់​ងារ​ក្រុម​ហ៊ុន​ ឬ​បុគ្គល​ដែល​ល្មើសច្បា​ប់។ ដូច្នេះ​កន្លង​មក យើង​បាន​តែ​រំដោះ​ ប៉ុន្តែ​ការ​ដាក់​ទណ្ឌ​កម្ម​ ឬ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​រំលោភ​ដល់​សិទ្ធិពល​ករ​ពល​ការិ​នី​របស់​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​»។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​​របស់​គេហ​ទំព័រ​អាស៊ី​សេរី​។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដ​ហុក បាន​អះ​អាង​ថា ពលករ​ពលការិ​នីខ្មែរ​ ដែល​ធ្វើ​ការ​ចំណាក​ស្រុក ដោយ​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​ កំពុង​រង​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​មាន​ការ​កើន​ឡើង​ដល់​ទៅ​ជាង​ប្រាំដង​ក្នុង​ឆ្នាំ២០១២​ នេះ​។ របាយ​ការណ៍​របស់​សមាគម​អាដ​ហុក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៤​ មិថុនា​ បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​៤​ខែ​គឺ​ខែ​មករា​ ដល់​ខែ​មេសា​ ដើម​ឆ្នាំ​២០១២​ នេះ​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​របស់​គ្រួសារ​​ពលករ​ពល​ការិនី​ចំណាក​ស្រុក​មាន​ចំនួន​ ១៤១​ករណី។ ចំនួន​នេះ​បាន​កើន​ឡើង​ជាង​ប្រាំ​ដង​ លើស​ពី​ចំនួន​ពាក្យ​បណ្ដឹង​ក្នុង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១១​ ដែល​មាន​ចំនួន​ ២៣​ករណី​។ ពលករ​រង​គ្រោះ​ទាំង​នោះ​ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ថៃ​ អាហ្វ្រិក​ខាង​ត្បូង​ ចិន​ សិង្ហបុរី​ និង​ប្រទេស​ជប៉ុន​ ជាដើម​។

ពល​ការិនី​ម្នាក់​ឈ្មោះ ​រឿង​ ស្រី​មុំ អាយុ​ ២០​ឆ្នាំ ដែល​ទៅ​ធ្វើការ​តាម​រយៈ​ក្រុម​ហ៊ុន អ៊ឹម​.អ៊ិល​.ស៊ី (MLC) តាំង​ពី​២០១១​ បាន​ឲ្យ​ដឹង​ថា​នាង​បាន​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​ជា៤​ខែ ប៉ុន្តែ​ដោយសារ​តែ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​ និង​វាយ​ធ្វើ​បាប​ពេក​ទើប​នាង​រត់​ចេញ​ពីផ្ទះ​ថៅកែ​នោះ បន្ទាប់​មក​ប៉ូលិស​ចាប់​ឃុំ​រយៈ​ពេល​៦​ខែ ទើប​សមាគម​អាដ​ហុក​ អង្គការ​ទេសន្តរ​ប្រវេសក៍ ​(IOM) និង​ក្រសួង​ការ​បរទេស​ ជួយ​អន្ត​រាគមន៍​ឲ្យនាង​បាន​វិល​ត្រឡប់​មក​វិញ។ ពលកា​រិនី​ រឿង​ ស្រីមុំ​ បន្ត​ឲ្យ​ដឹងថា៖ «ជួល​កាល​អីចឹង​ទៅទះ​កំផ្លៀង​ ក្ដិច​ វាយ​ ហើយ​ដៀល​គំនិត​ខ្មែរ​ថា មក​ពី​ខ្មែរ​ធ្វើការ​មិន​ល្អ​អី​ចឹង​ បាន​ស្រុក​វា​ក្រ។ ខ្ញុំ​ឈឺ​ចិត្ត​ណាស់នៅ​ពេល​ខ្ញុំ​រត់​ចេញ​ពី​ផ្ទះ​ថៅ​កែ​មក គឺ​ខ្ញុំ​ដើរ​ទាំង​យប់​ដើរ​ទាំង​ថ្ងៃ​ គ្មាន​បាយ​ទឹក​ទេ ឲ្យ​តែ​មាន​ផ្លូវ​ គឺ​ខ្ញុំ​ត្រូវ​តែ​ដើរ​ កាត់​ព្រៃ​ចម្ការ​ធំៗ​ ហើយ​ខ្ញុំ​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ មនុស្ស​ដែល​ស្លាប់​នោះ គឺ​ខ្មែរ​​ ព្រោះ​ខ្ញុំ​ឃើញ​អត្ត​សញ្ញាណ​ប័ណ្ណ​ច្បាស់​ក្រឡែត​ គឺ​ខ្ញុំ​តក់​ស្លុត​ខ្លួន​ឯង​ ឲ្យ​តែ​ឃើញ​ ខ្ញុំ​ភ័យ​ខ្លាច​។ ខ្ញុំ​ដើរ​គ្រប់​ ៧​ថ្ងៃ​ទើប​ប៉ូលិស​ចាប់​ខ្ញុំ​យកទៅ​ឃុំ»។

សមាគម​ អាដ​ហុក បាន​លើក​អនុសាសន៍​មួយ​ចំនួន​ដូច​ជា សុំ​ឲ្យ​ក្រសួង​ការងារ​ជា​អ្នក​ទទួល​បន្ទុក​ សហការ​ជាមួយ​ក្រសួង​ការ​បរទេស​ និង​ក្រសួង​មហា​ផ្ទៃ គួរ​តែ​បង្កើត​ប្រព័ន្ធ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ទូទាំង​ប្រទេស​ និង​ប្រទេស​គោល​ដៅ​ ដើម្បី​ជួយ​ជន​រង​គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​ លើ​ករណី​មាន​ការ​រំលោភ​បំពាន​លើ​ពលករ​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​។ អនុ​សាសន៍​មួយ​ទៀត​នោះ​គឺ​ សុំ​បង្កើត​កិច្ច​សហការ​ជាមួយ​សហគមន៍​អាស៊ាន​ និង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​រំលោភ​កម្លាំង​ពលកម្ម​ និង​ការ​រស់​នៅ​ក្នុង​ស្ថាន​ភាព​ជា​ទាសករ​សម័យ​ថ្មី។​

បើយោង​តាម​របាយ​ការណ៍​របស់​អង្គការ​ខារ៉ា​មកម្ពុជា​បាន​បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់ មាន​ជាង​២​សែន​នាក់ ទៅ​កូរ៉េ​ស្រប​ច្បាប់​ជិត ១​ម៉ឺន​នាក់ និង​ទៅម៉ាឡេស៊ី​មាន​ប្រមាណ​ ៣​ម៉ឺន​នាក់​។

អត្ថបទដោយ​ ៖ សៀង វិរៈ
ចេញផ្សាយ ៖​ ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១២

Google Analytics Alternative