ធានារ៉ាប់រងសុខភាពសង្គម ចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ការផ្តល់សេវាកម្មធានារ៉ាប់រងសុខភាពសង្គមបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីមានការបង្កើតឡើងកាលពីឆ្នាំ១៩៩៨ បន្តរហូតមកដល់បច្ចុប្បន្ន។ ដោយឃើញអំពីគុណប្រយោជន៍ និងគុណតម្លៃនៃសេវាធានារ៉ាប់រងសង្គមនេះហើយ ទើបក្រសួងសុខាភិបាលកម្ពុជា បានជម្រុញ​ឲ្យមាន​ការអនុវត្ត​កម្ម​វិធី​ធានា​រ៉ាប់រង​សុខភាព​សង្គម​បន្ថែម​ទៀត ដើម្បី​ចូលរួម​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ របស់ប្រជា​ពល​រដ្ឋ​កម្ពុជាទាំងក្នុងវិស័យ​សេដ្ឋ​កិច្ចរៀប​រយ និងមិន​រៀប​រយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក អេង ហួត រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិ​បាល និងជា​ប្រធាន​កម្មវិធី​ទ្រទ្រង់​វិស័យ​សុខា​ភិបាល​ជំហាន​ទី២ នៃ​ក្រសួង​​សុខាភិ​​បាល បាន​ថ្លែង​​ក្នុង​​ពិធី​បើក​​ដំណើរ​​ការ​សកម្ម​ភាព​​របស់​​អង្គ​ការ សមាគម​​គាំពារ​​សុខភាព​​សង្គម នៅ​​សណ្ឋា​គារ​​សាន់​​វេ នា​ព្រឹក​ថ្ងៃ​​ទី១៤ ខែ​មិ​ថុនា ឆ្នាំ​​២០១២​​​ថា​ក្រសួង​​សុខា​ភិបាល​​បាន​និង​កំពុង​​អនុវត្ត​​យ៉ាង​​សកម្ម​​នូវផែន​​ការ​​យុទ្ធ​សាស្រ្ត​​របស់​ខ្លួន​​ដើម្បី​​ផ្តល់ការ​​រួម​​ចំណែក​​ជាមួយ​​រាជ​រដ្ឋា​ភិបាល​​​ក្នុង​ការ​ឈានទៅ​​​​រក​ការ​​​សម្រេ​ច​​នូវគោល​​​ដៅ​​សហស​​​វត្សន៍​នៃ​​ព្រះ​រាជា​​​ណាច​ក្រ​​​កម្ពុជា។ ក្នុង​​ទសវត្សន៍​​​ចុង​ក្រោយ​នេះ​​ក្រសួង​​បាននិង​​​កំពុង​យក​ចិត្ត​​ទុក​ដាក់​ប្រឹង​​ប្រែង​​យ៉ាង​​​ពេញ​​​​ទំហឹង​​​ក្នុងការ​​ស្វែង​​រក និង​​​អនុវត្តន៍​​នូវយន្ត​​ការគាំ​​ពារ​សុខភាព​​ជូន​​ប្រជាជ​ន​កម្ពុជា ជា​​ពិសេស​​ជន​​ក្រីក្រ និងជន​​ងាយរង​​គ្រោះ ដើម្បី​​​ចូល​រួម​កាត់​​បន្ថយ​​ភាព​ក្រីក្រ​ឲ្យនៅ​​កម្រិត​​ទាប​​បំផុត។ នេះបើ​យោង​​តាម​ចេញ​​ផ្សាយ​​របស់​​គេហ​ទំព័រ​​ដើម​​អំពិល។

លោកបន្តថាក្រសួងបាននិងកំពុងដំណើរការកម្មវិធីមូលនិធិសមធម៌សុខភាពនៅស្រុកប្រតិបត្តិជាង៥០គ្រប​ដណ្តប់​ជិត៨០​ភាគរយ​នៃជន​ក្រីក្រ​សរុប​ក្នុង​​ប្រទេស​​កម្ពុជា ដោយ​​បានធ្វើ​​ប័ណ្ណ​សុខ​ភាព​នៅ​តាម​​បណ្តា​​ស្រុក​មួយ​ចំនួន​​ដើម្បី​​ពន្លឿន​អត្រា​គ្រប​ដណ្តប់​សុខភាព​ផ្លូវភេទ និងបន្ត​ពូជ ហើយ​ក្រសួង​​ក៏បាន​ជំរុញ​ការ​អនុវត្ត​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សង្គមទាំង​ក្នុ​ងវិស័យ​សេដ្ឋកិច្ច​រៀប​រយ និងមិន​រៀប​រយ។ ក្នុងការ​ពង្រីក​​កម្មវិធី​​ធានា​រ៉ាប់​​រង​សុខភាព​សង្គ​មដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​កម្ម​វិធី​មូល​និធិ​សុខភាព ហើយក្​រសួង​ត្រូវការ​ធនធាន​ជាច្រើន​ទាំងធន​ធាន​ថវិកា និង​បច្ចេក​ទេស ហើយ​ជម្រើស​មួយ​ដែល​សំខាន់មិន​អាចខ្វះ​បាន​នោះ គឺការ​ស្វែងរក​ធនធាន​បច្ចេក​ទេសពី​ដៃគូសង្គម​ស៊ីវិល ដើម្បី​ឲ្យពួក​គេ​ជួយ​បំពេញ​​តម្រូវ​​ការ​​របស់​ក្រសួង​សុខាភិបា​លក៏ដូច​ជាប្រតិ​បត្តិករ ដែល​កំពុង​អនុវត្ត​កម្មវិធី​នេះ នៅតាម​មូលដ្ឋាន​របស់​ខ្លួន។

លោក ឡុង ឡេង ប្រធានគណៈកម្មាធិការនាយក នៃអង្គការសមាគមន៍គាំពារសុខភាពសង្គម និងជានាយក​អង្គ​ការ​សកម្ម​ភាព ដើម្បី​សុខភាព​​បាន​មាន​ប្រសាសន៍ នៅក្នុង​ពិធី​នោះដែ​រថា បច្ចុប្បន្ន​រាជ​រដ្ឋា​ភិបាល​កម្ពុជា និងដៃ​គូ​អភិវឌ្ឍន៍​នានា​បាននិង​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុងកិច្ច​​ខិតខំ​​ប្រឹង​ប្រែង អភិវឌ្ឍន៍​វិស័យ​សុខា​ភិបាល នៃ​ប្រទេស​កម្ពុជា​តាំងពី​ដើម ក៏ដូច​ជាថ្ងៃ​អនាគត ព្រមទាំង​ជួយកាត់​ផ្តាច់នូវ​របាំង​ឧបសគ្គ​នានា ក្នុងការ​​ចូល​រួម​មកប្រើ​ប្រាស់​សេវា​របស់​ប្រជា​រាស្រ្ត ក្នុងការ​ការពារ​មិនឲ្យ ប្រជា​រាស្រ្ត​ធ្លាក់ទៅក្នុង​ភាព​ក្រីក្រ និងការ​កាត់បន្ថ​យភាព​ក្រីក្រ។ លោក​​បន្ត​ថា «ខ្ញុំសុំ​​សំ​ណូម​ពរ ដ៏ទទូច​ដល់ដៃ​គូពាក់​ព័ន្ធ​នានា មេត្តាបន្តកិច្ចខិតខំប្រឹងប្រែងជួយឲ្យអស់ពីលទ្ធភាព កម្លាំងកាយចិត្ត ស្មារតី និងប្រើប្រាស់ធនធានដោយ ភាពវ័យឆ្លាត ធ្វើយ៉ាងណាឲ្យ កម្មវិធីគាំពារសុខភាពសង្គមនេះទទួលបានជោគជ័យ»។

សូមជម្រាបថា ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមដំបូងគេ ត្រូវបាន​បង្កើត​ឡើងក្នុង​ឆ្នាំ​១៩៩៨ និង​បច្ចុប្បន្ន​នេះមាន​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព សហគមន៍​បាន និង​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង​ស្រុក​ប្រតិបត្តិ​លើសពី​១៥ ក្នុង​ប្រទេស​កម្ពុជា ដោយ​អង្គការ​មិនមែន​រ​ដ្ឋាភិបាល​ជាតិ និង​អន្តរ​ជាតិ​ក្នុងរូប​ភាព​ស្រប​ជាមួយ ឬរួម​បញ្ចូល​ជាមួយ​ប្រព័ន្ធ​មូល​និធិ​សមធម៌​សុខា​ភិបាល និង​ប្រព័ន្ធ​សុខភាព​សង្គម​ផ្សេង​ទៀត ក្នុងគោល​ដៅ​ជំរុញ​វិស័យ​គាំពារ​សុខភាព​សង្គម​ក្នុង​ប្រទេស​កម្ពុជា។

អត្ថបទដោយ​ ៖ សៀង វិរៈ
ចេញផ្សាយ ៖​ ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១២

Google Analytics Alternative