វិធី​គ្រប់​គ្រង​ទម្ងន់

ដើម្បី​ឱ្យមាន​ទម្ងន់​សមរម្យ​មិនមែន​ជាការ​លំបាក​ទេ តែក៏​ទាមទារ​ឱ្យ​លោកអ្នក​មានការ​ព្យាយាម​ផងដែរ​សម្រាប់​លោកអ្នក ដែល​បាន​បណ្ដោយ​ខ្លួនឱ្យ​ធាត់ជ្រុល​ទៅហើយ​នោះ។ ការ​គ្រប់គ្រង​ទម្ងន់ឱ្យ​បាន​សមស្រប​ជាមួយ​នឹង​កម្ពស់ នោះជា​រឿង​ដែល​លោក អ្នក​គួរតែ​ធ្វើឱ្យ​មាន​សុខភាព​ល្អ និងរូប​សម្រស់​ស្រស់ស្អាត​មួយ​កម្រិត​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ ទស្សនាវ​ដ្ដី សុខភាព​យើង នឹង​រៀប​រាប់​ជម្រាប​ជូន​លោកអ្នក​អំពី​វិធី​សាស្ដ្រ​មួយ​ចំនួន ដើម្បី​គ្រប់​គ្រង​ទម្ងន់​រាង កាយ​ឱ្យបាន​ល្អ តាមរយៈ​ការបក​ស្រាយ​របស់​លោក ងួន សុភៈ អ្នក​ឯកទេស​ព្យាបាល​ស្បែកនៅ​ហាងប្រី​ធីសាឡន​ខូសម៉ិក​ទិក។

ដើម្បី​រាង​កាយ​សមសួន​ដោយ​អាហារ

ក្នុង​សកម្ម​ភាព​រស់នៅ​ធម្មតា រាងកាយ​ត្រូវការ​ថាមពល​ប្រមាណ​២០០០​កាឡូរី​ក្នុង១​ថ្ងៃ ថាមពល​ទាំងនេះ​បានមក​ពីចំណី អាហារ​ដែលយើង​ទទួល​ទានទាំង​៣ពេល។ ក្នុង​ករណី​ការ​ទទួល​ទានលើស​ពីតម្រូវ​ការថាម​ពលរបស់​រាង​កាយ ចំណី​អាហារ​ដែល​មិន ប្រើ​ការត្រូវ​បាន​បំប្លែង និង​ស្ដុកទុក​ជា​ខ្លាញ់ ដែលជា​មូលហេតុ​ធ្វើឱ្យ​យើងធាត់ ឬឡើង​គីឡូ​បន្ដិច​ម្ដងៗ។

ដើម្បី​ទប់ស្កាត់​និន្នាកា​រឆ្ពោះទៅ​រកការ​ឡើង​គីឡូ គឺយើង​ចាំបាច់​បន្ថយ​ការហូប​ចុកមក​នៅត្រឹម​តម្រូវការ​ថាមពល​ប្រចាំ​ថ្ងៃ របស់​រាងកាយ​ដែលមា​នតម្លៃ​ប្រហាក់​ប្រហែល​នឹង​២០០០​កាឡូរី។ ខាងក្រោម​នេះគឺ​ជាការ​ណែនាំ​ពីរបប​អាហារ​សម​ស្រប​មួយ សម្រាប់​លោកអ្នក ៖

1 . អាហារ​ពេល​ព្រឹក ៖ ជា​អាហារ​សំខាន់​មួយក្នុង​ចំណោម​អាហារ​ទាំងបី​ពេល លោកអ្នក​អាច​ជ្រើស​រើស​យក​របប​អាហារ មួយ​ខាង​ក្រោម ៖

  • បាយ ឬ​បបរស​ជាមួយ​សាច់មួយ​ដុំគ្មាន​ខ្លាញ់
  • នំប៉័ង​សាំងវ៉ិច​មួយ​ដុំ ឬស៊ុត​ឆ្អិនយក​តែផ្នែក​ស១-២ ឬ​នំប៉័ង​សាប​មួយ​កំណាត់​ជាមួយ​សាច់មួយ​ដុំគ្មាន​ខ្លាញ់ ឬ​អាហារ​បួស គ្មាន​ខ្លាញ់។

ចំពោះ​ភេសជ្ជៈ​គួរ​ជ្រើសរើស​យក​មួយ​ប្រភេទ​ក្នុង​ចំណោម​ភេសជ្ជៈ​ដូច​តទៅ ៖ ទឹកក្រូច​ពោធិ៍សាត់​មួយ​កែវ ឬទឹក​ម្នាស់​មួយ កែវ ឬ​ទឹកក្រូច​ថ្លុង​ច្របាច់​មួយកែវ ឬ​កាហ្វេ​ខ្មៅមួយ​ពែង ឬតែបៃ​តង តែខ្មៅ​មួយកែវ ឬទឹក​ដោះគោ​គ្មានជាតិ​ក្រែម​មួយកែវ ឬទឹក សុទ្ធនានា​មួយ​កែវ។ ភេសជ្ជៈ​ទាំងឡាយ​មិនត្រូវ​ប្រើស្ករ​ឡើយ តែអាច​ជំនួស​ដោយ​ស្ករ​កាឡូ​រីទាប។ ចំណែក​បង្អែម​អាចជា​ក្រូចថ្លុង មួយជ្រុង ឬ​ក្រូចពោធិ៍​សាត់មួយ​ចំហៀង ឬប៉ោម​មួយផ្លែ។

2 . អាហារ​ថ្ងៃត្រង់ ៖ បាយស​អមដោយ​ម្ហូបគោក​២មុខ អាចជា​សាច់​ឆ្អិន សាច់គោ ឬត្រី​ឯម្ហូប​ទឹកមាន​ស៊ុប ឬស្ងោរ​ប្រើបន្លែ ច្រើន​អម​ដោយ​បង្អែម​ផ្លែឈើ​ជាដើម។ ដើម្បី​ធានា​សមត្ថភាព​កម្លាំង​កាយ និង​ប្រាជ្ញា​ស្មារតី អាហារ​ថ្ងៃត្រង់​អាច​ទទួល​ទាន​ឆ្អែត ធម្មតាបាន។

3 . អាហារ​ល្ងាច ៖ បាយស ឬ​បបរ​អមដោយ​ម្ហូប​មួយឬ​ពីរមុខ​ដោយ​មានបន្លែ​ច្រើន និង​សាច់តិច​(សាច់​ត្រីប្រសើរ​ជាង​សាច់ ផ្សេងៗ)។ អាហារ​ល្ងាច​ត្រូវ​ស្រាល​ជាង​អាហារ​ថ្ងៃត្រង់ មានន័យ​ថាមិន​ត្រូវ​ទទួល​ទានឆ្អែត​ពេក​ឡើយ។

ប្រការ​គួរ​ប្រតិបត្ដិ​ដើម្បីគ្រ​ប់គ្រង​ទម្ងន់

  • ទទួលទានទឹក​ឱ្យបាន​មួយថ្ងៃ​១,៥ទៅ​២លីត្រ
  • ពេល​បាយត្រូវ​ទៀង​ទាត់ ហើយ​ចន្លោះពី​ពេល​បាយ​មួយទៅ​ពេលបាយ​មួយត្រូវ​លៃកុំ​ឱ្យតិច​ជាង​៤ម៉ោង
  • ទទួល​ទានយឺត​ៗតាម​សម្រួល​ក្នុង​បរិយា​កាស​មនោរម្យ និង​ឥរិយាបថ​អង្គុយ​ស៊ប់លើ​កៅអី​មាន​បង្អែក
  • ទទួន​ទាន​បន្លែ ឬ​អាហារ​សរសៃ​ឱ្យបាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការឃ្លាន​ចន្លោះ​ពេល​បាយ។

ប្រការ​គួរចៀស​វាង ដើម្បី​គ្រប់​គ្រង​ទម្ងន់

  • ចៀសវាង​ភេសជ្ជៈ​ស្រវឹង ទឹក​សូដា ទឹក​ក្រូច ឬទឹក​ផ្លែឈើ​កំប៉ុង
  • ចៀស​វាង​អាហារ​ខ្លាញ់ ឬ​អាហារ​ចម្អិន​ដោយ​ខ្លាញ់
  • ចៀស​វាង​ស្ករ ឬនំ​ផ្អែម
  • ចៀស​វាង​ការ​ទទួល​ទាន​កំដរ​មាត់​ចន្លោះ​ពេលបាយ
  • ចៀស​វាងការ​រំលង​ពេល​បាយណា​មួយ ពោលគឺ​ត្រូវ​ទទួល​ទានទាំង​៣ពេល​ដូច​ទម្លាប់​ធម្មតា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ហាត់​ប្រាណ​ដើម្បី​រាងកាយ​សមសួន

ថ្វីត្បិត​ថាយើង​បានរៀប​ចំរបប​អាហារ​ថ្មីដូច​ខាងលើ​នេះមក​ហើយ​ក្ដី ប៉ុន្ដែ​យើង​ពិបាក​នឹងដឹង​ឱ្យប្រាកដ​ពី​បរិមាណ​កាឡូរីនៃ អាហារ​ដែល​យើង​បាន​ទទួល​ទានទាំង​នោះ​ណាស់។ ដើម្បី​ធានា​ថាអាហារ​ទាំងនោះ​ពុំបាន​សល់ និងយក​ទៅស្ដុក​ជាខ្លាញ់​ទេ សាមីខ្លួន គួររៀប​ចំឱ្យ​មានការ​ហាត់​ប្រាណ​ឱ្យបាន​យ៉ាងតិច​មួយដង​ក្នុង​រយៈពេល​ជាមធ្យម​៣៥នាទី​រៀង​រាល់​ថ្ងៃ។ ពេល​វេលា​ដែល​ល្អសម្រាប់ ការហាត់​ប្រាណ​បំបាត់​ស្ដុក​ខ្លាញ់​នេះ គឺម៉ោង​៨ព្រឹក​នៃថ្ងៃ​បន្ទាប់។

ការ​គ្រប់គ្រង​ទម្ងន់​សម្រាប់​អ្នក​ធាត់

ក្នុង​កម្ម​វិធី​បញ្ចុះ​ទម្ងន់ ចាំបា​ច់ត្រូវ​យកចិត្ដ​ទុកដាក់​ទប់ស្កាត់​មូលហេតុ​ខាងលើ ដោយ​សាកល្បង​កាត់​បន្ថយ​ការនឿយ​ហត់របស់ ខួរ​ក្បាល ដូចខាង​ក្រោម ៖

1 . រៀបចំ​ការ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ទាំង​បរិមាណ និង​គុណភាព។ មនុស្ស​ពេញវ័យ​ត្រូវការ​គេង៨​ម៉ោងក្នុង​មួយថ្ងៃ។ ដើម្បីឱ្យ​ការគេង​មាន​គុណភាព​ល្អ ឬបាន​ស្កប់ស្កល់​នោះ គួរ​អនុវត្ដ​ដូចខាង​ក្រោម ៖

  • ចៀសវាង​យករឿង​ស្មុគស្មាញ​ក្ដៅ​ក្រហាយ ឬ​លំបាក​ចិត្ដមក​គិតនៅ​ពេលចូល​គេង។
  • ពេល​វេលា​ចូលគេង​ត្រូវទៀង​ទាត់ និងឃ្លាត​ពីពេល​បាយ​ល្ងាចមួយ​ម៉ោង​កន្លះ។ មិនត្រូវ​ចូលគេង​យប់ពេក​ឡើយ។
  • គេងលើ​គ្រែ ឬ​ទីកន្លែង​ផ្ដល់​ផាសុកភាព​គ្រប់គ្រាន់ ចៀស​វាង​ស្កៀប​រមាស់ ឬស្អុះ​ស្អាប់ ពោលគឺ​ត្រូវមាន​ខ្យល់​អាកាស បរិបូរណ៍។

2 . កាត់​បន្ថយ​ស្ដ្រេស ឬ​អារម្មណ៍​តានតឹង​នានាដោយ​ប្រើ​វិធី​អប់រំផ្លូវ​ចិត្ដឬការ​ធ្វើ​សមាធិព្រមទាំង​ការដើរ​កម្សាន្ដ​ឱ្យបានញឹក​ញាប់។
3 . ចៀស​វាង​ការ​អង្គុយ​ស្ងៀមមួយ​កន្លែង​រយៈពេល​យូរៗ ត្រូវ​ក្រោក​ដើរ និងពត់​ខ្លួនឱ្យ​បានញឹក​ញាប់។
4 . ឧស្សាហ៍​ពង្រឹង​សាច់ដុំ​ក្បាលពោះ​ឱ្យបាន​២០ដង​ក្នុង១​ថ្ងៃ ម្ដងៗ​ប្រើពេល​១០​វិនាទី។ ការ​ពង្រឹង​សាច់ដុំ​ក្បាលពោះ​អាចធ្វើបាន​គ្រប់​ពេលពេល​ ​​ កំពុង​អង្គុយ​ធ្វើការ ពេលមើល​ទូរទស្សន៍ ឬពេល​ជិះ​រថយន្ដ។ល។
5 . ដក​ដង្ហើម​ចូលឱ្យ​ខ្លាំង និង​បន្ធូរ​មកវិញ​បន្ដិច​ម្ដងៗ ធ្វើឱ្យ​បានញឹក​ញាប់​ដើម្បី​បណ្ដេញ​ជាតិ​ពុល និង​រក្សា​សាច់ដុំ​ពោះឱ្យហាប់ ណែន។
6 . មិនត្រូវ​ប្រើខោ​ដែលមាន​លេខតូច​ចង្អៀត​ពេកទេ នាំឱ្យ​មាន​ឧបសគ្គ​ដល់​ចលនា​ឈាម​រត់នៅ​ត្រគាក។
7 . ក្នុង​ស្ថានភាព​អង្គុយ​យូរ ទម្ងន់​ខ្លួនទាំង​អស់ត្រូវ​ធ្លាក់មក​លើ​កំប៉េះ​គូទដែល​ជាហេតុ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ចលនា​ឈាម​រត់ និង សាច់ដុំ​គូទ។ ដើម្បី​ ​​ ​ ចៀសវាង​បញ្ហា​នេះ ត្រូវ​ឧស្សាហ៍​ធ្វើការ​ម៉ាស្សា​កំប៉េះគូទ​ឱ្យបាន​ញឹកញាប់​ក្នុងពេល​ងូតទឹក​ម្ដងៗ។ គេអាច​ប្រើ ស្រោម​ដៃដែល​មានកន្ទួល​ ​​​​ ​​ ម៉ាស្សា​ថ្នមៗលើ​កំប៉េះ​គូទដោយ​ខ្លួនឯង។
8 . ស្ថានភាព​គេងគួរ​កល់ចុង​ជើងឱ្យ​ខ្ពស់ជាង​ដងខ្លួន​បន្ដិច ដើម្បី​សម្រួល​ចលនា​ឈាមរត់​មកបេះដូង​វិញ។
9 . ប្រើ​ក្រែម ឬឡេ​ជាជំនួយ ដើម្បី​រក្សា​ស្បែក​ឱ្យមាន​សំណើម​ជាប្រចាំ។

ដំបូន្មាន​អ្នក​ជំនាញ

ថ្វីត្បិត​តែការ​រៀបរាប់​ខាងលើ​អាចឱ្យ​លោកអ្នក​អនុវត្ដ​បានដោយ​ខ្លួនឯង​ក៏ដោយ ក៏លោក​អ្នកចាំបាច់​ត្រូវទៅ​រកអ្នក​ជំនាញ ឱ្យបាន​ត្រឹម​ត្រូវ មុននឹង​អនុវត្ដ។ ការ​ប្រតិបត្ដិ​មិនបាន​ត្រឹមត្រូវ​អាចឱ្យ​លោកអ្នក​ជួប​បញ្ហាសុ​ខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative